សេដ្ឋកិច្ចសកល៖ ចំណុចភ្លឺនិងហានិភ័យ

(VOVWORLD) - នៅក្នុងរបាយការណ៍ស្ដីពីយថាទស្សន៍សេដ្ឋកិច្ចពិភពលោកដែលបានចេញផ្សាយនាពេលថ្មីៗនេះ ស្ថាប័នហិរញ្ញវត្ថុធំៗភាគច្រើនបានធ្វើអត្ថាធិប្បាយថា សេដ្ឋកិច្ចពិភពលោកបានរួចផុតពីហានិភ័យនៃការធ្លាក់ចុះ ហើយមានកំណើនតិចតួចក្នុងឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ កត្តាហានិភ័យទាក់ទងនឹងអតិផរណា និងភាពតានតឹងភូមិសាស្ត្រនយោបាយនៅតែមានច្រើនគួរសម។

របាយការណ៍ស្ដីពីយថាទស្សន៍សេដ្ឋកិច្ចពិភពលោកថ្មីបំផុតរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៦ ខែមេសា បានបង្ហាញឲ្យឃើញថា កំណើនសេដ្ឋកិច្ចសកលបានកើនឡើងបន្តិចបន្តួចបើធៀបនឹងការព្យាករណ៍កាលពីដើមឆ្នាំរបស់អង្គការនេះ។

សេដ្ឋកិច្ចសកល៖ ចំណុចភ្លឺនិងហានិភ័យ - ảnh 1ទីស្នាក់ការរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ (រូបថត៖ THX/TTXVN)

ចំណុចភ្លឺចំនួន ៣ នៃសេដ្ឋកិច្ចសកល

ចំណុចភ្លឺដំបូងនៅក្នុងរបាយការណ៍យថាទស្សន៍សេដ្ឋកិច្ចពិភពលោករបស់ IMF គឺថា កំណើនសេដ្ឋកិច្ចសកលអាចឈានដល់ ៣,២% នៅឆ្នាំនេះ ពោលគឺ ០,១ ភាគរយខ្ពស់ជាងការព្យាករណ៍របស់ IMF ដែលចេញផ្សាយក្នុងខែមករា។ ចំណុចភ្លឺទីពីរនៅក្នុងរបាយការណ៍របស់ IMF គឺថា អតិផរណាបន្តមាននិន្នាការថយចុះ។ នៅលើវិសាលភាពសកល អតិផរណាត្រូវបានព្យាករណ៍ថានឹងថយចុះពី ៥,៩% ក្នុងឆ្នាំនេះមក ៤,៥% នៅឆ្នាំក្រោយ ដោយសារប្រទេសជាច្រើនលើពិភពលោករក្សាអត្រាការប្រាក់ធនាគារក្នុងកម្រិតខ្ពស់។ យោងតាមប្រធានសេដ្ឋវិទូរបស់ IMF លោក Pierre-Olivier Gourinchas ទោះបីជាការព្យាករណ៍អត្រាកំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំនេះ និងឆ្នាំក្រោយនៅតែទាបជាងច្រើនបើធៀបនឹងអត្រាកំណើនមុននឹងជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ ប៉ុន្តែពិភពលោកភាគច្រើនបានជំនះពុះពារលើវិបត្តិដ៏ធំបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក៖

"ចំណែកចំណុចភ្លឺទីបីគឺថា យើងឃើញថាតំបន់ភាគច្រើនលើពិភពលោកមានការព្រួយបារម្ភកាន់តែតិចតួចអំពីវិបត្តិក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនោះគឺជំងឺរាតត្បាតនិងតម្លៃនៃជីវភាព។ វិបត្តិទាំងនេះបានបញ្ចប់និន្នាការកំណើននៃសេដ្ឋកិច្ចសកល មុនពេលជំងឺរាតត្បាត ហើយយើងនៅតែស្ថិតក្នុងកម្រិតទាបជាងពេលនោះ ប៉ុន្តែឥឡូវនេះយើងឃើញថា តំបន់ជាច្រើនកំពុងបង្រួញគម្លាតនេះ ដើម្បីតាមទាន់និន្នាការកំណើនកាលពីមុន”។

