សមាហរណកម្មអន្តរជាតិគឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិ

(VOVWORLD) - សមាហរណកម្មអន្តរជាតិគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបីដែលវៀតណាមជ្រើស រើសដើម្បីអនុវត្តន៍កិច្ចការផ្លាស់ប្តូរថ្មីប្រទេសជាតិ។ ក្រោយ រយៈពេល១០ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២២ របស់ការិយាល័យនយោបាយស្តីពីសមាហរណកម្មអន្តរជាតិ (២០១៣ - ២០២៣) វៀតណាមសម្រេចបានសមិទ្ធិផលដ៏ធំធេងជាច្រើនដែលមានសារៈសំខាន់ ជាប្រវត្តិសាស្ត្រ។ ឈរលើមូលដ្ឋាននេះ នាពេលខាងមុខ វៀតណាមប្តេជ្ញា បង្កើតជំហានអភិវឌ្ឍន៍ថ្មី ប្រកបដោយគុណភាពក្នុងសមាហរណកម្មអន្តរជាតិ នាំប្រទេសជាតិឆ្ពោះទៅរកឋានៈល្អប្រសើរក្នុងស្ថានភាពអន្តរជាតិថ្មី រួមទាំងឆ្លៀតយកអតិបរមារាល់ប្រភពធនធានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

សមាហរណកម្មអន្តរជាតិគឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការដឹកនាំការកសាងគម្រោង "បូកសរុបរយៈពេល ១០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២២-NQ/TW ចុះថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៣ របស់ការិយាល័យនយោបាយស្តីពីសមាហរណកម្មអន្តរជាតិ" (រូបថត៖ VOV)

នាបច្ចុប្បន្ន វៀតណាមមានទំនាក់ទំនងការទូតជាមួយប្រទេសជិត ២០០។ ចាប់ពីឆ្នាំ ២០១៣ រហូតដល់បច្ចុប្បន្ន វៀតណាមបានបង្កើតបណ្តាញដៃគូយុទ្ធសាស្ត្រ/ដៃគូគ្រប់ជ្រុងជ្រោយ ជាមួយប្រទេសចំនួន ៣៣ ក្នុងនោះមានទាំងប្រទេសធំៗផងដែរ។ វៀតណាមក៏បានចូលរួមជាផ្លូវការក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៦ ដោយមានការចូលរួមពីសេដ្ឋកិច្ចប្រហែល ៦០ ប្រទេស។ ពាណិជ្ជសញ្ញាជាតិវៀតណាមមានកំណើនតម្លៃលឿនបំផុតនៅលើពិភពលោក (ពោលគឺ ៧៤%) ក្នុងដំណាក់កាល ២០១៩ - ២០២២ ហើយឆ្នាំមុនសម្រេចបាន ៤៣១ ពាន់លានដុល្លាអាមេរិក។

ត្រូវចាត់ទុកសមាហរណកម្មអន្តរជាតិពិតជាបញ្ហាយុទ្ធសាស្ត្រ

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការដឹកនាំការកសាងគម្រោង “បូកសរុបរយៈពេល ១០ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ២២-NQ/TW ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣ របស់ការិយាល័យនយោបាយស្តីពីសមាហរណកម្មអន្តរជាតិ” ដែលប្រព្រឹត្តទៅនាថ្ងៃទី ២ ខែសីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា សមាហរណកម្មអន្តរជាតិគឺជាកិច្ចការដ៏លំបាក និងរសើបដែរ ប៉ុន្តែមិនអាចមើលរំលងបានទាល់តែសោះ។ យ៉ាងណាមិញ វៀតណាមនៅតែមានសក្ដានុពល   និងឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបន្តទាញយកផលប្រយោជន៍និងពង្រីកសក្កានុពល។ តាមនោះ សមាហរណកម្មអន្តរជាតិត្រូវតែចាត់ទុកជាបញ្ហាយុទ្ធសាស្ត្រ ជាបុព្វហេតុរបស់ប្រជាជនទាំងមូល និងប្រព័ន្ធនយោបាយទាំងមូល។

ដើម្បីអនុវត្តដំណើរការធ្វើសមាហរណកម្មប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ វៀតណាមត្រូវដោះស្រាយយ៉ាងល្អនូវទំនាក់ទំនងរវាងឯករាជ្យ ការពឹងផ្អែកលើខ្លួន ឯង និងសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ និងទូលំទូលាយ ដោយចាត់ទុកសមាហរណកម្មអន្តរជាតិជាកម្លាំងចលករដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរថ្មី និងការអភិវឌ្ឍ។ ទន្ទឹមជាមួយគ្នានោះ កៀរគរនូវធនធានខាងក្រៅក្នុងដំណើរការកសាងនិងសុក្រិតរបៀបរបប   លើកកម្ពស់សមត្ថភាពអភិបាលកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវ និងការផ្ទេរបច្ចេកវិជ្ជា។

យោងតាមលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ការធ្វើសមាហរណកម្មអន្តរជាតិត្រូវអនុវត្តដោយផ្នត់គំនិត ហ៊ានគិត ហ៊ានធ្វើ ហ៊ានទម្លុះទម្លាយ និងធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់។ សមាហរណកម្មលើវិស័យទាំងអស់ដែលត្រូវការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក ក្នុងនោះសមាហរណកម្មសេដ្ឋកិច្ចនៅតែជាចំណុចកណ្តាល ហើយសមាហរណកម្មក្នុងវិស័យផ្សេងទៀតត្រូវតែរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ច។

សមាហរណកម្មអន្តរជាតិគឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 2លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VOV)

បង្កើតការអភិវឌ្ឍន៍ថ្មីអំពីគុណភាពក្នុងសមាហរណកម្មអន្តរជាតិ

ដើម្បីបង្កើតជំហានអភិវឌ្ឍន៍ថ្មីក្នុងសមាហរណកម្មអន្តរជាតិ យោងតាមលោកនាយករដ្ឋមន្ត្រី Pham Minh Chinh វៀតណាមត្រូវអនុវត្តប្រកបដោយភាពច្នៃប្រឌិតនូវសសរស្តម្ភទាំងបីនៃការកសាងនិងការពារប្រទេសជាតិ (កសាងលទ្ធិប្រជាធិបតេយ្យសង្គមនិយម កសាងរដ្ឋនីតិរដ្ឋសង្គមនិយម អភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារ ទិសដៅសង្គមនិយម)។

រួមជាមួយគ្នានោះ គឺជាការបន្តអនុវត្តន៍ជាក់ស្តែងនូវគោលមាគ៌ាកិច្ចការបរទេស ដែលត្រូវបានមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ ដាក់ចេញ៖

“បន្តអនុវត្តន៍ជាក់ស្តែង នូវគោលមាគ៌ាដែលមានសារៈសំខាន់របស់បក្សក្នុងដំណើរការសមាហរណកម្ម អនុវត្តប្រកបដោយភាពច្នៃប្រឌិត សមស្របនឹងស្ថានភាពទាំងក្នុងនិងក្រៅប្រទេស; បន្តគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ការធ្វើពិពិធកម្ម ពហុភាគីភាវូបនីយកម្ម គឺជាមិត្តដ៏ល្អប្រសើរ ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ដើម្បីគោលដៅសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងបរិបទថ្មី។ ទន្ទឹមជាមួយគ្នានោះ បន្តកសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន ប៉ុន្តែធ្វើសមាហរណកម្មសេដ្ឋកិច្ចសកម្ម និងប្រកបដោយប្រសិទ្ធភាព។ បន្ទាប់មកអនុវត្តគោលនយោបាយការពារជាតិ “៤ មិន” ក្នុងការធ្វើសមាហរណកម្ម  (មិនចូលរួមសម្ព័ន្ធភាពយោធា មិនចងសម្ព័ន្ធជាមួយប្រទេសមួយដើម្បីប្រឆាំងនឹងប្រទេសមួយផ្សេងទៀត មិនអនុញ្ញាតឱ្យបរទេសបង្កើតមូលដ្ឋានយោធា ឬប្រើប្រាស់ទឹកដីខ្លួនដើម្បីប្រឆាំង ប្រទេសមួយផ្សេងទៀត មិនប្រើកម្លាំង ឬគំរាមប្រើកម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ)"។

ប្រមុខរដ្ឋាភិបាលវៀតណាមក៏បានសង្កត់ធ្ងន់ចំពោះការដែល វៀតណាមបានអនុវត្តប្រកបដោយប្រសិទ្ធភាព ហ្មត់ចត់ និងពេញលេញនូវកិច្ចព្រមព្រៀង និងការប្តេជ្ញាចិត្តអន្តរជាតិ ទាំងទ្វេភាគី និងពហុភាគី ក្នុងស្មារតី “និយាយហើយ ត្រូវតែធ្វើ ប្តេជ្ញាចិត្តហើយ ត្រូវតែអនុវត្តន៍ អនុវត្តន៍ហើយ  ត្រូវតែមានលទ្ធផល”។

សមិទ្ធិផលរបស់វៀតណាមក្នុងសមាហរណកម្មអន្តរជាតិក្នុងរយៈពេល ១០ ឆ្នាំកន្លង មកបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកំពស់ឋានៈនិងកិត្យានុភាព របស់ប្រទេសជាតិនៅលើឆាកអន្តរជាតិ។ បច្ចុប្បន្ននេះគឺជាពេលវេលាសម្រាប់វៀតណាមបង្កើតជំហានអភិវឌ្ឍន៍ថ្មីទាក់ទងនឹងគុណភាព ទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពនូវនិន្នាការថ្មីក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី៤ ស្តីពីការផ្លាស់ប្តូរថ្មី និងរៀបចំខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ រួមទាំងបណ្តាញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលវៀតណាមបានចូលរួម ទំនាក់ទំនងភាពជាដៃគូ ដើម្បីនាំប្រទេសជាតិស្ថិតក្នុងឋានៈប្រសើរក្នុងស្ថានភាពអន្តរជាតិថ្មី ដោយឆ្លៀតយកអតិបរមានូវប្រភពធនធាន សម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