សមិទ្ធិផលសំខាន់ៗពីការអនុវត្តគោលជំហរត្រឹមត្រូវ

(VOVWORLD) - ទីភ្នាក់ងារវាយតម្លៃឥណទាន S&P Global Ratings (S&P) ទើបតែបានដំឡើងចំណាត់ថ្នាក់ទំនុកចិត្តរយៈពេលវែងរបស់ វៀតណាមឡើងជា BB+ ជាមួយនឹងយថាទស្សន៍ “ស្ថិរភាព”។ តាមនោះ ព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនឹងបន្តស្ដារឡើងវិញ ជំនះលើការលំបាក និងបញ្ហាប្រឈមដែលបណ្តាលមកពីជំងឺរាតត្បាតក្នុងរយៈពេល ២ ឆ្នាំកន្លងមក រួមចំណែកពង្រឹងឋានៈអន្តរជាតិ ហើយទប់ស្កាត់ឱនភាពថវិកា។ ការធ្វើអត្ថាធិប្បាយទាំងនេះក៏ស្របនឹងការវាយតម្លៃរបស់សមាជិករដ្ឋសភានៅពេលវាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងប៉ុន្មានខែដំបូងនៃឆ្នាំ ២០២២។

សមិទ្ធិផលសំខាន់ៗពីការអនុវត្តគោលជំហរត្រឹមត្រូវ - ảnh 1ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធនាការចាក់ថ្នាំបង្ការទូទាំងប្រទេស បាននាំឲ្យវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៦ ដែលមានអត្រាគ្របដណ្តប់វ៉ាក់សាំងខ្ពស់បំផុតលើពិភពលោក។ (រូបថត៖ TTXVN) 

បន្ទាប់ពីតួរលេខនីមួយៗគឺជាការខិតខំប្រឹងប្រែងដោយឥតឈប់ឈរ

ចំណាត់ថ្នាក់ទំនុកចិត្តជាតិរបស់វៀតណាមគឺផ្អែកលើការទទួលស្គាល់ថាសេដ្ឋកិច្ចកំពុងមានសន្ទុះស្ដារឡើងវិញដ៏រឹងមាំ ក្នុងបរិបទដែលរដ្ឋាភិបាលបានដកការរឹតត្បិតលើការធ្វើដំណើរក្នុងស្រុក និងឆ្លងដែន អត្រានៃការចាក់វ៉ាក់សាំងបង្ការត្រូវបានកែលម្អគួរឲ្យចាប់អារម្មណ៍ ជំហានផ្លាស់ប្ដូរប្រកបដោយភាពបត់បែន ក្នុងគោលនយោបាយគ្រប់គ្រងជំងឺកូវីដ-១៩។ លើវេទិការដ្ឋសភា ប្រតិភូជាច្រើនបានកត់សម្គាល់ថា ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការទូទាំងប្រទេស បាននាំឲ្យវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៦ ដែលមានអត្រាគ្របដណ្តប់វ៉ាក់សាំងខ្ពស់បំផុតលើពិភពលោក។ អាស្រ័យហេតុនោះ ចំនួនករណីឆ្លងថ្មី ករណីធ្ងន់ធ្ងរ និងករណីស្លាប់បានថយចុះយ៉ាងខ្លាំងចាប់តាំងពីចុងខែមីនា ឆ្នាំ ២០២២ មក។ ការដែលជំងឺរាតត្បាតត្រូវបានគ្រប់គ្រងជាស្ថាពរ បានពង្រឹងជំនឿជឿជាក់ និងសុវត្ថិភាពរបស់ប្រជាជន សហគ្រាស ហើយបានរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផងដែរ។

ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រួមជាមួយនឹងប្រៀបខ្លាំងប្រកួតប្រជែងក្នុងកម្លាំងពលករ គឺជាកម្លាំងជំរុញដើម្បីបង្កើនភាពទាក់ទាញនៃវិស័យកែច្នៃ ផលិតសម្រាប់សហគ្រាសសកល បង្កើតកម្លាំងចលករសម្រាប់កំណើននាំចេញ ហើយជំរុញខ្លាំងការប្រើប្រាស់។ លោក Phan Duc Hieu សមាជិករដ្ឋសភាខេត្ត Thai Binh បានវាយតម្លៃថា៖ “សេដ្ឋកិច្ចកំពុងមានសន្ទុះស្ដារឡើងវិញ ប្រសិនបើក្រឡែកមើលលទ្ធផលនៃការនាំចូលនាំចេញ ការបង្កើតអាជីវកម្មថ្មី ទេសចរណ៍ ពាណិជ្ជកម្មទំនិញ ជាដើម។ លទ្ធផលនេះបានបង្ហាញឲ្យឃើញនូវសញ្ញានៃការស្ដារឡើងវិញជាវិជ្ជមាន បើប្រៀបធៀបទៅនឹងត្រីមាសទី៣ និងទី៤ នៃឆ្នាំ ២០២១។ អាចនិយាយបានថា នេះគឺជាផ្ទាំងគនូរពណ៌ភ្លឺនៃសេដ្ឋកិច្ច”។

