ស្រុះចិត្តគំនិតគ្នា ដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍ប្រកបដោយវិបុលភាព
(VOVWORLD) - កម្មាភិបាល បក្ខជន និងប្រជាជន វៀតណាមកំពុងអនុវត្តន៍យ៉ាងសកម្មនូវខ្លឹមសារកំណត់ទិសដៅនៃសន្និបាតលើកទី៦ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ដើម្បីសម្រេចបានជោគជ័យនូវគោលដៅ និងភារកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ ដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០២២ បង្កើតមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពជាងក្នុងឆ្នាំ ២០២៣ និងឆ្នាំបន្តបន្ទាប់ទៀត។ ក្នុងបរិបទស្ថានភាពពិភពលោក និងក្នុងប្រទេស មានបម្រែបម្រួលយ៉ាងស្មុគស្មាញ និងមិនអាចព្យាករណ៍ជាមុនបាននោះ កម្មាភិបាល បក្ខជន និងប្រជាជនទូទាំងប្រទេសបានស្រុះចិត្តគំនិតគ្នា ឯកភាពគ្នា ខិតខំប្រឹងប្រែង ឆ្លៀតឱកាស និងប្រយោជន៏ ហើយជំនះពុះពាររាល់ការលំបាក ទាំងអស់នេះប្រាកដជានឹងក្លាយទៅជាធន ធានដ៏សំខាន់ ដើម្បីនាំប្រទេសជាតិកាន់តែអភិវឌ្ឍន៍ ប្រជាជាតិកាន់តែសម្បូររុងរឿងឡើង។
ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣ (រូបថត៖ dangcongsan.vn) |
សន្និបាតលើកទី៦ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ បានធ្វើការបូកសរុប វាយតម្លៃ និងកំណត់ទិសដៅអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ ២០២២ និងទិសដៅ និងភារកិច្ចឆ្នាំ ២០២៣; ទិសដៅផែនការមេជាតិ ដំណាក់កាល ២០២១ - ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០; ជំរុញដំណើរការឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥...។ ខ្លឹមសារទាំងនេះ ជួយកម្មាភិបាល បក្ខជន និងប្រជាជនឱ្យយល់ច្បាស់ពីចក្ខុវិស័យរួមរបស់បក្ស និងរដ្ឋលើការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនាពេលខាងមុខ។
ទាក់ទិននឹងទិសដៅរៀបចំផែនការមេថ្នាក់ជាតិដំណាក់កាល ២០២១ - ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០ លោក Nguyen Duy Quy អតីតលេខាគណៈកម្មាធិការបក្សខេត្ត Binh Dinh បានលើកឡើងថា សន្និបាតមជ្ឈឹមបានកំណត់ទិសដៅសម្រាប់ផែនការមេថ្នាក់ជាតិដំណាក់កាល ២០២១ - ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០ គឺបង្ហាញយ៉ាងច្បាស់នូវចក្ខុវិស័យយុទ្ធសាស្ត្ររបស់បក្សកុម្មុយនិស្តវៀតណាមក្នុងការអភិវឌ្ឍប្រទេសជាតិ៖
“និយាយពីសក្ដានុពលវិញ ប្រទេសយើងនៅមានធំធេងណាស់ តាមពិតទៅ មិនទាន់បានពង្រីកអស់សក្តានុពលរបស់ខ្លួននៅឡើយទេ ដូចគណៈកម្មាធិការមជ្ឈិមពិភាក្សាពីវិធីបង្កើតផែនការមេ ពីរបៀបរួមផ្សំគ្នាយ៉ាងជិតស្និទ្ធក្នុងប្រទេសទាំង មូល បន្ទាប់មក តំបន់នីមួយៗ រួមទាំងវិស័យនីមួយៗ ដើម្បីអាចសម្របសម្រួលឲ្យស៊ីចង្វាក់គ្នា។ ក្រៅពីនោះ រួមទាំងការអភិវឌ្ឍលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកំណត់គោលដៅ និងកម្រិតខិតខំប្រឹងប្រែងដើម្បីប្រែក្លាយវៀតណាមទៅជាប្រទេសឧស្សាហកម្មទំនើប។ គណៈកម្មាធិការមជ្ឈឹមបានកំណត់ទិសដៅអភិវឌ្ឍន៍យ៉ាងច្បាស់លាស់ណាស់”។
