សប្តាហ៍កំពូលនៃមហាសន្និបាតអង្គការសហប្រជាជាតិ៖ បេសកកម្មនិងបញ្ហាប្រឈម
(VOVWORLD) - មេដឹកនាំពិភពលោកប្រហែល ១៥០ នាក់បានចូលរួមសម័យប្រជុំលើកទី ៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៦ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាបន្តបន្ទាប់ ដូចជាវិបត្តិមនុស្សធម៌ ជម្លោះប្រដាប់អាវុធ ការប្រែប្រួលអាកាសធាតុ អស្ថិរភាពសេដ្ឋកិច្ច... បេសកកម្មរបស់មហាសន្និបាតអង្គការសហប្រជាជាតិ គឺស្វែងរកដំណោះស្រាយចំពោះបញ្ហាទាំងនេះ ដើម្បីកំណត់រូបរាងអនាគតមួយប្រកបដោយចីរភាពសម្រាប់មនុស្សជាតិ។
សប្តាហ៍កំពូលនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ ត្រូវបានប្រារព្ធឡើងដោយផ្ទាល់នៅទីក្រុងញូវយ៉ក បន្ទាប់ពីរយៈពេល ២ ឆ្នាំត្រូវផ្អាកដោយសារជំងឺរាតត្បាតកូវីដ ១៩ ។ ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកថាជាការសាកល្បងនៃពហុភាគីនិយម និងនាំមកនូវក្តីសង្ឃឹមសម្រាប់សន្តិភាពយូរអង្វែងដល់ពិភពលោក។
ពហុភាគីនិយមកំពុងប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមក
ក្នុងពិធីបិទមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ ដែលប្រព្រឹត្តទៅនាថ្ងៃទី១២ ខែកញ្ញា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់ថា ពហុភាគីនិយមកំពុងប្រឈមមុខនឹងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក ហើយនេះនឹងជាការសាកល្បងនូវសាមគ្គីភាព និងទំនុកចិត្តទៅវិញទៅមករវាងបណ្តាប្រទេស។ ជាការពិតណាស់ ពិភពលោកមិនដែលជួបប្រទះបញ្ហាប្រឈមច្រើនដូចសព្វថ្ងៃនេះទេ ពោលគឺ ចាប់ពីជម្លោះរុស្ស៊ី-អ៊ុយក្រែន អតិផរណាខ្ពស់ សិទ្ធិភេរវកម្មនិងភាពជ្រុលនិយម រហូតដល់ការបំពុលបរិស្ថាន ទឹកជំនន់ គ្រោះរាំងស្ងួត ជំងឺរាតត្បាតកូវីដ-១៩ និងជំងឺឆ្លងរាលដាលដែលកំពុងកើតឡើងផ្សេងទៀត...។ យ៉ាងណាមិញ ជម្លោះលើពិភពលោក ដែលកំពុងជំរុញមនុស្សរាប់លាននាក់ធ្លាក់ចូលក្នុងភាពក្រីក្រ ការឈឺចាប់ និងវិសមភាព ហើយនៅតែជះឥទ្ធិពលដល់ការស្តារឡើងវិញ និងការអភិវឌ្ឍរបស់ប្រទេសជាច្រើនក្នុងពិភពលោក។
យ៉ាងណាមិញ ក្នុងចំណោមបញ្ហាប្រឈមទាំងនេះ ជម្លោះរុស្ស៊ី-អ៊ុយក្រែន និងវិបត្តិស្បៀងអាហារពិភពលោកត្រូវបានមើលឃើញថាជាប្រធានបទក្តៅគគុក ដែលស្ថិតនៅកំពូលនៃរបៀបវារៈនៃកិច្ចពិភាក្សាកំពូលនៃមហាសន្និបាតលើកទី ៧៧ លើកនេះ។ ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ជាប្រទេសចំនួនពីរ នាំចេញគ្រាប់ធញ្ញជាតិនិងជីធំៗនេះ បានធ្វើឱ្យវិបត្តិស្បៀងអាហារកាន់តែធ្ងន់ធ្ងរ ខណៈដែលវិបត្តិនេះកំពុងរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ និងការប្រែប្រួលអាកាសធាតុស្រាប់ហើយនោះ។ ថ្មីៗនេះ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា មនុស្សប្រហែល ៣៤៥ លាននាក់កំពុងប្រឈមមុខនឹងអសន្តិសុខស្បៀងនៅតាមប្រទេស និងតំបន់ដែនដីចំនួន ៨២ ដែលអង្គការនេះមានប្រតិបត្តិការ ពោលគឺច្រើនជាងទ្វេដង បើប្រៀបនឹងតួលេខមុនពេលជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើងក្នុងឆ្នាំ ២០២០មក។
