អាណិកជនវៀតណាមនៅក្រៅប្រទេសបានរួមចំណែកយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ អាណិកជនវៀតណាមនៅគ្រប់ទិសទីជំវិញពិភពលោកបានវិលត្រឡប់មកមាតុប្រទេសវិញ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រទេសជាតិ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំរដ្ឋ រដ្ឋាភិបាល និងចូលរួមព្រឹត្តិការ ណ៍នានា ដើម្បីអំណរស្វាគមន៍និទាឃរដូវនេះ អាណិកជនវៀតណាមនៅក្រៅប្រទេស បានរីករាយក្នុងការទទួលស្វាគមន៍និទាឃរដូវនៅឯស្រុកកំណើត បន្ទាប់ពីបានផ្អាកមួយរយៈ ដោយសារផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ-១៩។ បងប្អូនអាណិកជនក៏បានសម្តែងចំណាប់អារម្មណ៍និងគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេសជាតិផងដែរ។
លោកប្រធានរដ្ឋអញ្ជើញចូលរួមកម្មវិធី “និទាឃរដូវនៅស្រុកកំណើតឆ្នាំ ២០២២” (រូបថត៖ Gia Han/ thanhnien.vn) |
សហគមន៍ជនវៀតណាមនៅក្រៅប្រទេសកំពុងក្លាយជាប្រភពធនធានដ៏សំខាន់ដែលរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ ទាំងប្រភពធនធានសេដ្ឋកិច្ច និងប្រភពធនធានបញ្ញា ជាពិសេសក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ-១៩។
អាណិកជនវៀតណាមនៅឯបរទេសបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ
អាណិកជនវៀតណាមនៅឯបរទេសបានចូលរួមចំណែកជាក់ស្តែងប្រកបដោយប្រសិទ្ធភាពក្នុងការកសាងប្រទេសជាតិ ជាពិសេសក្នុងវិស័យចំនួនពីរ គឺធនធាននិងបញ្ញា។ ធនធាននៅទីនេះគឺចំនួនធុរកិច្ចវៀតណាមនៅបរទេសដែលមកបណ្តាក់ទុននិងធ្វើអាជីវកម្មនៅវៀតណាមយ៉ាងច្រើន។ វៀតណាមក៏ស្ថិតក្នុងលំដាប់កំពូលទាំង១០ដែលទទួលប្រាក់បញ្ញើពីក្រៅប្រទេសច្រើនជាងគេក្នុងពិភពលោក។
ទាក់ទងនឹងសមត្ថភាពបញ្ញា បញ្ញវន្ត អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រវៀតណាមនៅឯបរទេសបានវិលត្រឡប់មកប្រទេសកំណើតរបស់ខ្លួនជាប្រចាំ ដើម្បីសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងក្រសួងនានាក្នុងប្រទេស ដើម្បីរួមចំណែកក្នុងបុព្វហេតុអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅវៀតណាម។ ជាពិសេស ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ នៅតំបន់ដែលមានប្រជាជនវៀតណាមរស់នៅនិងសិក្សាយ៉ាងច្រើន បានបង្កើតឡើងបណ្តាញនិងក្លឹបបញ្ញាជន ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសជាតិផងដែរ។ ជាឧទាហរណ៍ អង្គការវិទ្យាសាស្ត្រនិងអ្នកជំនាញសាកលវៀតណាម (AVSE Global) មានទីស្នាក់ការនៅប្រទេសបារាំង ដែលមានសមាជិកជាង ២០០នាក់។ ឬក្រុមផ្តួចផ្តើមគំនិតវៀតណាមនៅអាមេរិក បណ្តាញនៃវេទិកាចំណេះដឹងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ជនជាតិវៀតណាមនៅជប៉ុន ហូឡង់ ហ្វាំងឡង់ អាល្លឺម៉ង់ ប៉ូឡូញ និងសហរដ្ឋអាមេរិក...