(VOVWORLD) - នាថ្ងៃទី ៣ កក្កដា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង (ចាប់ពីថ្ងៃទី ៣០ មិថុនា ដល់ថ្ងៃទី ៣ កក្កដា) តបតាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Han Duck Soo។ លទ្ធផលនៃដំណើរទស្សនកិច្ចនេះបានចាក់មូលដ្ឋានគ្រឹះដ៏សំខាន់លើវិស័យសហប្រតិបត្តិការថ្មីក្នុងទំនាក់ទំនងវៀតណាម -កូរ៉េខាងត្បូង ជាពិសេសគឺសេដ្ឋកិច្ច។
នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-កូរ៉េខាងត្បូង។ រូបថត៖ VOV |
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៖ ចំណុចសំខាន់នៃដំណើរទស្សនកិច្ច
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានបង្ហាញពីការគោរពទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយកូរ៉េខាងត្បូង។ សេដ្ឋកិច្ចត្រូវបានកំណត់ថាជាសសរស្តម្ភដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងកូរ៉េខាងត្បូង។ កាលវិភាគសកម្មភាពបានបង្ហាញយ៉ាងច្បាស់លាស់នូវការយកចិត្តទុកដាក់ដែលប្រមុខរដ្ឋាភិបាលមានបំណងចង់ជំរុញក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូពាណិជ្ជកម្ម និងវិនិយោគឈានមុខរបស់វៀតណាម។ ក្នុងចំណោមសកម្មភាពប្រមាណ៣០របស់លោកនាយករដ្ឋមន្ត្រីនៅកូរ៉េខាងត្បូង មានព្រឹត្តិការណ៍ជាងពាក់កណ្តាល ដែលទាក់ទងនឹងសេដ្ឋកិច្ច។
លោកនាយករដ្ឋមន្ត្រីបានចូលរួម និងថ្លែងមតិក្នុងវេទិកាចំនួន៣គឺ៖ វេទិកាធុរកិច្ច វេទិកាជំរុញទេសចរណ៍ និងកិច្ចសហប្រតិបត្តិការវប្បធម៌ វេទិកាការងារវៀតណាម-កូរ៉េខាងត្បូង។ ប្រមុខរដ្ឋាភិបាលវៀតណាមក៏បានចូលរួមសិក្ខាសាលាចំនួនពីរគឺ៖ សិក្ខាសាលាជាមួយថ្នាក់ដឹកនាំនៃអង្គការសេដ្ឋកិច្ចកូរ៉េខាងត្បូង និងសិក្ខាសាលាជាមួយបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រកូរ៉េខាងត្បូងស្តីពី semiconductors និងបញ្ញាសិប្បនិម្មិត។
លើសពីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏មានជំនួបជាបន្តបន្ទាប់ជាមួយតំណាងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចជួរមុខកូរ៉េខាងត្បូងមួយចំនួន ដែលកំពុងមានគោលបំណងចង់ពង្រីកការវិនិយោគនៅវៀតណាមលើគ្រប់វិស័យដូចជា៖ ជីវបច្ចេកវិទ្យា ដែកថែប ថាមពល និងពាណិជ្ជកម្ម។
តាមរយៈសកម្មភាពទាំងនេះ ប្រមុខរដ្ឋាភិបាលវៀតណាមបានលើកច្បាស់ថា វៀតណាមជានិច្ចកាលម្ចាស់ការផ្ទៀងស្កាប់ ដោះស្រាយឧបសគ្គ និងរបាំងនានា សំដៅបង្កលក្ខណៈងាយស្រួលដល់សហគ្រាសកូរ៉េខាងត្បូង ធ្វើសកម្មភាពផលិតកម្ម និងអាជីវកម្មប្រកបដោយស្ថិរភាព និងអំណោយផលនៅវៀតណាម។ អញ្ជើញថ្លែងមតិក្នុងវេទិកាធុរកិច្ចវៀតណាម-កូរ៉េខាងត្បូង នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖
“នៅពេលមកវិនិយោគនៅវៀតណាម លោកអ្នកនឹងត្រូវបានធានាស្ថិរភាពនយោបាយ ធានាសមភាពក្នុងអាជីវកម្ម និងផលិតកម្ម។ យើងរួមគ្នាធ្វើអាជីវកម្ម រួមគ្នាអភិវឌ្ឍន៍ និងបង្កើតតម្លៃថ្មីសម្រាប់ប្រទេសទាំងពីរផងដែរ”។
កិច្ចព្រមព្រៀងសហប្រតិបត្តិការជាក់លាក់
