(VOVWORLD) - ថ្ងៃទី ១៨ ខែមេសានេះ ចំនឹងថ្ងៃទី ១០ ខែមាឃ តាមប្រតិទិនច័ន្ទគតិ គឺជាពិធីបុណ្យខួបស្តេចហ៊ុង (ស្តេច Hung Vuong)។ ពិធីបុណ្យរំលឹកខួបស្តេចហ៊ុងគឺជាឱកាសសម្រាប់ប្រជាជនវៀតណាមទាំងក្នុង និងក្រៅប្រទេសរំលឹកដល់ការគុណូបការៈកសាងប្រទេសជាតិរបស់បណ្តាស្តេចហ៊ុង ហើយក៏ជាឱកាសពង្រឹងស្មារតីសាមគ្គីភាពជនជាតិ របស់កូលបុត្រ កូលធីតាវៀតណាម ដែលមានប្រភពដើមរួម និងបុព្វបុរសជាតិរួម។ ស្មារតីនៃសាមគ្គីភាពជនជាតិ ផ្តើមចេញពីពិធីបុណ្យរំលឹកខួបស្តេចហ៊ុង តែង តែត្រូវបានលើកតម្កើងទាំងអតីតកាល និងបច្ចុប្បន្នកាល ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។
ជំនឿលើការថ្វាយបង្គំស្តេចហ៊ុងគឺជាបាតុភូតវប្បធម៌ដែលមានការរីកសុះ សាយយ៉ាងទូលំទូលាយ និងស្ថិតស្ថេរនៅក្នុងសហគមន៍ជនវៀតណាម រួមចំណែកធំធេងក្នុងការកសាងផែនមហាសាមគ្គីជនជាតិទាំងមូល។
ប្រមូលផ្តុំជនជាតិវៀតណាមទាំងអស់
មិនត្រឹមតែនៅខេត្ត Phu Tho ទេ វិហារសក្ការៈស្ដេចហ៊ុងត្រូវបានសាងសង់នៅតាមខេត្ត និងក្រុងជាច្រើននៃប្រទេសវៀតណាម។ តាមការប៉ាន់ស្មានថា នៅទូទាំងប្រទេសមានវិហារសក្ការៈចំនួន ១.៤០០ កន្លែងសម្រាប់គោរពបូជាស្ដេចហ៊ុង និងទាក់ទងនឹងសម័យកាលស្ដេចហ៊ុងដែរ។ វិហារស្តេចហ៊ុង គឺជាកន្លែងសម្រាប់ប្រជាជនធ្វើពិធី គោរពបូជាបណ្តាស្តេចហ៊ុង។
“ក្នុងនាមជាប្រជាជនម្នាក់នៅទីក្រុង Da Lat ជារៀងរាល់ឆ្នាំ ក្រុមគ្រួសាររបស់ខ្ញុំ និងរូបខ្ញុំផ្ទាល់ តែងតែនាំគ្នាចូលរួមក្នុងពិធីរំលឹកខួបបណ្តាស្តេចហ៊ុង។ ខ្ញុំចង់ឲ្យកូនៗ មានឱកាសស្វែងយល់អំពីទំនៀមទំលាប់របស់ជនជាតិវៀតណាម ហើយទន្ទឹមនឹងនោះក៏ជាឱកាសសម្រាប់យើងចូលរួមក្នុងសកម្មភាពសង្គម និងវប្បធម៌ រួមចំណែកលើកកំពស់អត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសជាតិ”។
“ពិធីបុណ្យរំលឹកខួបស្តេចហ៊ុងនៅសាលាភូមិ Lac Giao ក្នុងទីក្រុង Buon Ma Thuot មិនត្រឹមតែជាខួបរំលឹកដល់បិតាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតភ្ជាប់ចំណងសាមគ្គីភាពរបស់ប្រជាជនជនជាតិ Kinh និងប្រជាជនម៉ុងតាញ៉ាទៀតផង។ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១០ ខែមាឃ ប្រជាជនបាននាំគ្នា បួងសួងសុំសេចក្តីសុខចម្រុងចម្រើនដល់ប្រទេសជាតិ ប្រជាជនឱ្យមានសុខសានត្រាន ហើយឆ្ពោះទៅស្មារតីសាមគ្គីភាពផងដែរ”។
ជំនឿគោរពបូជាបណ្តាស្តេចហ៊ុងរបស់ប្រជាជនវៀតណាម បានដើរហួសព្រំដែនជាតិ។ ពោលគឺ អស់រយៈពេលជិត ១០ ឆ្នាំមកនេះ សហគមន៍ ជនវៀតណាមនៅក្រៅប្រទេសបានរៀបចំជាទៀងទាត់នូវទិវារំលឹកខួបបិតាជាតិវៀតណាមតាមលក្ខណៈសកល (ចាប់ផ្តើមពីឆ្នាំ ២០១៥មក)។ ព្រឹត្តិការណ៍នេះ មានគោលបំណងបង្កើតទិវាវប្បធម៌រួម តភ្ជាប់ប្រជាជន វៀតណាមលើសកលលោក និងមិត្តអន្តរជាតិ កសាងឡើងស្ពានវប្បធម៌មិត្តភាព។
សមាគ្គីភាពដើម្បីរួមគ្នាកសាងប្រទេសជាតិ