ទាក់ទងនឹងយថាទស្សន៍កំណើនជាក់លាក់នៃប្រទេស និងតំបន់នីមួយៗ IMF ចាត់ទុកថា សេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកគឺសហរដ្ឋអាមេរិក នៅតែរីកចម្រើនដោយស្ថិរភាពក្នុងកម្រិត ២,៧% នៅឆ្នាំនេះ ដែលខ្ពស់ជាងការព្យាករណ៍ ២,១% ក្នុងខែមករា ប៉ុន្តែនឹងសម្រេចបានកំណើនត្រឹមតែ ១,៩% ក្នុងឆ្នាំក្រោយប៉ុណ្ណោះ។ ក្នុងពេលជាមួយគ្នានោះ IMF មានការវាយតម្លៃមិនសូវវិជ្ជមានចំពោះកំណើនរបស់តំបន់ចាយប្រាក់អឺរ៉ូ ដោយបានព្យាករណ៍ថា តំបន់នេះនឹងមានកំណើនត្រឹមតែ ០,៨% ក្នុងឆ្នាំនេះ ដែលទាបជាងការព្យាករណ៍កាលពីខែមករា (០,៩%)។ ចំពោះប្រទេសចិន ដែលជាខឿនសេដ្ឋកិច្ចលេខ ២ លើពិភពលោក IMF បានព្យាករណ៍ថា ចិននឹងមានកំណើន ៤,៦% ក្នុងឆ្នាំនេះ ប៉ុន្តែ IMF ត្រៀមខ្លួនជាស្រេច បង្កើនការព្យាករណ៍របស់ខ្លួនដោយ
សារតែទិន្នន័យសេដ្ឋកិច្ចសុទិដ្ឋិនិយមនាពេលកន្លងមករបស់ប្រទេសនេះ។ ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតនៅអាស៊ី IMF ក៏បានផ្តល់ការវាយតម្លៃជាវិជ្ជមានផងដែរ។ ប្រការនេះក៏ស្របតាមការវាយតម្លៃរបស់អគ្គលេខាធិការនៃវេទិកាអាស៊ី បូអាវលោក Li Baodong ដែលបានធ្វើឡើងកាលពីខែមុន៖

“កត្តាអស្ថិរភាពនៅក្នុងខឿនសេដ្ឋកិច្ចរបស់បណ្តាប្រទេសអាស៊ីកំពុងកើនឡើង ប៉ុន្តែខឿនសេដ្ឋកិច្ចទាំងនេះក៏បានបង្ហាញពីការងើបឡើងវិញល្អផងដែរ។ របាយការណ៍នៃវេទិកាអាស៊ី បូអាវ បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ច និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ នៅតែរក្សាបាននូវសន្ទុះខ្ពស់ក្នុងឆ្នាំនេះ ជាមួយនឹងយថាទស្សន៍កំណើនដ៏ល្អសម្រាប់ប្រទេសចិន ឥណ្ឌា ឥណ្ឌូនេស៊ី អារ៉ាប៊ីសាអូឌីត និងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតនៃអាស៊ី”។

នៅតែមានហានិភ័យជាច្រើន

ទោះបីជាមានការវាយតម្លៃសុទិដ្ឋិនិយមគួរសមអំពីកំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំនេះក៏ដោយ ប៉ុន្តែ IMF នៅតែនាំចេញការព្រមានជាច្រើន។ យោងតាម IMF អតិផរណាកំពុងមានទំនោរថយចុះនៅក្នុងប្រទេសភាគច្រើន ប៉ុន្តែល្បឿននៃការថយចុះគឺយឺតជាងការព្យាករណ៍ជាច្រើនមុននោះ ដោយបង្ខំឱ្យធនាគារកណ្តាលរក្សាអត្រាការប្រាក់ខ្ពស់ក្នុងរយៈពេលយូរ ហើយប្រការនេះនឹងមានផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម។ ការព្រមាននេះគឺស្របទៅនឹងការអត្ថាធិប្បាយរបស់ប្រធានធនាគារកណ្តាលអាមេរិក (FED) លោក Jay Powell កាលពីថ្ងៃទី ១៧ ខែមេសា នៅពេលដែលលោកបាននិយាយថា មិនអាចកាត់បន្ថយអត្រាការប្រាក់នៅសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះបានទេ ខណៈពេលដែលគោលដៅនាំអតិផរណាឲ្យត្រឡប់ទៅកម្រិត ២% វិញ ចំណាយពេលយូរជាងការរំពឹងទុក។

