សហភាពអឺរ៉ុប-អាមេរិកបន្តស្ដារទំនាក់ទំនងអន្តរអាត្លង់ទិចឡើងវិញ

(VOVWORLD) - ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប (EU) លោក Valdis Dombrovskis បានធ្វើទស្សនកិច្ចនៅអាមេរិកចាប់ពីថ្ងៃទី២៧ កញ្ញា ដល់ថ្ងៃទី១ តុលា។ ដំណើរទស្សនកិច្ចនេះគឺសំដៅអនុវត្តន៍ជាក់ស្ដែងរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់ដែលថ្នាក់ដឹកនាំនៃភាគីទាំងពីរសម្រេចបានបន្ទាប់ពីកិច្ចប្រជុំកំពូលអាមេរិក-EU កាលពីខែមិថុនាឆ្នាំនេះ ដែលជាជំហានដ៏សំខាន់បើកផ្លូវឲ្យភាគីទាំងពីរអាចឆ្ពោះទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅខែវិច្ឆិកាខាងមុខ ព្រមទាំងបង្ហាញឲ្យឃើញសុឆន្ទៈក្នុងការបន្តស្ដារទំនាក់ទំនងអន្តរអាត្លង់ទិចរវាងសម្ព័ន្ធមិត្តយុទ្ធសាស្ត្រទាំងពីរនេះផងដែរ។

ទំនាក់ទំនងអាមេរិក-EU នាំមកនូវផលប្រយោជន៍យុទ្ធសាស្ត្រផ្នែកសេដ្ឋកិច្ច សន្តិសុខ នយោបាយដ៏សំខាន់ជូនភាគីទាំងពីរ។ ទំនាក់ទំនងសេដ្ឋកិច្ចអាមេរិក-EU គឺជាទំនាក់ទំនងសេដ្ឋកិច្ចធំបំផុតលើពិភពលោក ដោយមានតម្លៃស្មើនឹង១/៣នៃ GDP ជាសកល ស្រូបយក ១/២នៃការប្រើប្រាស់ឯកជនជាសកល ហើយបង្កើតឡើងការងារធ្វើចំនួន១៦លាននៅច្រាំងអាត្លង់ទិចទាំងសង្ខាង។ លើវិស័យសន្តិសុខនិងនយោបាយ តួនាទីដឹកនាំរបស់អាមេរិកចំពោះអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) ជួយធានាសន្តិសុខសម្រាប់ EU ហើយជំរុញប្រជាធិបតេយ្យនិងវិបុលភាពនៅតាមប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបនានា។ ចំណែកឯ EU ក៏មានតួនាទីសំខាន់ក្នុងការពង្រឹងនិងជួយគាំទ្រផលប្រយោជន៍សន្តិសុខនិងនយោបាយរបស់អាមេរិកផងដែរ។ សូម្បីតែទំនាក់ទំនងរវាងភាគីទាំងពីរស្ថិតនៅកម្រិតទាបបំផុតក្នុងអំឡុងពេលកាន់អំណាចរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក៏ដោយ ប៉ុន្តែយុទ្ធសាស្ត្រសន្តិសុខជាតិអាមេរិកឆ្នាំ២០១៧នៅតែបញ្ជាក់ថា អាមេរិកនឹងមានសុវត្ថិភាពជាង នៅពេលដែលអឺរ៉ុបមានវិបុលភាពនិងស្ថិរភាព ព្រមទាំងអាចជួយអាមេរិកការពារអាទិភាពនិងតម្លៃផ្ទាល់ខ្លួនទៀតផង។

សហភាពអឺរ៉ុប-អាមេរិកបន្តស្ដារទំនាក់ទំនងអន្តរអាត្លង់ទិចឡើងវិញ - ảnh 1ស្នងការពាណិជ្ជកម្ម EU លោក Valdis Dombrovskis (ខាងស្ដាំ) ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo។ (រូបថត៖ Vietnamplus)

ពង្រឹងនិងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម-វិនិយោគ

ចំណុចលេចធ្លោក្នុងដំណើរទស្សនកិច្ចរបស់ស្នងការពាណិជ្ជកម្ម EU លោក Valdis Dombrovskis នៅអាមេរិកនោះ គឺកិច្ចប្រជុំក្រុមប្រឹក្សាពាណិជ្ជកម្មនិងបច្ចេកវិទ្យា EU-អាមេរិក (TTC) លើកដំបូងដែលបានធ្វើឡើងកាលពីថ្ងៃទី២៩និងទី៣០ ខែកញ្ញា នៅទីក្រុង Pittsburgh។ ការបង្កើតក្រុមប្រឹក្សាគឺសំដៅពិភាក្សាអំពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនិងបច្ចេកវិទ្យាធំៗមួយចំនួនដែលសម្ព័ន្ធភាពអន្តរអាត្លង់ទិចនេះកំពុងជួបប្រទះ។ ជាក់ស្ដែងគឺ ផ្ដោតសំខាន់ទៅលើវិស័យបច្ចេកវិទ្យានិងពាណិជ្ជកម្ម ដើម្បីជួយទ្រទ្រង់ការអភិវឌ្ឍគំនិតផ្ដួចផ្ដើមថ្មីៗ បង្កើតស្តង់ដារពាណិជ្ជកម្មជាសកលថ្មី ហើយជំរុញតម្លៃនៅតាមបណ្ដាញអនឡាញ។ ក្រៅពីនោះ យន្តការនេះនឹងធ្វើការពិគ្រោះយោបល់ ដោះស្រាយជម្លោះពាណិជ្ជកម្ម កែសម្រួលនីតិវិធីច្បាប់ និងអភិវឌ្ឍន៍គោលការណ៍រួមចំពោះក្រុមហ៊ុនបច្ចេកវិទ្យាទើបលេចចេញនៅច្រាំងអាត្លង់ទិចទាំងសង្ខាង។ ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារមួយចំនួនដែលត្រូវបានលើកយកមកពិភាក្សានៅកិច្ចប្រជុំលើកដំបូងនេះ គឺវិធានការកែលម្អខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីប semiconductor ការអភិវឌ្ឍនិងអនុវត្តបញ្ញាសិប្បនិម្មិត សំដៅបង្កើនវិធានការការពារសិទ្ធិឯកជនភាពរបស់ប្រជាជន។

