សហគមន៍អន្តរជាតិខិតខំប្រឹងប្រែងបន្ធូរស្រាលស្ថានភាពសឹកនៅមជ្ឈឹមបូព៌ា

(VOVWORLD) - ចំពោះមុខស្ថានភាពជម្លោះប្រដាប់អាវុធរវាងអ៊ីស្រាអែលនិងចលនាអ៊ីស្លាម ហាម៉ាសរបស់ប៉ាឡេស្ទីនដែលមួយរយៈចុងក្រោយនេះហាក់ដូចជាកាន់តែក្តៅ ឡើងនោះ សហគមន៍អន្តរជាតិកំពុងខិតខំប្រឹងប្រែងដើម្បីបន្ធូស្រាលភាពតានតឹង នេះនិងទប់ស្កាត់ជម្លោះដែលកំពុងឡើងជណ្តើរ។ បន្ទាប់ពីផ្ទុះឡើងជាងមួយ សប្តាហ៍ រហូតមកទល់ពេលនេះ រាល់ការប្រយុទ្ធគ្នាឆ្លងដែនរវាងអ៊ីស្រាអែលនិង ហាម៉ាសនៅតំបន់ហ្គាហ្សាបានបណ្តាលឲ្យប្រជាជនប៉ាឡេស្ទីនស្លាប់រាប់រយនាក់ ក្នុងនោះមានកុមារនិងស្ត្រីជាច្រើននាក់ រួមទាំងរាប់ពាន់នាក់ផ្សេងទៀតរងរបួស ហើយផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លិចបំផ្លាញដែរ។ 

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅថ្ងៃទី ១៦ ខែឧសភាបានចាត់ទុកអំពើហឹង្សានៅតំបន់ហ្គាហ្សាកាលពីសប្តាហ៍មុនថា ជាការ “គួរអោយរន្ធត់ញ៉ាប់ញ័របំផុត” ដោយព្រមានថា ជម្លោះនេះអាចរុញច្រានតំបន់ទាំងមូលធ្លាក់ចូលក្នុងវិបត្តិដែលមិនអាចគ្រប់គ្រងបានជាពុំខាន។ ចំពោះមុខស្ថានភាពដ៏ចម្រូងចម្រាស់នេះ សហគមន៍អន្តរជាតិបានប្រឹងប្រែងយ៉ាងសកម្មដើម្បីស្វែងរកដំណោះស្រាយអាចបញ្ចប់ជម្លោះ។

សហគមន៍អន្តរជាតិខិតខំប្រឹងប្រែងបន្ធូរស្រាលស្ថានភាពសឹកនៅមជ្ឈឹមបូព៌ា - ảnh 1ផ្សែងភ្លើងហោះឡើងបន្ទាប់ពីការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលនៅទីក្រុង ហ្គាស្សា កាលពីថ្ងៃទី១៧ ខែឧសភា។ (រូបថត៖ AFP)

ការខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះ

ថ្ងៃដែលលោកអគ្គលេខាធិការអង្គការសហប្រជាជាតិបាននាំចេញការព្រមាន (ពោលគឺថ្ងៃ ១៦ ឧសភា) ក៏ជាថ្ងៃដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំលើកទី ៣ ជាប់ៗគ្នាក្នុងសប្តាហ៍តែមួយ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះ។ មតិយោបល់ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំទាំងនេះ ក៏ដូចជាមតិជាច្រើនបានថ្លែងឡើងមុននោះ បានសង្កត់ធ្ងន់ជាពិសេសលើភាពចាំបាច់ឲ្យបញ្ចប់ការបង្ហូរឈាមរវាងភាគីទាំងពីរ។ នៅថ្ងៃដដែល រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានជួបសន្ទនាដាច់ដោយឡែកពីគ្នា ជាមួយសមភាគីកាតា អេហ្ស៊ីបនិងអារ៉ាប់ប៊ីសាអូឌីត ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់អំពើហឹង្សារវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល។ តាមបណ្តាជំនួបនេះភាគីនានាបានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចធ្វើកិច្ចសហប្រតិបត្តិការដើម្បីជំរុញឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់ភ្លាមមួយរំពេក។ មួយថ្ងៃក្រោយមក នៅថ្ងៃទី ១៧ ឧសភា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានបន្តអះអាងថា ទីក្រុងវ៉ាស៊ីនតោននឹងខិតខំប្រឹងប្រែងអស់ពីសមត្ថ ភាព ដើម្បីបញ្ចប់នូវអំពើហឹង្សាក្នុងពេលបច្ចុប្បន្ន ហើយត្រៀមខ្លួនជាស្រេចដើម្បីជួយស្វែងរក បទឈប់បាញ់។

