សាធារណៈមតិអន្តរជាតិវាយតម្លៃយ៉ាងវិជ្ជមានចំពោះយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២៣
(VOVWORLD) - ជាមួយនឹងសន្ទស្សន៍ ៨,០២% ក្នុងឆ្នាំ ២០២២ វៀតណាមសម្រេចបាននូវអត្រាកំណើនខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៩៧ មក។ ក្នុងបរិបទដែលស្ថានភាពខាងភូមិសាស្ត្រនយោបាយដែលមិនអាចទាយទុកជាមុនបាន សេដ្ឋកិច្ចពិភពលោកទទួលរងផលប៉ះពាល់អវិជ្ជមានដោយជំងឺរាតត្បាត និងជម្លោះ វៀតណាមត្រូវបានសាធារណៈមតិអន្តរជាតិវាយតម្លៃថា ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចល្អបំផុត អាស្រ័យលើគោលនយោបាយម៉ាក្រូដ៏សមស្រប និងការកែតម្រូវប្រកបដោយភាពបត់បែន។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីទប់ទល់នឹងហានិភ័យនៃវិបត្តិសេដ្ឋកិច្ចសកល រដ្ឋាភិបាលចាំបាច់ត្រូវមានដំណោះស្រាយដែលអាចបត់បែនបានបន្ថែមទៀត ដើម្បីជួយរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ហើយយថាទស្សន៍កំណើនសេដ្ឋកិច្ចវៀតណាមនៅតែត្រូវបានវាយតម្លៃយ៉ាងវិជ្ជមានក្នុងតំបន់។
គោលនយោបាយសមស្រប ប្រកបដោយភាពបត់បែនរបស់រដ្ឋាភិបាល
យោងតាមអ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ ថ្វីត្បិតតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏រដ្ឋាភិបាលវៀតណាមមានគោលនយោបាយសម្របខ្លួនគួរឱ្យកោតសរសើរ។ សេដ្ឋកិច្ចបានបើកដំណើរការឡើងវិញ ហើយរដ្ឋាភិបាលមានគោលនយោបាយជាច្រើនដើម្បីគាំជួយទ្រទ្រង់សហគ្រាស និងប្រជាជនក្នុងការស្តារផលិតកម្ម និងអាជីវកម្មឡើងវិញ។ ក្រៅពីនោះ វៀតណាមបានធានានូវកត្តាសំខាន់ទាំងពីរនៃកំណើននោះគឺការនាំចេញ និងការទាក់ទាញទុនវិនិយោគពីបរទេស។
គេហទំព័រ straitstimes.com (សិង្ហបុរី) វាយតម្លៃថា សេដ្ឋកិច្ចវៀតណាមនឹងរីកចម្រើនលឿនបំផុតនៅអាស៊ីក្នុងឆ្នាំ ២០២២។ CNN ហៅនេះជាលឿនកំណើនដ៏លឿនបំផុតចាប់តាំងពីឆ្នាំ ១៩៩៧ មក ខណៈដែល BBC សង្កត់ធ្ងន់ថា នេះគឺជាអត្រាកំណើនខ្ពស់បំផុតក្នុងដំណាក់កាល ២០១១-២០២២។ ទីភ្នាក់ងារសារព័ត៌មាន Sputnik (រុស្ស៊ី) បានធ្វើអត្ថាធិប្បាយថា អាស្រ័យលើកំណើនសេដ្ឋកិច្ចដ៏អព្ភូតហេតុ សន្ទស្សន៍អតិផរណាទាប ការរីកដុះដាលនៃវិស័យនាំចូល នាំចេញ ស្ថិរភាពនយោបាយ និងជោគជ័យផ្នែកការទូតដ៏ត្រចះត្រចង់ វៀតណាមបានលេចចេញជាចំណុចភ្លឺមួយ ក្នុងចំណោមចំណុចភ្លឺដ៏កម្រនៅលើផ្ទាំងគំនូរដ៏អាប់អួរនៃការធ្លាក់ចុះនិងវិបត្តិដែលគ្របដណ្តប់ទូទាំងពិភពលោក។
ក្នុងពេលជាមួយគ្នានោះ យោងតាមការចំណាត់ថ្នាក់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) វៀតណាមស្ថិតក្នុងក្រុមប្រទេស និងតំបន់ដែនដីចំនួន ៣០ ដែលមានទំហំនាំចូល និងនាំចេញធំជាងគេលើពិភពលោក។ ជាពិសេស ខណៈពេលដែលចំណាត់ថ្នាក់នៃបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មិនបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំណាត់ថ្នាក់របស់វៀតណាមបានបែរជាបានកើនឡើងគួរឱ្យកត់សម្គាល់ នៅពេលដែលទំហំសរុបនៃការនាំចូល-នាំចេញរបស់វៀតណាមក្នុងឆ្នាំ ២០២២ បានលើសពី៧០០ ពាន់លានដុល្លារអាមេរិក។