។ ហើយអ្នកជំនាញនិងបញ្ញវន្តវៀតណាមជាច្រើនក៏បានប្រមូលផ្តុំនិងបង្កើតបណ្តាញច្នៃប្រឌិតក្នុងប្រទេស ក៏ដូចជា ជំរុញការផ្សព្វផ្សាយសកម្មភាពក្នុងស្រុកដូចជា បណ្តាញច្នៃប្រឌិតវៀតណាមនៅកូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងអឺរ៉ុបជាដើម។ ក្រៅពីនោះ ក្រុមថ្មីមួយចំនួនត្រូវបានបង្កើតឡើងដូចជា សម្ព័ន្ធសមាគមយុវជននិងនិស្សិតវៀតណាមនៅអឺរ៉ុប (ខែកញ្ញា ឆ្នាំ ២០២១); បណ្តាញសមាគមបញ្ញវន្តអាណិកជន ដើម្បីគាំទ្រការច្នៃប្រឌិតនិងការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យា (បានបើកដំណើរការក្នុងខែធ្នូ ឆ្នាំ ២០២១)។
ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដោយពង្រីកប្រពៃណីសាមគ្គីភាព អាណិកជន វៀតណាមនៅក្រៅប្រទេសតែងតែរួបរួមសាមគ្គីគ្នា ប្រគៀកស្មាគ្នានិងតែងតែរួមចំណែកជាមួយ ជនរួមជាតិក្នុងប្រទេសជានិច្ច។ ក្នុងឆ្នាំ ២០២១ អាណិកជនវៀតណាមនៅឯបរទេសបានបរិច្ចាគថវិកាជាង ៨០ ពាន់លានដុង រួមជាមួយនឹងឧបករណ៍និងគ្រឿងបរិក្ខារពេទ្យជាច្រើន ដើម្បីជួយឧបត្ថម្ភដល់មូលនិធិវ៉ាក់សាំងកូវីដ ១៩ និងការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតក្នុងប្រទេស។ អាណិកជនវៀតណាមជាច្រើនរូបបានសហការយ៉ាងសកម្មក្នុងការផ្ទេរបច្ចេកវិទ្យា សម្រាប់ការស្រាវជ្រាវ ការធ្វើពិសោធន៍វ៉ាក់សាំង និងចែករំលែកបទពិសោធន៍ក្នុងការបង្ការជំងឺរាតត្បាតជាមួយប្រទេសជាតិ ក៏ដូចជាមានទាំងការចំណាយសម្ភារៈរបស់ខ្លួននៅវៀតណាម ដើម្បីបម្រើការបង្ការជំងឺរាតត្បាត រួមទាំងវិលត្រឡប់មកមាតុប្រទេសស្ម័គ្រចិត្តដើម្បីចូលរួមក្នុងវិស័យបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ អាណិកជនវៀតណាមនៅឯបរទេសក្នុងប្រទេសជាច្រើន បានសម្របសម្រួលយ៉ាងសកម្មជាមួយទីភ្នាក់ងារតំណាងវៀតណាមនៅឯបរទេស ដើម្បីដាក់ពង្រាយការទូតវ៉ាក់សាំង ចលនាឲ្យប្រទេសម្ចាស់ផ្ទះជួយឧបត្ថម្ភវ៉ាក់សាំង និងផលិតផលវេជ្ជសាស្រ្តសម្រាប់ វៀតណាម។
លោកប្រធានរដ្ឋបានជូនពរជនរួមជាតិ ទោះស្ថិតនៅទីណាក៏ដោយ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ត្រូវលើកតម្កើងស្មារតីវៀតណាមជានិច្ច (រូបថត៖ Gia Han/ thanhnien.vn) |
