អនុវត្តន៍ជាក់ស្ដែងគោលដៅអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចឌីជីថល
(VOVWORLD) - ការអភិវឌ្ឍនសេដ្ឋកិច្ចឌីជីថលគឺជាទិសដៅមួយ ព្រមទាំងជាគោលដៅអភិវឌ្ឍន៍ដ៏សំខាន់របស់វៀតណាម។ តាមនោះ សេដ្ឋកិច្ចឌីជីថល រួមជាមួយរដ្ឋាភិបាលឌីជីថល និងសង្គមឌីជីថល គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបីនៃការផ្លាស់ប្តូរឌីជីថល ដែលជានិន្នាការដ៏មានសារៈសំខាន់ជាសកល ដែលត្រូវបានរដ្ឋាភិបាលកំណត់យ៉ាងច្បាស់លាស់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ រដ្ឋាភិបាល សហគមន៍ធុរកិច្ច និង សេដ្ឋកិច្ចគ្រប់សមាសភាពបានខិតខំប្រឹងប្រែងជាច្រើនដើម្បីអនុវត្តន៍ជាក់ស្ដែងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច
ឌីជីថល។
នាពេលថ្មីៗនេះ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានចុះហត្ថលេខា ចេញផ្សាយសេចក្តីសម្រេចចិត្តមួយច្បាប់ស្ដីពីការអនុម័តលើយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលដល់ឆ្នាំ ២០២៥ និង តម្រង់ទិសដល់ឆ្នាំ ២០៣០។ យុទ្ធសាស្ត្របានចង្អុលបង្ហាញយ៉ាងច្បាស់លាស់ថា ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនឹងជួយប្រជាជនសម្បូរធូធារជាង រួមចំណែកនាំវៀតណាមរួចផុតពីប្រាក់ចំណូលមធ្យមកម្រិតទាបនាឆ្នាំ ២០២៥ និងសម្រេចបានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ព្រមទាំងសម្រេចបានប្រាក់ចំណូលខ្ពស់នាឆ្នាំ ២០៤៥ ផងដែរ។
គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលរបស់វៀតណាម
យោងតាមយុទ្ធសាស្ត្រ សេដ្ឋកិច្ចឌីជីថលរួមមាន៖ សេដ្ឋកិច្ចឌីជីថល ICT ដែលជាឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន និងសេវាកម្មទូរគមនាគមន៍។ សេដ្ឋកិច្ច មូលដ្ឋានគ្រឹះគឺជាសកម្មភាពសេដ្ឋកិច្ចរបស់មូលដ្ឋានឌីជីថល បណ្ដាប្រព័ន្ធអនឡាញតភ្ជាប់រវាងការផ្គត់ផ្គង់ និងតម្រូវការ ជាមួយនឹងសេវាកម្មអនឡាញនៅលើបណ្ដាញអ៊ីនធឺណិត។ សេដ្ឋកិច្ចឌីជីថលតាមផ្នែក គឺជាសកម្មភាពសេដ្ឋកិច្ចឌីជីថលលើផ្នែក និងវិស័យ។ យុទ្ធសាស្ត្រនេះមានគោលគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ICT ដោយផ្តោតសំខាន់លើសហគ្រាស និងផលិតផលបច្ចេកវិទ្យាឌីជីថល Make in Vietnam ហើយសមស្របនឹងការទាក់ទាញទុន FDI ដែលបានជ្រើសរើស ដោយបានបង្កើនបរិមាណនៃការនាំចេញ។ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលមូលដ្ឋាន ដោយបានផ្ដោតសំខាន់លើបណ្ដាមូលដ្ឋានឌីជីថលជាតិ គឺជាកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលតាមផ្នែក វិស័យ។ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលតាមផ្នែកបានផ្ដល់អាទិភាពលើការប្រើប្រាស់មូលដ្ឋានឌីជីថលរួម និងឯកភាពគ្នាលើផ្នែក និងវិស័យនីមួយៗ។
គោលដៅជាមូលដ្ឋានអំពីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលដល់ឆ្នាំ ២០២៥ រួមមាន៖ សមាមាត្រសេដ្ឋកិច្ចឌីជីថលសម្រេចបាន ២០% នៃ GDP; សមាមាត្រ សេដ្ឋកិច្ចឌីជីថលលើផ្នែក និងវិស័យនីមួយៗសម្រេចជាអប្បបរមាគឺ ១០% ; សមាមាត្រពាណិជ្ជកម្មអេឡិចត្រូនិកក្នុងការលក់រាយសរុបសម្រេចបានជាង ១០%; អត្រា សហគ្រាសដែលប្រើប្រាស់កិច្ចសន្យាអេឡិចត្រូនិចសម្រេចបានជាង ៨០%; អត្រាសហគ្រាសធុនតូច និងមធ្យមដែលប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រេចបានលើសពី ៥០% ហើយអត្រាធនធានពលករសេដ្ឋកិច្ចឌីជីថលក្នុងចំណោមធនធានពលករសម្រេចបានលើសពី ២% ។
