សៀវភៅពិសេសជាអំណោយជូនដល់ Truong Sa និងផ្ទះរន្ទា DK1
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែមេសា ក្រុមការងារលេខ៣ ដឹកនាំដោយឧត្តមនាវីទោ Tran Ngoc Quyet អគ្គសេនាធិការរងនៃកងទ័ពជើងទឹកវៀតណាម បានចុះសួរសុខទុក្ខ លើកទឹកចិត្ត ផ្តល់អំណោយ និងស្វែងយល់ពីស្ថានភាពសតិអារម្មណ៍ ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជា លទ្ធផលនៃភារកិច្ចការពារអធិបតេយ្យភាពកោះសមុទ្ររបស់កងទ័ព និងប្រជាជន លើកោះចំនួន ៥ នៃប្រជុំកោះ Truong Sa (Spratly) រួមមាន៖ Song Tu Tay, Sinh Ton, Co Lin, Da Dong A, Truong Sa និងផ្ទះរន្ទា DK1។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានប្រគល់សៀវភៅមួយឈុតមានចំណងជើងថា “លាន់លឺរន្ទឺសម្លេងទឹកដី” របស់គ្រឹះស្ថានបោះពុម្ពព័ត៌មាន និងផ្សព្វផ្សាយ, សៀវភៅ “ទ្រឹស្តី និងការអនុវត្តជាក់ស្តែងមួយចំនួនលើមាគ៌ាឆ្ពោះទៅសង្គមនិយមនៅវៀតណាម” និងសៀវភៅ “តាំងចិត្ត និងតស៊ូប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន រួមចំណែកក្នុងការកសាងបក្ស រដ្ឋ កាន់តែស្អាតស្អំ និងរឹងមាំ” របស់អគ្គលេខាបក្សលោក Nguyen Phu Trong សម្រាប់កម្មាភិបាល យុទ្ធជន តំបន់ភូមិភាគទី ៤ នៃកងទ័ពជើងទឹក រួមទាំងទីតាំងកោះ និងផ្ទះរន្ទា។ ទាំងនេះគឺជាសៀវភៅដ៏មានអត្ថន័យ មានតម្លៃអំពីទ្រឹស្តី និងការអនុវត្ត មានលក្ខណៈតម្រង់ទិសខ្ពស់ សម្រាប់កម្មាភិបាល និងយុទ្ធជននៃតំបន់លេខ ៤ កងទ័ពជើងទឹក និងប្រជាជននៅលើប្រជុំកោះ Truong Sa។
សៀវភៅ “លាន់លឺរន្ទឺសម្លេងទឹកដី” មាន ១២ភាគ រួមទាំងសម្រង់ពីប្រយោគ ពាក្យពេជន៍ដ៏មានតម្លៃរបស់លោកប្រធាន ហូជីមិញ ដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ពីរាប់ម៉ឺនទំព័រនៃសៀវភៅ “សម្រាំងហូជីមិញ” ហើយបានរៀបចំជាប្រព័ន្ធ តាមប្រធានបទនីមួយៗ ដែលមានខ្លឹមសារជាមូលដ្ឋាននៃសតិអារម្មណ៍របស់លោកប្រធានហូជីមិញ។ ចំណែកឯសៀវភៅ “ទ្រឹស្តី និងការអនុវត្តជាក់ស្តែងមួយចំនួនលើមាគ៌ាឆ្ពោះទៅសង្គមនិយមនៅវៀត ណាម” គឺជាសម្រាំងនៃអត្ថបទចំនួន ២៩ របស់អគ្គលេខាបក្សលោក Nguyen Phu Trong ដោយសង្ខេបអំពីទ្រឹស្តី និងការអនុវត្តជាក់ស្តែង មេរៀនបទពិសោធន៍ដែលប្រមូលបាន តាមរយៈជាង ៣៥ ឆ្នាំនៃការកែទម្រង់ប្រទេសជាតិ និងការកសាងសង្គមនិយមនៅវៀតណាម ក្នុងគោលបំណងបំផុស និងជំរុញសេចក្តីប្រាថ្នាអភិវឌ្ឍន៍របស់ប្រទេសក្នុងដំណាក់កាលបច្ចុប្បន្ន។