សេដ្ឋកិច្ចសកល៖ ចំណុចភ្លឺនិងហានិភ័យ - ảnh 2ប្រធានសេដ្ឋវិទូ IMF លោក Pierre-Olivier Gourinchas។ (រូបថត៖ AFP)

អស្ថិរភាពភូមិសាស្ត្រនយោបាយសកល ជាមួយនឹងជម្លោះនៅអ៊ុយក្រែនតំបន់ហ្គាហ្សា និងហានិភ័យនៃការកើនឡើងភាពតានតឹងរវាងអ៊ីរ៉ង់-អ៊ីស្រាអែលនៅមជ្ឈិមបូព៌ា ក៏បង្កើតហានិភ័យរយៈពេលខ្លី និងមធ្យមដល់សេដ្ឋកិច្ចពិភពលោកផងដែរ។ យោងតាម IMF ប្រសិនបើមានការរំខានក្នុងការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា តម្លៃប្រេងពិភពលោកអាចកើនឡើងប្រហែល ១៥% ហើយពេលនោះអតិផរណាសកលនឹងកើនឡើង ០,៧%។ លើសពីនេះ ប្រធានសេដ្ឋវិទូ IMF លោក Pierre-Olivier Gourinchas ក៏បានសង្កត់ធ្ងន់លើហានិភ័យនៃការបែកបាក់សេដ្ឋកិច្ចពិភពលោកផងដែរ៖

“យថាទស្សន៍នៃកំណើនសេដ្ឋកិច្ចសកលក៏ទទួលរងផលប៉ះពាល់ផងដែរដោយសារការកើនឡើងនៃការបែកបាក់ផ្នែកភូមិសាស្ត្រសេដ្ឋកិច្ច។ តំណភ្ជាប់ពាណិជ្ជកម្មកំពុងផ្លាស់ប្តូរ។ ប្រទេសមួយចំនួនអាចទទួលបានអត្ថប្រយោជន៍ពីការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល ប៉ុន្តែផលប៉ះពាល់ពិតប្រាកដ នៅតែជាការធ្លាក់ចុះប្រសិទ្ធភាព ធ្វើឱ្យសេដ្ឋកិច្ចសកលមិនសូវមានភាពធន់ ហើយបង្កការខូចខាតកាន់តែខ្លាំងទៅលើកិច្ចសហប្រតិបត្តិការសកល"។

ក៏ចែករំលែកការអត្ថាធិប្បាយអំពីហានិភ័យនៃការបែកបាក់សេដ្ឋកិច្ចផងដែរ នៅក្នុងរបាយការណ៍យថាទស្សន៍ពាណិជ្ជកម្មសកលដែលបានចេញផ្សាយកាលពីថ្ងៃទី ១១ ខែមេសា អង្គការពាណិជ្ជកម្មពិភពលោក (WTO) បាននិយាយថា ចាប់តាំងពីឆ្នាំ ២០១៩ មក ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរលើពិភពលោកគឺសហរដ្ឋអាមេរិក និងចិន មានកំណើន ៣០% យឺតជាងកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះជាមួយប្រទេសផ្សេងទៀតដែលធ្វើឲ្យការព្រួយបារម្ភអំពីការបែកបាក់សេដ្ឋកិច្ចជាសកលកាន់តែកើន
ឡើងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