អង្គការសហប្រជាជាតិព្រមានអំពីស្ថានភាពមនុស្សធម៌ពិភពលោកដ៏អាប់អួរ

(VOVWORLD) - ក្នុងរបាយការណ៍ដែលបានប្រកាសនាថ្ងៃទី ១១ ធ្នូ អង្គការសហប្រជាជាតិបានឲ្យដឹងថា ស្ថានការណ៍មនុស្សធម៌ពិភពលោកនាពេលខាងមុខនឹងបន្តប្រឈមនឹងបញ្ហាសាកល្បងធំៗ នៅពេលដែលជម្លោះ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុកំពុងរុញសហគមន៍ជាច្រើនចូលទៅក្នុងស្ថានភាពងាយរងគ្រោះ ខណៈពេលដែលទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិកាន់តែខ្វះខាតថវិកាប្រតិបត្តិការ។
អង្គការសហប្រជាជាតិព្រមានអំពីស្ថានភាពមនុស្សធម៌ពិភពលោកដ៏អាប់អួរ - ảnh 1ប្រជាជនប៉ាឡេស្ទីនចាកចេញពីផ្ទះនៅតំបន់ហ្គាហ្សា ដើម្បីបញ្ចៀសជម្លោះហាម៉ាស់ និងអ៊ីស្រាអែល កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។ រូបថត៖ AFP/TTXVN

ជម្លោះបង្កឱ្យមានវិបត្តិមនុស្សធម៌

ភាពតានតឹងភូមិសាស្ត្រនយោបាយបាននាំឱ្យមានជម្លោះនៅតាមតំបន់ជាច្រើននៅលើពិភពលោក។ យោងតាមការិយាល័យសម្របសម្រួលបញ្ហាមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បច្ចុប្បន្ននេះ ក្នុងចំណោមកុមារចំនួន ៥ នាក់នៅលើពិភពលោក គឺមានកុមារម្នាក់ត្រូវរស់នៅក្នុងតំបន់ជម្លោះ ឬត្រូវរត់ចេញពីតំបន់ទាំងនេះ។ មនុស្សប្រហែល ២៥៨ លាននាក់នៅលើពិភពលោកកំពុងស្ថិតក្នុងភាពអត់ឃ្លានជាបន្ទាន់ ពោលគឺពួកគេអាចស្លាប់ភ្លាមមួយរំពេច ប្រសិនបើមិនទទួលបានប្រភពជំនួយ។ នៅពីនោះ ក្នុងចំណោមមនុស្សចំនួន ៧៣ នាក់នៅលើពិភពលោកគឺមានមនុស្សម្នាក់ត្រូវចាកចេញពីផ្ទះសម្បែងដោយសារជម្លោះ គ្រោះមហន្តរាយធម្មជាតិ ឬវិបត្តិសេដ្ឋកិច្ច ហើយតួរលេខនេះបានកើនឡើងទ្វេដងបើធៀបនឹង ១០ ឆ្នាំមុន។

បច្ចុប្បន្ននេះ ជម្លោះនៅតំបន់ហ្គាហ្សា គឺជាចំណុចស្នូលនៃការយកចិត្តទុកដាក់របស់ពិភពលោក ព្រោះថាស្ថានភាពមនុស្សធម៌នៅទីនេះកាន់តែអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។យោងតាមតួលេខដែលត្រូវបានអង្គការសហប្រជាជាតិប្រកាសកាលពីដើមសប្តាហ៍នេះបានឲ្យដឹងថា ប្រជាជនចំនួន ៨៥% នៅតំបន់ហ្គាហ្សា ស្មើនឹងមនុស្សចំនួន ១,៦ លាននាក់ត្រូវចាកចេញពីផ្ទះសម្បែង ដោយសារតែជម្លោះរវាងកងកម្លាំងហាម៉ាស់ និងកងទ័ពអ៊ីស្រាអែលនៅទីនេះ។ ជនស៊ីវិលប្រមាណជាង ១៨ ០០០ នាក់ ក្នុងនោះមានកុមារជាច្រើនត្រូវស្លាប់ និងជនស៊ីវិលប្រមាណ ៥ ម៉ឺននាក់ទៀតត្រូវរងរបួស។

ទោះជាយ៉ាងណាក៏ដោយ អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និង ជួយសង្គ្រោះបន្ទាន់ លោក Martin Griffiths បានចាត់ទុកថាចំណាប់អារម្មណ៍របស់ពិភពលោកមិនគួរផ្តោតលើតំបន់ហ្គាសហ្សាប៉ុណ្ណោះទេ ព្រោះថាតំបន់មជ្ឈិមបូព៌ាទាំងស្រុង ស៊ូដង់ អាហ្វហ្គានីស្ថាន ឬអាហ្វ្រិកខាងកើតក៏ជាចំណុចក្តៅគគុកដែលចាំបាច់ត្រូវមានយុទ្ធនាការជួយសង្គ្រោះដោយទ្រង់ទ្រាយធំផងដែរ។ ស្របនឹងទស្សនៈនេះតំណាងកម្មវិធីស្បៀងអាហាររបស់អង្គការសហប្រជាជាតិ (WFP) ប្រចាំសូម៉ាលី លោក Petroc Wilton ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិចាំបាច់ត្រូវចែករំលែកការយកចិត្តទុកដាក់ប្រកបដោយសមភាពជាង៖ “យើងខ្ញុំទើបតែឃើញបញ្ហាប្រឈមអំពីអាកាសធាតុជាបន្តបន្ទាប់។ នៅសូម៉ាលី គ្រោះទុរភិក្សកំពុងនៅកម្រិតអាក្រក់បំផុតក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ខណៈដែលគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរបានបំផ្លិចបំផ្លាញប្រទេស និងគ្រួសារជាច្រើនដែលស្ថិតក្នុងស្ថានការណ៍អសុវត្ថិភាពស្បៀងអាហារក្នុងរយៈពេលច្រើនឆ្នាំ ហើយកំពុងជួបប្រទះការលំបាក ក្រោយពីគ្រោះរាំងស្ងួតដែលអូសបន្លាយដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ”។

