ស្វែងរកដំណោះស្រាយដើម្បីនាំប្រទេសជាតិជំនះលើការលំបាក និងបន្តអភិវឌ្ឍន៍
(VOVWORLD) - នាថ្ងៃទី៦ វិច្ឆិកា សម័យប្រជុំលើកទី៦ រដ្ឋសភា
វៀតណាមនីតិកាលទី១៥ បានចាប់ផ្តើមសកម្មភាពសួរដេញដោលចំពោះសមាជិករដ្ឋាភិបាល។ នេះជាសកម្មភាពជាប្រចាំសម័យប្រជុំរដ្ឋសភានីមួយៗ ប៉ុន្តែខុសពីសម័យប្រជុំមុនៗ ការសួរដេញដោលក្នុងសម័យប្រជុំលើកទី៦ គឺជាការសួរដេញដោលពាក់កណ្តាលអាណត្តិ។ ដូច្នេះ របៀបនិងខ្លឹមសារនៃការសួរដេញដោល មានចំណុចខុសប្លែកមួយចំនួន ដែលបង្ហាញពីស្មារតីច្នៃប្រឌិតដោយឥតឈប់ឈររបស់រដ្ឋសភា ដើម្បីតាមទាន់ដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិ និងការរំពឹងទុករបស់ម្ចាស់ ឆ្នោត។
សមាជិករដ្ឋសភាអញ្ជើញចូលរួមសម័យប្រជុំលើកទី៦នីតិកាលទី១៥។ (រូបថត៖ quochoi.vn) |
ត្រួតពិនិត្យការអនុវត្តការសន្យានៅចំពោះមុខរដ្ឋសភា
សម័យប្រជុំលើកទី៦ គឺជាសម័យប្រជុំពាក់កណ្តាលអាណត្តិ ដូច្នេះ សមាជិករដ្ឋសភាបានសួរដេញដោលសមាជិករដ្ឋាភិបាល និងប្រធានផ្នែកពាក់ព័ន្ធអំពីបញ្ហានៅសេសសល់ក្នុងការអនុវត្តសេចក្តីសម្រេចចិត្តមួយចំនួនរបស់រដ្ឋសភានីតិកាលទី១៤ រហូតដល់ដំណាច់សម័យប្រជុំលើកទី៤។ ម្យ៉ាងវិញទៀត សម័យសួរដេញដោលលើកនេះក៏ជាការឃ្លាំមើលនូវការអនុវត្តការសន្យា និងការប្តេជ្ញាចិត្តរបស់ប្រធានផ្នែកនានាដែលបានធ្វើឡើងនៅចំពោះរដ្ឋសភា និងម្ចាស់ឆ្នោតផងដែរ។ លោកស្រី Tran Thi Dieu Thuy សមាជិការដ្ឋសភាទីក្រុងហូជីមិញ បានឲ្យដឹងថា៖
“ចំណុចពិសេសលើកនេះ គឺមិនផ្ដល់ប្រធានបទជាមុន ហើយមិនជ្រើសរើសបុគ្គលឡើងវេទិកាឆ្លើយបំភ្លឺនោះទេ ប៉ុន្តែសមាជិករដ្ឋាភិបាលទាំងអស់នៅតាមវិស័យនានាត្រូវតែឆ្លើយសំណួររបស់សមាជិករដ្ឋសភា និងម្ចាស់ឆ្នោត។ ពិតណាស់ថា នេះនឹងជាសម័យសួរដេញដោលដ៏រស់រវើក ម្ចាស់ឆ្នោតទន្ទឹងរង់ចាំបញ្ហាជាច្រើននឹងត្រូវបានលើកឡើង ហើយបកស្រាយបំភ្លឺ។ ក្តីសង្ឃឹមរបស់ម្ចាស់ឆ្នោត និងខ្ញុំផ្ទាល់គឺថា សំណួរជាច្រើននឹងត្រូវបានឆ្លើយយ៉ាងក្បោះក្បាយ ដោយពន្យល់ពីការលំបាកដែលរដ្ឋាភិបាលកំពុងជួបប្រទះនៅពេលដោះស្រាយបញ្ហាកង្វល់របស់ម្ចាស់ឆ្នោត ឬក្នុងប្រតិបត្តិការសេដ្ឋកិច្ចសង្គម”។
ក្នុងពេលជាមួយគ្នានោះ លោកស្រី Le Dao An Xuan សមាជិការដ្ឋសភាខេត្ត Phu Yen បានលើកមតិថា៖
“នៅសម័យសួរដេញដោលលើកនេះ ខ្ញុំវាយតម្លៃខ្ពស់ចំពោះទម្រង់រៀបចំដែលស្នើឡើងដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ នោះគឺជាភាពច្នៃប្រឌិត និងភាពបត់បែន ក៏ដូចជាការបង្ហាញពីការប្រតិបត្តិការរបស់ប្រធានផ្នែកនីមួយៗ ក៏ដូចជាបង្ហាញពីការសម្របសម្រួលជាមួយភ្នាក់ងារពាក់ព័ន្ធ ដើម្បីអនុវត្តន៍ភារកិច្ចដែលបានប្តេជ្ញាចិត្តផងដែរ”។