ក្នុងវិស័យសារពើពន្ធ ហិរញ្ញវត្ថុសាធារណៈរបស់វៀតណាមនៅតែរក្សាបាននូវស្ថិរភាព សូម្បីតែនៅក្នុងបរិបទដែលចំណូល និងការចំណាយថវិកាជួបប្រទះនឹងសម្ពាធជាក់លាក់ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតក៏ដោយ។ លោក Le Hoang Anh សមាជិករដ្ឋសភាខេត្ត Gia Lai បានធ្វើអត្ថាធិប្បាយថា៖ “មកដល់ពេលនេះ រដ្ឋាភិបាលកំពុងគ្រប់គ្រងអតិផរណាបានយ៉ាងល្អ។ រដ្ឋាភិបាលត្រូវតែ តាមដានយ៉ាងដិតដល់នូវគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ដើម្បីប្រតិបត្តិប្រកបដោយភាពបត់បែន និងប្រសិទ្ធភាព គ្រប់គ្រងអតិផរណាទៅតាមកម្រិតដែលរដ្ឋសភាអនុញ្ញាត”។

យោងតាមលោក Phan Van Mai សមាជិករដ្ឋសភាទីក្រុងហូជីមិញ លទ្ធផលនៃការស្តារសេដ្ឋកិច្ច  គឺជាការបូកសរុបនៃកិច្ចខិតខំប្រឹងប្រែងដោយមិនចេះនឿយណាយក្នុងរយៈពេលកន្លងមក។ ដោយឡែកទីក្រុង ហូជីមិញ បានគ្រប់គ្រងជំងឺរាតត្បាតបានយ៉ាងល្អ ហើយមានការស្ដារឡើងវិញយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ។ តួរលេខកំណើនមើលទៅសាមញ្ញ ប៉ុន្តែជាការខិតខំប្រឹងប្រែងដ៏ធំដែលបង្ហាញពីជំនឿជឿជាក់ ដំណោះស្រាយ និងគោលនយោបាយតាមទិសដៅត្រឹមត្រូវ។

សមិទ្ធិផលសំខាន់ៗពីការអនុវត្តគោលជំហរត្រឹមត្រូវ - ảnh 2ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Van Thanh។ (រូបថត៖ TTXVN)

ទីបង្អែកសម្រាប់ដំណើរការស្ដារឡើងវិញ

សេដ្ឋកិច្ចវៀតណាមកំពុងបន្តនិន្នាការស្ដារឡើងវិញជាវិជ្ជមាន។ ទោះជាយ៉ាងណាក៏ដោយ គោលដៅកំណើនពី៦ដល់៦,៥% នៅឆ្នាំនេះ នៅតែជាបញ្ហាប្រឈមដ៏ធំមួយ។ ហើយទីបង្អែកសម្រាប់ដំណើរការស្តារសេដ្ឋកិច្ចឡើងវិញនោះ គឺការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Van Thanh បានមានប្រសាសន៍ថា៖ “រដ្ឋាភិបាលនឹងដាក់ពង្រាយអនុវត្តដំណោះស្រាយយ៉ាងប្ដូរផ្ដាច់ ដើម្បីជំរុញខ្លាំងការបើកចំណាយទុនវិនិយោគសាធារណៈ។ ទន្ទឹមនឹងនោះ ពន្លឿនការបង្ហើយនីតិវិធី ហើយបើកចំណាយថវិកាសម្រាប់កម្មវិធីគោលដៅជាតិចំនួន៣ ហើយឆាប់ដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិចារណានិងផ្តល់យោបល់លើបញ្ជីគម្រោងដែលប្រើប្រាស់ដើមទុនពីកម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម”។

លើវិស័យសង្គមវិញ វៀតណាមសម្រេចបានសមិទ្ធិផលអភិវឌ្ឍន៍ជាច្រើន ហើយចាំបាច់ត្រូវបន្តពង្រីកដើម្បីរួមចំណែកពង្រឹងទំនាក់ទំនងដ៏រឹងមាំរវាងរដ្ឋាភិបាល និងប្រជាជន។

ក្នុងឆ្នាំ ២០២២ ទោះបីជាវៀតណាមផ្តោតលើការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក៏ដោយ ប៉ុន្តែនៅតែយកស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងអតិផរណាធ្វើជាភារកិច្ចចម្បង។ នោះគឺជាគោលជំហរដ៏ត្រឹមត្រូវ។ រាល់សមិទ្ធិផលពីគោលជំហរនេះ បានរួមចំណែកយ៉ាងសំខាន់ដើម្បីអង្គការអន្តរជាតិដ៏មានកិត្យានុភាពដំឡើងចំណាត់ថ្នាក់ទំនុកចិត្តជាតិរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