សហរដ្ឋអាមេរិកនិងចិនប្រឹងប្រែងស្វែងរកសម្លេងរួម

(VOVWORLD) - ក្នុងសប្ដាហ៍នេះ ព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ការទូតអន្តរជាតិដ៏ លេចធ្លោនោះ គឺដំណើរទស្សនកិច្ចនៅទីក្រុង Tianjin (ចិន) ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ កក្កដា របស់អនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រី Wendy Sherman។ ប្រព្រឹត្តទៅ ក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចដ៏ធំបំផុតទាំងពីរនេះ ត្រូវបានគេចាត់ទុកថា កំពុងស្ថិតនៅកម្រិតទាបបំផុតក្នុងអំឡុងពេលច្រើនទសវត្សរិ៍ កន្លងមក ដំណើរទស្សនកិច្ចលើកនេះត្រូវបានរំពឹងថា អាចជួយទម្លុះទម្លាយភាពជាប់ គាំង នាំមកនូវយថាទស្សន៍កែលម្អទំនាក់ទំនងអាមេរិក-ចិននាពេលខាងមុខ។

សហរដ្ឋអាមេរិកនិងចិនប្រឹងប្រែងស្វែងរកសម្លេងរួម - ảnh 1លោកស្រីអនុរដ្ឋមន្រ្តី Sherman ជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi នៅថ្ងៃទី២៦ កក្កដា។ (រូបថត៖ Politico)
ដំណើរទស្សនកិច្ចនៅ Tianjin របស់លោកស្រីអនុរដ្ឋមន្រ្តី Wendy Sherman ជា ដំណើរទស្សនកិច្ចដំបូងរបស់មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់នៅចិន ចាប់តាំងពីពេលដែល លោក Joe Biden ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករាឆ្នាំនេះ។ លើសពីនេះទៅទៀត ដំណើរទស្សនកិច្ចប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនង អាមេរិក-ចិន កំពុងធ្លាក់ចូលក្នុងភាពតានតឹងដ៏ធ្ងន់ធ្ងរលើវិស័យស្ទើរតែទាំងអស់ ចាប់ពី ការទូតរហូតដល់វិទ្យាសាស្ត្របច្ចេកវិទ្យា ជាពិសេសគឺវិស័យពាណិជ្ជកម្ម។ ដូច្នេះ មនុស្សជាច្រើនបានរំពឹងទុកថា ដំណើរទស្សនកិច្ចនេះអាចជួយ “បំបែកផ្ទាំងទឹកកក” ក្នុង ទំនាក់ទំនងដែលកំពុងស្ថិតនៅ “កម្រិតទាបបំផុតក្នុងអំឡុងពេលច្រើនទសវត្សរិ៍” រវាង ប្រទេសទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ភាគីទាំងពីរនៅតែមិនទាន់ស្វែងរកបាន សម្លេងរួមក្នុងបញ្ហាជាច្រើននៅឡើយ។
មិនទាន់ស្វែងរកបានសម្លេងរួមនៅឡើយ
ចំណុចស្នូលនៃដំណើរទស្សនកិច្ចរបស់លោកស្រីអនុរដ្ឋមន្រ្តី Sherman គឺជំនួប ពិភាក្សាដាច់ដោយ ឡែកពីគ្នាចំនួន២ជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi និងអនុរដ្ឋមន្រ្តីការបរទេសលោក Xie Feng។ ប៉ុន្តែ ក៏ប្រហាក់ប្រហែលនឹងជំនួបចរចា ជាន់ខ្ពស់អាមេរិក-ចិន នៅ Alaska (អាមេរិក) កាលពីខែមីនាឆ្នាំនេះដែរ ជំនួបនានានៅ Tianjin ក៏ ប្រព្រឹត្តទៅក្នុងបរិយាកាសដ៏តានតឹង។
បន្ទាប់ពីជំនួបពិភាក្សាខាងលើ សារព័ត៌មានចិនបានដកស្រង់សេចក្ដីប្រកាស មួយចំនួនរបស់លោករដ្ឋមន្រ្តីការបរទេស Wang Yi និងលោកអនុរដ្ឋមន្រ្តី Xie Feng ដោយរិះគន់អាមេរិកយ៉ាងខ្លាំង។ ជាក់ស្ដែង មជ្ឈដ្ឋានមន្ត្រីចិនបានសង្កត់ធ្ងន់ទៅលើ ទំនាក់ទំនងកាន់តែបញ្ច្រាសគ្នារវាងប្រទេសមហាអំណាចទាំងពីរ; ចោទប្រកាន់អាមេរិក បានអនុវត្តន៍ “ការទូតចាប់បង្ខំ” ហើយព្រមានអាមេរិកបញ្ឈប់ធ្វើការជ្រៀតជ្រែក ចូលក្នុងបញ្ហានានាដូចជា តៃវ៉ាន់ ស៊ីនជាំង។ ប៉េកាំងក៏បានដាក់ចេញបញ្ជីឈ្មោះសកម្ម