សាលក្រមស្តីពីសមុទ្រខាងកើត - មូលដ្ឋានគ្រឹះនៃច្បាប់ក្នុងការបង្កើតសណ្តាប់ធ្នាប់នៅលើសមុទ្រ
(VOVWORLD) - កាលពី ៥ ឆ្នាំមុន នៅថ្ងៃទី ១២ ខែកក្កដាឆ្នាំ ២០១៦ តុលាការអាជ្ញាកណ្តាលអន្តរជាតិត្រូវបានបង្កើតឡើង តាមឧបសម្ព័ន្ធទី ៧នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ នៅទីក្រុងឡាអេ (ហៅកាត់ថាតុលាការ PCA) បានចេញសាលក្រមស្តីពី ករណីហ្វីលីពីនប្ដឹងតវ៉ាចិនទាក់ទងនឹងបញ្ហាសមុទ្រខាងកើត។
ទិដ្ឋភាពនៃតុលាការអាជ្ញាកណ្តាលអន្តរជាតិ PCA (រូបថត៖ PCA) |
រយៈពេល ៥ ឆ្នាំក្រោយពីសាលក្រមនេះ សភាពការណ៍នៅសមុទ្រខាងកើតនៅតែមានការវិឌ្ឍន៍យ៉ាងស្មុគស្មាញ។ ទោះយ៉ាងណាក៏ដោយ ប្រការដែលមិនអាចបដិសេធគឺ រួមជាមួយ UNCLOS ឆ្នាំ ១៩៨២ សាលក្រមនេះបានក្លាយទៅជាសញ្ញាសម្គាល់ដ៏សំខាន់ ហើយជាមូលដ្ឋានដ៏មានផលប្រយោជន៍ ដើម្បដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ព្រមទាំងជាមូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិ ដើម្បីបង្កើតសណ្តាប់ធ្នាប់នៅលើសមុទ្រផងដែរ។
យោងតាមសាលក្រមរបស់ PCA បានចែងថា ប្រទេសចិនគ្មានមូលដ្ឋានច្បាប់ ដើម្បីអះអាង “សិទ្ធិប្រវត្តិសាស្រ្ត” ចំពោះធនធាននៅសមុទ្រខាងកើត ក្នុងវិសាលភាពនៃរបស់ដែលហៅថា “ ខ្សែបន្ទាត់ ៩ ត្រេ” ។ ប្រការនេះមានន័យថា ចិនមិនអាចទាមទាចំពោះតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) ក៏ដូចជាគ្មាន សិទ្ធិប្រវត្តិសាស្ត្រ ដើម្បីប្រកាសអធិបតេយ្យភាពចំពោះសកម្មភាពធ្វើអាជីវកម្មធនធានក្នុងតំបន់នេះផងដែរ។
សាលក្រមដែលទាក់ទាញចំណាប់អារម្មណ៍ពិសេសពីសាធារណៈមតិ
សាលក្រមរបស់តុលាការ PCA នៅពេលនោះ មិនត្រឹមតែទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លារបស់បណ្ដាប្រទេសក្នុងតំបន់ និងបណ្ដាប្រទេស ដែលមានជម្លោះអធិបតេយ្យភាពនៅសមុទ្រខាងកើតជាមួយចិនប៉ុណ្ណោះទេ ថែមទាំងបណ្ដាប្រទេសនៅក្រៅតំបន់ទៀតផង។
សេចក្ដីប្រកាសជាច្រើនរបស់ថ្នាក់ដឹកនាំនានា និងអត្ថបទវិភាគ និងបទអត្ថាធិប្បាយរាប់រយរបស់អ្នកប្រាជ្ញ អ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្រ្តនៅក្នុង និងក្រៅតំបន់បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃសាលក្រមរបស់តុលាការ ដោយចាត់ទុកថា នេះគឺជាមូលដ្ឋានគតិយុត្តរួមចំណែកកាត់បន្ថយ និងដោះស្រាយជម្លោះអធិបតេយ្យភាពនៅសមុទ្រខាងកើត រួមជាមួយ UNCLOS ឆ្នាំ ១៩៨២។ សាធារណៈមតិអន្តរជាតិបានអះអាងថា PCA បានលើកត្រដែតអត្ថន័យនៃច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះនៅសមុទ្រខាងកើត ព្រមទាំងសង្កត់ធ្ងន់លើកាតព្វកិច្ចរបស់ភាគីទាក់ទិននានាក្នុងក្របខ័ណ្ឌនៃ UNCLOS ឆ្នាំ ១៩៨២ ក៏ដូចជាថ្កោលទោសចំពោះសកម្មភាពឯកតោភាគី ដែលមិនគោរពច្បាប់អន្តរជាតិ បង្កអស្ថិរភាពអំពីសន្តិសុខក្នុងតំបន់។ ទោះបីជាក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ ស្ថានភាពនៅសមុទ្រខាងកើតមិនមានការវិវឌ្ឍន៍ដូចទៅនឹងខ្លឹមសារនៃសាលក្រម ដែលបានដាក់ចេញក៏ដោយ ប៉ុន្តែជាមូលដ្ឋាន សាលក្រមនេះគឺជាកាតាលីករសម្រាប់ប្រតិកម្មយ៉ាងខ្លាំងជាង ចំពោះសកម្មភាពរបស់ចិននៅសមុទ្រខាងកើត។ បញ្ហាជំលោះអធិបតេយ្យភាពនៅសមុទ្រខាងកើត និងការគោរព UNCLOS ឆ្នាំ ១៩៨២ បានក្លាយទៅជាប្រធានបទសំខាន់ៗ នៃវេទិកា និងកិច្ចប្រជុំទ្វេភាគី និងពហុភាគីជាច្រើន។ សមុទ្រខាងកើតកាន់តែទទួលបានចំណាប់អារម្មណ៍របស់ប្រទេសជាច្រើន ក្នុងតំបន់ និងក្រៅតំបន់។ នៅឆ្នាំ ២០២០ សហគមន៍អន្តរជាតិសង្កេតឃើញ “សង្គ្រាម កំណត់ទូត” ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត។ កំណត់ទូតរបស់បណ្ដាប្រទេស សុទ្ធតែបានលើកឡើងអំពីសាលក្រមរបស់តុលាការអាជ្ញាកណ្ដាលអន្តរជាតិក្នុងការប្ដឹងតវ៉ាឆ្នាំ ២០១៦ របស់ ហ្វីលីពីន ដោយប្រឆាំងជំទាស់រាល់ការទាមទារខុសច្បាប់របស់ចិននៅសមុទ្រខាងកើត។ នេះគឺជាសក្ខីភាពយ៉ាងច្បាស់លាសដែលសរឲ្យឃើញថាសមុទ្រខាងកើតមិនត្រឹមតែជាបញ្ហារវាងបណ្ដាប្រទេសក្នុងតំបន់និងចិនប៉ុណ្ណោះទេ ថែមទាំងជាការយកចិត្តទុកដាក់របស់ប្រទេសភាគច្រើននៅលើពិភពលោកទៀតផង។
នៅខែមិថុនាឆ្នាំ ២០២១ ប្រទេសជាសមាជិកអង្គការសហប្រជាជាតិជិត ១០០ បានចូលរួម “ក្រុមមិត្តភក្តិរបស់ UNCLOS” ហើយមានប្រទេសជាច្រើនបានចូលរួម FONOP (សកម្មភាពសេរីនាវាចរណ៍) នៅលើសមុទ្រខាងកើត។ ប្រការនេះបានសរឲ្យឃើញទស្សនៈប្រឆាំងជំទាស់ការទាមទារអធិបតេយ្យភាពខុសច្បាប់។
មនុស្សបានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានកុងស៊ុលចិននៅទីក្រុងម៉ាកាទីប្រទេសហ្វីលីពីន( រូបថតៈ ABS-CBN News) |
បដិសេធន៍ការប៉ុនប៉ងផលប្រយោជន៍ផ្ទាល់ខ្លួននៅសមុទ្រខាងកើត
សមុទ្រខាងកើតមានសារៈសំខាន់និងទីតាំងភូមិសាស្រ្តដ៏សំខាន់មិនត្រឹមតែសម្រាប់បណ្ដាប្រទេសនិងដែនដីនៅជុំវិញប៉ុណ្ណោះទេ ថែមទាំងចំពោះតំបន់អាស៊ី និងពិភពលោកទៀតផង។ ព្រោះថា សមុទ្រខាងកើតស្ថិតនៅលើខ្សែនាវាចរណ៍សរសៃឈាម ដែលតភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិក - មហាសមុទ្រឥណ្ឌា អឺរ៉ុប - អាស៊ី និងមជ្ឈឹមបូព៌ា - អាស៊ី។ ជាផ្នែកមួយនៃខ្សែសមុទ្រ ដែលតភ្ជាប់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក។ ទន្ទឹមនឹងនេះ សមុទ្រខាងកើតបានដើរតួនាទីដ៏សំខាន់ក្នុងពាណិជ្ជកម្មនាវាចរណ៍សកលលោក។
ដោយមានទីតាំងដ៏សំខាន់ជាយុទ្ធសាស្ត្រអញ្ចឹង ការថែរក្សាសន្តិសភាព ស្ថិរភាព និងសុវត្ថិភាពនៅសមុទ្រខាងកើត គឺជាភារកិច្ចរបស់ប្រទេសទាំងអស់ ដែលបានប្រកាសអធិបតេយ្យភាពនៅជំរុញ និងបណ្ដាប្រទេសនៅក្រៅតំបន់ ដែលមានផលប្រយោជន៍ពាក់ព័ន្ធ។ រាល់ជម្លោះនៅសមុទ្រខាងកើត ចាំបាច់ត្រូវដោះស្រាយដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ។ ដោះស្រាយតាមបែបទំនើប ដោយគ្មានការប៉ុនប៉ងអំពីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ៕