សេដ្ឋកិច្ចវៀតណាមកំពុងបង្កើនល្បឿន

(VOVWORLD) - តាមរយៈឆមាសទីមួយនៃឆ្នាំនេះ សេដ្ឋកិច្ចវៀតណាមទទួលបានលទ្ធផលល្អប្រសើរជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុននៅក្នុងវិស័យជាច្រើន។ សន្ទស្សន៍អភិវឌ្ឍន៍ភាគច្រើនបានលើសពីការព្យាករណ៍ទុក។  ប្រការនេះបង្ហាញថា សេដ្ឋកិច្ចកំពុងបង្កើនល្បឿនដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០២៤ ទាំងមូល។

ផ្ទាំងគំនូរសេដ្ឋកិច្ចរបស់វៀតណាមក្នុងរយៈពេល ៧ ខែកន្លងទៅបានកត់ត្រានូវចំណុចភ្លឺជាច្រើន។ ក្នុងនោះ រួមបញ្ចូលទាំងការបន្តកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការកែលម្អស្ថាប័ន លុបបំបាត់ការលំបាកឧបសគ្គ និងផ្តល់អាទិភាពដល់ការលើកកម្ពស់កំណើនសេដ្ឋកិច្ច។ ក្នុងខែកក្កដា រដ្ឋាភិបាលបានបន្តជំរុញការផ្សព្វផ្សាយឯកសារណែនាំច្បាប់វិសោធនកម្មច្បាប់ភូមិបាលឆ្នាំ ២០២៤, ច្បាប់លំនៅឋានឆ្នាំ ២០២៣, ច្បាប់អាជីវកម្មអចលនទ្រព្យឆ្នាំ ២០២៣, ច្បាប់ស្តីពីគ្រឹះស្ថានឥណទានឆ្នាំ ២០២៣ ជាដើម។

សេដ្ឋកិច្ចវៀតណាមកំពុងបង្កើនល្បឿន - ảnh 1ផ្ទាំងគំនូរសេដ្ឋកិច្ចរបស់វៀតណាមក្នុងរយៈពេល ៧ ខែកន្លងទៅបានកត់ត្រានូវចំណុចភ្លឺជាច្រើន។ រូបថត៖ baodautu.vn

សន្ទស្សន៍កំណើនវិជ្ជមានជាច្រើន

សេដ្ឋកិច្ចរបស់វៀតណាមក្នុងរយៈពេល ៧ ខែកន្លងមកនេះ បានកត់ត្រានូវនិន្នាការកំណើនដែលខែក្រោយខ្ពស់ជាងខែមុន ដែលខ្ពស់ជាងខែមុន ឆ្នាំនេះមានភាពល្អប្រសើរជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាពិសេស សេដ្ឋកិច្ចបន្តរីកចម្រើនជាវិជ្ជមានលើវិស័យទាំងបីគឺ កសិកម្ម សេវាកម្ម និងឧស្សាហកម្ម។ គួរកត់សម្គាល់ថា សន្ទស្សន៍ផលិតកម្មឧស្សាហកម្មបានកើនឡើងនៅក្នុងមូលដ្ឋាន ៦០/៦៣ ដែលប៉ាន់ស្មានថា នឹងកើនឡើង ៨,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លទ្ធផលនេះបង្ហាញពីការងើបឡើងវិញនៃសេដ្ឋកិច្ចលើទ្រង់ទ្រាយធំ។ ទន្ទឹមនឹងនោះ ម៉ាក្រូសេដ្ឋកិច្ចបន្តមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង សមតុល្យសំខាន់ៗត្រូវបានធានា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ជាមធ្យម (CPI) រយៈពេល ៧ ខែបានកើនឡើង ៤,១២% កើនឡើង ០,០៤% បើធៀបនឹងខែមិថុនា; ការនាំចេញបានបន្តកើនឡើង ដោយមានអតិរេកពាណិជ្ជកម្មជាង ១៤ ពាន់លានដុល្លារអាមេរិក រួមចំណែកក្នុងការធានាសមតុល្យនៃការទូទាត់; ការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ឈានដល់ ១៨ ពាន់លានដុល្លារ កើនឡើង ១០,៩%។ លើសពីនេះទៀត សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) ក្នុងខែកក្កដាបានឈានដល់ ៥៤,៧ ពិន្ទុ ដែលជាកម្រិតខ្ពស់បំផុតគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៨។ លោកស្រី Phan Thi Thang អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានសង្កត់ធ្ងន់ថា៖ “ក្រឡែកមើលទៅលើសន្ទស្សន៍ទាំងនោះអាចបង្ហាញឲ្យឃើញថា បច្ចុប្បន្នផលិតកម្មឧស្សាហកម្មកំពុងងើបឡើងវិញយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣ ជាមួយនឹងសន្ទុះកំណើនវិជ្ជមាន។ ឧស្សាហកម្មផលិតនិងកែច្នៃបានវិលត្រឡប់មកវិញ ដែលដើរតួនាទីនាំមុខរបស់សេដ្ឋកិច្ច។ សមត្ថភាពផលិតរបស់សហគ្រាសឧស្សាហកម្មក្នុងប្រទេសក៏បានស្ទុះងើបឡើងវិញជាវិជ្ជមាន ដោយត្រៀមខ្លួនរួចជាស្រេចដើម្បីទាញយកប្រយោជន៍ពីឱកាសសម្រាប់ទាក់ទងផ្ទាល់ជាមួយទីផ្សារថ្មីៗនាពេលខាងមុខ”។

