សេដ្ឋកិច្ចពិភពលោកនៅតែប្រឈមមុខនឹងបញ្ហាជាច្រើន

(VOVWORLD) - ទោះបីជាមានការខិតខំប្រឹងប្រែងឆ្លើយតបជាបន្តបន្ទាប់របស់រដ្ឋាភិបាលក៏ដូចជាអង្គការអន្តរជាតិនានាក៏ដោយ ក៏សេដ្ឋកិច្ចពិភពលោកនៅតែប្រឈមមុខនឹងការលំបាក និងបញ្ហាដ៏ធ្ងន់ធ្ងរជាច្រើន។ ហានិភ័យនៃ វិបត្តិសេដ្ឋកិច្ចសម្រាប់បណ្តាប្រទេសសេដ្ឋកិច្ចធំៗ នៅតែស្ថិតក្នុងកម្រិតខ្ពស់នៅឆ្នាំ ២០២២  ហើយអាចអូសបន្លាយយូរជាងនេះទៀតផងដែរ។

សេដ្ឋកិច្ចពិភពលោកនៅតែប្រឈមមុខនឹងបញ្ហាជាច្រើន - ảnh 1រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ទេសាភិបាលធនាគារកណ្តាល និងប្រធានគណៈប្រតិភូចូលរួម ក្នុងថ្ងៃទី ២ នៃកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី ១៦ ខែកក្កដា (រូបថត៖ Reuters)

ថ្លែងនៅក្នុងសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៃបណ្តាប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញរបស់ពិភពលោក G២០ (FMCBG) ដែលប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃកន្លងមកគឺថ្ងៃទី ១៥ និង ១៦ ខែ កក្កដាកន្លងមកនៅប្រទេសឥណ្ឌូនេស៊ី លោកស្រីនាយិការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) Kristalina Georgieva បានព្រមានថា សេដ្ឋកិច្ចពិភពលោកនៅតែ “មិនប្រាកដប្រជាជាពិសេស” ហើយអាចកាន់តែអាក្រក់ទៅៗ ក៏ថាបានដែរ ប្រសិនបើអតិផរណាកំពុងស្ថិតក្នុងកម្រិតខ្ពស់បំផុតនាពេលបច្ចុប្បន្ននៅក្នុងប្រទេសសេដ្ឋកិច្ចធំៗជាច្រើន គ្មានការគ្រប់គ្រងល្អ។ យោងតាមអ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិជាច្រើន ការព្រមានរបស់ប្រមុខ IMF បានឆ្លុះបញ្ចាំងពីការលំបាក និងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបប្រទះ និងអាចនឹងត្រូវប្រឈមមុខ ដែលនៅចំពោះមុខគឺអត្រាអតិផរណាខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ក្នុងប្រទេសសេដ្ឋកិច្ចធំៗ មួយចំនួន។