ភាគីទាំងពីរក៏បានកំណត់គោលដៅរួមនោះ គឺស្វែងរកកម្លាំងចលករថ្មីសម្រាប់កសាងយន្តការជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគទ្វេភាគី។ ក្រៅពីនោះ អាមេរិកនិង EU នឹងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការធ្វើបច្ចុប្បន្នកម្មគោលការណ៍ ស្ដង់ដារអន្តរជាតិ ដើម្បីធានាលក្ខណៈស៊ីសង្វាក់គ្នា ដូច្នេះបណ្ដាគោលនយោបាយពាណិជ្ជកម្មនិងបច្ចេកវិទ្យាអាចជួយទ្រទ្រង់ដល់ការរីកចម្រើនយ៉ាងទូលំទូលាយសម្រាប់ភាគីទាំងពីរក្នុងសតវត្សរ៍ទី២១នេះ។

យោងតាមស្នងការពាណិជ្ជកម្ម EU លោក Valdis Dombrovskis ថា TTC គឺជា “ភស្តុតាងដែលបង្ហាញឲ្យឃើញសុឆន្ទៈរបស់ EU ក្នុងការពង្រឹងទំនាក់ទំនងជាមួយអាមេរិក”។

ទម្លុះទម្លាយភាពជាប់គាំងលើពន្ធគយ

ក្នុងដំណើរទស្សនកិច្ចនៅអាមេរិកលើកនេះរបស់លោកស្នងការពាណិជ្ជកម្ម EU ភាគីទាំងពីរក៏បានជំនះពុះពារលើការខ្វែងគំនិតមួយចំនួនពាក់ព័ន្ធដល់ពន្ធគយ។ កាលពីខែមិថុនាឆ្នាំ២០១៨ ដោយយកលេសមូលហេតុសន្តិសុខជាតិ រដ្ឋអំណាចរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានតម្លើងពន្ធ ២៥% បន្ថែមទៅលើដែកថែបនិង ១០% ទៅលើអាលុយមីញ៉ូមពីតំបន់មួយចំនួនលើពិភពលោក រួមទាំង EU ទៀតផង។ ភាគីអឺរ៉ុបមានប្រតិកម្មយ៉ាងឆាប់រហ័ស ដោយការវាយពន្ធលើមុខទំនិញនាំចូលរបស់អាមេរិកចូលក្នុង EU ដូចជាម៉ូតូ សម្លៀកបំពាក់ បារី ពោត អង្ករនិងទឹកក្រូច។

រហូតមកដល់ពេលនេះ ទាំងអាមេរិកនិង EU សុទ្ធតែមានបំណងចង់សម្រេចបានកិច្ចព្រមព្រៀងមួយដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មលើដែកថែបនិងអាលុយមីញ៉ូម មុនថ្ងៃទី១ ធ្នូ ឆ្នាំ២០២១។ មុននោះ កាលពីថ្ងៃទី២៨ ខែកញ្ញា ស្នងការពាណិជ្ជកម្ម EU លោក Valdis Dombrovskis បាននិយាយថា ជំនួបពិភាក្សាអំពីជម្លោះពាណិជ្ជកម្មលើដែកថែបនិងអាលុយមីញ៉ូមរវាង EU និងអាមេរិក កំពុង “មានវឌ្ឍនភាព” ហើយភាគីទាំងពីរអាចឈានដល់កិច្ចព្រមព្រៀងមួយនៅដើមខែវិច្ឆិកាខាងមុខ។ ទាំងអាមេរិកនិង EU សុទ្ធតែកំពុងខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះ ដោយសារតែ “សង្គ្រាមពន្ធគយ” ក្នុងអំឡុងពេល៣ឆ្នាំកន្លងមក បានបង្កឡើងការខូចខាតដល់ភាគីទាំងពីរ។

ចាប់តាំងពីឡើងកាន់តំណែងមក រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden បានបង្ហាញកាយវិកាជាច្រើន សំដៅអនុវត្តន៍ជាក់ស្ដែងនូវគោលជំហរស្ដារទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តនៅច្រាំងអាត្លង់ទិចម្ខាងទៀត។ រាល់លទ្ធផលក្នុងដំណើរទស្សនកិច្ចនៅអាមេរិកចាប់ពីថ្ងៃទី២៦ កញ្ញា ដល់ថ្ងៃទី១ តុលា របស់លោកស្នងការពាណិជ្ជកម្ម EU គឺជាសញ្ញាវិជ្ជមានដែលបង្ហាញឲ្យឃើញថា អាមេរិកនិង EU បានត្រៀមខ្លួនជាស្រេចហើយប្ដេជ្ញាចិត្តសហការយ៉ាងជិតស្និទ្ធថែមទៀតក្នុងការស្ដារទំនាក់ទំនងទ្វេភាគីឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