សញ្ញាដ៏អវិជ្ជមានក្នុងការដោះស្រាយបញ្ហាអន្តោប្រវេសន៍
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ប្រទេសមួយចំនួនបានប្រកាសជាបន្តបន្ទាប់ថា នឹង បដិសេធសន្ធិសញ្ញាសកលស្ដីពីបញ្ហាអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ ហើយក៏នឹងមិនចូលរួមសន្និសីទរបស់អង្គការសហប្រជាជាតិស្ដីពីការបោះឆ្នោត អនុម័តលើឯកសារនេះ នាពាក់កណ្ដាលខែធ្នូខាងមុខ នៅប្រទេសម៉ារ៉ុកឡើយ។ ការបដិសេធឯកសារដែលធ្លាប់បានគេគាំទ្រកាលពីខែកក្កដាឆ្នាំ២០១៨នេះ គឺប្រៀបដូចជាជ្រោះ ទឹកត្រជាក់មួយត្រឡោកលើកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាអន្តោប្រវេសន៍របស់អង្គការពហុភាគីធំបំផុតលើពិភពលោកនេះ។ ប្រការ នេះក៏បានសរអោយឃើញនូវភាពស្មុគស្មាញក៏ដូចជាការលំបាកក្នុងការដោះ ស្រាយបញ្ហាអន្តោប្រវេសន៍លើទូទាំងពិភពលោក ផងដែរ។
ជនអន្តោប្រវេសន៍ប្រមូលផ្ដុំនៅរដ្ឋ Oaxaca ភាគខាងត្បូងប្រទេសមិចស៊ីកូដើម្បីឆ្ពោះទៅព្រំដែនអាមេរិក (រូបថត៖ Reuters) |
អូស្ត្រលីជាប្រទេសថ្មីបំផុតដែលបានចូលរួមក្នុងបញ្ជីឈ្មោះបណ្ដាប្រទេសដែលបដិសេធសន្ធិសញ្ញាសកលស្ដីពីបញ្ហាអន្តោប្រវេសន៍។ មុននោះ អាមេរិក ហុងគ្រី អូទ្រីស ឆែក ប៉ូឡួញនិងអ៊ីស្រាអែលក៏បានប្រកាសសេចក្ដីសម្រេចដូចគ្នាផងដែរ។
សន្ធិសញ្ញាសកលស្ដីពីបញ្ហាអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិបានដាក់ចេញគោលដៅទាំង២៣ដើម្បីធានាដល់សកម្មភាពអន្តោប្រវេសន៍ដោយស្របច្បាប់ អះអាងជាថ្មីម្ដងទៀតនិងការពារយ៉ាងពេញលេញនូវសិទ្ធិរបស់ជនភៀសខ្លួននិងជនអន្តោប្រវេសន៍ទាំងអស់។ ការរើសអើងចំពោះជនអន្តោប្រវេសន៍នឹងត្រូវបានរារាំងខណៈដែលនារីនិងកុមារត្រូវបានការពារតាមលក្ខណៈពិសេស។
មូលហេតុ
សន្ធិសញ្ញាសកលស្ដីពីបញ្ហាអន្តោប្រវេសន៍ធ្លាប់ត្រូវបានប្រទេសជាសមាជិកអង្គការសហប្រជាជាតិនានាគាំទ្រកាលពីខែកក្កដាកន្លងទៅ ក្រោយរយៈពេល១៨ខែនៃការចរចា (លើកលែងតែអាមេរិក ដែលបានដកខ្លួនចេញពីសន្ធិសញ្ញានេះកាលពីឆ្នាំទៅមិញ)។ ដំណើរការចរចានេះត្រូវបានវាយតម្លៃថា ជាដំណើរការពិបាកដោយសារតែវាពាក់ព័ន្ធដល់សិទ្ធិនិងផលប្រយោជន៍របស់ប្រទេសនីមួយៗក្នុងការដោះស្រាយបញ្ហាអន្តោប្រវេសន៍។ រាល់ការខ្វែងគំនិតពាក់ព័ន្ធដល់វិធានការទប់ទល់នឹងរលកជនអន្តោប្រវេសន៍ដោយខុសច្បាប់ ជាជម្លោះស្នូលរវាងបណ្ដាប្រទេស។ ហើយការខ្វែងគំនិតនេះបានអូសបន្លាយរហូតមកដល់ថ្ងៃនេះដែរ។
អញ្ជើញបកស្រាយអំពីមូលហេតុបដិសេធសន្ធិសញ្ញានេះ នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison បានចាត់ទុកថា ការអនុម័តលើសន្ធិសញ្ញាខាងលើមានគ្រោះអាសន្នជំរុញអោយសកម្មភាពអន្តោប្រវេសន៍ដោយខុសច្បាប់ចូលទៅដែនដីអូស្ត្រាលី ក៏ដូចជារុញថយក្រោយស្នាដៃនានាដែលគេបានឆ្លងកាត់ពុះពារលើការលំបាកជាច្រើនទើបដណ្ដើមបានក្នុងសង្គ្រាមប្រឆាំងគ្រោះជួញដូរមនុស្ស ផងដែរ។ ក្នុងពេលជាមួយគ្នានោះ មន្ត្រីមួយចំនួនក្នុងគណៈរដ្ឋមន្រ្តីអូស្ត្រាលីបានចាត់ទុកថា សន្ធិសញ្ញានេះមិនសមស្របទៅនឹងគោលនយោបាយក៏ដូចជាមិនបម្រើផលប្រយោជន៍របស់អូស្ត្រាលីនោះឡើយ។
