សារដ៏សំខាន់អំពីគោលមាគ៌ាកិច្ចការបរទេសរបស់វៀតណាម
(VOVWORLD) - ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែកញ្ញា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅប្រទេសគុយបា និង ចូលរួមសម័យប្រជុំពិភាក្សារួមជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ ។ គោលដៅនៃដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋគឺអនុវត្តន៍ នៅកម្រិតខ្ពស់បំផុតក្នុងគោលមាគ៌ា កិច្ចការបរទេស“ ឯករាជ្យ ម្ចាស់ការ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ធ្វើពិពិធកម្ម ពហុភាគីទំនាក់ទំនងកិច្ចការបរទេស”របស់វៀតណាម។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ congthuong.vn ) |
ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេសរវាងវៀតណាមនិងគុយបា
ដំណើរទស្សនកិច្ចនៅគុយបារបស់ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc តបតាមការអញ្ជើញរបស់លេខាទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋគុយបា លោក Miguel Díaz-Canel បានប្រព្រឹត្តិទៅក្នុងបរិបទ ដែលប្រទេសទាំងពីរបានត្រៀមរៀបចំពិធីរំលឹកខួបលើកទី ៦១ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត (២ ធ្នូ ឆ្នាំ ១៩៦០-២ ធ្នូ ឆ្នាំ ២០២១)។
ក្នុងរយៈពេល ៦០ ឆ្នាំកន្លងមក ទោះបីជាស្ថានភាពនៃប្រទេសនីមួយៗ និងបរិបទពិភពលោកមានការផ្លាស់ប្ដូរជាច្រើនក៏ដោយ ប៉ុន្តែទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ពិសេសរវាងវៀតណាមនិងគុយបាត្រូវបានពូនជ្រុំ ពង្រឹង និងពង្រីក ដោយឥតឈប់ឈរ។ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាមលោក Pham Binh Minh បានវាយតម្លៃថា ទំនាក់ទំនងមិត្តភាពដ៏ពិសេស សាមគ្គីភាពជិតស្និទ្ធិ និងជឿជាក់គ្នាទៅវិញទៅមករវាងវៀតណាម និងគុយបាគឺកម្រមាន ក្នុងទំនាក់ទំនងអន្តរជាតិ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងមិត្តភាពជិតស្និទ្ធិ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងបក្សទាំងពីរ រដ្ឋាភិបាលទាំងពីរ រដ្ឋសភាទាំងពីរ និងគ្រប់ជាន់ថ្នាក់ពីមជ្ឈិមដល់មូលដ្ឋាន រវាងអង្គការនយោបាយនិងសង្គម។
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីយប់ថ្ងៃទី ២៣ ខែសីហា ប្រធានរដ្ឋ លោក Nguyen Xuan Phuc និង លេខាទី ១ ប្រធានរដ្ឋគុយបា លោក Miguel Díaz-Canel បានអះអាងសារជាថ្មីទំនាក់ទំនងសាមគ្គីភាពដែលមិនអាចប្រែប្រួលរវាងវៀតណាម និងគុយបា។ ប្រទេសទាំងពីរបានត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកមិនថាក្នុងកាលៈទេសៈណាឡើយ។ដូច្នេះដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបារបស់ប្រធានរដ្ឋវៀតណាមលើកនេះ គឺមានអត្ថន័យដ៏ពិសេស។ ក្នុងបទសម្ភាសន៍ជាមួយក្រុមមជ្ឈដ្ឋានសារព័ត៌មានមុនដំណើរទស្សនកិច្ចនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Dang Hoang Giang បានអះអាងថា៖ “ នៅក្នុងបរិបទដ៏ពិសេសនាពេលបច្ចុប្បន្ននេះ ការជួយឧបត្ថម្ភគ្នាទៅវិញទៅមកយ៉ាងស្មោះសររវាងប្រទេសទាំងពីរគឺមានអត្ថន័យណាស់។ ពោលគឺវៀតណាមកំពុងរងផលប៉ះពាល់ដោយសាររលកទី ៤ នៃជំងឺកូវីដ ១៩។ ការដែលគុយបានបានជួយឧបត្ថម្ភវៀតណាមនូវវ៉ាក់សាំងបង្ការកូវីដ ១៩ បានសង្ហាញពីការជួយឧបត្ថម្ភយ៉ាងខ្លាំងក្លារបស់គុយបាចំពោះវៀតណាម។ ទន្ទឹមនឹងនេះជំនួយស្បៀងអាហាររបស់វៀតណាមជូនគុយបានាពេលកន្លងមកក៏ជាកិច្ចខិតខំប្រឹងប្រែងរបស់បក្សនិងរដ្ឋវៀតណាមចំពោះប្រជាជនគុយបាក្នុងគ្រា ដ៏លំបាកនាបច្ចុប្បន្នផងដែរ”