ទាក់ទិននឹងដំណើរការអភិវឌ្ឍន៍ឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មរបស់ប្រទេសជាតិដូចដែលបានលើកឡើងនៅសន្និបាតមជ្ឈិម លោក Nguyen Quang Huan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុន Halcom វៀតណាមបានចាត់ទុកថា ការជំរុញដំណើរការឧស្សាហូបនីយកម្មនិងទំនើបកម្មក្នុងដំណាក់កាលបច្ចុប្បន្ន ត្រូវតែពឹងផ្អែកលើគុណសម្បត្តិនៃបដិវត្តន៍ឧស្សាហកម្ម ៤.០៖
“នៅក្នុងសុន្ទរកថារបស់លោកអគ្គលេខាបក្ស ក៏បានលើកឡើងថា យើងត្រូវផ្តោតលើការរៀបចំរចនាសម្ព័ន្ធ និងការអភិវឌ្ឍឡើងវិញ ប៉ុន្តែត្រូវមានការផ្លាស់ប្តូរថ្មី ត្រូវមានការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ហើយឧស្សាហូបនីយកម្ម និងទំនើបកម្ម ត្រូវតែជាមធ្យោបាយសម្រាប់យើងសម្រេចបាននូវគោលដៅទាំងនេះ។ ប្រសិន បើ យើងមិនទាញយកប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី៤ នោះទេ យើងមិនអាចបង្កើនផលិតភាពការងារបានទៀតសោត។ បច្ចុប្បន្ននេះ យើងកំពុងពឹងផ្អែកលើអត្រាកំណើន GDP ល្បឿនខ្ពស់ណាស់ ប៉ុន្តែកំណើនផលិតភាពការងារមិនខ្ពស់ទេ - ប្រហែលកើនឡើងពី ៤ ទៅ ៥% ទេ; ដំណាក់កាលបន្ទាប់នឹងត្រូវបង្កើនផលិតភាពការងារពី ៧,៨,៩ ទៅដល់ ១០% ក្នុងមួយឆ្នាំ ដូច្នេះ ទើបមានកំណើនប្រកបដោយនិរន្តរភាព។ ដើម្បីបង្កើនផលិតភាពការងារ យើងអាចពឹងផ្អែកលើឧស្សាហូបនីយកម្ម និងទំនើបកម្មតែប៉ុណ្ណោះ”។
ដោយមានការស្រុះចិត្តគំនិតគ្នា នៅពេលដែល សន្និបាតលើកនេះ មានការឯកភាពយ៉ាងមុតមាំក្នុងការបន្តផ្លាស់ប្តូរវីធីសាស្ត្រដឹកនាំរបស់បក្ស លើសកម្មភាពរបស់ប្រព័ន្ធនយោបាយ លោក Nguyen Hoang Phuong បក្ខជននៅទីក្រុង Dong Hoi ខេត្ត Quang Binh បានចាត់ទុកថា ខ្លឹមសារនេះមានសារៈសំខាន់ណាស់ក្នុងការកសាង និង ការកែសម្រួលបក្ស៖
“នៅក្នុងសន្និបាតមជ្ឈិមលើកនេះ បក្សយើងបានអនុវត្តន៍ព្រមៗគ្នា នូវវិធីសាស្រ្តដឹកនាំទាំង ៥ របស់បក្ស ប្រកបដោយភាពច្នៃប្រឌិត និងការលើកកម្ពស់គុណភាព ប្រកបដោយប្រសិទ្ធភាព។ គណៈកម្មាធិការមជ្ឈិមបានជ្រួតជ្រាបរាល់គោលការណ៍ ប៉ុន្តែបានបំពេញតាមភារកិច្ចដឹកនាំនីមួយៗ នៃកម្រិតនីមួយៗ ដោយកំណត់យ៉ាងច្បាស់នូវវិមជ្ឈការនិងវិសហមជ្ឈការ។ តាមគំនិតរបស់ខ្ញុំ ការផ្លាស់ប្តូរថ្មីវិធីសាស្ត្រដឹកនាំរបស់បក្ស មិនត្រឹមតែមានអំណាចដើរទន្ទឹមនឹងទំនួលខុសប៉ុណ្ណោះទេ ថែមទាំងសកម្មភាពទាំងអស់នេះត្រូវគោរពតាមគោលការណ៍ និងវិន័យរបស់បក្សទៀតផង”។
រាល់ខ្លឹមសារនៅសន្និបាតលើកទី៦ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣ ត្រូវបានកម្មាភិបាល និងប្រជាជនទូទាំងប្រទេសជ្រួតជ្រាបនិងដាក់ពង្រាយអនុវត្ត។ ការដែលប្រទេសជាតិទាំងមូលស្រុះចិត្តគំនិតគ្នា ហើយបានឯកភាពគ្នា អនុវត្តន៍រាល់គោលការណ៍ណែនាំរបស់បក្ស គឺជាមូលដ្ឋានសំខាន់ដើម្បីបំពេញតម្រូវ ការនៃការអភិវឌ្ឍប្រទេសយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ដើម្បីប្រែក្លាយវៀតណាមទៅជាប្រទេសអភិវឌ្ឍន៍ មានប្រាក់ចំណូលខ្ពស់តាមទិសដៅសង្គមនិយមនៅឆ្នាំ ២០៤៥ ដូចដែលបានសេចក្តីសម្រេចចិត្តនៃមហាសន្និបាតមជ្ឈឹមបក្សលើកទី ១៣ បានដាក់ចេញ៕