អន្តរជាតិលើកត្រដែតស្មារតី គោរពច្បាប់ជាចម្បងនៅលើសមុទ្រខាងកើត
(VOVWORLD) - ក្នុងបរិបទដែលពិភពលោកកំពុងផ្តោតសំខាន់លើការឆ្លើយតបនឹងជំងឺរាតត្បាត COVID-19 នោះ នាពេលថ្មីៗនេះ ចិនបានបង្កើនសកម្មភាពដែលទាមទារអធិបតេយ្យភាពមិនសមហេតុ សមផលនៅសមុទ្រខាងកើត។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មានប្រទេសជាច្រើនបានឡើងសម្លេងបង្ហាញទស្សនៈអំពីបញ្ហាសេរីភាពនាវាចរណ៍ ដោយបដិសេធការទាមទារអធិបតេយ្យភាព មិនស្របច្បាប់របស់ចិននៅសមុទ្រខាងកើត ជាពិសេសគឺសង្កត់ធ្ងន់ទៅលើការគោរពច្បាប់អន្តរជាតិនៅសមុទ្រខាងកើត។
សង្កត់ធ្ងន់លើការ“ គោរពច្បាប់ជាចម្បង”
ក្នុងរយៈពេលត្រឹមតែ ៣ ខែនាពេលថ្មីៗនេះ ចិនបានចាត់វិធានការជាឯកតោភាគីជាបន្តបន្ទាប់នៅលើសមុទ្រខាងកើត ដោយគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ដូចជាការធ្វើសមយុទ្ធនៅជុំវិញប្រជុំកោះ Hoang Sa ប្រកាសរបស់ដែលហៅថា “ខ័ណ្ឌ Xisha” (ពោលគឺប្រជុំកោះ Hoang Sa របស់វៀតណាម) និងប្រកាសរបស់ដែលហៅថា “ខ័ណ្ឌ Nansha” (ពោលគឺប្រជុំកោះ Truong Sa របស់វៀតណាម) ហើយប្រកាសរបស់ដែលហៅថា “ឈ្មោះស្តង់ដារ“ សម្រាប់កោះចំនួន ៨០ នៅលើសមុទ្រខាងកើត។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison |
សកម្មភាពទាំងនេះរបស់ចិនបង្កឱ្យមានការមិនពេញចិត្ត និងប្រតិកម្មយ៉ាងខ្លាំងក្លាក្នុងសាធារណមតិអន្តរជាតិ។ អូស្រ្តាលីបានអះអាងបន្តគាំទ្រយ៉ាងខ្លាំងក្លាចំពោះសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត ហើយរក្សា ជំហរដ៏“ រឹងមាំ” លើបញ្ហានេះ។ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison កាលពីថ្ងៃទី ១៦ ខែកក្កដា បានអះអាងថា ទីក្រុង Canberra នឹងបន្តមានសកម្មភាព នាំចេញសេចក្ដីប្រកាស រួមជាមួយគំនិតផ្ដួចផ្ដើមរបស់ខ្លួន។ រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីនបានចេញសេចក្តីប្រកាសដោយអះអាងការគាំទ្រយ៉ាងខ្លាំងក្លាចំពោះជំហររបស់ សហគមន៍ អន្តរជាតិថា ចាំបាច់ត្រូវមានសណ្ដាប់ធ្នាប់ ដោយផ្អែកលើច្បាប់នៅសមុទ្រខាងកើត។ ក្នុងសេចក្ដីប្រកាស រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីនលោក Delfin Lorenzana បានអំពាវនាវឱ្យរដ្ឋាភិបាលចិនអនុវត្តតាមសាលក្រមរបស់ តុលាការអាជ្ញាកណ្តាលអចិន្រ្តៃយ៍ (PCA) ឆ្នាំ ២០១៦ ហើយគោរព អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលចិនជាប្រទេសហត្ថលេខីផងដែរ។