រួមចំណែកប្រកបដោយមានការទទួលខុសត្រូវទៅក្នុងសកម្មភាពរួមរបស់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ
អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Dang Hoang Giang |
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញចូលរួមសម័យពិភាក្សារួមជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិក្នុងឱកាសខួបលើកទី ៤៤ ឆ្នាំដែលវៀតណាមចូលជាសមាជិកអង្គការសហប្រជាជាតិ (២០ កញ្ញា ឆ្នាំ ១៩៧៧-២០ កញ្ញា ឆ្នាំ ២០២១) ។ ក្នុងរយៈពេល ៤៤ ឆ្នាំកន្លងមក វៀតណាមបានចូលរួមយ៉ាងសកម្មទៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់អង្គការសហប្រជាជាតិ ក្នុងការដោះស្រាយបញ្ហាសន្តិភាព និងសន្តិសុខ តំបន់ និងអន្តរជាតិ ជំរុញសិទ្ធិមនុស្ស ព្រមទាំងត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ និងវាយតម្លៃខ្ពស់។
នៅក្នុងជំនួបជាមួយ ប្រធានរដ្ឋ លោក Nguyen Xuan Phuc កាលពីថ្ងៃទី ១២ ខែសីហា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមលោក Kamal Malhotra បានអះអាងថា វៀតណាមកាន់តែដើតួនាទី និងមានសម្លេងដ៏សំខាន់នៅអង្គការសហប្រជាជាតិ ដោយមានការចូលរួមចំណែកដ៏សកម្មប្រកបដោយមានការទទួលខុសត្រូវទៅក្នុងការងាររួមរបស់សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ។ មុននេះក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានរដ្ឋ លោកNguyen Xuan Phuc កាលពីថ្ងៃទី ១៩ ខែសីហា នោះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres បានទទួលស្គាល់ការរួមចំណែកយ៉ាងសកម្មប្រកបដោយមានការទទួលខុសត្រូវរបស់វៀតណាមនៅអង្គការសហប្រជាជាតិ និងក្នុងបញ្ហាសកាល ព្រមទាំងស្កត់ធ្ងន់ថា វៀតណាមគឺជាកត្តាដ៏សំខាន់ដែលរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ លោកអនុរដ្ឋមន្រ្តីការបរទេស Dang Hoang Giang បានសង្កត់ធ្ងន់ថា៖ “ ការដែលប្រធានរដ្ឋវៀតណាមបានអញ្ជើញចូលរួមសម័យពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ គឺជាឱកាសមួយសម្រាប់វៀតណាមក្នុងការបង្ហោះសារអំពីប្រទេសវៀតណាមមានឯករាជ្យ ខ្លួនទីពឹងខ្លួន មានបំណងប្រាថ្នា និងចក្ខុវិស័យអភិវឌ្ឍន៍ ហើយមានគោលមាគ៌ាកិច្ចការបរទេសបើកទូលាយ ពហុភាគី ធ្វើពិពិធកម្មទំនាក់ទំនងអន្តរជាតិ។ វៀតណាមបាន និងកំពុង បន្តរួមចំណែកប្រកបដោយមានការទទួលខុសត្រូវចំពោះការងាររួមរបស់សហគមន៍អន្តរជាតិ ដើម្បីសន្តិភាពនិងការអភិវឌ្ឍផងដែរ”។
ក្រៅពីសកម្មភាពសំខាន់ៗចំនួនពីរគឺដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសគុយបានិងការចូលរួមក្នុងសម័យពិភាក្សារួមជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនោះ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមក៏រួមមានសកម្មភាពទ្វេភាគីដ៏សំខាន់ៗមួយចំនួនទៀតផង។ នេះគឺជាឱកាសសម្រាប់វៀតណាមក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃទៀត ជាពិសេសគឺប្រទេសមហាអំណាច ដៃគូសំខាន់ៗ និង មិត្តភក្តិប្រពៃណីឱ្យកាន់តែស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធភាពផងដែរ៕