សញ្ញាសម្គាល់ TECHFES ឆ្នាំ ២០២០
(VOVWORLD) - មហោស្រពចាប់ផ្តើមអាជីវកម្មប្រកបដោយការផ្លាស់ប្ដូរថ្មី និងច្នៃប្រឌិតថ្នាក់ជាតិឆ្នាំ ២០២០ (TECHFES វៀតណាម ២០២០) បានបិទបញ្ចប់ បន្ទាប់ពីរយៈពេលជាង ៣ ថ្ងៃ បានប្រព្រឹត្តិទៅ (ចាប់ពីថ្ងៃទី ២៧-២៩ ខែវិច្ឆិកា) ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បានសរឲ្យឃើញនូវដំណើរការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម ប្រកបដោយការច្នៃប្រឌិតរបស់វៀតណាម ព្រមទាំងជាការបោះជំហានថ្មីក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិផងដែរ។
វេទិការជាន់ខ្ពស់ស្តីពីប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មដែលមានប្រធានបទ “ការតភ្ជាប់ប្រភពធនធានដើម្បីគាំទ្រដល់ការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត” បានធ្វើឡើងនៅថ្ងៃទី ២៨ ខែវិច្ឆិកានៅទីក្រុងហាណូយ
|
ជាមួយនឹងប្រធានបទ “បន្សាំ - បំលាស់ប្ដូរ - លោតផ្លោះ” នោះ TECHFEST ២០២០ ទាក់ទាញការចូលរួមពី startup អ្នកជំនាញ វិនិយោគិន អង្គការជួយឧបត្ថម្ភការចាប់ផ្ដើមអាជីវកម្មជួរមុខទាំងជាតិ និងអន្តរជាតិ ព្រមទាំងយុវជនដែលមានចំណាប់អារម្មណ៍អំពីការចាប់ផ្ដើមអាជីវកម្មយ៉ាងច្រើនកុះករផងដែរ។
លទ្ធផលគួរឱ្យចាប់អារម្មណ៍
សហគមន៍អ្នកចាប់ផ្ដើមអាជីវកម្មបានវាយតម្លៃខ្ពស់ចំពោះ TECHFEST ឆ្នាំ ២០២០ ជាពិសេសគឺសកម្មភាពចំនួន ៤០ នៃព្រឹត្តិការណ៍នេះ ដែលក្នុងនោះគួរឲ្យចាប់អារម្មណ៍បំផុតគឺវេទិកាសន្ទនារវាងលោកនាយករដ្ឋមន្រ្តីជាមួយយុវជន និងសហគ្រាសចាប់ផ្តើមអាជីវកម្ម និង វេទិកាកម្រិតខ្ពស់ ដោយប្រធានបទ "ការតភ្ជាប់ប្រភពធនធាន ជួយឧបត្ថម្ភគាំទ្រការចាប់ផ្តើមអាជីវកម្មប្រកបដោយការផ្លាស់ប្ដូរថ្មី និងច្នៃប្រឌិត"។ TECHFEST ឆ្នាំ ២០២០ ទាក់ទាញបានការចូលរួមរបស់តំណាងចំនួន ៦៥០០ នាក់។ គួរ កត់សម្គាល់ថា ក្នុងព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅវគ្គជួបពិភាក្សាចំនួន ១២០ លើក ដោយទាក់ទាញបានទុនវិនិយោគប្រមាណ ១៤ លានដុល្លារអាមេរិក។ ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ បានបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានដល់ខឿនសេដ្ឋកិច្ចនោះ តួរលេខទាំងនេះបានបង្ហាញថាវិនិយោគិនបានផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវិស័យចាប់ផ្តើមអាជីវកម្ម ឱកាស និងប្រភពធនធានសម្រាប់ការចាប់ផ្តើមអាជីវកម្មប្រកបដោយការផ្លាស់ប្ដូរថ្មី និងច្នៃប្រឌិតនៅវៀតណាម គឺនៅតែមានការអភិវឌ្ឍ។ ទាក់ទងនឹងសក្តានុពលច្នៃប្រឌិតនៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មរបស់វៀតណាម អនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលោក Tran Van Tung បានចាត់ទុកថា៖ "នាបច្ចុប្បន្ន ប្រភពកម្លាំងធំធេងបំផុតរបស់វៀតណាម