លោក Lai Xuan Mon សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការ ឃោសនា និងអប់រំមជ្ឈិមប្រគល់សៀវភៅដល់កម្មាភិបាលនិងយុទ្ធជននៅផ្ទះរន្ទា DK1។ |
លោក Lai Xuan Mon សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការ ឃោសនា និងអប់រំមជ្ឈិម ក្នុងសុន្ទរកថា នៅពេលប្រគល់សៀវភៅនេះដល់កម្មាភិបាលនិងយុទ្ធជននៅកោះ Song Tu Tay បានបញ្ជាក់ថា៖ “សៀវភៅ “ទ្រឹស្តី និងការអនុវត្តជាក់ស្តែងមួយចំនួនលើមាគ៌ាឆ្ពោះទៅសង្គមនិយមនៅវៀតណាម” អះអាងថា គ្មានជម្រើសផ្សេងទេ ហើយវៀតណាមបានជ្រើសរើសផ្លូវឆ្ពោះទៅរកសង្គមនិយម។ សៀវភៅនេះបានបូកសរុបអំពីការផ្លាស់ប្តូរថ្មីអស់រយៈពេល ៣០ ឆ្នាំ វៀតណាមបានតស៊ូយ៉ាងប្ដូរផ្ដាច់ និងអនុវត្តប្រកបដោយភាពច្នៃប្រឌិតនូវគោលនយោបាយនេះ ដើម្បីធ្វើឲ្យប្រទេសមានការអភិវឌ្ឍដោយឥតឈប់ឈរ។ តាមនោះ អត្រាកំណើនសេដ្ឋកិច្ចតាំងពីអនុវត្តន៍ការផ្លាស់ប្តូរថ្មីមក តែងតែសម្រេចបាន ៨% ទំហំសេដ្ឋកិច្ចសម្រេចបានជាង ៤០០ ពាន់លានដុល្លារអាមេរិក ឈរនៅលំដាប់ទី ៤ ក្នុងតំបន់ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់មានជាង ៤ ពាន់លានដុល្លារអាមេរិក ការនាំចេញសម្រេចបានជាង ៧០០ ពាន់លានដុល្លារ ទុនបំរុងប្តូរប្រាក់បរទេសបានកើនឡើងដល់ជាង ១០០ ពាន់លានដុល្លារអាមេរិក ការកាត់បន្ថយភាពក្រីក្របានត្រឹមតែ ២% តាមលក្ខណៈវិនិច្ឆ័យថ្មី កម្រិតជីវភាពរបស់ប្រជាជនត្រូវបានកែលម្អ ការពារជាតិ និងសន្តិសុខត្រូវបានរក្សា។ ច្បាស់ណាស់ថា យើងត្រូវតែបន្តតស៊ូអនុវត្តប្រកបដោយភាពច្នៃប្រឌិតនូវលទ្ធិម៉ាក្ស-លេនីន និង សតិអារម្មណ៍របស់លោកប្រធានហូជីមិញ ទៅលើគោលមាគ៌ាផ្លាស់ប្តូថ្មីរបស់បក្សយើង”។
លោក Nguyen Thai Hoc អនុប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការផ្ទៃក្នុង ប្រគល់សៀវភៅដល់កម្មាភិបាល និងយុទ្ធជននៅកោះ Truong Sa។ |
ទន្ទឹមនឹងនោះ ខ្លឹមសារនៃសៀវភៅ “តាំងចិត្ត និងតស៊ូប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន រួមចំណែកក្នុងការកសាងបក្ស រដ្ឋ កាន់តែស្អាតស្អំ និងរឹងមាំ” លើកឡើងអំពីបញ្ហា ទ្រឹស្តី និងការអនុវត្តជាក់ស្តែងលើការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអវិជ្ជមាននៅវៀតណាម។ លោក Nguyen Thai Hoc អនុប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការផ្ទៃក្នុង នៅក្នុងសុន្ទរកថា ពេលប្រគល់សៀវភៅដល់កម្មាភិបាល និងយុទ្ធជននៃផ្ទះរន្ទា DK1 បានឲ្យដឹងថា៖ “សៀវភៅនេះកំពុងត្រូវបានកម្មាភិបាល បក្ខជន និងប្រជាជនទូទាំងប្រទេស ស្រាវជ្រាវ និងសិក្សា