ការលំបាកអំពីប្រភពហិរញ្ញវត្ថុ

អង្គការសហប្រជាជាតិព្រមានអំពីស្ថានភាពមនុស្សធម៌ពិភពលោកដ៏អាប់អួរ - ảnh 2អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជំនួយសង្គ្រោះបន្ទាន់ លោក Martin Griffiths ។ រូបថត៖ AFP/TTXVN

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមមនុស្សធម៌ដែលកំពុងកើនឡើងនៅទូទាំងពិភពលោក អង្គការសហប្រជាជាតិកំពុងត្រូវការជំនួយផ្នែកហិរញ្ញវត្ថុដ៏ធំធេង។  យោងតាមអគ្គលេខាធិការរងអង្គការសហប្រជាជាតិលោក Martin Griffiths បានឲ្យដឹងថា ការជួយឧបត្ថម្ភពីសហគមន៍អន្តរជាតិនាបច្ចុប្បន្នមិនទាន់គ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែងនេះឡើយ។ ជាក់ស្ដែង ក្នុងឆ្នាំនេះ កម្មវិធីមនុស្សធម៌កៀរគរបានត្រឹមតែ ៣៥% ក្នុងចំណោមទុនអំពាវនាវសរុបចំនួន ៥៦,៧ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ដោយគូសសញ្ញាពីឆ្នាំ ដែលខ្វះខាតមូលនិធិដ៏ធ្ងន់ធ្ងរបំផុត។ ជាមួយនឹងប្រភពហិរញ្ញវត្ថុនេះ អង្គការសហប្រជាជាតិអាចជួយឧបត្ថម្ភ និងការពារមនុស្សត្រឹមតែ ១២៨ លាននាក់ក្នុងឆ្នាំនេះប៉ុណ្ណោះ។នៅចំពោះស្ថានភាពជាក់ស្ដែងនោះ អគ្គលេខាធិការរងអង្គការសហប្រជាជាតិលោក Martin Griffiths បានលើកច្បាស់ថា ប្រសិនបើមិនកាត់បន្ថយថវិកាកៀរគរនោះ នឹងពិបាកសម្រេចបានគោលដៅក្នុងបរិបទដែលប្រទេសម្ចាស់ជំនួយក៏កំពុងជួបប្រទះនឹងការលំបាក ព្រោះវិបត្តិតម្លៃសម្រាប់ជីវភាព។ ដូច្នេះហើយ អង្គការសហប្រជាជាតិបានកាត់បន្ថយទឹកប្រាក់អំពាវនាវមកនៅត្រឹម ៤៦,៤ ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំក្រោយ ហើយនឹងផ្តោតសំខាន់លើការផ្ដល់ជំនួយដល់ក្រុមមនុស្ស ដែលត្រូវការជំនួយបំផុតក្នុងចំណោមប្រជាជនសរុបប្រហែល ៣០០ លាននាក់ដែលត្រូវការជំនួយមនុស្សធម៌។ អគ្គលេខាធិការរងអង្គការសហប្រជាជាតិលោក Martin Griffiths បាននិយាយថា៖ "យើងខ្ញុំបានផ្តោតសំខាន់លើតម្រូវការជាក់ស្ដែងរបស់មនុស្សចំនួន ១៨១ លាននាក់ ក្នុងចំណោមមនុស្សទាំង ៣០០ លាននាក់ដែលត្រូវការជំនួយមនុស្សធម៌។ ភាពខុសគ្នារវាងតួលេខទាំងពីរនេះ មិនមែនជាបញ្ហានៃតម្រូវការជំនួយឡើយ ព្រោះថាអង្គការផ្សេងទៀត ដូចជាកាកបាទក្រហម គ្រូពេទ្យគ្មានព្រំដែន (MSF) និងអង្គការជាច្រើនទៀតក៏បានអំពាវនាវផ្ដល់ជំនួយនិងផែនការសកម្មភាពដាច់ដោយឡែករបស់គេផងដែរ"។

អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា មនុស្សចំនួន ៣០០ លាននាក់នៅលើពិភពលោកទាំងមូលចាំបាច់ត្រូវទទួលបានជំនួយនាឆ្នាំ ក្រោយ ពោលគឺតិចជាងប្រមាណ ៦០ លាននាក់បើធៀបនឹងឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយអង្គការសហប្រជាជាតិក៏បានចាត់ទុកថា ការប្រែប្រួលអាកាសធាតុអាចនឹងជំនួសឲ្យជម្លោះ ដើម្បីក្លាយទៅជាមូលហេតុបណ្ដាលឲ្យមនុស្សជាច្រើនត្រូវការជំនួយមនុស្សធម៌បំផុត ហើយប្រការនេះនឹងធ្វើឲ្យទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិពិការកំណត់ និងកែសម្រួលផែនការឆ្លើយតបយ៉ាងល្អប្រសើរជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