សារបៃតងពី WEF Dalian

(VOVWORLD) - សន្និសីទអ្នកត្រួសត្រាយលើកទី ១៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF 15) ឬហៅថា Davos រដូវក្ដៅ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ មិថុនា នៅទីក្រុង Dalian ខេត្ត Liaoning ប្រទេសចិន។ ក្រោមប្រធានបទ "ជើងមេឃសម្រាប់កំណើនថ្មី" សន្និសីទបានផ្តោតសំខាន់លើការពិភាក្សាលើប្រធានបទពាក់ព័ន្ធជាច្រើនស្ដីពីការបង្កើតគំរូកំណើនបៃតង និងប្រកបដោយចីរភាពភាពសម្រាប់អនាគត។
សារបៃតងពី WEF Dalian - ảnh 1មជ្ឈមណ្ឌលសន្និសីទអន្តរជាតិ Dalian នៅទីក្រុង Dalian ខេត្ត Liaoning (ប្រទេសចិន)។ រូបថត៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ/Li Gang

បៃតងពីប្រធានបទពិភាក្សា

សន្និសីទ WEF លើកទី ១៥ នៅទីក្រុង Dalian ឆ្នាំនេះ មានការចូលរួមរបស់ប្រតិភូជាង ១៦០០ នាក់ ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាលនៃប្រទេសនានា តំណាងធុរកិច្ច អ្នកសិក្សា និងតំណាងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេស និងតំបន់ដែនដីជិត ៨០ ក្នុងនោះ មានវត្តមាននាយករដ្ឋមន្ត្រីនៃប្រទេសម្ចាស់ផ្ទះលោក Li Qiang នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh និងប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda។ សកម្មភាពជាង ២០០ ត្រូវបានរៀបចំឡើងក្នុងអំឡុងពេល ៣ ថ្ងៃនៃសន្និសីទនេះ ដោយផ្តោតសំខាន់លើប្រធានបទពិភាក្សាសំខាន់ៗចំនួន ៦ រួមមាន៖ សេដ្ឋកិច្ចពិភពលោកថ្មី; ចិននិងពិភពលោក; ភាពជាសហគ្រិនក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI); វិស័យឧស្សាហកម្មថ្មី; វិនិយោគលើមនុស្ស; តភ្ជាប់អាកាសធាតុ ធម្មជាតិ និងថាមពល។ ក្រៅពីការបែងចែកវគ្គពិភាក្សាតាមប្រធានបទជាក់លាក់ សន្និសីទក៏រៀបចំវគ្គតាមលក្ខណៈនៃផលប៉ះពាល់ លើទំហុំពិភពលោក តំបន់អាស៊ី ឬសម្រាប់ចិន។

ក្នុងបរិបទដែលវិបត្តិអាកាសធាតុដែលជះឥទ្ធិពលកាន់តែស្មុគស្មាញដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនានា ការសន្សំថាមពល កាត់បន្ថយការបំភាយកាបូន កសាងគំរូកំណើនថ្មីប្រកបដោយតុល្យភាព និរន្តរភាព និងសុខដុមរមនាជាមួយធម្មជាតិ គឺជាអាទិភាពពិភាក្សាដ៏សំខាន់នៅ WEF ១៥។ ក្នុងកិច្ចពិភាក្សាដំបូង នៃ WEF ១៥ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២៥ មិថុនា ក្រោមប្រធានបទ "ការតភ្ជាប់អាកាសធាតុ ធម្មជាតិ និងថាមពល" វាគ្មិនស្ទើរតែទាំងអស់សុទ្ធតែបានអះអាងថាការការពារធម្មជាតិ និងជីវៈចម្រុះនាពេលនេះ មិនត្រឹមតែជាកាតព្វកិច្ចចាប់បង្ខំចំពោះប្រទេស និងសហគមន៍នានាប៉ុណ្ណោះទេ ថែមទាំងជាវិស័យដើម្បីស្វែងយល់ និងកសាងមូលដ្ឋានគ្រឹះកំណើនបៃតងសម្រាប់អនាគតទៀតផង។ លោក Andre Hoffmann សហប្រធាននៃវគ្គពិភាក្សានានានៅ WEF ១៥ បានវាយតម្លៃ៖ “ប្រសិនបើកំណើនសេដ្ឋកិច្ចរបស់យើងមិនត្រូវបានគ្រប់គ្រងក្នុងដែនកំណត់របស់ភពផែនដីនេះ យើងនឹងគាប់សង្កត់លើរាល់ប្រព័ន្ធធម្មជាតិ ហើយប្រការនេះនឹងមិននាំមកនូវផលប្រយោជន៍ណាមួយក្នុងរយៈពេលយូរឡើយ។ ដូច្នេះហើយ សារថ្ងៃនេះគឺ ធម្មជាតិគឺជាឱកាស ពោលគឺមិនមែនជាការចំណាយឡើយ ហើយប្រសិនបើចង់មានកំណើនថ្មី គឺត្រូវយកចិត្តទុកដាក់លើដែនកំណត់របស់ភពផែនដីផងដែរ”។