អញ្ជើញវាយតំលៃការរួមវិភាគទានរបស់អាណិកជនវៀតណាមនៅឯបរទេសនោះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអះអាងថា៖ “ខ្ញុំមានអារម្មណ៍ចែករំលែកទុក្ខលំបាកបណ្តាលពីជំងឺរាតត្បាតកូវីដ ១៩ ដែលបងប្អូនជនរួមជាតិរបស់យើងត្រូវជួបប្រទះនៅកន្លែងឆ្ងាយដាច់ស្រយាល ប៉ុន្តែខ្ញុំរឹតតែមានមោទនភាពចំពោះសមិទ្ធផលដែលបងប្អូនសម្រេចបាននាពេលកន្លងមកនេះ។ សហគមន៍ជនវៀតណាមយើងបានសាមគ្គីគ្នា ខិតខំប្រឹងប្រែងសម្របខ្លួនទៅ នឹងជំងឺរាតត្បាត ជួយគ្នាទៅវិញទៅមក ស្តារការងារនិងអាជីវកម្មឡើងវិញ។ ប្រការដែលកាន់តែសប្បាយជាងនេះទៅទៀតនោះគឺ សហគមន៍ជនវៀតណាមនៅតាមកន្លែងជាច្រើនក៏បានជួយដល់ប្រជាជននិងអាជ្ញាធរមូលដ្ឋានរបស់ប្រទេសសាមី ខណៈពេលមានជំងឺរាតត្បាតផងដែរ ហើយបានរួមចំណែកធ្វើឲ្យរូបភាពសហគមន៍ជនវៀតណាមនៅឯបរទេសកាន់តែស្រស់ស្អាត”។
ចំណាប់អារម្មណ៍ចំពោះគោលនយោបាយល្អប្រសើររបស់បក្សនិងរដ្ឋចំពោះអាណិកជន
វិលត្រឡប់មកវៀតណាមវិញដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ អាណិកជនវៀតណាមនៅក្រៅប្រទេស បានសម្តែងនូវអារម្មណ៍និងក្តីប្រាថ្នាដ៏ស្មោះស្ម័គ្រចំពោះមាតុភូមិនិងប្រទេសជាតិ។ លោកស្រី Luong Thu Thao (អាណិកជនវៀតណាមនៅប្រទេសថៃ) មានសេចក្តីសោមនស្សរីករាយនិងរំភើបចិត្តយ៉ាងខ្លាំងនៅពេលដែលបានវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីចូលរួមកម្មវិធីនិទាឃរដូវនៅស្រុកកំណើត ហើយបានប្រទេសជាតិទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងគោរពបំផុត។ សាស្រ្តាចារ្យបណ្ឌិត Yang Dao រីករាយនឹងការផ្លាស់ប្តូរជាក់ស្តែងរបស់ស្រុកកំណើត។ ប្រការដែលលោកសប្បាយចិត្តបំផុតនោះ គឺបក្ស រដ្ឋ និងរដ្ឋាភិបាលតែងតែមានគោលនយោបាយយកចិត្តទុកដាក់ចំពោះអាណិកជនវៀតណាមនៅឯបរទេស។ លោក Peter Hong អនុប្រធាននិងជាអគ្គលេខាធិកាសមាគមធុរកិច្ចនៅក្រៅប្រទេសបានចែករំលែកថា រាល់ពេលដែលលោកវិលត្រឡប់មកស្រុកកំណើតវិញ លោកតែងតែមានអារម្មណ៍ពិសេសខ្លាំងណាស់។ លោកប្រាថ្នាចង់មានឱកាសជាច្រើនសម្រាប់អាណិកជនវៀតណាមនៅបរទេសវិលត្រឡប់មកមាតុ ប្រ ទេសវិញ ដើម្បតងស្នងសងគុណប្រទេសជាតិក៏ដូចជាមិនភ្លេចប្រភពដើមរបស់ខ្លួន។ អ្នកស្រី Pham Thi Oanh ជាអាណិកជនវៀតណាមរស់នៅប្រទេសរុស្ស៊ីបានចែករំលែកថា លោកស្រីមានក្តីសប្បាយនៅពេលដែលលោកស្រីដឹងថា បក្ស និងរដ្ឋតែងតែផ្តោតការយកចិត្តទុកដាក់លើបំណងប្រាថ្នារបស់បងប្អូនអាណិកជន លោកស្រី Nguyen Viet Trieu អាណិកជន វៀតណាមនៅប្រទេសប៉ូឡូញបានសម្តែងអារម្មណ៍ថា៖ “អស្ចារ្យណាស់ ដោយបានឃើញការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ ចំពោះអាណិកជនវៀតណាមនៅឯបរទេស ដែលត្រឡប់មកពីឆ្ងាយវិញ ពិតជាមានភាពកក់ក្តៅ គួរជាទីមោទនភាពណាស់”។
ទោះបីស្ថិតក្នុងស្ថានភាពនិងមុខតំណែងផ្សេងគ្នាក៏ដោយ ក៏ប្រជាជនវៀតណាមនៅក្រៅប្រទេសមានគំនិតរួមតែមួយគឺ វិលត្រឡប់មកមាតុភូមិវិញនិងរួមចំណែកដល់មាតុភូមិរបស់ខ្លួន។ សម្រាប់ពួកគេ ពាក្យមាតុភូមិតែងតែស្ថិតនៅក្នុងដួងចិត្តរបស់ពួកគេ ហើយពួកគេតែងតែចង់រួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិជានិច្ច៕