សមិទ្ធិផលលេចធ្លោបំផុតក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈដំណើរទស្សនកិច្ចលើកនេះ គឺជាការឯកភាពខ្ពស់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យនាពេលបច្ចុប្បន្ន។ តាមនោះ ភាគីទាំងពីរបានឯកភាពសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីសម្រេចឱ្យបានគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០០ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០២៥ និង ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ក្នុងទិសដៅប្រកបដោយតុល្យភាព និងនិរន្តរភាព។ ដើម្បីសម្រេចឲ្យបាននូវគោលដៅនេះ ភាគីទាំងពីរបានឯកភាពសហការយ៉ាងជិតស្និទ្ធ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយន្តការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី និងពហុភាគី ក្នុងនោះមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (MRA) ស្ដីពីកម្មវិធីសហគ្រាសអាទិភាព (AEO) ក្នុងឆ្នាំនេះ។
ភាគីទាំងពីរបានឯកភាពគ្នាជំរុញការប្រកាសបើកទ្វារសម្រាប់ផ្លែក្រូចថ្លុងរបស់វៀតណាម និងផ្លែត្រសក់ស្រូវកូរ៉េខាងត្បូងចូលទីផ្សាររបស់គ្នាទៅវិញទៅមកក្នុងឆ្នាំ ២០២៤។ លើសពីនេះ វៀតណាម និងកូរ៉េខាងត្បូងបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិ - រុក្ខ -និងជលផល; ជំរុញការដោះដូរពាណិជ្ជកម្មចំពោះកសិផល ការចិញ្ចឹមសត្វ និងជលផល ជាពិសេសគឺលើកទឹកចិត្តធុរកិច្ចកូរ៉េខាងត្បូងពង្រីកការវិនិយោគនៅវៀតណាម លើវិស័យឧស្សាហកម្មមុខព្រួញ និងឧស្សាហកម្មអនាគត។
នាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិក្នុងវេទិកាជំរុញទេសចរណ៍ និងសហប្រតិបត្តិការវប្បធម៌វៀតណាម-កូរ៉េខាងត្បូង។ រូបថត៖ TTXVN |
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា វៀតណាមនឹងសហការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តន៍គម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរជាមួយទំហំទឹកប្រាក់ ៥២ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤ ប្រកបដោយរលូន និងប្រសិទ្ធភាព។ ភាគីទាំងពីរបានឯកភាពគ្នាខិតខំប្រឹងប្រែងដើម្បីពង្រីកទំហំ និងមុររបរទទួលយកពលករវៀតណាមទៅធ្វើការនៅកូរ៉េខាងត្បូង បន្តពង្រីកទំហំទទួលពលករជំនាញបច្ចេកទេសលើវិស័យតម្កើងនាវា បច្ចេកវិទ្យាព័ត៌មាន និងសេវាកម្ម។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ទៅកាន់កូរ៉េខាងត្បូង ក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ៩ លើវិស័យដូចជា អភិវឌ្ឍន៍ ពាណិជ្ជកម្ម - វិនិយោគ សហគ្រាសធុនតូច និងមធ្យម - នវានុវត្តន៍ - ចាប់ផ្ដើមអាជិវកម្ម បរិស្ថាន ការប្រកួតប្រជែង និងអ្នកប្រើប្រាស់ ការពារអតិថិជន និងអប់រំ។
ដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅកូរ៉េខាងត្បូងទទួលបានជោគជ័យជាផ្លែផ្កា។ លទ្ធផលនៃដំណើរទស្សនកិច្ចនេះ បានចាក់មូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់វិស័យសហប្រតិបត្តិការថ្មីក្នុងទំនាក់ទំនងទ្វេភាគី ព្រមទាំងអះអាងថា វៀតណាម និងកូរ៉េខាងត្បូងបានក្លាយទៅជាដៃគូដ៏សំខាន់ជួរមុខរបស់គ្នាទៅវិញទៅមក៕