សាមគ្គីភាពអន្តរជាតិដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព

(VOVWORLD) - មហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោកបានបើកនៅថ្ងៃទី ២២ ខែវិច្ឆិកា នៅទីក្រុងហាណូយ។ ប្រតិភូប្រមាណ ២០០ នាក់ ក្នុងនោះមានប្រតិភូនិងភ្ញៀវកិត្តិយសអន្តរជាតិប្រមាណ ១០០ នាក់ មកពីប្រទេសចំនួន ៤៩ នៃអង្គការសមាជិករបស់ក្រុមប្រឹក្សាសន្តិភាពពិភពលោក បានចូលរួម។ នេះជាព្រឹត្តិការណ៍ដ៏មានអត្ថន័យសំខាន់ ដែលរួមចំណែកលើកកំពស់តួនាទី និងឋានៈរបស់វៀតណាម បង្ហាញឲ្យឃើញនូវការរួមចំណែកយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវរបស់វៀតណាមចំពោះសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិភាពពិភពលោកនិយាយដោយឡែក និងចលនាសន្តិភាពពិភពលោកនិយាយរួម។

សាមគ្គីភាពអន្តរជាតិដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 1នាយទាហាននៃកងវិស្វកម្មលេខ ១ និងកងពេទ្យកម្រិត ២ លេខ៤ របស់វៀតណាម ត្រៀមចេញដំណើរទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅខែមេសា ឆ្នាំ ២០២២។ (រូបថត៖ Trong Duc/VNA)

ជាង ៧ ទសវត្សរ៍ដែលវៀតណាមរួមដំណើរជាមួយក្រុមប្រឹក្សាសន្តិភាពពិភពលោក

ក្រុមប្រឹក្សាសន្តិភាពពិភពលោកនិងវៀតណាមមានទំនាក់ទំនងប្រវត្តិសាស្ត្រពិសេស។ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពពិភពលោកនៅឆ្នាំ ១៩៤៩។ ក្នុងរយៈពេល ៧ ទសវត្សរ៍កន្លងមកនេះ ក្រុមប្រឹក្សាសន្តិភាពពិភពលោកជានិច្ចកាលរួមដំណើរជាមួយវៀតណាម សាមគ្គីនិងជួយគាំទ្រវៀតណាមក្នុងគ្រប់ដំណាក់កាលប្រវត្តិសាស្ត្រ ចាប់តាំងពីការតស៊ូដើម្បីសន្តិភាព ឯករាជ្យជាតិ ឯកភាពនិងបូរណភាពទឹកដី រហូតដល់បុព្វហេតុកសាង និងការពារមាតុភូមិនាសព្វថ្ងៃផងដែរ។ វៀតណាមតែងតែជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវនៃក្រុមប្រឹក្សាសន្តិភាពពិភពលោក។ នេះជាហេតុផលដែលក្រុមប្រឹក្សាសន្តិភាពពិភពលោកបានជ្រើសរើសវៀតណាមជាប្រទេសម្ចាស់ផ្ទះនៃមហាសន្និបាតលើកទី២២។ លោក Uong Chu Luu ប្រធានគណៈកម្មាធិការសន្តិភាពវៀតណាមបានបញ្ជាក់ថា៖

“ការចូលរួមរបស់វៀតណាមក្នុងសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិភាពពិភពលោកត្រូវបានទទួលស្គាល់ដោយមិត្តភក្តិអន្តរជាតិនិងសមាជិកក្រុមប្រឹក្សា។ ទីពីរ វៀតណាមជាប្រទេសដែលមានសន្តិភាព ស្ថិរភាព កំពុងផ្លាស់ប្ដូរថ្មី ធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍។ ប្រជាជនវៀតណាមមានប្រពៃណីស្នេហាជាតិ គោរពស្រឡាញ់សន្តិភាព ហើយមានភាពរួសរាយរាក់ទាក់និងស្មោះត្រង់”។