មូលដ្ឋានគ្រឹះដ៏សំខាន់ៗ
អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Tran Duy Dong (រូបថត៖ sggp.org.vn) |
រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមត្រូវបានវាយតម្លៃថាជាប្រទេសមួយក្នុងចំណោម ប្រទេស ដែលមានសកម្មភាពទាន់ពេលវេលាក្នុងការកសាង និងសុក្រិតរាល់បទប្បញ្ញត្តិច្បាប់ កំណត់រូបរាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្នុងដំណើរការផ្លាស់ប្តូរឌីជីថលចំពោះខឿនសេដ្ឋកិច្ច។
យោងតាមស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលមានកិត្យានុភាពជាច្រើនបានឲ្យដឹងថាបច្ចុប្បន្ននេះ វៀតណាម មានមូលដ្ឋានគ្រឹះ និងគុណសម្បត្តិដ៏សំខាន់ៗ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល។ ក្នុងនោះ ធនាគារពិភពលោក (WB) បានវាយតម្លៃថា អត្រាប្រកួតប្រជែងរបស់អង្គការនានាលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍នៅវៀតណាម គឺខ្ពស់ជាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ហើយតម្លៃសេវាកម្មអ៊ីនធឺណិតនៅវៀតណាមស្ថិតក្នុងកម្រិតប្រកួតប្រជែងបំផុតក្នុងតំបន់។ ទំហំនៃការផ្លាស់ប្តូរសេវាកម្មទូរគមនាគមន៍ កុំព្យូទ័រ និងផលិតផលបច្ចេកវិទ្យាព័ត៌មាននៅវៀតណាមបានកើនឡើងយ៉ាងឆាប់រហ័ស បានសរឲ្យឃើញពីនិន្នាការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃខឿនសេដ្ឋកិច្ចឌីជីថលនាពេលអនាគត។ នាបច្ចុប្បន្ន សមត្ថភាពតភ្ជាប់អ៊ីធឺណិតរបស់វៀតណាមគឺជាគុណសម្បត្តិដ៏ធំធេងសម្រាប់ដំណើរការផ្លាស់ប្ដូរឌីជីថលជាមួយតួរលេខអំពីអតិថិជនដែលចុះឈ្មោះប្រើប្រាស់សេវាកម្មទូរស័ព្ទខ្ពស់បំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះទៅទៀត វៀតណាមក៏ទទួលបានផលប្រយោជន៍ពីល្បឿនតភ្ជាប់អ៊ីនធឺណិតជាមធ្យម បានកើនឡើង ក្នុងតំបន់ ដោយបានឆ្លុះបញ្ចាំងពីសក្ដានុពលអភិវឌ្ឍន៍ និងការតភ្ជាប់អន្តរជាតិរបស់តំបន់។
ទាក់ទងនឹងយថាទស្សន៍អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលវៀតណាម អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Tran Duy Dong បានឲ្យដឹងថា៖ “បច្ចុប្បន្ននេះ ប្រាក់ចំណូលពីនវានុវត្តភាពបានស្រូបយក ៩% នៃ GDP។ គោលដៅយុទ្ធសាស្ត្រនៃការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមរបស់វៀតណាមគឺ សេដ្ឋកិច្ចឌីជីថលស្រូបយក ៣០% នៃ GDP។ ខ្ញុំចាត់ទុកថានេះជាគោលដៅដ៏មានមហិច្ឆតា និងខ្លាំងក្លាណាស់។ ដោយមានកំណើនអំពីទុនវិនិយោគសម្រាប់នវានុវត្តភាពនោះ យើងខ្ញុំចាត់ទុកថា តួរលេខគោលដៅនេះអាចសម្រេចបាន។ ក្រសួងផែនការ និងវិនិយោគ នឹងរួមជាមួយស្ថាប័ន ក្រសួងនានាចាត់វិធានការជាច្រើន ដើម្បីធានាគៅលដៅសេដ្ឋកិច្ចឌីជីថលរួមចំណែក ៣០% នៃ GDP នាឆ្នាំ ២០៣០ ខាងមុខផងដែរ”។
អាចអះអាងថា ក្នុងដំណើរការផ្លាស់ប្តូរឌីជីថលខឿនសេដ្ឋកិច្ច វៀតណាមបានកសាងមូលដ្ឋានគ្រឹះដ៏សំខាន់ៗ និងរឹងមាំ ព្រមទាំងសម្រេចបានជោគជ័យជាជំហានដំបូងគួរឲ្យលើកទឹកចិត្តលើគ្រប់ជ្រុងជ្រោយ។ ដោយមានការតម្រង់ទិសដៅដ៏ត្រឹមត្រូវ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាល សហគមន៍ធុរកិច្ច និងបណ្ដាសមាសភាពសេដ្ឋកិច្ចនោះ វៀតណាមនឹងសម្រេចបានគោលដៅផ្លាស់ប្ដូរឌីជីថលនិយាយរួម និងអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនិយាយដោយឡែកជាក់ជាពុំខានផងដែរ៕