លោក Adrew Jeffries នាយកប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី។ (រូបថត៖ Bnews) |
ជំនះលើបញ្ហាប្រឈមដើម្បីរក្សាសន្ទុះកំណើន
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញសេដ្ឋកិច្ចភាគច្រើនចាត់ទុកថា សេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំ ២០២៣ នឹងមិនស្ថិតនៅក្រៅរង្វង់នៃបរិយាកាសអន្តរជាតិដែលមិនអាចទាយទុកជាមុនបាននោះទេ នៅពេលដែលទីផ្សារនាំចេញរបស់ដៃគូអាចកាត់បន្ថយតម្រូវការ សម្ពាធអតិផរណា អត្រាប្តូរប្រាក់ខ្ពស់ ការបើកចំណាយទុនវិនិយោគសាធារណៈយឺតយ៉ាវ ទីផ្សារមូលបត្រ និងទីផ្សារអចលនទ្រព្យ ហិរញ្ញវត្ថុនៅតែមិនស្ថិតស្ថេរយ៉ាងពិតប្រាកដ។ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនោះ អ្នកជំនាញអន្តរជាតិជាច្រើនបានផ្តល់អនុសាសន៍។ ក្នុងវិស័យការបើកចំណាយទុនវិនិយោគសាធារណៈ លោក Adrew Jeffries នាយកប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ីបានបានឲ្យដឹងថា៖
“ស្ថានភាពពិភពលោកមានការផ្លាស់ប្តូរដែលមិនអាចទាយទុកជាមុនបាន។ ការផ្លាស់ប្តូរអត្រាប្តូរប្រាក់ និងតម្លៃថាមពលកើនឡើង តម្លៃវត្ថុធាតុដើមកើនឡើង តម្លៃអចលនទ្រព្យក៏មានការប្រែប្រួលដែរ ខណៈពេលដែលការបើកចំណាយទុនវិនិយោគសាធារណៈតែងតែប្រព្រឹត្តទៅក្នុងរយៈពេលដ៏វែងមួយ ជាមួយនឹងចំនួនថវិកាមិនផ្លាស់ប្ដូរនោះទេ ដូច្នេះក្នុងស្ថានភាពនៃការប្រែប្រួលដូចខ្ញុំទើបតែនិយាយ ការបើកចំណាយទុននឹងជួបការលំបាក។ តើយើងគួរតែបង្កើតគោលនយោបាយដែលអាចបត់បែនបាន ដោយផ្តោតលើលទ្ធផលជំនួសឱ្យដំណើរការដែរឬទេ?
លោក Ahmed Eiweida សេដ្ឋវិទូនៃធនាគារពិភពលោក។ |
លើសពីនេះ រដ្ឋាភិបាលក៏ត្រូវផ្តល់សិទ្ធិបន្ថែមទៀតដល់មូលដ្ឋានក្នុងបរិបទដែលក្របខ័ណ្ឌច្បាប់ជាច្រើនមិនដើរទាន់នឹងស្ថានភាពជាក់ស្តែងនៅឡើយ។ នោះគឺជាទស្សនៈរបស់លោក Ahmed Eiweida សេដ្ឋវិទូនៃធនាគារពិភពលោក៖
“ខ្ញុំគិតថា រដ្ឋាភិបាលវៀតណាមបានអនុវត្តន៍បានយ៉ាងល្អក្នុងការបង្កើតគោលនយោបាយតម្រង់ទិស ណែនាំផ្លូវ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងដំណើរការអនុវត្តនៅតាមមូលដ្ឋាន នឹងមានការជំពាក់ជំពិនជាក់ស្ដែង ដែលប្រហែលជាមិនទាន់បានចែងក្នុងក្របខ័ណ្ឌច្បាប់របស់យើងនៅឡើយ។ ដូច្នេះហើយ ប្រសិនបើមានយន្តការដែលអាចបត់បែនបាន ផ្តល់សិទ្ធិដល់មូលដ្ឋានបន្ថែមទៀត ហើយរដ្ឋាភិបាលនឹងឃ្លាំមើលនិងពិនិត្យ”។
ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ ២០២៣ សេដ្ឋកិច្ចវៀតណាមនៅតែត្រូវបានព្យាករណ៍ថា នឹងកើនឡើងប្រសើរជាងកម្រិតមធ្យមក្នុងតំបន់។ យោងតាមធនាគារពិភពលោក កំណើនសេដ្ឋកិច្ច
វៀតណាមនៅឆ្នាំក្រោយ អាចសម្រេចបាន ៦,៧% ខ្ពស់ជាងគោលដៅរបស់រដ្ឋាភិបាលគឺ ៦,៥% ។ វៀតណាមនៅតែអាចរក្សាបាននូវសន្ទុះកំណើននៃការនាំចេញ ដោយសារផលិតផលនាំចេញសំខាន់ៗរបស់វៀតណាម សុទ្ធតែជាផលិតផលចាំបាច់ដូចជា កសិផល សម្លៀកបំពាក់ ជាដើម។ ជាពិសេស ជាមួយនឹងការសន្យាធ្វើកំណែទម្រង់កាន់តែខ្លាំងឡើងៗ ការទាក់ទាញទុនវិនិយោគពីបរទេសរបស់វៀតណាមនៅតែត្រូវបានវាយតម្លៃថា ជាប់ចំណាត់ថ្នាក់កំពូលក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