សហជីពផ្លាស់ប្ដូរថ្មីសកម្មភាពនាពេលដែលវៀតណាមចូលរួម CPTPP
(VOVWORLD) - កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលបានចូលជាធរមានជាផ្លូវការចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ បានបើកចេញកាលានុវត្តភាពក៏ដូចជាការសាកល្បងចំពោះអង្គការ សហជីពវៀតណាម។ អគ្គសម្ព័ន្ធពលកម្មវៀត ណាមបានបញ្ជាណែនាំអោយ សហជីពគ្រប់ជាន់ថ្នាក់ផ្លាស់ប្ដូរថ្មីខ្លឹមសារនិងវិធីធ្វើសកម្មភាពសំដៅបង្កើតសុខុ មាលភាពសម្រាប់ពលករ។ ប្រការនេះបានអះអាងនូវតួនាទីនិងឋានៈរបស់ អង្គការសហជីពដោយជាទីបង្អែកដ៏គួរអោយទុកចិត្តរបស់ពលករនាពេលវៀត ណាមធ្វើសមាហរណកម្មចូលក្នុងសេដ្ឋកិច្ចសកល។
សហជីពគ្រប់ជាន់ថ្នាក់បានម្ចាស់ការចូលរួមជាមួយនិយោជកក្នុងបញ្ហាជាច្រើនដូចជាបញ្ហាប្រាក់បៀវត្តន៍ ប្រាក់រង្វាន់ បទបញ្ជាការងារ ព្រមទាំងរៀបចំកិច្ចសន្ទនាអំពីសិទ្ធិ កាតព្វកិច្ច ក៏ដូចជាការធានាអោយបានស្រុះស្រួលនូវផលប្រយោជន៍រវាងរដ្ឋ សហគ្រាសនិងពលករ។ សហជីព វៀតណាមក៏បានចូលរួមជាមួយរដ្ឋាភិបាលក្នុងការធ្វើវិសោធនកម្ម បំពេញបន្ថែមយន្តការ គោលនយោបាយ ដើម្បីធានាបានផលប្រយោជន៍និងតម្រូវការក្នុងជីវិតសម្រាប់ពលករ។
ថែទាំនិងគាំពារផលប្រយោជន៍ស្របច្បាប់របស់ពលករ
ដើម្បីធានាបាននូវផលប្រយោជន៍របស់ពលករ អង្គការសហជីពបានអនុវត្តន៍ភារកិច្ចដ៏ថ្មីមួយនោះគឺដាក់ពាក្យបណ្ដឹងសហគ្រាសដែលជំពាក់ប្រាក់ធានារ៉ាប់រងសង្គមរបស់ពលករដែលត្រូវបានចែងក្នុងច្បាប់។ នាគ្រាដំបូង សហជីពវៀតណាមបានបណ្ដុះបណ្ដាលអោយកម្មាភិបាលសហជីពអំពីដំណើរការដាក់ពាក្យបណ្ដឹងសហគ្រាសដែលជំពាក់ប្រាក់ធានារ៉ាប់រងសង្គម ព្រមទាំងសហការជាមួយអង្គការធានារ៉ាប់រង់សង្គមវៀតណាមដោះស្រាយការលំបាករបស់បណ្ដាតំបន់ នាពេលដាក់ពាក្យបណ្ដឹងសហគ្រាសដែលរំលោភបំពានលើច្បាប់ស្ដីពីការធានារ៉ាប់រងសង្គមផងដែរ។ លោក Le Dinh Quang អនុប្រធានគណៈកម្មការទំនាក់ទំនងជាមួយពលករ ចំណុះអគ្គសម្ព័ន្ធពលកម្មវៀត ណាម បានអោយដឹងថា៖
“យើងមិនទាន់មានមេធាវីនៅឡើយទេ ហេតុដូច្នេះហើយ យើងខ្ញុំកំពុងកសាងគម្រោងការណ៍ធ្វើយ៉ាងម៉េចដើម្បីអោយមានមេធាវីសហជីពចំនួន២០នាក់។ ប៉ុន្តែដើម្បីសម្រេចបានគឺត្រូវជួបការលំបាក ច្រើនណាស់។ ព្រោះថា តាមច្បាប់មេធាវីកម្មាភិបាលមន្ត្រីរដ្ឋការមិនអាចធ្វើជាមេធាវីបានទេ ស្របពេលដែលកម្មាភិបាលសហជីពនៅតាមមូលដ្ឋានស្ទើរតែទាំងអស់គឺជាមន្ត្រីរដ្ឋការ។ អង្គការសហជីពត្រូវធ្វើយ៉ាងម៉េចដើម្បីកសាងជួរមេធាវីដែលផ្ដោតទៅលើតែផ្នែកច្បាប់ពលកម្មប៉ុណ្ណោះ ហើយមិនធ្វើសកម្មភាពដើម្បីប្រាក់ចំណេញនោះទេ”។