បុណ្យរំលឹកខួបស្តេច Hung គឺជាឱកាសមួយសម្រាប់ប្រជាជនវៀតណាមគ្រប់រូប យល់កាន់តែស៊ីជម្រៅអំពីអត្ថន័យនៃពាក្យ "ជនរួមជាតិ" បើតាមរឿងព្រេង ពួកគេបានកើតចេញពីថង់តែមួយមានស៊ុតមួយរយ។ ប្រជាជនវៀតណាមមិនថានៅទីណាទេ គឺជាសមាជិកនៃមហាគ្រួសារជន ជាតិវៀតណាម។ នោះហើយជាកត្តាដើម្បីបង្រួបបង្រួមលក្ខណៈសហគមន៍ ស្មារតីសាមគ្គីភាពជនជាតិ ដែលជាបញ្ហាសំខាន់ជាយុទ្ធសាស្ត្រ ក្នុងដំណើរការកសាង និងការពារប្រទេសជាតិ; ដំណើរការតស៊ូបដិវត្តន៍ និងការអនុវត្តកិច្ចការផ្លាស់ប្តូរប្រទេសជាតិរបស់ជនជាតិវៀតណាម។ លោក Hoang Dinh Thang ប្រធានសមាគមប្រជាជនវៀតណាមនៅអឺរ៉ុបបានឲ្យដឹងថា៖ “ពិធីរំលឹកខួបស្តេចហ៊ុង គឺជាសកម្មភាពពោរពេញទៅដោយអត្ថន័យ ជាពិសេសសម្រាប់សហគមន៍ជនវៀតណាមនៅបរទេស។ ព្រឹត្តិការណ៍នេះតែងតែរំលឹកដល់ប្រជាជនវៀតណាមអំពីដើមកំណើតរួម តាមនោះ បង្ហាញពីសាមគ្គីភាព ជួយទំនុកបំរុងគ្នាទៅវិញទៅមក និងលើកកម្ពស់ប្រពៃណីដ៏ល្អប្រសើររបស់ប្រទេសជាតិ”។
បច្ចុប្បន្ននេះ នៅពេលដែលប្រទេសជាតិកំពុងបង្កើនការចូលរួមសមាហរណកម្មរបស់ខ្លួន មានឱកាសជាច្រើន ប៉ន្តែក៏បញ្ហាប្រឈមជាច្រើន ដូច្នេះដើម្បីនាំវៀតណាមឱ្យប្រគៀកស្មាជាមួយនឹងមហាអំណាចនៃទ្វីបទាំងប្រាំនោះ ការស្រុះចិត្តគំនិត ការរួមកម្លាំងកាយចិត្តរបស់ប្រជាជនទូទាំងប្រទេស រួមទាំងប្រជាជនវៀតណាមដែលរស់នៅក្រៅប្រទេស គឺជាកត្តាដែលមិនអាចខ្វះបានឡើយ។ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអះអាងថា៖ “សាមគ្គីភាពជាប្រពៃណីដ៏ថ្លៃថ្លារបស់ប្រទេសជាតិ ជាប្រភពកម្លាំងសម្រាប់ប្រទេសជាតិ ស្ថិតស្ថេរ និងអភិវឌ្ឍន៍ជានិរន្តរ៍ និងជាខ្សែក្រហមដែលហូរកាត់ទូទាំងប្រទេស គឺជាខ្សែយុទ្ធសាស្ត្រ ដែលមានអត្ថន័យស្លាប់រស់សម្រាប់បដិវត្តន៍វៀតណាម”។
ដូច្នេះ វៀតណាមបន្តសុក្រិតនូវគោលការណ៍ណែនាំ និងគោលនយោបាយ ស្តីពីការលើកកំពស់កម្លាំងសាមគ្គីជនជាតិទាំងមូលក្នុងសម័យកាលថ្មី; លើកកម្ពស់តួនាទីនៃវណ្ណៈសង្គម; ដាស់តឿននូវសក្ដានុពល និងគំនិតច្នៃប្រឌិតរបស់ប្រជាជនវៀតណាមគ្រប់រូប។ ក្រុមជនជាតិទាំងអស់មានភាពស្មើគ្នា សាមគ្គីគ្នា គាំទ្រ លើកកំពស់កម្លាំងផ្ទៃក្នុង ឆ្ពោះទៅការអភិវឌ្ឍជាមួយគ្នា។ បក្សនិងរដ្ឋក៏បន្តផ្តោតការយកចិត្តទុកដាក់លើការអនុវត្តបានល្អនូវការងារប្រមូលផ្តុំអង្គការសាសនា; មានគោលនយោបាយអនុគ្រោះសមស្រប បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជនជាតិវៀត ណាមនៅបរទេសវិលត្រឡប់មកបណ្តាក់ទុនវិនិយោគក្នុងស្រុកវិញ; អនុវត្តយុទ្ធសាស្ត្រមហាសាមគ្គីជនជាតិទាំងមូលដល់ឆ្នាំ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ២០៤៥។
ថ្ងៃនេះ ជនវៀតណាមគ្រប់រូបដែលរួមជាតិមាតុភូមិដូចគ្នា នឹងប្តេជ្ញាចិត្តបន្តប្រពៃណីសាមគ្គីភាព ឯកភាពគ្នាកសាងប្រទេសវៀតណាមឱ្យមានសន្តិភាព ឯករាជ្យ ឯកភាព និងបូរណភាពទឹកដី កាន់តែសម្បូររុងរឿង អរិយធម៌ និងសុភមង្គល៕