តួរលេខគួឲ្យព្រួយបារម្ភ

ការវិភាគនិងរបាយការណ៍អន្តរជាតិពាក់ព័ន្ធភាគច្រើនសុទ្ធតែមានទស្សនៈរួម គឺថា ជម្លោះរុស្ស៊ី-អ៊ុយក្រែនដែលអូសបន្លាយ រួមជាមួយនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងទីក្រុងមូស្គូកំពុងអាក ខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ប្រេងសកល ដែលធ្វើឲ្យតម្លៃប្រេងឥន្ធនៈ (ប្រេង ឧស្ម័ន) និងស្បៀងអាហារ (ធញ្ញជាតិ) កើនឡើងជាសកល ធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសជាច្រើនដែលរងឥទ្ធីពលអវិជ្ជមានពីជំងឺរាតត្បាតកូវីដ ១៩ អស់រយៈពេល ២ ឆ្នាំនោះ រឹតតែលំបាកកាន់តែខ្លាំង។ ជាក់ស្តែងបំផុតគឺថា អត្រាអតិផរណានៅក្នុងសេដ្ឋកិច្ចសំខាន់ៗភាគច្រើន ប្រទេសអ្នកមានបានឡើងដល់កម្រិតខ្ពស់ជាបន្តបន្ទាប់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ នៅសហរដ្ឋអាមេរិក ដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេលើពិភពលោក អតិផរណាបានបន្តកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បើទោះបីជាមានវិធានការតបតជាបន្តបន្ទាប់ ដូចជាការសម្រេចចិត្តរបស់ធនាគារកណ្តាល (Fed) ក្នុងការតម្លើង    អត្រាការប្រាក់)។ របាយការណ៍ថ្មីបំផុតរបស់រតនាគារសហរដ្ឋអាមេរិកបានលើកឡើងថា អតិផរណានៅក្នុងខែមិថុនាបានកើនឡើង ៩,១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលលើសពីកំណត់ត្រា ៨,៦% ដែលបានកំណត់ក្នុងខែឧសភា និងជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក។ រដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក Janet Yellen បានពណ៌នាថា នេះជាអតិផរណា “ខ្ពស់ដែលមិនអាចទទួលយកបានឡើយ”។

ស្ថានភាពសេដ្ឋកិច្ចនៅអឺរ៉ុបភាគច្រើនមិនសូវល្អ។  ជាពិសេស អត្រាអតិផរណាក្នុងខែមិថុនា នៅក្នុងប្រទេសអ៊ីតាលី បានកើនឡើងដល់ ៨% បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន គូសសញ្ញាសម្គាល់នូវការកើនឡើងខ្ពស់បំផុតនៃអតិផរណាប្រចាំខែក្នុងរយៈពេល ៣៦ ឆ្នាំកន្លង។ ដូចគ្នានេះដែរ អតិផរណារបស់បារាំងក្នុងខែដូចគ្នាបានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៩១ នៅពេលដែលសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើង ៥,៨% បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ក្នុងពេលជាមួយគ្នានោះ នៅក្នុងសេដ្ឋកិច្ចដ៏ធំបំផុតរបស់សហភាពអឺរ៉ុប គឺប្រទេសអាល្លឺម៉ង់ អតិផរណាបានកើនឡើងដល់ ៧,៩% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៩០មក និងលើសពីគោលដៅ ២% ដែលធនាគារកណ្តាលអឺរ៉ុប (ECB) បានដាក់ចេញ។ លើសពីនេះ រូបិយប័ណ្ណរួមរបស់អឺរ៉ុប ប្រាក់អឺរ៉ូក៏បានធ្លាក់ចុះជាបន្តបន្ទាប់ ដែលឆ្លុះបញ្ចាំងពីការចុះខ្សោយនៃកម្លាំងសេដ្ឋកិច្ចរបស់ប្លុកទាំងមូល។

ជាពិសេស សូម្បីតែសេដ្ឋកិច្ចដែលនៅតែត្រូវបានចាត់ទុកថា មានការបន្សាំល្អចំពោះស្ថានភាពអតិផរណាពិភពលោកបច្ចុប្បន្នគឺប្រទេសចិន ក៏កំណើនផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទី ២ សម្រេចបានកម្រិត ០,៤% ប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន  ពោលគឺទាបជាងការព្យាករណ៍ ក៏ដូចជាគោលដៅកំណើន ដែលរដ្ឋាភិបាលចិនបានដាក់ចេញ។ ជាការពិតណាស់ មូលហេតុនៃកំណើននេះនៅក្នុងប្រទេសចិន គឺខុសគ្នាពីសេដ្ឋកិច្ចដទៃទៀត។ តាមនោះ ក្នុងរយៈពេលកន្លងមក ចិនបានដាក់ចេញវិធានការទប់ស្កាត់យ៉ាងតឹងរ៉ឹងក្នុងទ្រង់ទ្រាយធំ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ធ្វើឲ្យសកម្មភាពផលិតកម្ម និងអាជីវកម្មមានការថមថយខ្លាំង។ យ៉ាងណាមិញ ដោយមិនគិតពីហេតុផលអ្វីៗនោះទេ អត្រាកំណើនទាបនៃសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកនៅតែត្រូវបានចាត់ទុកថាជាសន្ទស្សន៍មិនអំណោយផលសម្រាប់សេដ្ឋកិច្ចពិភពលោក ជាពិសេសនៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរជាបន្តបន្ទាប់នាពេលបច្ចុប្បន្ននេះ។

