សហរដ្ឋអាមេរិក និងចិនខិតខំប្រឹងប្រែងរក្សាស្ថិរភាពទំនាក់ទំនង គ្រប់គ្រងការប្រកួតប្រជែងប្រកបដោយមានការទទួលខុសត្រូវ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ចនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក (APEC) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា នៅរដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ (សហរដ្ឋអាមេរិក) ប្រធានាធិបតីអាមេរិកលោក Joe Biden នាថ្ងៃទី ១៥ វិច្ឆិកាបានអញ្ជើញជួបជាមួយប្រធានរដ្ឋចិន លោក Xi Jinping ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden (ស្ដាំ) និងប្រធានរដ្ឋចិនលោក Xi Jinping នៅក្នុងកិច្ចប្រជុំមុនកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបថត៖ AFP/TTXVN |
នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលអាចជួយប្រទេសមហាអំណាចទាំងពីររក្សាស្ថិរភាពទំនាក់ទំនង ដែលកំពុងមានការខ្វែងគំនិតគ្នាជាច្រើន ឆ្ពោះទៅអនាគតនៃការប្រកួតប្រជែងប្រកបដោយមានការទទួលខុសត្រូវ។
ទប់ស្កាត់ហានិភ័យជម្លោះ
គម្រប់រយៈពេលមួយឆ្នាំ ក្រោយពីជំនួបដើមដំបូងរវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានរដ្ឋចិនលោក Xi Jinping នៅកោះបាលី (ប្រទេសឥណ្ឌូនេស៊ី) ទំនាក់ទំនងរវាងអាមេរិក និងចិននៅតែបន្តតានតឹងស្ទើរតែលើគ្រប់វិស័យ។ ទាក់ទងនឹងសេដ្ឋកិច្ច រដ្ឋអំណាចរបស់លោកប្រធានាធិបតីអាមេរិក Joe Biden បានជំរុញខ្លាំងការដាក់កំហិតលើការនាំចេញបច្ចេកវិទ្យាខ្ពស់ ជាពិសេសគឺបន្ទះឈីប semiconductor ព្រមទាំងកសាងយន្តការត្រួតពិនិត្យដ៏តឹងរ៉ឹងជាងសម្រាប់លំហូរទុនវិនិយោគរបស់ក្រុមហ៊ុនអាមេរិកទៅកាន់ចិន។ ជាការឆ្លើយតប ភាគីចិនក៏បាននាំចេញវិធានការរឹតត្បិតចំពោះក្រុមហ៊ុនអាមេរិកមួយចំនួន ហើយអនុវត្តន៍បទបញ្ជាត្រួតពិនិត្យការនាំចេញចំពោះវត្ថុធាតុដើមសំខាន់ៗមួយចំនួនលើវិស័យបច្ចេកវិទ្យា។
ទាក់ទងនឹងនយោបាយ និងការទូត ឧបទ្ទវហេតុបាឡុងនាដើមឆ្នាំនេះបានធ្វើឱ្យជំនួបជាន់ខ្ពស់រវាងប្រទេសទាំងពីរបង្កកក្នុងរយៈពេលដ៏វែង។ បន្ទាប់មកទៀត ភាពចម្រូងចម្រាសអំពីជម្លោះរុស្ស៊ី-អ៊ុយក្រែន អំពីបរិយាកាសសន្តិសុខនៅអាស៊ីបូព៌ា អំពីការប្រកួតប្រជែងដណ្តើមឥទ្ធិពលនៅប៉ាស៊ីហ្វិកខាងត្បូងបន្តរុញទំនាក់ទំនង
អាមេរិក-ចិនឱ្យធ្លាក់ចូលក្នុងរង្វង់វិបត្តិ រសាត់អណ្ដែតបន្តិចម្តងៗឆ្ពោះទៅនិន្នាការប្រឈមមុខដាក់គ្នា។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីនៃប្រទេសទាំងពីរបានយល់ដឹងពីគ្រោះថ្នាក់នៃនិន្នាការនេះយ៉ាងឆាប់រហ័ស ដូច្នេះហើយ ពួកគេបានជំរុញការខិតខំប្រឹងប្រែងបន្ធូរស្រាលភាពតានតឹង។ ចាប់តាំងពីរដូវក្តៅមក មន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនរូបដូចជា៖ រដ្ឋមន្ត្រីការបរទេសលោក Antony Blinken រដ្ឋមន្ត្រីរតនាគារលោកស្រី Janet Yellen រដ្ឋមន្ត្រីពាណិជ្ជកម្មលោកស្រី Gina Raimondo បានអញ្ជើញទៅបំពេញទស្សនាកិច្ចនៅចិន ហើយនាខែតុលាកន្លងទៅ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក៏បានធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកផងដែរ។
យោងតាមក្រុមអ្នកសង្កេតការណ៍ ទាំងអាមេរិក និងចិនសុទ្ធតែយល់ថា ភាពតានតឹងកើនឡើងរវាងប្រទេសទាំងពីរនឹងបង្កផលប៉ះពាល់អវិជ្ជមានជាច្រើនដល់ប្រទេសទាំងពីរ និង ពិភពលោកទាំងមូល។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានចែករំលែកទស្សនៈនេះ៖
