សន្និសីទសន្តិសុខទីក្រុង Munich៖ បេសកកម្មពោរពេញទៅដោយបញ្ហាប្រឈម
(VOVWORLD) - នាថ្ងៃទី ១៧ ខែកុម្ភៈ សន្និសីទសន្តិសុខទីក្រុង Munich (MSC) លើកទី ៥៩ (MSC ៥៩) បានបើកនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ដោយមានការចូលរួមពីមេដឹកនាំពិភពលោកជាច្រើន រួមទាំងសហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបជាច្រើន រដ្ឋមន្ត្រីការពារជាតិ និងមន្ត្រីសន្តិសុខអន្តរជាតិ និងចារកម្មនានា។ ប្រព្រឹត្តទៅក្នុងបរិបទដែលស្ថានការណ៍ពិភពលោកមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ MSC ៥៩ ត្រូវបានគេរំពឹងថា នឹងរកឃើញដំណោះស្រាយដើម្បីជួយបង្កើតស្ថិរភាពពិភពលោកឡើងវិញ ដោយលុបបំបាត់ហានិភ័យ និងការគំរាមកំហែងដល់សន្តិសុខពិភពលោកនាពេលអនាគត។
ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៦៣ មក សន្និសីទសន្តិសុខទីក្រុង Munich មិនមែនជាកន្លែងសម្រាប់កំណត់គោលនយោបាយ និងយុទ្ធសាស្ត្រ ក៏ដូចជាមិនមានសមត្ថភាពដោះស្រាយបញ្ហាសន្តិសុខទាំងអស់ដែលពិភពលោកកំពុងប្រឈមមុខនោះទេ ប៉ុន្តែនេះគឺជាវេទិកាដ៏សំខាន់បំផុតសម្រាប់មេដឹកនាំ អង្គភាពនិងអង្គការអន្តរជាតិនានា ធ្វើកិច្ចសន្ទនាកម្រិតខ្ពស់ បង្កើនការយល់ដឹង និងការទុកចិត្តគ្នាទៅវិញទៅមក ក៏ដូចជាពិភាក្សាអំពីវិធានការកាត់បន្ថយការប្រឈមមុខដាក់គ្នា ផ្សះផ្សាភាពតានតឹង ឆ្លើយតបនឹងបញ្ហាប្រឈមនិងហានិភ័យនានា ដើម្បីការពារបរិយាកាសសន្តិសុខអន្តរជាតិ។
របៀបវារៈសំខាន់ៗ
មុនពេលបើកសន្និសីទ លោកឯកអគ្គរដ្ឋទូត Christoph Heusgen ប្រធាន MSC ៥៩ បានឲ្យដឹងថា ចំណុចកណ្ដាលនៃកិច្ចពិភាក្សានៅ MSC ៥៩ គឺវិលជុំវិញសំណួរដូចជា៖ តើពិភពលោកឥឡូវនេះយ៉ាងម៉េចហើយ ក្រោយរយៈពេលជិតមួយឆ្នាំចាប់តាំងពីរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន? តើយើងកំពុងរស់នៅក្នុងពិភពលោកមួយនៃការផ្ទុះអំពើហឹង្សាដែរឬទេ?
ក្នុងពេលជាមួយគ្នានោះ កាសែត DW (អាល្លឺម៉ង់) និងប្រភពព័ត៌មានអន្តរជាតិជាច្រើនទៀត បានធ្វើអធិប្បាយថា ជម្លោះរុស្ស៊ី - អ៊ុយក្រែនគឺជាកង្វល់កំពូលនៅ MSC ពីព្រោះរឿងនេះ ជាព្រនង់សំពងដ៏ខ្លាំងទៅលើ MSC ជាព្រឹត្តិការណ៍ដែលរួមចំណែកដល់ការដោះស្រាយជម្លោះដោយសន្តិវិធី។ នៅឆ្នាំ ២០២២ ប៉ុន្មានថ្ងៃបន្ទាប់ពីការបញ្ចប់ MSC ៥៨ នៅថ្ងៃទី ២៤ ខែកុម្ភៈ ប្រធានា ធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាឱ្យបើកប្រតិបត្តិការយោធាពិសេសនៅប្រទេសអ៊ុយក្រែន ក្នុងទ្រង់ទ្រាយដែលមហាអំណាចអឺរ៉ុបចាត់ទុកថា ជាប្រវត្តិសាស្ត្រ។ ជាងនេះទៅទៀត រហូតមកដល់ពេលនេះ ខាងផ្ទៃក្នុងលោកខាងលិចនៅតែមានការបែកបាក់គ្នាយ៉ាងច្បាស់ អំពីវិធីអភិក្រមនឹងជម្លោះ រួមទាំងការដាក់ទណ្ឌកម្មលើរុស្ស៊ី និងការផ្ដល់ជំនួយអាវុធដល់អ៊ុយក្រែន។