ការដែលសេដ្ឋកិច្ចវៀតណាមបន្តកត់ត្រាសន្ទស្សន៍វិជ្ជមានជួយនាំមកនូវការរំពឹងទុកជាវិជ្ជមាននៅក្នុងឆមាសទីពីរនៃឆ្នាំនេះ និងក្នុងរយៈពេលវែង។ អង្គការអន្តរជាតិ ស្ថាប័នហិរញ្ញវត្ថុ និងអ្នកជំនាញការជាច្រើន បន្តវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងទស្សនវិស័យនៃសេដ្ឋកិច្ចវៀតណាម។ ក្នុងនោះ  ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្កើនការព្យាករណ៍កំណើនរបស់វៀតណាមសម្រាប់ឆ្នាំ ២០២៤ ឡើងដល់ ៦%; ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ ព្យាករណ៍ថានឹងកើនឡើង ៦,៣%; ធនាគារ HSBC ព្យាករណ៍ថានឹងកើនឡើង ៦,៥%...។  វៀតណាមបន្តជាគោលដៅទាក់ទាញសម្រាប់វិនិយោគិនបរទេស។ លោក Takeo Nakajima ប្រធានតំណាង Jetro Hanoi បានឲ្យដឹងថា៖ “យោងតាមការស្ទង់មតិរបស់យើង អង្គភាពអាជីវកម្មចំនួន ៧០% កំពុងប្រតិបត្តិការនៅក្នុងប្រទេសវៀតណាមបានឲ្យដឹងថា ពួកគេកំពុងមានតម្រូវការបើកទូលាយទំហំផលិតកម្មរបស់ខ្លួនជាមួយនឹងគំរូអាជីវកម្ម និងសកម្មភាពថ្មីៗ។ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ចំនួនគម្រោងថ្មីបានថយចុះ ២០% ប៉ុន្តែចំនួនវិនិយោគនៃអាជីវកម្មដែលបានដំណើរការអស់រយៈពេលជាយូរមកហើយនៅទីនេះនៅមាននិន្នាការកើនឡើង"។

កៀរគរធនធានទាំងអស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច

ចាប់ពីដើមឆ្នាំនេះមក រដ្ឋាភិបាល ក្រសួង និងស្ថាប័ននានា ពីថ្នាក់មជ្ឈឹមរហូតដល់មូលដ្ឋានបានប្តេជ្ញាចិត្តប្រមូលធនធានទាំងអស់ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងល្អបំផុត ដោយខិតខំសម្រេចឱ្យបាននិងលើសពីគោលដៅដែលបានដាក់ចេញសម្រាប់ឆ្នាំ២០២៤ ជាពិសេស គោលដៅកំណើនប្រហែល ៦,៥%។ ទន្ទឹមនឹងនោះ បន្តជំរុញរបកកំហើញយុទ្ធសាស្ត្រចំនួន ៣ លើការអភិវឌ្ឍន៍សមកាលកម្មនៃហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ របៀបរបប និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ ជាមួយគ្នានោះ ជំរុញសកម្មភាពកិច្ចការបរទេស សកម្មភាពសេដ្ឋកិច្ចបរទេស និងសមាហរណកម្មអន្តរជាតិ តាមនោះ រួមចំណែកក្នុងការពង្រឹងនិងពង្រីកតួនាទី ឋានៈ និងកិត្យានុភាពរបស់វៀតណាម ...។

សេដ្ឋកិច្ចវៀតណាមកំពុងបង្កើនល្បឿន - ảnh 2នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកក្កដា ។ រូបថត៖ baochinhphu.vn

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកក្កដា ដែលប្រព្រឹត្តទៅនាថ្ងៃទី៥ ខែសីហា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់លើភារកិច្ច និងដំណោះស្រាយសំខាន់ៗក្នុងខែសីហា ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំនិងនាពេលខាងមុខ៖ “គោលដៅរបស់យើងនៅតែមិនផ្លាស់ប្តូរ ពោលគឺ យើងត្រូវរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណាក្នុងដែនកំណត់ដោយរដ្ឋសភាអនុញ្ញាត្តិ កំណើនត្រូវតែ ត្រូវបានលើកកម្ពស់កាន់តែខ្លាំង តុល្យភាពសំខាន់ៗត្រូវតែធានា ហើយត្រូវតែមានអតិរេកខ្ពស់ជាង; បំណុលសាធារណៈ បំណុលរដ្ឋាភិបាល និងការចំណាយលើសថវិកាត្រូវតែគ្រប់គ្រងបានល្អ។ បញ្ហាទី២ យើងត្រូវធានាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពអធិបតេយ្យភាពព្រំដែនជាតិ។ ដើម្បីសម្រេចបាននូវគោលដៅនេះ ខែក្រោយត្រូវតែប្រសើរជាងខែមុន ត្រីមាសបន្ទាប់ខ្ពស់ជាងត្រីមាសមុន ហើយនៅឆ្នាំ ២០២៤នេះ លទ្ធផលដែលទទួលបានត្រូវតែមានច្រើនប្រកបដោយបរិយាប័ន្ន និងទូលំទូលាយជាងឆ្នាំ ២០២៣”។

វៀតណាមបានឈានចូលដល់ត្រីមាសទី ៣ ឆ្នាំ ២០២៤។ ពេលវេលានេះត្រូវបានគេចាត់ទុកថាជារយៈពេលដ៏សំខាន់មួយនៃឆ្នាំ ២០២៤ ដើម្បីខិតខំសម្រេចបានកម្រិតខ្ពស់បំផុតដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០២៤។ ការអភិវឌ្ឍជាវិជ្ជមាននៃសេដ្ឋកិច្ចវៀតណាមក្នុងរយៈពេល ៧ ខែចុងក្រោយនេះ នឹងក្លាយជាកត្តាសំខាន់ រួមចំណែកជួយសេដ្ឋកិច្ចសម្រេចបាននូវគោលដៅកំណើន GDP ពី ៦ - ៦,៥% ក្នុងឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