ក្នុងពេលនោះ ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានប្រកាសទៅកាន់មជ្ឈដ្ឋានសារព័ត៌មានថា ប្រឆាំងជំទាស់ មិនថាសកម្មភាពណាមួយឡើយ ដែលបានបង្កើនភាពតានតឹងនៅលើសមុទ្រខាងកើត។ ជំហរឥតងាករេរបស់ជប៉ុនគឺ គាំទ្រ “ការគោរពច្បាប់ជាចម្បង“ គោរពការដោះស្រាយជម្លោះដោយសន្តិវិធីជំនួសឱ្យការប្រើប្រាស់កម្លាំង ឬការបង្ខិតបង្ខំ ហើយជប៉ុននឹងសហប្រតិបត្តិការជាមួយបណ្ដាប្រទេស ដើម្បីគោលដៅនេះផងដែរ។
មុននេះ ក្រសួងការបរទេសអាមេរិក បាននាំចេញសេចក្ដីថ្លែងការណ៍ដោយលើកច្បាស់ថាសហរដ្ឋអាមេរិកការពារតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក សេរីភាព និងបើកទូលាយ។ រាល់ការទាមទាររបស់ទីក្រុងប៉េកាំងចំពោះប្រភពធនធាននៅដែនសមុទ្រស្ទើរតែទាំងអស់ ក៏ដូចជាយុទ្ធនាការសម្លុត ដើម្បីគ្រប់គ្រងប្រភពធនធានទាំងនេះ គឺមិនស្រប់ច្បាប់ឡើយ។ សហរដ្ឋអាមេរិកមានគោលបំណងចង់រក្សាសន្តិភាព ស្ថិរភាព រក្សាសេរីភាពនៅលើសមុទ្រ ដែលស្របច្បាប់អន្តរជាតិ រក្សាលំហូរពាណិជ្ជកម្មដែលគ្មានការរាំងខ្ទប់ ហើយប្រឆាំងនឹងការខិតខំប្រឹងប្រែងសំដៅប្រើប្រាស់ការបង្ខិតបង្ខំ ឬអាវុធ ដើម្បីដោះស្រាយជម្លោះ។ នេះគឺជាផលប្រយោជន៍ដ៏យ៉ាងជ្រាលជ្រៅនិងយូរអង្វែងដែលសហរដ្ឋអាមេរិកបានចែករំលែកជាមួយសម្ព័ន្ធមិត្តនិងដៃគូរបស់ខ្លួន។ សេចក្តីប្រកាសនេះក៏បានសង្កត់ធ្ងន់ថាពិភពលោកនឹងមិនអនុញ្ញាតឱ្យទីក្រុងប៉េកាំងចាត់សមុទ្រខាងកើតជាអាណាចក្រនាវាចរណ៍របស់ខ្លូនឯងឡើយ។
វៀតណាមមានបំណងចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត
ក្នុងនាមជាប្រទេសដែលមានអធិបតេយ្យភាពនិងផលប្រយោជន៍ពាក់ព័ន្ធផ្ទាល់នៅសមុទ្រខាងកើតនោះ វៀតណាមជានិច្ចកាលអះអាងនូវគោលនយោបាយឥតងាករេ ពោលគឺខិតខំប្រឹងប្រែងរូមចំណែកទៅក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត ដោះស្រាយជម្លោះតាមរយៈការសន្ទនា ដោយសន្តិវិធី ជាពិសេសគឺគោរពសណ្ដាប់ធ្នាប់គតិយុត្តិនៅលើសមុទ្រ ហើយអនុវត្តន៍យ៉ាងពេញលេញ ប្រកបដោយសុឆន្ទៈ ការទទួលខុសត្រូវចំពោះអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ ។ ចំពោះសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក និងសាធារណៈមតិរបស់សហគមន៍អន្តរជាតិវៀតណាមនោះ វៀតណាម រួមជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ានបានអបអរសាទរចំពោះគោលជំហរនេះ ហើយចែករំលែកទស្សនៈដូចដែលបានចែងក្នុងសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ដែលបានចាត់ទុកថា អនុសញ្ញានៃអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ គឺជាក្របខ័ណ្ឌគតិយុត្តិសម្រាប់រាល់សកម្មភាពនៅលើសមុទ្រ និងមហាសាគរ។ បណ្តាប្រទេសក្នុង និងក្រៅតំបន់ចាំបាច់ត្រូវគោរពច្បាប់នៅលើមហាសាគរ រួមដៃគ្នាកសាងតំបន់មួយប្រកបដោយសន្តិភាព ស្ថិរភាព ក៏ដូចជាអភិវឌ្ឍដូចគ្នាផងដែរ៕