យកថាទស្សន៍និងដំណោះស្រាយ

យោងតាមអគ្គនាយិកា IMF ការលំបាកនិងបញ្ហាប្រឈមនាពេលបច្ចុប្បន្នកំពុងបន្តដាក់បន្ទុកលើសេដ្ឋកិច្ចជាច្រើន ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានចំណូលទាប។ ដូច្នោះហើយ សេដ្ឋកិច្ចដែលទើបលេចចេញជាង ៣០% រួមជាមួយប្រទេសដែលមានចំណូលទាប ៦០% គឺស្ថិតក្នុងកម្រិតហានិភ័យ មិនអាចសងចំណុល ពោលគឺក្ស័យធនតែម្តង។

នៅចំពោះមុខការពិតជាក់ស្តែងនេះ ប្រធាន IMF បានអំពាវនាវឱ្យប្រទេសនានាធ្វើអ្វីគ្រប់យ៉ាងក្នុងសមត្ថភាពរបស់ខ្លួន  ដើម្បីគ្រប់គ្រងអតិផរណា។ ជាពិសេស អគ្គនាយិកា IFM បាននិយាយថា ការប្តេជ្ញាចិត្ត បំពេញបន្ថែមសម្រាប់មូលនិធិកាត់បន្ថយភាពក្រីក្រ និងកំណើនប្រកបដោយចីរភាព (PRGT) របស់ IMF (កម្មវិធីផ្តល់កម្ចីអនុគ្រោះសម្រាប់ប្រទេសក្រីក្រ) នឹងត្រូវបានធ្វើឡើងក្នុងពេលឆាប់ៗនេះ។ បច្ចុប្បន្ន ប្រទេសសមាជិក G២០ បានប្តេជ្ញាចិត្តជិត ផ្តល់ ១០,៥ ពាន់លានដុល្លារអាមេរិកដល់មូលនិធិ PRGT ដែលបំពេញបានប្រហែល ៧៥% នៃតម្រូវការប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក Yellen បាននិយាយថា រដ្ឋាភិបាលចាំបាច់ត្រូវបង្កើត និងរក្សាសេណារីយ៉ូឆ្លើយតបគោលនយោបាយ ដើម្បីកាត់បន្ថយពេលវេលា និងភាពធ្ងន់ធ្ងរនៃការធ្លាក់ចុះសេដ្ឋកិច្ច ក៏ដូចជាផលប៉ះពាល់ប្រជាជននិងអង្គភាពអាជីវកម្ម។

យ៉ាងណាមិញ  តាមទស្សនៈរបស់អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិជាច្រើន ដំណោះស្រាយជួរមុខនាពេលបច្ចុប្បន្នគឺនៅតែត្រូវពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែនឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ដោយសារតែការវិភាគ និងរបាយការណ៍ជាជាច្រើន បានបង្ហាញពីផលប៉ះពាល់ធ្ងន់ធ្ងរនៃវិបត្តិនេះមកលើសេដ្ឋកិច្ចពិភពលោក។ ដូច្នេះ ជំនួសឱ្យការស្វែងរកការដាក់ទណ្ឌកម្ម និងការសងសឹកគ្នាទៅវិញទៅមក ភាគីពាក់ព័ន្ធគួរតែជំរុញការសន្ទនា និងទំនាក់ទំនងការទូត ដើម្បីដោះស្រាយបញ្ហាឱ្យកាន់តែឆាប់កាន់តែល្អ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