គឺជាប្រភពកម្លាំងច្នៃប្រឌិត។ តាមពិត ប្រភពកម្លាំងនេះគឺ ស្ថិតនៅក្នុងជួរយុវជន សិស្សានុសិស្ស និងសិស្សិតតែម្តង។ នេះគឺជាកម្លាំង សក្ដានុពល និងថាមពលរបស់យើង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនាពេលខាងមុខ។ តាមរយៈព្រឹត្តិការណ៍ TECHFESH ឆ្នាំ ២០២០ យើងបានសង្កេតឃើញនូវគំនិតច្នៃប្រឌិតជាច្រើនរបស់វៀតណាមពិតជាសម្បូរបែបណាស់។ ក្នុងនោះមានទាំងគំនិតច្នៃប្រឌិតនៅក្នុង និងក្រៅស្រុកផងដែរ"។
បណ្ដាកិច្ចសន្ទនា និងសិក្ខាសាលាឯកទេសត្រូវបានរៀបចំឡើងដោយមានការចូលរួមចែករំលែក និងពិភាក្សាពីសំណាក់អ្នកគ្រប់គ្រង វិនិយោគិន សហគ្រាសចាប់ផ្ដើមអាជីវកម្មប្រកបដោយជោគជ័យនៅក្នុងជួរអាណិកជនវៀតណាម អ្នកជំនាញ និងអង្គការអន្តរជាតិ ដោយបានបង្កើនលក្ខណៈតភ្ជាប់រវាងសមាសភាពនៃប្រព័ន្ធអេកូឡូស៊ីក្នុងប្រទេស ក៏ដូចជាតភ្ជាប់ជាមួយជនវៀតណាមនៅឯបរទេស ដើម្បីរួមដៃគ្នាកសាងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មវៀតណាមអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតផងដែរ។
បន្សាំនឹងបច្ចេកវិទ្យាទំនើប
មហោស្រពចាប់ផ្តើមអាជីវកម្មប្រកបដោយការផ្លាស់ប្ដូរថ្មី និងច្នៃប្រឌិតថ្នាក់ជាតិឆ្នាំនេះបានបង្ហាញពីស្មារតីលោតផ្លោះរបស់សហគមន៍អ្នកចាប់ផ្ដើមអាជីវកម្មប្រកបដោយការផ្លាស់ប្ដូរថ្មី និងច្នៃប្រឌិតនៅវៀត ណាម។ ផលិតផលនិងគំនិតច្នៃប្រឌិត ជាច្រើនរបស់ startup សិស្សានុសិស្ស និស្សិត ស្ថាប័នអប់រំវិជ្ជាជីវៈ និងរបស់អ្នកច្នៃប្រឌិតគឺ ទទួលបានការយកចិត្តទុកដាក់ពីអ្នកជំនាញ និងវិនិយោគិន។ សហគមន៍អ្នកវិទ្យាសាស្ត្រនិងអ្នកច្នៃប្រឌិតវៀតណាមបានបង្កើតសញ្ញាសម្គាល់កាន់តែច្រើននៅលើផែនទី ពិភពលោក។ លោក Tran Dinh Giao អ្នកច្នៃប្រឌិតមួយរូប និងជាអ្នកបង្កើតប្រព័ន្ធសម្អាតផ្សែងពីឈាបនដ្ឋានបូជាសព ដែលជាសំណង់ទទួលបានមេដាយមាសក្នុងការប្រឡងច្នៃប្រឌិតអន្តរជាតិឆ្នាំ ២០២០ ដែលគាំទ្រដោយសម្ព័ន្ធសមាគមន៍ច្នៃប្រឌិត និងកម្មសិទ្ធិបញ្ញាពិភពលោកបានចែករំលែកថា៖ "ខ្ញុំមានគោលបំណងចង់ផ្ទេរប្រគល់បច្ចេកវិទ្យាទៅដល់ខេត្តក្រីក្រ ខេត្តភាគកណ្ដាល និងភាគខាងត្បូង។ លើលពីនេះទៅទៀត ខ្ញុំក៏បានត្រៀមខ្លួនជាស្រេចដើម្បីផ្ទេរប្រគល់កម្មសិទ្ធិបច្ចេកវិទ្យានេះ ដល់ខេត្ត ក្រុងទាំងអស់ ដើម្បីអនុវត្តន៍ជាក់ស្ដែងផងដែរ"។
ការចាប់ផ្ដើមអាជីវកម្ម និងការចាប់ផ្ដើមអាជីវកម្មប្រកបដោយការច្នៃប្រឌិតគឺជាប្រភពកម្លាំងដ៏សំខាន់ ដើម្បីនាំសេដ្ឋកិច្ចប្រទេសជាតិអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ភាពជោគជ័យនៃ មហោស្រពចាប់ផ្ដើមអាជីវកម្មប្រកបដោយការផ្លាស់ប្ដូរថ្មី និងច្នៃប្រឌិត បានបន្ថែមកម្លាំងខាងស្មារតីនិងសំភារៈសម្រាប់សហគមន៍អ្នកចាប់ផ្ដើមអាជីវកម្មនៅវៀតណាមអនុវត្តន៍ជាក់ស្ដែងរាល់គំនិតច្នៃប្រឌិត ក៏ដូចជាចូលរួមចំណែកដើម្បីបុព្វហេតុអភិវឌ្ឍន៍របស់ប្រទេសជាតិផងដែរ៕