ទិដ្ឋភាពទូទៅនៃសម័យប្រជុំ។ (រូបថត៖ quochoi.vn) |
ធានាប្រសិទ្ធភាព
ដើម្បីធានាបាននូវការផ្តោតអារម្មណ៍ និងប្រសិទ្ធភាពក្នុងសកម្មភាពសួរដេញដោលរបស់រដ្ឋសភា សម័យសួរដេញដោលនិងឆ្លើយសំណួរដេញដោលលើកនេះផ្តោតសំខាន់លើវិស័យសេដ្ឋកិច្ចចម្រុះ-ម៉ាក្រូសេដ្ឋកិច្ច; សេដ្ឋកិច្ចឯកទេស; វប្បធម៌ - សង្គម និងយុត្តិធម៌ - កិច្ចការផ្ទៃក្នុង - សវនកម្មរដ្ឋ។
ជាពិសេស ពេលវេលានៃសម័យសួរដេញដោលមិនត្រូវបានកំណត់យ៉ាង“ជាក់លាក់” សម្រាប់ក្រុមវិស័យនីមួយៗនោះទេ ប៉ុន្តែនឹងត្រូវបានកែសម្រួលដោយភាពបត់បែនទៅតាមការវិវឌ្ឍន៍ជាក់ស្តែង។ ប្រការនេះបង្កើតភាពម្ចាស់ការ និងភាពបត់បែនសម្រាប់ប្រធានសម័យសួរដេញដោល រួមចំណែកលើកកំពស់ប្រសិទ្ធភាពនៃសម័យសួរដេញដោលនិងឆ្លើយសំណួរដេញដោល។
ថ្លែងមតិនៅពេលចុះពិនិត្យការត្រៀមរៀបចំសម័យប្រជុំសួរដេញដោល (នារសៀលថ្ងៃទី៣០ តុលា) ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា នេះគឺជាទម្រង់នៃ “ការឃ្លាំមើលក្រោយការឃ្លាំមើល”។ ព្រោះថាជាទីបំផុត ប្រការដែលម្ចាស់ឆ្នោត និងប្រជាពលរដ្ឋត្រូវការ គឺលទ្ធផលនៃការអនុវត្ត។ ប្រសិនបើត្រឹមតែសួរដេញដោលហើយមិនត្រឡប់មកវាយតម្លៃលទ្ធផលនៃការអនុវត្ត ជាពិសេសការសម្រេចបាននូវការសន្យានោះ សម័យសួរដេញដោលទាំងនេះ មិនទាន់នាំមកនូវប្រសិទ្ធភាពខ្ពស់បំផុតនោះទេ... សម្រាប់ការសួរដេញដោលនៅក្នុងសម័យប្រជុំលើកទី ៦ នេះ បញ្ហាកង្វល់របស់សាធារណៈមតិនឹងត្រូវបានលើកយកមកពិចារណាពីជ្រុងជ្រោយជាច្រើន។ និយាយអំពីបញ្ហានេះ លោក Trinh Xuan An សមាជិករដ្ឋសភាខេត្ត Dong Nai បានឲ្យដឹងថា៖
“យើងមិនបែងចែកជាក្រុមទេ ប៉ុន្តែបែងចែកតាមវិស័យនីមួយៗ ដើម្បីសួរដេញដោល នោះគឺជាចំណុចថ្មីបំផុតក្នុងការសួរដេញដោលលើកនេះ។ ដូច្នេះ នឹងឈានដល់ទីបំផុតនៃបញ្ហាដើម្បីឲ្យសមាជិករដ្ឋសភាអាចសួរបានកាន់តែស៊ីជម្រៅនិងចំបញ្ហាជាង”។
សកម្មភាពសួរដេញដោលនិងឆ្លើយសំណួរដេញដោលរបស់រដ្ឋសភា តែងតែទទួលបានការយកចិត្តទុកដាក់តាមដានពិសេសពីម្ចាស់ឆ្នោត និងប្រជាពលរដ្ឋទូទាំងប្រទេស។ គន្លឹះក្នុងការសួរដេញ
ដោលគឺដើម្បីចង្អុលបង្ហាញពីចំណុចខ្វះខាត ដើម្បីរួមគ្នាពិភាក្សា ដោះស្រាយ និងជួយរដ្ឋមន្ត្រី ប្រធានផ្នែកប្រតិបត្តិការ និងគ្រប់គ្រងឲ្យបានកាន់តែប្រសើរឡើង។ ហើយនៅក្នុងសម័យប្រជុំលើកទី៦នេះ ការសួរដេញដោលក៏ជាឱកាសមួយដើម្បីរដ្ឋសភា ម្ចាស់ឆ្នោត និងប្រជាពលរដ្ឋបានឃើញពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្រសួង និងស្ថាប័ននានាក្នុងការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភានាពេលកន្លងមកផងដែរ៕