ដោយជ្រួតជ្រាបសតិអារម្មណ៍តស៊ូប្រយុទ្ធប្រឆាំងអំពើពុករលួយ អសកម្មរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong។ ហើយយើងបានប្រគល់សៀវភៅនេះជូនដល់កម្មាភិបាលនិងយុទ្ធជននៃផ្ទះរន្ទា DK1 ដោយក្តីសង្ឃឹមថា សមមិត្តនៅទីនេះ ជារៀងរាល់ថ្ងៃ រស់នៅ តស៊ូ ការពារបូរណភាពទឹកដីដ៏ពិសិដ្ឋរបស់មាតុប្រទេស មានលក្ខខណ្ឌក្នុងការសិក្សា ស្រូបយកគំនិតដឹកនាំរបស់លោកអគ្គលេខាបក្ស ដើម្បីសម្រេចបានជោគជ័យរាល់ភារកិច្ច”។
“តាំងចិត្ត និងតស៊ូប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន រួមចំណែកក្នុងការកសាងបក្ស រដ្ឋ កាន់តែស្អាតស្អំ និងរឹងមាំ” ក៏បានរៀបចំជាប្រព័ន្ធនូវការណែនាំរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងតួនាទីជាប្រមុខបក្សកុម្មុយនិស្តវៀតណាម និងជាប្រមុខ គណៈកម្មាធិការមជ្ឈិមដឹកនាំប្រឆាំងអំពើពុករលួយ បង្ហាញពីគោលនយោបាយខ្ជាប់ខ្ជួនរបស់បក្សកុម្មុយនិស្តវៀតណាមលើការបង្ការ និងទប់ស្កាត់អំពើពុករលួយ អវិជ្ជមាន ការកសាង និងកែតម្រូវបក្ស ការបណ្តុះបណ្តាលសីលធម៌ របៀបរស់នៅរបស់កម្មាភិបាល និងបក្ខជន។ ដោយក្រេបយកសតិអារម្មណ៍នេះ លោកវរសេនីយ៍ឯក Tran Van Trinh ស្នងការនយោបាយនៅកោះ Sinh Ton បាននិយាយថា៖ “ក្រុមការងារលេខ ៣ បានទៅទស្សនានិងមានក្តីស្រឡាញ់រាប់អានចំពោះកម្មាភិ បាល យុទ្ធជនលើកោះ រួមទាំងអំណោយខាងស្មារតីពិសេស នោះគឺសៀវភៅរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong។ នាពេលខាងមុខ យើងនឹងជ្រួតជ្រាបយ៉ាងហ្មត់ចត់ និងអប់រំដល់កម្មាភិបាល យុទ្ធជន និងកងកម្លាំងទាំងអស់នៅលើកោះ អំពីខ្លឹមសារ និងអត្ថន័យនៃសៀវភៅនេះ”។
ការប្រគល់សៀវភៅដ៏មានអត្ថន័យ និងមានតម្លៃទាំងទ្រឹស្តី និងការអនុវត្តដល់កម្មាភិបាល និងយុទ្ធជនតំបន់កងទ័ពជើងទឹកលេខ ៤ និងទីតាំងកោះ ផ្ទះរន្ទា ក្រុមការងារមានបំណងចង់ឱ្យកម្មាភិបាល យុទ្ធជន និងប្រជាជននៅលើកោះ ឲ្យជ្រួតជ្រាបអនុវត្តន៍រាល់សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិម អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវលទ្ធិម៉ាក្ស-លេនីន និងសតិអារម្មណ៍របស់លោកហូជីមិញលើមាគ៌ាឆ្ពោះទៅសង្គមនិយមរបស់វៀតណាម។ ទន្ទឹមនឹងនោះ អនុវត្តបានល្អការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងភាពអវិជ្ជមាន រួមចំណែកក្នុងការកសាងបក្ស និងរដ្ឋដ៏ស្អាតស្អំ និងរឹងមាំ ការពារអធិបតេយ្យភាពនៃកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុប្រទេស៕