(VOVWORLD) - ក្នុងបរិបទដែលសេដ្ឋកិច្ចសកលបានកត់សម្គាល់ការលំបាកក្នុងឆមាសទី ១ ឆ្នាំនេះ វៀតណាមកាន់តែមានភាពទាក់ទាញក្នុងក្រសែភ្នែកវិនិយោគិនបរទេស ហើយតែងតែជាជម្រើសអាទិភាព។ ប្រការនេះត្រូវបានបង្ហាញតាមរយៈកំណើននៃលំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានហូរចូលវៀតណាម ក៏ដូចជាសន្ទស្សន៍ទំនុកចិត្តរបស់អាជីវកម្មបរទេសចំពោះយថាទស្សន៍សេដ្ឋកិច្ចវៀតណាមជានិច្ចកាលស្ថិតក្នុងកម្រិតវិជ្ជមាន។
ខ្សែសង្វាក់ផលិតកម្មនៃសហគ្រាស FDI ។ រូបថត៖ Danh Lam/TTXVN |
យថាទស្សន៍សេដ្ឋកិច្ចវិជ្ជមាន - កត្តាសំខាន់ក្នុងការទាក់ទាញទុន FDI
នាពេលកន្លងទៅ សាធារណៈមតិបរទេស ស្ថាប័នហិរញ្ញវត្ថុ និងអង្គការអន្តរជាតិនានាបន្តបញ្ចេញមតិជាវិជ្ជមានស្ដីពីស្ថានភាពអភវិឌ្ឍន៍សេដ្ឋកិច្ចវៀតណាម។ ជាក់ស្ដែង Oxford Economics ដែលជាក្រុមហ៊ុនប្រឹក្សាឯករាជ្យជួរមុខនៅលើពិភពលោកបានព្យាករណ៍ថា GDP ឆ្នាំ ២០២៤ របស់វៀតណាមកើន ៥.៦% ខណៈដែលធនាគារ United Overseas - UOB (សិង្ហបុរី) បានព្យាករណ៍ថា ល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀតណាមសម្រេចបាន ៦% ក្នុងឆ្នាំ ២០២៤ និង ៦.៤% ក្នុងឆ្នាំ ២០២៥។ ING THINK ដែលជាគេហទំព័រវិភាគសេដ្ឋកិច្ច និងហិរញ្ញវត្ថុអន្តរជាតិបានព្យាករណ៍ថា កំណើន GDP របស់វៀតណាមក្នុងឆ្នាំ ២០២៤ គឺ ៦% ដែលជាកំណើនខ្ពស់បំផុតមួយក្នុងតំបន់ ហើយគ្រោងនឹងកើនដល់ ៦.៥% ក្នុងឆ្នាំ ២០២៥។
ក្នុងពេលនោះ S&P Global Ratings (សហរដ្ឋអាមេរិក) បានព្យាករណ៍ថា យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាមនៅតែវិជ្ជមាន ជាមយយនឹងកំណើន GDP ជាក់ស្ដែងនៅកម្រិត ៥.៨% ក្នុងឆ្នាំ ២០២៤ ហើយវិលត្រឡប់មកនិន្នាការរយៈពេលវែងពី ៦.៥ ទៅ ៧% ក្នុងរយៈពេល ៣ ទៅ ៤ ឆ្នាំខាងមុខ។
យោងតាមការវាយតម្លៃរបស់សម្ព័ន្ធក្រុមហ៊ុន Standard Chartered (អង់គ្លេស) វៀតណាមស្ថិតក្នុងក្រុមជួរមុខល្បឿនកំណើនឆ្នាំ២០២៤ ជាមួយនឹងកំណើនជាង ៦% ។ លោក Jose Vinals ប្រធានសម្ព័ន្ធក្រុមហ៊ុនបានចាត់ទុកថា៖
“នៅពេលរៀបចំណាត់ថ្នាក់ឥណទានរបស់ប្រទេសកើនឡើង វៀតណាមអាចទាក់ទាញការវិនិយោគកាន់តែច្រើន ទាំងទុនវិនិយោគផ្ទាល់ពីបរទេស និងការវិនិយោគដោយប្រយោល។ នោះគឺជាឥទ្ធិពលវិជ្ជមានទ្វេរដងចំពោះខឿនសេដ្ឋកិច្ចវៀតណាម ដែលជាខឿនសេដ្ឋកិច្ចបើកចំហខ្លាំង និងសមហរណកម្មទៅក្នុងខឿនសេដ្ឋកិច្ចសកល។ ខ្ញុំគិតថា វៀតណាមអាចកំណត់គោលដៅអភិវឌ្ឍន៍ខ្ពស់ជាង ព្រោះថាវៀតណាមមានសក្ដានុពល និងភាពទាក់ទាញដើម្បីទទួលបានកំណើនយ៉ាងឆាប់រហ័សជាង។ បើប្រៀបធៀបទៅនឹងខឿនសេដ្ឋកិច្ចផ្សេងទៀតស្ទើរតែទាំងអស់នៅលើពិភពលោក ការព្យាករណ៍ល្បឿនកំណើន ៦% ក្នុងឆ្នាំនេះរបស់វៀតណាមគឺជាព័ត៌មានដ៏ល្អប្រសើរមួយ ព្រោះថាតួរលេខនេះខ្ពស់ជាងកម្រិត ៣% ដែលខឿនសេដ្ឋកិច្ចផ្សេងទៀតស្ទើរតែទាំងអស់អាចសម្រេចបាន”។
គោលដៅដ៏ល្អប្រសើររបស់វនិយោគិនបរទេស
