អង្គការសហជីពជាមួយនិន្នាការសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល
(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំកន្លងទៅ អង្គការសហជីពគ្រប់ជាន់ថ្នាក់ជានិច្ចកាលអនុវត្តន៍ យ៉ាង ល្អនូវការងារថែទាំ ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ ពលករ។ នាបច្ចុប្បន្ន វៀតណាមកំពុងធ្វើសមាហរណកម្មកាន់តែទូលំទូលាយទៅ ក្នុងខឿនសេដ្ឋកិច្ចសកលពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រការនេះបាននាំមកនូវការ លំបាកក្នុងសាកល្បងជាច្រើនចំពោះអង្គការសហជីព ដែលទាមទារឲ្យសហជីពត្រូវ មានការផ្លាស់ប្ដូរថ្មី វិធីសាស្ត្រធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពជាងមុន ដើម្បីឆ្លើយតបនឹងតួនាទីនិងភារកិច្ចរបស់ខ្លួន។
ក្នុងដំណើការសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកលនោះ វៀតណាមបានចុះហត្ថលេខា អនុវត្តន៍ និងកំពុងចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) សរុបចំនួន១៦។ នេះជាឱកាសល្អដើម្បីប្រព័ន្ធសហជីពនៅវៀតណាម ធ្វើទំនើបភាវូបនីយកម្មការចាត់តាំងនិងតួនាទីរបស់ខ្លួន សំដៅបម្រើប្រជាពលករឲ្យបានល្អជាងក៏ដូចជាឆ្លើយតបនឹងតម្រូវការនៃ FTA ផងដែរ។
លោក Ngo Duy Hieu ប្រធានគណៈកម្មការទំនាក់ទំនងពលករ ចំណុះអគ្គសហព័ន្ធពលករវៀតណាម (រូបថត៖ quochoi.vn) |
ការសាកល្បងចំពោះអង្គការសហជីពក្នុងកាលៈទេសៈសមាហរណកម្ម
បណ្ដាកិច្ចព្រមព្រៀង FTA ដែលវៀតណាមបាន កំពុង ហើយនឹងចូលរួមនោះ គឺមានចរិតលក្ខណៈ សង្កត់ធ្ងន់ជាច្រើនទៅលើសិទ្ធិពលករ ក៏ដូចជាការពារលក្ខណៈចីរភាពនៃបរិយាកាសធ្វើការ ដើម្បីធានាថា សេរីភាពពាណិជ្ជកម្មនឹងរួមវិភាគទានទៅក្នុងការអភិវឌ្ឍដោយចីរភាព ព្រមទាំងជួយពលករនិងសហគ្រាសទទួលបានផលប្រយោជន៍សេដ្ឋកិច្ចដោយសមភាព។ នាពេលថ្មីបំផុត នាថ្ងៃទី៨ មីនា ឆ្នាំ២០១៨ វៀតណាមនិងខឿនសេដ្ឋកិច្ចផ្សេងចំនួន១០ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសំរាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ នេះជាឱកាសអភិវឌ្ឍន៍ ផង ហើយនាំមកនូវការសាកល្បងចំពោះសកម្មភាពសហជីពទៀតផង។ លោក Ngo Duy Hieu ប្រធានគណៈកម្មការទំនាក់ទំនងពលករ ចំណុះអគ្គសហព័ន្ធពលករវៀតណាម បានលើកច្បាស់ថា៖
“CPTPP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដោយយកបទដ្ឋានខ្ពស់ ក្នុងនោះបញ្ហាស្ដីពីពលករជាបញ្ហាធំមួយ។ នោះគឺការដែលយើងបានអនុញ្ញាតឲ្យបង្កើតឡើងអង្គការតំណាងផ្សេងរបស់ពលករ ក្រៅពីអង្គការសហជីពវៀតណាម។ជាក់ស្ដែងគឺក្នុងរយៈពេលពី៥ដល់៧ឆ្នាំក្រោយពី CPTPP ចូលជាធរមាន។ យើងខ្ញុំចាត់ទុកនេះជាការសាកល្បងធំមួយ ព្រោះថានាគ្រានោះ សហជីពវៀតណាមមិនមែនជាអង្គការតែមួយគត់ដែលតំណាងឲ្យពលករឡើយ ហើយបញ្ហាប្រកួតប្រជែងដើម្បីទាក់ទាញសមាជិកសហជីពថ្មីនឹងមិនអាចជៀសវាងបានឡើយ។ ប្រភពធនធានចំពោះសកម្មភាពសហជីព ពិសេសគឺប្រភពហិរញ្ញវត្ថុ នឹងត្រូវចែករំលែកនិងកាត់បន្ថយ។ បរិយកាសសកម្មភាពរបស់សហជីពក៏មានការផ្លាស់ប្ដូរដ៏ធំធេងដែរ”។