របៀបវារៈសំខាន់មួយទៀត ដែលត្រូវបានលើកយកមកពិភាក្សាក្នុងអំឡុងពេល ៣ ថ្ងៃនៃ MSC ៥៩ (ថ្ងៃទី ១៧-១៩ ខែកុម្ភៈ) គឺជាអនាគតនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)។ តាមនោះ ថ្នាក់ដឹកនាំនិងមន្ត្រីដែលចូលរួមក្នុងសន្និសីទនឹងពិភាក្សាអំពី៖ សមត្ថភាពរបស់អង្គការណាតូក្នុងការរក្សាសាមគ្គីភាពក្នុងរយៈពេលយូរអង្វែង; បញ្ហាបែកបាក់គ្នារវាងខាងបូព៌ា-ខាងលិចកាន់តែច្បាស់; បញ្ហាពង្រីកសម្ព័ន្ធភាពដើម្បីរួមបញ្ចូលទាំងស៊ុយអែតនិងហ្វាំងឡង់។ ក្រៅពីនោះ ពាក្យស្នើសុំចូលជាសមាជិកណាតូរបស់អ៊ុយក្រែន ក៏អាចត្រូវបានលើកយកមកពិភាក្សាផងដែរ ប៉ុន្តែទំនងជាគ្មានការសម្រេចចិត្តណាមួយក្នុងរយៈពេលខ្លីខាងមុខនោះទេ។
លើសពីនេះ MSC ៥៩ ក៏ពិភាក្សាអំពីបញ្ហាដ៏ក្ដៅគគុកជាច្រើនផ្សេងទៀតទាក់ទងនឹងសន្តិសុខពិភពលោក ដូចជា៖ ការចំណាយការពារជាតិ ទំនាក់ទំនងជាមួយប្រទេសចិន ថាមពលនិងអាកាសធាតុ បច្ចេកវិទ្យា និងសន្តិសុខអ៊ីនធឺរណិត ជាដើម។
បញ្ហាប្រឈមនិងដំណោះស្រាយ
ប្រភពព័ត៌មានអន្តរជាតិជាច្រើនបានឲ្យដឹងថា របាយការណ៍មួយរបស់គណៈចាត់តាំង MSC ៥៩ ដែលបានប្រកាសមុនព្រឹត្តិការណ៍នេះ បានរំលេចនូវហានិភ័យនៃការបែកបាក់គ្នាកាន់តែខ្លាំងឡើងរវាងស្ថាប័ននានា ព្រមទាំងអំពាវនាវឱ្យមានការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវចក្ខុវិស័យសន្តិសុខថ្មីមួយ នៅក្នុងសហគមន៍អន្តរជាតិ។ ក្នុងពេលជាមួយគ្នានោះ តាមទស្សនៈរបស់លោកប្រធាន Christoph Heusgen បញ្ហាប្រឈមផ្ទាល់ដែលអឺរ៉ុបកំពុងជួបប្រទះគឺការស្វែងរកហេតុផលដើម្បីបង្កើនកិច្ចសន្ទនា។ ជាពិសេស លោកប្រធាន MSC ៥៩ បានលើកឡើងយ៉ាងជាក់លាក់នៅក្នុងរបាយការណ៍ MSC ៥៩ យ៉ាងដូច្នេះថា៖ ជម្លោះរុស្ស៊ី-អ៊ុយក្រែន បានប៉ះពាល់ដោយផ្ទាល់ដល់កិច្ចសន្ទនារវាងភាគីនានា ក៏ដូចជាប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ផងដែរ។
អ្នកជំនាញអន្តរជាតិបានចាត់ទុកថា៖ MSC ៥៩ បានយល់ឃើញយ៉ាងច្បាស់អំពីបញ្ហាប្រឈម ក៏ដូចជាភាពចាំបាច់នៃការរៀបចំរចនាសម្ព័ន្ធសន្តិសុខអន្តរជាតិឡើងវិញ ឲ្យបានសមស្របទៅនឹងបរិបទថ្មី។ នៅក្នុងអត្ថបទសរសេរស្ដីពី MSC ៥៩ កាសែត DW បានធ្វើអធិប្បាយថា៖ “មេដឹកនាំពិភពលោកអាចមិនយល់ស្របគ្នាលើបញ្ហាជាច្រើន ប៉ុន្តែប្រាកដណាស់ថា ភាគច្រើននឹងយល់ស្របគ្នាថា ពិភពលោកកំពុងឈានចូលទសវត្សរ៍សំខាន់មួយ ក្នុងការរៀបចំរចនាសម្ព័ន្ធសណ្ដាប់ធ្នាប់ពិភពលោកឡើងវិញ”។
ទោះជាយ៉ាងណាក៏ដោយ ការរៀបចំរចនាសម្ព័ន្ធសន្តិសុខអន្តរជាតិឡើងវិញយ៉ាងដូចម្ដ៉េចគឺជាសំណួរដ៏ធំមួយ។ រចនាសម្ព័ន្ធសន្តិសុខនោះ ត្រូវតែធានាផលប្រយោជន៍សុខុដមរមនា របស់ភាគីពាក់ព័ន្ធទាំងអស់នៅលើទូទាំងពិភពលោក។ លើសពីនេះ ទាក់ទងនឹងលក្ខណធម្មជាតិ សន្តិសុខពិភពលោកផ្សារភ្ជាប់ជាមួយនឹងបញ្ហាជាច្រើន រួមទាំងវិបុលភាពសេដ្ឋកិច្ច បម្រែបម្រួលអាកាសធាតុ ជម្លោះផលប្រយោជន៍រវាងបណ្ដាប្រទេស... ដូច្នេះហើយ កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការគួរតែត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយដាក់នៅទីតាំងចម្បងក្នុងគ្រប់ដំណោះស្រាយដែល MSC ៥៩ ឆ្ពោះទៅរក៕