ចែករំលែកមតិនេះ អញ្ជើញថ្លែងក្នុងពិធីបើកកិច្ចប្រជុំជាផ្លូវការ ស្ថាបនិក និងជាប្រធានប្រតិបត្តិ WEF លោក Klaus Schwab មានប្រសាសន៍ថា វគ្គពិភាក្សានៅ WEF នឹងបង្កើតកម្លាំងចលករជំរុញប្រទេសនានាឆ្ពោះទៅមុខកាន់តែឆាប់រហ័សក្នុងការផ្លាស់ប្តូរទៅជាបច្ចេកវិទ្យាបៃតង និងសេដ្ឋកិច្ចបៃតង៖

“កិច្ចពិភាក្សាទាំងនេះក៏បានបង្ហាញយ៉ាងច្បាស់លាស់អំពីឱកាសដែលយើងមាននាពេលអនាគត ដោយផ្អែកលើបច្ចេកវិទ្យា និងការផ្លាស់ប្តូរទៅជាបច្ចេកវិទ្យាបៃតងជាង និងសេដ្ឋកិច្ចបៃតងជាង។ ដូច្នេះហើយដើម្បីឆ្ពោះទៅកាន់ជើងមេឃកំណើនថ្មីនោះកិច្ចសហប្រតិបត្តិការរយៈពេលវែងគឺចាំបាច់ណាស់”។

សារបៃតងពី WEF Dalian - ảnh 2ស្ថាបនិក និងជាប្រធានប្រតិបត្តិ WEF លោក Klaus Schwab ។ រូបថត៖ Duong Giang/TTXVN

បៃតងនៅក្នុងការអនុវត្តន៍

ក្រៅពីប្រធានបទអាទិភាពអំពីថាមពល បរិស្ថាន និងបញ្ញាសិប្បនិមិត្ត (AI) ដើម្បីឆ្ពោះទៅគំរូកំណើនសេដ្ឋកិច្ចបៃតងជាង សារបៃតងរបស់ WEF ១៥ ក៏ត្រូវបានបង្ហាញដោយផ្ទាល់ក្នុងការងារត្រៀមរៀបចំសន្និសីទ នៅពេលដែលគណៈចាត់តាំង WEF ១៥ បានអនុវត្តន៍បច្ចេកវិទ្យាបៃតងជាបន្តបន្ទាប់ទៅក្នុងការត្រៀមរៀបចំសន្និសីទ។ អភិបាលក្រុង Dalian លោក Chen Shaowang មានប្រសាសន៍ថា៖“ការប្រើប្រាស់ថាមពលសម្រាប់សន្និសីទ គឺជាថាមពលបៃតងទាំង ១០០% ។ យធ្យោបាយធ្វើដំណើរទាំង ៥២០ គ្រឿង ដោយប្រើប្រាស់ថាមពលថ្មី ក៏ត្រូវបានរៀបចំបម្រើប្រតិភូផងដែរ។ សម្ភារៈដែលត្រូវបានប្រើប្រាស់សម្រាប់សន្និសីទនឹងត្រូវបានកែច្នៃឡើងវិញ ហើយថវិកាសម្រាប់ការរៀបចំសន្និសីទនឹងត្រូវបានកាត់បន្ថយតាមរយៈស្តង់ដារ សាមញ្ញ បៃតង កាបូនទាបផងដែរ”។

យោងតាមអាជ្ញាធម៌ទីក្រុង Dalian បានឲ្យដឹងថា ការអនុវត្តសមកាលកម្មរាល់បច្ចេកវិទ្យាបៃតងក្នុងការរៀបចំ WEF ១៥ គឺជាសកម្មភាពជាក់ស្តែង ដើម្បីផ្សព្វផ្សាយសារបៃតងរបស់ WEF ១៥ ព្រមទាំងឧទ្ទេសនាម "នាមប័ណ្ណបៃតង" របស់ទីក្រុង Dalian ទៅកាន់ពិភពលោកផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