ក្នុងពេលជាមួយគ្នានោះ ព្រឹទ្ធសមាជិកចំនួន ២៨ រូបនៃគណៈបក្សប្រជាធិបតេយ្យអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយដោយអំពាវនាវឱ្យយោធាអ៊ីស្រាអែលនិងកងកម្លាំងហាម៉ាស ឈានដល់សម្រេចកិច្ចព្រមព្រៀងឈប់បាញ់។ពីអឺរ៉ុប រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas នៅថ្ងៃទី ១៦ ខែឧសភាបានលើកឡើងគំនិតបីចំណុច ដើម្បីបន្ធូស្រាលកំដៅនៃជម្លោះ ដែលអាចផ្ទុះលើទ្រង់ទ្រាយធំនេះ រួមទាំងការបញ្ឈប់ការវាយប្រហារដោយមីស៊ីល បញ្ឈប់អំពើហឹង្សា ហើយត្រឡប់ទៅរកតុចរចាវិញ ដើម្បីពិភាក្សាពីជំហានជាក់ស្តែងសម្រាប់កសាងទំនុកចិត្តពីគ្នារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ក៏ដូចជាលើដំណោះស្រាយរដ្ឋពីរ។ ដូចផែនការដែលបានគ្រោងទុក ក្នុងថ្ងៃ ១៨ ខែឧសភានេះ រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសសហភាពអឺរ៉ុប (EU) បានបើកកិច្ចប្រជុំបន្ទាន់តាមអ៊ិនធឺរណែត ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយបញ្ចប់អំពើហឹង្សានៅមជ្ឈឹមបូព៌ា។ ជាមួយគ្នានោះ នៅឯកិច្ចចរចានាថ្ងៃទី ១៧ ឧសភា នៅទីក្រុងប៉ារីស ប្រធានាធិបតីបារាំងលោក Emmanuel Macron និងប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi បានបញ្ជាក់ថា នឹងបន្តសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកកិច្ចព្រមព្រៀងឈប់បាញ់មួយ ដើម្បីទប់ស្កាត់ជម្លោះកំពុងកើនឡើង។ ចំណែកខ្លួនវិញ ក្នុងនាមជាសមាជិកមួយនៃក្រុមប្រទេសចតុភាគីនៃមជ្ឈិមបូព៌ា (Middle East Quartet )  (រួមមានអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សហរដ្ឋអាមេរិកនិងរុស្ស៊ី) រុស្ស៊ីបានអំពាវនាវឱ្យ Middle East Quartet ធ្វើសកម្មភាពភ្លាមៗដើម្បីបញ្ចប់ជម្លោះ។

នៅចំពោះមុខរាល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ អេហ្ស៊ីបធ្វើជាអាជ្ញាកណ្តាលសម្រាប់បទឈប់បាញ់មួយ រវាងយោធាអ៊ីស្រាអែលនិងបណ្តាកងកម្លាំងនៅតំបន់ហ្គាហ្សាកាលពីសប្តាហ៍មុន។ តាមនោះ គណៈប្រតិភូអេហ្ស៊ីបមួយក្រុម បានជួបជាមួយមន្រ្តីអ៊ីស្រាអែលនិងហាម៉ាស។ នៅទីនោះ អេហ្ស៊ីបបានស្នើឡើងនូវបទឈប់បាញ់ដែលអូសបន្លាយក្នុងមួយឆ្នាំរវាងភាគីទាំងពីរ ដោយក្រុង Cairo ជាអ្នកត្រួតពិនិត្យនិងជាអ្នកសម្របសម្រួល។

សហគមន៍អន្តរជាតិខិតខំប្រឹងប្រែងបន្ធូរស្រាលស្ថានភាពសឹកនៅមជ្ឈឹមបូព៌ា - ảnh 2ចាប់តាំងពីថ្ងៃទី១០ ឧសភា មក អ៊ីស្រាអែលបានអនុវត្តន៍ការវាយប្រហាររហូតដល់ ៩៥០ លើកទៅលើតំបន់ហ្គាស្សា។ (រូបថត៖ AP)

បញ្ហាប្រឈមនិងយថាទស្សន៍

គួរជាទីសោកស្តាយ រហូតមកដល់ពេលនេះ ការខិតខំប្រឹងប្រែងដើម្បីជំរុញឲ្យមានបទឈប់បាញ់រវាងប្រជាជនប៉ាឡេស្ទីននិងយោធាអ៊ីស្រាអែលនៅមិនទាន់សម្រេចបានជាផ្លែផ្កាទាល់តែសោះ។ រហូតមកដល់យប់ថ្ងៃទី ១៧ ឧសភា (ម៉ោងក្នុងតំបន់) ការប៉ះទង្គិចគ្នាឆ្លងព្រំដែនរវាងភាគីទាំងពីរនៅតែត្រូវបានមើលឃើញថា មានកម្រិតសាហាវនៅឡើយ។