“វានឹងតែងតែមានរឿងរ៉ាវដែលមិនអាចទាយទុកជាមុនកើតមានឡើង ហើយតែងតែមានការប្រែប្រួល។ សំណួរគឺថាតើយើងអាចបង្កើតខ្សែទូរសព្ទទំនាក់ទំនង និងក្របខណ្ឌទូលំទូលាយជាងសម្រាប់ទំនាក់ទំនងអាមេរិក-ចិនបានដែរឬទេ។ ដូច្នេះហើយ ទោះបីជាមិនថាប្រការណាកើតឡើងក៏ដោយ យើងខ្ញុំនៅតែគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយមានការទទួលខុសត្រូវ ហើយមិនប្រែក្លាយវាទៅជាជម្លោះឡើយ”។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan ។ រូបថត៖ Getty |
ស្វែងរកបរិយាកាសសហប្រតិបត្តិការ
សកម្មភាពការទូតជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅកំពុងពង្រីកប្រសិទ្ធភាព ខណៈដែលសហរដ្ឋអាមេរិក និងចិននាពេលថ្មីៗនេះបានបង្ហោះសញ្ញាដែលសរឲ្យឃើញថា ប្រទេសទាំងពីរនៅតែមានសក្តានុពលដើម្បីសហប្រតិបត្តិការ។ មុនជំនួបរវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានរដ្ឋចិនលោក Xi Jinping នាដើមសប្តាហ៍នេះរដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen និងឧបនាយករដ្ឋមន្ត្រីចិនលោក He Lifeng បានពិភាក្សា និងនាំចេញការយល់ដឹងរួមស្ដីពីបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ យោងតាមការយល់ឃើញនេះ សហរដ្ឋអាមេរិក និងចិនបានឯកភាពគ្នាថែរក្សាទំនាក់ទំនង សន្យាសហប្រតិបត្តិការរួមគ្នាឆ្លើយតបនឹងរាល់បញ្ហាសកលដូចជា៖ ការប្រែប្រួលអាកាសធាតុ បំណុលរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ព្រមទាំងចែករំលែកគោលដៅកសាងបរិយាកាសធុរកិច្ចប្រកបដោយយុត្តិធម៌សម្រាប់
សហគ្រាសនៃប្រទេសទាំងពីរ។
មុននោះ សហរដ្ឋអាមេរិក និងចិនកាលពីសប្តាហ៍មុនក៏បានបន្តជើងហោះហើរពាណិជ្ជកម្មផ្ទាល់ទាំងអស់រវាងប្រទេសទាំងពីរក្នុងទំហំដូចគ្នាទៅនឹងមុនពេលផ្ទុះជំងឺរាតត្បាតកូវីដ ១៩ នាដើមឆ្នាំ ២០២០។ លើសពីនេះ នៅក្នុងកិច្ចប្រជុំកំពូលសុវត្ថិភាពបញ្ញាសិប្បនិម្មិត (AI) ដើមដំបូងនាថ្ងៃទី ៨ វិច្ឆិកានៅចក្រភពអង់គ្លេស ចិនក៏បានចូលរួម និងគាំទ្រសេចក្តីប្រកាស Bletchley ស្តីពីសុវត្ថិភាព AI ដែលត្រូវបានប្រទេសលោកខាងលិចលើកឡើង។ យោងតាមលោកស្រី Fu Ying អតីតអនុរដ្ឋមន្ត្រីការបរទេសចិនបានឲ្យដឹងថា កាយវិការទាំងអស់ពោលខាងលើបានសរឲ្យឃើញថា ជំនួបរវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានរដ្ឋចិនលោក Xi Jinping នឹងជាកាំជណ្ដើរបន្តក្នុងការរក្សាស្ថិរភាពទំនាក់ទំនងអាមេរិក-ចិន៖ “នាងខ្ញុំសប្បាយរីករាយណាស់ព្រោះថា ថ្នាក់ដឹកនាំទាំងពីររូបបានជួបគ្នានៅរដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ ហើយជំនួបនេះត្រូវបានរំពឹងយ៉ាងខ្លាំង។ នាងខ្ញុំសង្ឃឹមថា ថ្នាក់ដឹកនាំទាំងពីររូបអាចឆ្លើយតបនឹងក្ដីរំពឹងរបស់ពិភពលោកទាំងមូល ពោលគឺស្វែងរករបៀបសន្ទនាប្រកបដោយស្មោះត្រង់ ដើម្បីរក្សាស្ថិរភាពទំនាក់ទំនង ហើយតាមនោះអាចបន្តផ្តោតសំខាន់លើបញ្ហាដ៏សំខាន់ៗដទៃទៀតរបស់ពិភពលោក”។
យោងតាមសេចក្តីប្រកាសរបស់សេតវិមានបានឲ្យដឹងថា រដ្ឋអំណាចសហរដ្ឋអាមេរិកមានគោលបំណងសម្រេចឲ្យបានលទ្ធផលជាក់លាក់ពីជំនួបរវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានរដ្ឋចិនលោក Xi Jinping ដូចជា៖ បំភ្លឺទស្សនៈប្រកួតប្រជែងយ៉ាងប្ដូរផ្ដាច់ ប៉ុន្តែប្រកបដោយការទទួលខុសត្រូវ; បន្តខ្សែទូរស័ព្ទទំនាក់ទំនងការពារជាតិ; ពិភាក្សាស្ដីពីការគ្រប់គ្រង AI។ លើសពីនេះ បញ្ហាអន្តរជាតិសំខាន់ៗមួយចំនួនដូចជា៖ ជម្លោះរុស្ស៊ី-អ៊ុយក្រែន ជម្លោះអ៊ីស្រាអែល-ហាម៉ាស សន្តិសុខនៅឧបទ្វីបកូរ៉េ ក៏ត្រូវបានពិភាក្សាផងដែរ៕