ដោយសារកំណើនសេដ្ឋកិច្ចជាវិជ្ជមានក្នុងឆមាសទីមួយ ឆ្នាំ ២០២៤ ការវិនិយោគ FDI នៅវៀតណាមក្នុងឆ្នាំនេះមានជំហានកំណើនគួរឱ្យកត់សម្គាល់។ គួរកត់សម្គាល់ថា ទុនវិនិយោគផ្ទាល់ពីបរទេសដែលអនុវត្តន៍នៅវៀតណាមក្នុងឆមាសទី ១ ឆ្នាំនេះសម្រេចបាន ១០.៨៤ ពាន់លានដុល្លារអាមេរិក កើន ៨.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាចំនួនទុនវិនិយោគផ្ទាល់ពីបរទេសខ្ពស់បំផុតក្នុងឆមាសទី ១ ឆ្នាំ ២០២៤ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ។ ប្រការនេះបានសរឲ្យឃើញថា វិនិយោគិនបរទេសបន្តចាត់ទុកវៀតណាមគឺជាគោលដៅវិនិយោគដ៏សំខាន់ក្នុងរយៈពេលមធ្យម និងវែង ក្នុងបរិបទដែល ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកកំពុងប្រព្រឹត្តិទៅដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញ។ លោក Joo-ok Lee នាយកតំបន់អាស៊ីប៉ាស៊ីហ្វិក នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានវាយតម្លៃ៖
“វៀតណាមកំពុងបញ្ជាក់ពីកិត្យានុភាពចំពោះថ្នាក់ដឹកនាំបណ្ដាសមាជិកនៃវេទិកាសេដ្ឋកិច្ចពិភពលោក។ អាជីវកម្ម និងសម្ព័ន្ធក្រុមហ៊ុនសកលនានាកំពុងស្វែងរកគោលដៅវិនិយោគស្ថិរភាព រស់រវើក និងឱកាសពង្រីកការវិនិយោគផងដែរ”។
ក្នុងរបាយការណ៍សន្ទស្សន៍ទំនុកចិត្តអាជីវកម្ម (BCI) ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ នៃសម្ព័ន្ធសមាគមន៍ធុរកិច្ចអឺរ៉ុបនៅវៀតណាម (EuroCham) បានឲ្យដឹងថា អាជីវកម្មចំនួន ៥៤% ដែលបានស្ទង់មតិបាននិយាយថាពួកគេទំនងជានឹងឧទ្ទេសនាមវៀតណាមដល់វិនិយោគិនបរទេសផ្សេងទៀត។ សហគមន៍ធុរកិច្ចអឺរ៉ុបសុទ្ធតែបានចាត់ទុកថា វៀតណាមគឺជាទីផ្សារដ៏រស់រវើក ជាមួយនឹងយថាទស្សន៍កំណើនដ៏ធំធេង។
លោក Hong Sun ប្រធានសម្ព័ន្ធសមាគមន៍ធុរកិច្ចកូរ៉េខាងត្បូងប្រចាំនៅវៀតណាម (Kocham) ។ រូបថត៖ chinphu.vn |
ចំពោះអាជីវកម្មករូរ៉េខាងត្បូងវិញ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទៅកាន់កូរ៉េខាងត្បូងនាពេលថ្មីៗនេះ សម្ព័ន្ធក្រុមហ៊ុនជួរមុខជាច្រើនរបស់កូរ៉េខាងត្បូងដូចជា៖ Samsung, CJ, Posco, LG, Daewoo E&C, GS Engineering & Construction Corp, Celltion និងធនាគារ KDB សុទ្ធតែបានសម្ដែងបំណងចង់ពង្រីកការវិនិយោគនៅវៀតណាមនារយៈពេលខាងមុខ។ លោក Hong Sun ប្រធានសម្ព័ន្ធសមាគមន៍ធុរកិច្ចកូរ៉េខាងត្បូងប្រចាំនៅវៀតណាម (Kocham) មានប្រសាសន៍ថា៖
“នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់ និងបញ្ជាក់ម្តងហើយម្តងទៀតអំពីជំនួយឧបត្ថម្ភ ដោះស្រាយការជំពាក់ជំពិនរបស់វិនិយោគិនកូរ៉េខាងត្បូងនៅវៀតណាម។ យើងខ្ញុំសិប្បាយរីករាយណាស់នៅពេលដែលមានវិនិយោគិនកូរ៉េខាងត្បូងនឹងពង្រីកការវិនិយោគនៅវៀតណាមនារយៈពេលខាងមុខផងដែរ”។
ក្រុមសេដ្ឋកិច្ចវិទូបានវាយតម្លៃថា វៀតណាមគឺជាទីផ្សារដ៏ទាក់ទាញចំពោះវិនិយោគិនបរទេស ហើយជាគោលដៅវិនិយោគដ៏សក្តិសមបំផុតនាពេលខាងមុខ។ ការដែលវិនិយោគិនបរទេសវាយតម្លៃខ្ពស់អំពីភាពទាក់ទាញរបស់វៀតណាមគឺកម្លាំងចលករដ៏សំខាន់សម្រាប់វៀតណាមបន្តទាក់ទាញលំហូរទុន FDI ក្នុងឆមាសទី ២ ឆ្នាំ ២០២៤។ តាមនោះ រួមវិភាគទានដល់ការអភិវឌ្ឍរួមនៃខឿនសេដ្ឋកិច្ចក្នុងឆ្នាំនេះផងដែរ៕