ភាពចំនួន២ដែលអាមេរិកត្រូវការអនុវត្តន៍ រួមមានការលុបចោលបទដាក់ទណ្ឌកម្មទៅ លើមន្ត្រីចិន លុបចោលការហាមឃាត់ទិដ្ឋាការទៅលើនិស្សិតចិន មិនត្រូវបង្កការ លំបាកចំពោះអ្នកកាសែតចិននៅអាមេរិក ហើយបើកទ្វារវិទ្យាស្ថានខុងជីឡើងវិញ។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price ឲ្យ ដឹងថា លោកស្រីអនុរដ្ឋមន្រ្តី Sherman បានលើកឡើងបញ្ហាសិទ្ធិមនុស្សមួយចំនួនរួម មាន ហុងកុង ស៊ីនជាំង ទីបេ ព្រមទាំងសម្ដែងការព្រួយបារម្ភចំពោះទង្វើររបស់ចិននៅ លើបណ្ដាញអ៊ីនធឺណិត នៅច្រកសមុទ្រតៃវ៉ាន់ សមុទ្រខាងកើតនិងសមុទ្រ Hoa Tung។ ក្រៅពីនោះ អាមេរិកក៏បាននិយាយដល់ការស៊ើបអង្កេតរបស់អង្គការ WHO លើប្រភពដើមនៃជម្ងឺកូវីដ ១៩ ដែលចិនកំពុងប្រកាន់ខ្ជាប់នូវទស្សនៈប្រឆាំងជំទាស់ផងដែរ។
បើតាមមជ្ឈដ្ឋានអ្នកវិភាគចាត់ទុកថា ការស្វែងរកបានសម្លេងរួមរវាងភាគីទាំងពីរ នៅតែមានគម្លាតដ៏ធំមួយ។ ទោះជាយ៉ាងនេះក្ដី ប៉ុន្តែប្រការនោះមិនមានន័យថា លទ្ធ ភាពកែលម្អទំនាក់ទំនងរវាងភាគីទាំងពីរ មិនមានទៀតឡើយ។
សហរដ្ឋអាមេរិកនិងចិនប្រឹងប្រែងស្វែងរកសម្លេងរួម - ảnh 2លោកស្រី Sherman ក្នុងជំនួបពិភាក្សាជាមួយមន្ត្រីចិននៅទីក្រុង Tianjin។ (រូបថត៖ Reuters)
គោរពកិច្ចសន្ទនា
ទោះជាបង្ហាញទស្សនៈដ៏តឹងតែងចំពោះគ្នាក៏ដោយ ប៉ុន្តែទាំងអាមេរិកនិងចិន បានបង្ហាញឲ្យឃើញថា “ភាគីទាំងពីរនៅតែអាច ហើយមានតម្រូវការធ្វើការសន្ទនា ជាមួយគ្នា”។
ចំពោះភាគីអាមេរិក អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានធ្វើ អត្ថាធិប្បាយថា មន្ត្រីនៃភាគីទាំងពីរបានពិភាក្សាអំពីរបៀបបង្កើតគោលការណ៍នានា សម្រាប់គ្រប់គ្រងទំនាក់ទំនងអាមេរិក-ចិនដោយមានការទទួលខុសត្រូវ។ ក្នុងនោះ លោកស្រីអនុរដ្ឋមន្រ្តី Sherman បានបញ្ជាក់ថា អាមេរិកស្វាគមន៍ការប្រកួតប្រជែង យ៉ាងខ្លាំងរវាងប្រទេសទាំងពីរ ប៉ុន្តែមិនស្វែងរកជម្លោះជាមួយចិននោះឡើយ។ ជា ពិសេស លោកស្រី Sherman ចាត់ទុកថា ទំនាក់ទំនងអាមេរិក-ចិនជាទំនាក់ទំនងទ្វេ ភាគីដ៏សំខាន់បំផុតលើពិភពលោក ដូច្នេះអាមេរិកត្រៀមខ្លួនជាស្រេចបន្តមានជំនួប ប្រាស្រ័យក៏ដូចជាជំនួបសន្ទនាដោយលក្ខណៈបើកចំហនិងស្មោះត្រង់ជាមួយចិន។
ចំណែកឯភាគីចិនវិញ យោងតាមទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួ បានឲ្យដឹងថា លោករដ្ឋមន្រ្តីការបរទេស Wang Yi បានវាយតម្លៃដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្រ្តី ការបរទេសអាមេរិក គឺចំណែកមួយនៃជំនួបប្រាស្រ័យនិងជំនួបសន្ទនាទ្វេភាគី ព្រម ទាំងសង្កត់ធ្ងន់ថា ភាគីទាំងពីរចាំបាច់ត្រូវបង្កើនការយល់ដឹងគ្នា និងលុបបំបាត់ការ យល់ខុសតាមរយៈកិច្ចសន្ទនាជាបន្តបន្ទាប់ផងដែរ។         ដូច្នេះ អាចមើលឃើញថា ទាំងអាមេរិកនិងចិននៅតែកំពុងគោរព ហើយមាន តម្រូវការជួបសន្ទនាជាមួយគ្នា ដើម្បីខិតខំប្រឹងប្រែងស្វែងរកសម្លេងរួម។ នេះគឺជាមូល ដ្ឋានគ្រឹះដ៏សំខាន់ដើម្បីជឿជាក់ថា ទំនាក់ទំនងអាមេរិក-ចិន អាចប្រសើរឡើងនាពេល ខាងមុខ ទោះបីជាទ្រង់ទ្រាយ កម្រិត និងដំណើរការ នៅតែពឹងផ្អែកលើកត្តាជាច្រើន ហើយពិបាកទាយទុកជាមុនណាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