ថ្វីត្បិតដូច្នេះក៏ដោយ មជ្ឈដ្ឋានអ្នកជំនាញនិយាយថា សម័យពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិនឹងមើលឃើញពីការបែកបាកភូមិសាស្ត្រនយោបាយយ៉ាងជ្រាលជ្រៅរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ក្នុងការប្រកួតប្រជែងដណ្តើមឥទ្ធិពលការទូតជាមួយរុស្ស៊ី។ ក្នុងរយៈពេលកន្លងមកនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងប្រធានាធិបតីបារាំង លោក Emmanuel Macron ទាំងពីរនាក់ សុទ្ធតែបានទៅទស្សនកិច្ចនៅទ្វីបអាហ្វ្រិក ដើម្បីស្វែងរកឥទ្ធិពល និងកៀងគរប្រទេសនានាឲ្យគាំទ្រលោកខាងលិច ក្នុងការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ីនាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ តំណាងទីក្រុងមូស្គូដែលចូលរួមកិច្ចពិភាក្សានេះក៏ត្រូវបានរំពឹងថា នឹងរៀបចំជំនួបប្រហែល ២០ នៅទីក្រុងញូវយ៉ក ជាមួយមេដឹកនាំប្រទេសនានាផងដែរ។
ធ្វើសកម្មភាពដើម្បីការអភិវឌ្ឍរួម
ក្នុងបរិបទនោះ ក្នុងកិច្ចប្រជុំបើកមហាសន្និបាតអង្គការសហប្រជាជាតិសប្តាហ៍នេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា ជម្លោះមានគ្រប់ទីកន្លែង គ្រោះមហន្តរាយអាកាសធាតុ កង្វះជឿទុកចិត្ត ការបែកបាក់ ការមិនចុះសម្រុងគ្នា ភាពក្រីក្រ វិសមភាព ការរើសអើង ការកើនឡើងតម្លៃអាហារ និងថាមពល កំពុងធ្វើឲ្យដំណើរការទៅកាន់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព កាន់តែសែនឆ្ងាយ។ ដោយមានប្រធានបទ “គ្រាសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” ប្រមុខអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា វឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពគឺកំពុងស្ថិតក្នុងគ្រាមានលក្ខណៈសម្រេច ហើយសហគមន៍អន្តរជាតិចាំបាច់ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីនាំពិភពលោកឱ្យដើរលើមាគ៌ាអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ មេដឹកនាំពិភពលោកត្រូវតែធ្វើសកម្មភាពភ្លាមមួយរំពេចដើម្បីការអភិវឌ្ឍរួម ដោយមិនអាចស្ទាក់ស្ទើរឬទន្ទឹងរងចាំនោះទេ។ រដ្ឋាភិបាលចាំបាច់ត្រូវវិនិយោគឱ្យបានច្រើនតាមដែលអាចធ្វើទៅបានលើវិស័យសុខាភិបាល ការអប់រំ និងសុខភាពសាធារណៈ ជាពិសេសសម្រាប់ជនភៀសខ្លួន និងជនចំណាកស្រុក។ ធានាថា ប្រជាជនអាចឆ្លងផុតវិបត្តិសេដ្ឋកិច្ច បង្កើនការងារ ជាពិសេសក្នុងវិស័យឌីជីថល និងថាមពលបៃតង។
ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពអន្តរជាតិ ទំនាក់ទំនងរវាងប្រទេសទ្វេភាគី និងពហុភាគីនឹងមានការប្រកួតប្រជែង និងមិនអាចទាយទុកជាមុនបាន ប៉ុន្តែជាមួយនឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ពីពាណិជ្ជកម្ម រហូតដល់ការទូត ការចរចា និងកិច្ចព្រមព្រៀងអង្គការសហប្រជាជាតិ និងប្រព័ន្ធពហុភាគីនៅតែជាក្តីសង្ឃឹមដ៏ល្អបំផុតសម្រាប់មនុស្សជាតិនៅលើភពផែនដី។ កិច្ចប្រជុំជាន់ខ្ពស់ប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ គឺជាឱកាសសម្រាប់ប្រទេសនានាសហការគ្នា កសាងទំនុកចិត្ត ដើម្បីអនាគតមួយសន្តិភាពនិងប្រសើរជាង៕