ប្រការដែលគួរឱ្យព្រួយបារម្ភជាងនេះទៅទៀត នោះគឺជម្លោះរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលឥឡូវនេះ បានពង្រីកដល់ទឹកដីប្រទេសលីបង់ ដែលជាប្រទេសមានចលនាអ៊ីស្លាម Hezbollah តែងតែចាត់ទុកអ៊ីស្រាអែលជា “សត្រូវស្លាប់រស់” ហើយក៏បានប្រកាសម្តងហើយម្តងទៀតនឹងប្រកៀកស្មារជាមួយហាម៉ាស។ ដូច្នោះនៅយប់ថ្ងៃទី ១៧ ឧសភាកងទ័ពអ៊ីស្រាអែលបានបាញ់ផ្លោងទៅភាគខាងត្បូងប្រទេសលីបង់ជាការឆ្លើយតបនឹងការបាញ់រ៉ុក្កែត ៦ គ្រាប់ពីភាគខាងត្បូងប្រទេសលីបង់សំដៅប្រទេសអ៊ីស្រាអែលប៉ុន្តែបានធ្លាក់ក្នុងទឹកដីលីបង់។ អាស្រ័យហេតុនេះ នៅយប់ថ្ងៃទី ១៧ ឧសភា កងទ័ពអ៊ីស្រាអែលបានបាញ់ផ្លោងតម្រង់ទៅលើភាគខាងត្បូងប្រទេសលីបង់ ដែលជាការឆ្លើយតបនឹងការបាញ់រ៉ុក្កែត ៦ គ្រាប់ពីភាគខាងត្បូងប្រទេសលីបង់ ឆ្ពោះទៅរកអ៊ីស្រាអែល ប៉ុន្តែត្រូវធ្លាក់ក្នុងទឹកដីលីបង់។

យោងតាមមជ្ឈដ្ឋានអ្នកវិភាគថា មូលហេតុដែលរាល់កិច្ចប្រឹងប្រែងអន្តរជាតិរហូតមកទល់ពេលនេះមិននាំមកនូវផ្លែផ្ការ គឺដោយសារតែហេតុផលជាច្រើន។ ក្នុងនោះ បញ្ហាប្រវត្តិសាស្ត្រដ៏ចម្រូងចម្រាស់ និងគំនុំគំគួនយូរអង្វែងរវាងភាគីទាំងពីរ គឺជាឧបសគ្គដ៏ពិបាកជំនះបំផុត។ លើសពីនេះទៅទៀត ជម្លោះប៉ាឡេស្ទីន -អ៊ីស្រាអែលនិយាយដោយឡែក និងជម្លោះរវាងពិភពអារ៉ាប់និងអ៊ីស្រាអែលនិយាយរួម ក៏រងការបង្គាប់បញ្ជានិងឥទ្ធិពលពីផលប្រយោជន៍របស់ភាគីនីមួយៗនៅក្នុងតំបន់ក៏ដូចជាការជ្រៀតជ្រែកពីកម្លាំងអន្តរជាតិទៀតសោត។ ខណៈពេលដែល ដំណើរការសន្តិភាពរបស់ប៉ាឡេស្ទីន - អ៊ីស្រាអែលអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ពុំទទួលបានការយកចិត្តទុកដាក់សមស្របពីសហ គមន៍អន្តរជាតិ ដោយសារហេតុផលផ្សេងៗច្រើន ក្នុងនោះមានទាំងហេតុផលថា ប្រទេសនានាបានផ្តោតធនធានក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ឬផ្តោតលើបញ្ហាដែលទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ខ្លួនផ្ទាល់។

យ៉ាងណាមិញ សាធារណៈមតិនៅតែជឿជាក់ថា ការទប់ស្កាត់ជម្លោះឡើងជណ្តើរ ឡើងនិងការស្តារសន្តិភាពនៅតែមានកាលានុវត្តន៍ភាព។  ដោយសារតែ ភាគីទាំងអស់មិនអាចព្រងើយកន្តើយជារៀងរហូត ចំពោះការអំពាវនាវម្តងហើយម្តងទៀតរបស់ពិភពលោកឲ្យមានបទឈប់បាញ់ ជាពិសេសនៅពេលដែល ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងប្រទេសមហាអំណាចជាច្រើនបានឡើងសំឡេងជាផ្លូវការ។ ថ្វីត្បិតដូច្នេះក៏ដោយ ភាគីនីមួយៗនៅក្នុងជម្លោះនេះ សុទ្ធតែយល់ឃើញថា ការកាន់តែកើនឡើងភាពតានតឹង ត្រឹមតែដាក់ខ្លួនផ្ទាល់កាន់តែធ្លាក់ក្នុងភាពបាត់បង់និងការឈឺចាប់តែប៉ុណ្ណោះ។  ហើយការបាត់បង់នោះ ការឈឺចាប់នោះ មិនត្រឹមតែជាការរស់រានមានជីវិតរបស់ប្រជាជនស៊ីវិល សក្តានុពលនៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់កិត្យានុភាពនិងមុខមាត់របស់ប្រទេសខ្លួននៅលើឆាកអន្តរជាតិទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