សាស្ត្រាចារ្យបណ្ឌិត Phung Huu Phu អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹម |
សហជីពវៀតណាមផ្លាស់ប្ដូរថ្មីសកម្មភាពឲ្យបានសមស្របនឹងស្ថានភាពថ្មី
ក្នុងកាលៈទេសៈសមាហរណកម្ម អង្គការសហជីពវៀតណាម ត្រូវផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាអំពីការចាត់តាំងនិងវិធីសាស្ត្រធ្វើសកម្មភាពដើម្បីស័ក្តសមជាទីពឹងគួរឲ្យជឿទុកចិត្តរបស់ប្រជាពលករ។ ដើម្បីធ្វើបានអញ្ចឹង អង្គការសហជីពថ្នាក់មូលដ្ឋានត្រូវម្ចាស់ការក្ដាប់ជាប់បំណងប្រាថ្នារបស់ពលករ សហការជាមួយពលករដើម្បីដោះស្រាយការជំពាក់ជំពិនឲ្យទាន់ពេលវេលា។ សាស្ត្រាចារ្យបណ្ឌិត Phung Huu Phu អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹម បានឲ្យដឹងថា៖
“សកម្មភាពសហជីពនឹងមានការប្រកួតប្រជែងដ៏ខ្លាំងក្លា។ សហជីពត្រូវផ្លាស់ប្ដូរថ្មីអំពីការយោគយល់ ខ្លឹមសារ និងវិធីសាស្ត្រធ្វើសកម្មភាព ដើម្បីធានាថា ទោះជាយ៉ាងណាក៏ដោយ សហជីពនៅតែជាអង្គការសារវ័ន្ត មានសមាជិកច្រើនបំផុត មានកម្លាំងធំបំផុត ដើម្បីការពារសិទ្ធិរបស់វណ្ណៈកម្មករ។ ធ្វើយ៉ាងម៉េច ដើម្បីសហជីពពិតជាសាលារៀនដែលបណ្ដុះបណ្ដាលលទ្ធភាពជាម្ចាស់ ជំនាញពលកម្ម និងភាពច្នៃប្រឌិតរបស់ប្រជាកម្មករ។ ត្រូវយកចិត្តទុកដាក់ជាច្រើនថែមទៀតដល់កិច្ចការពារផលប្រយោជន៍ដ៏ត្រឹមត្រូវ ជាក់ស្ដែងរបស់កម្មករ រួមដំណើរជាមួយកម្មករ”។
លោកស្រី Hoang Thi Thanh ប្រធានគណៈកម្មការកិច្ចការបរទេស អគ្គសហព័ន្ធពលករវៀតណាម បានឲ្យដឹងថា រាល់ការសាកល្បងនាពេលចូលរួមកិច្ចព្រមព្រៀង FTA នោះគឺកម្លាំងចលករ ដែលជំរុញអង្គការសហជីពត្រូវផ្លាស់ប្ដូរថ្មីឲ្យបានសមស្របនឹងភារកិច្ចនាបច្ចុប្បន្ន។
“ត្រូវផ្លាស់ប្ដូរថ្មីដើម្បីចលនាឲ្យប្រជាពលករបង្កើតអង្គការសហជីពថ្នាក់មូលដ្ឋានតាមវិធីសាស្ត្រថ្មី។ ទន្ទឹមនឹងនោះ ត្រូវលើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពសហជីព ផ្លាស់ប្ដូរថ្មីការងារកម្មាភិបាល បង្កើនអត្រាកម្មាភិបាលសហជីពឯកទេសផងដែរ”។
នាបច្ចុប្បន្ន អគ្គសហព័ន្ធពលករវៀតណាម កំពុងកសាងគម្រោងការណ៍ផ្លាស់ប្ដូរថ្មីអង្គការនិងសកម្មភាពសហជីពវៀតណាម។ បច្ចុប្បន្នេះគឺជាឱកាសដើម្បីសហជីពផ្លាស់ប្ដូរថ្មីយ៉ាងពេញលេញ សំដៅឆ្លើយតបនឹងតម្រូវការសមាហរណកម្មរបស់ប្រទេសជាតិទាំងមូលនិយាយរួមនិងអង្គការសហជីពនិយាយដោយឡែក៕