រដ្ឋាភិបាលប៉ូឡួញដែលគាំទ្រមាគ៌ាស្ដាំនិយម ក៏បានចេញសេចក្ដីថ្លែងការណ៍ដោយមិនគាំទ្រចំពោះសន្ធិសញ្ញាសកលស្ដីពីបញ្ហាអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិផងដែរ ដោយសារគេចាត់ទុកថា ឯកសារនេះមិនធានាដល់សន្តិសុខជាតិ ហើយអាចនាំរលកជនអន្តោប្រវេសន៍ដោយខុសច្បាប់ចូលទៅប្រទេសនេះ។ តាមប៉ូឡួញថា សន្ធិសញ្ញានេះដើរផ្ទុយទៅនឹងអាទិភាពនានារបស់វ៉ូវ៉ាស ដែលរួមមានការធានាសន្តិសុខរបស់ប្រជាពលរដ្ឋក៏ដូចជាគោលនយោបាយកាត់បន្ថយបរិមាណជនអន្តោប្រវេសន៍ចូលទៅក្នុងប្រទេសនេះផងដែរ។
ចំណែកឯហុងគ្រីនិងឆែកវិញ គឺជានិច្ចកាលរក្សាទស្សនៈដ៏តឹងរឹងចំពោះការទទួលជនអន្តោប្រវេសន៍ ដោយចាត់ទុកថា បញ្ហានេះគំរាមកំហែងលើស្ថិរភាពនៃទ្វីបអឺរ៉ុបនិងប៉ះពាល់ដល់តំបន់ព្រំដែនភាគខាងត្បូងរបស់ហុងគ្រី។
ផលប៉ះពាល់
ការបដិសេធសន្ធិសញ្ញាសកលស្ដីពីបញ្ហាអន្តោប្រវេសន៍របស់ប្រទេសខាងលើ បានសរអោយឃើញនូវភាពស្មុគស្មាញនិងរស៊ើបនៃបញ្ហានេះ។ ជាក់ស្ដែងគឺ ការទទួលខុសត្រូវមនុស្សធម៌របស់ប្រទេសដែលទទួលជនភៀសខ្លួនោះ ជួនកាលប៉ះពាល់ដល់ផលប្រយោជន៍ខាងសេដ្ឋកិច្ចនិងសន្តិសុខរបស់ពួកគេ។
ប៉ុន្តែ ប្រសិនបើពិភពលោកមិនសាមគ្គីគ្នាដើម្បីដោះស្រាយបញ្ហាអន្តោប្រវេសន៍នោះទេ វានឹងអាចប៉ះពាល់ដល់គោលដៅធានាសកម្មភាពអន្តោប្រវេសន៍ដោយស្របច្បាប់ ព្រមទាំងប៉ះពាល់ដល់ការគ្រប់គ្រងរលកជនអន្តោប្រវេសន៍លើទូទាំងពិភពលោក ដែលបានកើនឡើងដល់ទៅ២៥០លាននាក់ ពោលគឺស្រូបយក៣%ចំនួនប្រជាជនពិភពលោកទាំងមូល។
ថ្នាក់ដឹកនាំជាច្រើនបានចាត់ទុកថា ប្រសិនបើសន្ធិសញ្ញាសកលស្ដីពីបញ្ហាអន្តោប្រវេសន៍ត្រូវបានអនុវត្តន៍យ៉ាងហ្មឺងម៉ាត់ គឺឯកសារនេះនឹងបង្កើតឡើងយន្តការមួយប្រកបដោយស្ថិរភាពនិងមានការទទួលខុសត្រូវជាងមុន ដើម្បីប្រទេសជាសមាជិកអង្គការសហប្រជាជាតិអាចរួមដៃគ្នាដោះស្រាយវិបត្តិជនភៀសខ្លួននិងជនអន្តោប្រវេសន៍។ ហេតុដូច្នេះបានជា ក្រោយពីប្រទេសជាច្រើនបដិសេធសន្ធិសញ្ញានេះ ប្រធានគណៈកម្មាធិការអឺរ៉ុបលោក Jean-Claude Juncker បានរិះគន់កាយវិកានេះ ព្រមទាំងព្រមានថា EU នឹងបាត់បង់តួនាទីដឹកនាំក្នុងការដោះស្រាយវិបត្តិអន្តោប្រវេសន៍ ប្រសិនបើមានសមាជិក EU បន្ថែមទៀតបដិសេធចូលរួម។
ការដែលបញ្ហាជនភៀសខ្លួននិងជនអន្តោប្រវេសន៍កំពុងបង្កឡើងការចម្រូងចម្រាសយ៉ាងតឹងតែងនៅទាំងអាមេរិកនិងអឺរ៉ុបនោះ បានបញ្ជាក់ជាថ្មីម្ដងទៀតថា នេះមិនត្រឹមតែជាការសាកល្បងចំពោះប្រទេសនីមួយៗប៉ុណ្ណោះទេ ថែមទាំងចំពោះពិភពលោកទាំងមូលទៀតផង។ ស្ថានភាពជាក់ស្ដែងនេះបានរំលេចចេញសារសំខាន់នៃការដោះស្រាយបញ្ហាអន្តោប្រវេសន៍ ហើយក៏បានសរអោយឃើញថា មិនមានប្រទេសណាមួយដែលអាចធ្វើការងារនេះដោយឯកតោបានឡើយ៕