ជារៀងរាល់ឆ្នាំ នាពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជិតមកដល់ សហជីពវៀតណាមជានិច្ចកាលថែទាំជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីសម្រាប់ពលករតាមរយៈកម្មវិធី “បុណ្យតេតជួបជុំគ្នា” ដើម្បីអោយពួកគេទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកបដោយភាពសប្បាយរីករាយ។ នេះជាសកម្មភាពដ៏មានអត្ថន័យជាក់ស្ដែងសំដៅថែទាំដល់កម្មករ ពលករដែលមានស្ថានភាពរស់នៅលំបាក។ លោកស្រី Nguyen Thi Nhu Y ប្រធានសម្ព័ន្ធពលកម្មខេត្ត Dong Nai បានអោយដឹងថា៖
“ក្នុងកម្មវិធី “បុណ្យតេតជួបជុំគ្នា” មានសកម្មភាពជាច្រើនដូចជា រៀបចំរថយន្តដឹកជញ្ជូនពលករវិលមកស្រុកកំណើតវិញដើម្បីទទួលអំណរបុណ្យតេត ឬជូនសំបុត្ររថយន្តនិងរថភ្លើងសម្រាប់ពលករផងដែរ។ រីឯចំពោះពលករដែលមិនវិលមកស្រុកកំណើតវិញនោះ សហជីពនឹងរៀបចំពិធីជួបជុំដើម្បីបង្កើតបរិយាកាសដ៏សម្បាយរីករាយសម្រាប់ពលករក្នុងឱកាសបុណ្យតេត។ ទន្ទឹមនឹងនោះ សហជីពជានិច្ចកាលយកចិត្តទុកដាក់ដល់គោលនយោបាយស្ដីពីពលករ ផងដែរ”។
អនុវត្តន៍គោលដៅទាក់ទាញសមាជិកសហជីព
ការដែលវៀតណាមចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ជាការសាកល្បងចំពោះអង្គការសហជីព ព្រោះថាពលករអាចចូលរួមក្នុងអង្គការផ្សេងៗរបស់ពលករ ដែលមិនម៉ែនជាអង្គការសហជីពវៀតណាមឡើយ។ ប៉ុន្តែ នេះក៏ជាកាលានុវត្តភាពដើម្បីសហជីពវៀតណាមផ្លាស់ប្ដូរថ្មីខ្លឹមសារ វិធីធ្វើសកម្មភាព ដើម្បីទាក់ទាញសមាជិក។ ប្រធានអគ្គសម្ព័ន្ធពលកម្មវៀតណាមលោក Bui Van Cuong បានអោយដឹងថា៖
“ប្រសិនបើចង់ទាក់ទាញការចូលរួមរបស់ពលករគឺយើងខ្ញុំត្រូវធ្វើអោយបានល្អការងារជាតំណាងរបស់ពលករ ថែទាំការពារពលករ ជាពិសេសគឺត្រូវផ្លាស់ប្ដូរថ្មីអង្គការសហជីពវៀតណាមដើម្បីនាំមកនូវផលប្រយោជន៍ជាច្រើនជូនដល់ពលករ។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវតាក់តែងច្បាប់ស្ដីពីការធានាសុវត្ថិភាព អនាម័យពលកម្ម ស្ដីពីការដោះស្រាយដែលកើតមានឡើង ក៏ដូចជាស្ដីពីទំនាក់ទំនងរវាងនយោជកនិងពលករ ទៀតផង។ ប្រសិនបើពលករឃើញផលប្រយោជន៍ជាក់ស្ដែងដែលអង្គការសហជីពវៀតណាមនាំមកជូនខ្លួននោះ គឺគេនឹងចូលរួមជាមួយយើង”។
តាមរយៈការផ្លាស់ប្ដូរថ្មីវិធីធ្វើសកម្មភាព អង្គការសហជីពវៀតណាមកាន់តែអះអាងបាននូវតួនាទីរបស់ខ្លួនចំពោះប្រជាកម្មករនិងពលករ ព្រមទាំងជាទីបង្អែកដ៏រឹងមាំសម្រាប់ពលករវៀត ណាមផងដែរ៕