វៀតណាមផ្ញើសារអំពីតម្លៃនៃសន្តិភាពនិងសាមគ្គីភាពអន្តរជាតិ

ប៉ុន្មានឆ្នាំកន្លងមក វៀតណាមបានបង្ហាញពីឋានៈ និងតួនាទីក្នុងនាមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពពិភពលោក ព្រមទាំងចូលរួមយ៉ាងសកម្មនិងម្ចាស់ការក្នុងសកម្មភាពនានារបស់ក្រុមប្រឹក្សា។ សកម្មភាពលេចធ្លោមួយចំនួនដូចជា៖ ជួយជ្រោមជ្រែងចំពោះសេចក្ដីអំពាវនាវទីក្រុង Stockholm ស្ដីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ; ចូលរួមយ៉ាងសកម្មក្នុងវេទិកាប្រឆាំងអាវុធនុយក្លេអ៊ែរនៃក្រុមប្រឹក្សាសន្តិភាពពិភពលោក… ក្នុងឆ្នាំ ២០១៧ គណៈកម្មាធិការសន្តិភាពវៀតណាមបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាសន្តិភាពពិភពលោកនៅទីក្រុងហាណូយ។ ប្រទេសវៀតណាមក៏មានកិត្តិយសដោយត្រូវបានក្រុមប្រឹក្សាសន្តិភាពពិភពលោក បង្កើតរង្វាន់ហូជីមិញដើម្បីប្រគល់ជូនសកម្មជនសន្តិភាព និងយុទ្ធជនសន្តិភាព។ ឧទាហរណ៍ នៅឆ្នាំ១៩៨០ រង្វាន់នេះត្រូវបានប្រគល់ជូនមេដឹកនាំនៃចលនាសន្តិភាពនៅប៉ាឡេស្ទីន ណាមីប៊ី និងអាហ្រ្វិកខាងត្បូង។ ប្រការនេះបានបញ្ជាក់ពីសំឡេង តួនាទី និងកិត្យានុភាពរបស់វៀតណាម និងរបស់គណៈកម្មាធិការសន្តិភាពវៀតណាមចំពោះក្រុមប្រឹក្សាសន្តិភាពពិភពលោក។

សាមគ្គីភាពអន្តរជាតិដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 2ប្រធានគណៈកម្មាធិការសន្តិភាពវៀតណាម លោក Uong Chu Luu។ (រូបថត៖Van Diep/VNA)

ការរៀបចំមហាសន្និបាតក្រុមប្រឹក្សាសន្តិភាពពិភពលោកលើកនេះ គឺជាទំនួលខុសត្រូវ និងជាកិត្តិយសដ៏ធំធេងរបស់វៀតណាមនិយាយរួម និងគណៈកម្មាធិការសន្តិភាពវៀតណាមនិយាយដោយឡែក ព្រមទាំងជាឱកាសដើម្បីឲ្យវៀតណាមឧទ្ទេសនាមដល់មិត្តភក្តិអន្តរជាតិអំពីប្រវត្តិសាស្ត្រ ប្រពៃណីនៃការតស៊ូ ការពារឯករាជ្យ សេរីភាពរបស់ប្រទេសជាតិ ការតស៊ូរំដោះជាតិ ក៏ដូចជាសមិទ្ធិផលនានាក្នុងការផ្លាស់ប្ដូរថ្មីប្រទេសជាតិផងដែរ។ ប្រធានគណៈកម្មាធិការសន្តិភាពវៀតណាម លោក Uong Chu Luu បានសង្កត់ធ្ងន់ថា៖

“តាមរយៈមហាសន្និបាតលើកនេះ យើងចង់ផ្ញើជូនមិត្តភក្តិអន្តរជាតិនូវសារ និងរូបភាពនៃប្រទេសវៀតណាម ជាពិសេសក្នុងដំណាក់កាលផ្លាស់ប្ដូរថ្មីនាបច្ចុប្បន្ន។ យើងក៏ចង់ណែនាំដល់មិត្តភក្តិអន្តរជាតិអំពីគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព មិត្តភាព និងការរួមវិភាគទានយ៉ាងសកម្មរបស់វៀតណាមចំពោះសកម្មភាពរបស់ក្រុមប្រឹក្សានិយាយដោយឡែក និងចលនាសន្តិភាពពិភពលោកនិយាយរួម។ នេះក៏ជាឱកាសដើម្បីឃោសនា លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសជំនាន់យុវជនអំពីតួនាទី និងតម្លៃនៃសន្តិភាពចំពោះបុព្វហេតុកសាង និងការពារប្រទេសវៀតណាម ដើម្បីមើលឃើញថា សាមគ្គីភាពអន្តរជាតិ និងការគាំទ្ររបស់មិត្តភក្តិអន្តរជាតិក៏ជាកត្តាមួយក្នុងចំណោមកត្តាសំខាន់ៗដែលបានបង្កើតឡើងជ័យជំនះនៃបដិវត្តន៍វៀតណាម”។

សព្វថ្ងៃនេះ និយមន័យនៃការការពារ ថែរក្សាសន្តិភាព ត្រូវបានយល់យ៉ាងទូលំទូលាយជាងមុន។ សន្តិភាពមិនត្រឹមតែជាគ្មានសង្រ្គាមប៉ុណ្ណោះទេ សន្តិភាពក៏រួមបញ្ចូលខ្លឹមសារអំពីការអភិវឌ្ឍ បរិស្ថាន សិទ្ធិមនុស្ស យុត្តិធម៌និងភាពត្រឹមត្រូវផងដែរ។ ពីការយល់ដឹងនោះ វៀតណាមបាននិងកំពុងចូលរួមយ៉ាងស៊ីជម្រៅថែមទៀត ដូចសារក្នុងមហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោកឆ្នាំ ២០២២៖ នោះគឺជាសាមគ្គីភាពអន្តរជាតិ ការរួមដៃគ្នាធ្វើសកម្មភាពដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