សកម្មភាពកិច្ចការបរទេសដើរតួនាទីត្រួសត្រាយ និងរក្សារឹងមាំបរិយាកាសស្ថិរភាព លើកកម្ពស់ឋានៈ និងកិត្យានុភាពរបស់ប្រទេសជាតិ
(VOVWORLD) - នៅក្នុងសន្និសីទកិច្ចការបរទេសទូទាំងប្រទេសស្ដីពីការអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកាលពីថ្ងៃទី ១៤ ធ្នូ នោះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញថ្លែងសុន្ទរកថាដ៏មានសារៈសំខាន់ ស្ដីពីការអភិវឌ្ឍខឿនកិច្ចការបរទេសវៀតណាមទំនើប ដែលពោរពេញទៅដោយអត្តសញ្ញាណជាតិ។ ជាពិសេស កិច្ចការបរទេសត្រូវធានាអនុវត្តន៍គោលដៅកំពូលគឺការពារឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជាតិផងដែរ។
សន្និសីទកិច្ចការបរទេសទូទាំងប្រទេសស្ដីពីការអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស |
សន្និសីទកិច្ចការបរទេសទូទាំងប្រទេសអនុវត្តន៍សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស គឺជាព្រឹត្តិការណ៍ដ៏សំខាន់ជាពិសេស ព្រោះថានេះគឺជាសន្និសីទកិច្ចការបរទេសលើកដំបូងដែលត្រូវបានការិយាល័យនយោបាយ និងគណៈលេខាធិការរៀបចំឡើង។ សន្និសីទនេះបានប្រព្រឹត្តិទៅក្នុងបរិបទ ដែលស្ថានភាពអន្តរជាតិ តំបន់ និងក្នុងប្រទេសត្រូវប្រឈមមុខនឹងបញ្ហាសាកល្បងជាច្រើន ជាពិសេសគឺផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩។ ដូច្នេះហើយ សន្និសីទនេះ ត្រូវបានវាយតម្លៃថាគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមានអត្ថន័យដ៏សំខាន់ចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិនារយៈពេលខាងមុខ។ ដោយផ្ដើមពីអត្ថន័យដ៏សំខាន់នេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឱ្យអភិវឌ្ឍន៍ខឿនការទូត និងកិច្ចការបរទេសទំនើប ពោរពេញទៅដោយអត្តសញ្ញាណជាតិវៀតណាម។ ខឿនកិច្ចការបរទេសនេះត្រូវឆ្លើយតបនឹងតម្រូវការនៃយុគសម័យ បម្រើការអភិវឌ្ឍប្រទេសជាតិ ជាពិសេសគឺត្រូវធានាឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជាតិ។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានលើកច្បាស់ថា៖ “ក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំនៃការបង្កើត និងការពារប្រទេសជាតិរបស់ប្រជាជាតិនោះ ឯករាជ្យ ខ្លួនទីពឹងខ្លួន និងធានាឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជាតិជានិច្ចកាលជាគោលការណ៍ឥតងាករេ ក្នុងគ្រប់សកម្មភាពរបស់យើង។ ក្រៅពីការប្រយុទ្ធយ៉ាងអង់អាចក្លាហាន ការពារទឹកដី ឯករាជ្យ និងអធិបតេយ្យភាពរបស់ប្រទេសជាតិនោះ បុព្វបុរសយើងតែងតែផ្ដោតសំខាន់លើសកម្មភាពកិច្ចការបរទេស ដោយបង្កើតប្រពៃណី និងអត្តសញ្ញាណដាច់ដោយឡែក ដ៏វិសេសវិសាលនៃខឿនការទូត និងសកម្មភាពកិច្ចការបរទេសវៀតណាមពោរពេញដោយភាពអង់អាចក្លាហាន មនុស្សធម៌ ភាពសុខដុមរមនា ការគោរពយុត្តិធម៌។ ទន្ទឹមនឹងនេះ ប្រើប្រាស់គោលនយោបាយការបរទេស ដើម្បី បង្ការ និងទប់ស្កាត់សង្គ្រាម។ ទាំងអស់នេះគឺជាសតិអារម្មណ៍ ទ្រឹស្ដីឆ្លងកាត់យុគសម័យរបស់បុព្វបុរសយើង ហើយនៅតែមានគុណតម្លៃជានិច្ចផងដែរ”។
អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញថ្លែងសុន្ទរកថាដ៏មានសារៈសំខាន់ ស្ដីពីការអភិវឌ្ឍខឿនកិច្ចការបរទេសវៀតណាមទំនើប ដែលពោរពេញទៅដោយអត្តសញ្ញាណជាតិ |
ក្នុងបរិបទ ដែលវៀតណាមធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅនោះ ភារកិច្ចការពារផលប្រយោជន៍ប្រទេសជាតិ និងប្រជាជាតិចាំបាច់ត្រូវបានផ្ដោតសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ។ លោក អគ្គលេខាបក្ស Nguyen Phu Trong បានលើកច្បាស់ថា ខ្លឹមសារស្នូលនៃគោលការណ៍កិច្ចការបរទេសរបស់បក្ស និងរដ្ឋ ក្នុងនោះសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សក៏បានកំណត់ថា នេះគឺជាការអនុវត្តដោយឥតងាករេនូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព មិត្តភាពកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ ពហុភាគីនិងការធ្វើពិពិធកម្មទំនាក់ទំនងកិច្ចការបរទេស។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “នារយៈពេលខាងមុខ ការងារដ៏សំខាន់នោះគឺអនុវត្តន៍ និងពង្រីករាល់លទ្ធផលដ៏សំខាន់ៗនៃវេទិកាពហុភាគីដែលវៀតណាមបានចូលរួម ជាពិសេសគឺការសម្របសម្រួលជាមួយដៃគូនានា ដើម្បីជំរុញការអនុវត្តគំនិតផ្តួចផ្តើមដែលបានអនុម័តរបស់វៀតណាម។ ចាំបាច់ត្រូវពង្រីក និងលើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពកិច្ចការបរទេស ជាពិសេសគឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវប្បធម៌ និងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សន្តិសុខ-ការពារជាតិ ជាមួយប្រទេសផ្សេងៗ; បន្តពង្រឹង និងពង្រីកទំនាក់ទំនងជាមួយដៃគូនានា ជាពិសេសគឺប្រទេសជិតខាង និងប្រទេសមហាអំណាច; ផ្ដល់ អាទិភាពដល់ការរក្សាស្ថិរភាព និងរក្សាសន្ទុះនៃទំនាក់ទំនង បង្កើនទំនុកទុកចិត្តផ្នែកនយោបាយ និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យផងដែរ”។
លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា ក្នុងបរិបទដែល ស្ថានភាពក្នុងតំបន់ និងអន្តរជាតិបន្តមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនោះ ការងារកិច្ចការបរទេសត្រូវធានាគោលដៅប្រកបដោយបរិយាប័ន្នគឺរក្សាបរិយាកាស សន្តិភាព ស្ថិរភាព អំណោយផលសម្រាប់បុព្វហេតុកសាង និងការពារមាតុភូមិ ព្រមទាំងអនុវត្តន៍ភារកិច្ចយុទ្ធសាស្ត្រ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ដើម្បីសម្រេចបានគោលដៅទាំងអស់នេះ តម្រូវការសំខាន់មួយគឺត្រូវរក្សាភាពអត់ធ្មត់ ឈ្លាសវៃ ដោះស្រាយទំនាក់ទំនងកិច្ចការបរទេសយ៉ាងត្រឹមត្រូវ ក្នុងនោះមានបញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដីផងដែរ៕