(VOVWORLD) - អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ ដើម្បីឱ្យវៀតណាមក្លាយជាប្រទេសដែលខ្លាំងមាំមួនអំពីសេដ្ឋកិច្ចសមុទ្រ និងសម្បូរធូធារពីសមុទ្រ គឺជាគោលនយោបាយខ្ជាប់ខ្ជួនរបស់ថ្នាក់ដឹកនាំវៀតណាម។ ទស្សនៈនេះត្រូវបានបញ្ជាក់ជាថ្មីម្តងទៀតនៅក្នុងសន្និសីទលាតត្រដាងអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៦ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការធានាការពារជាតិ និងសន្តិសុខក្នុងតំបន់ភាគកណ្តាលប៉ែកខាងជើង និងតំបន់ឆ្នេរភាគកណ្តាល ដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ទើបនឹងបានប្រព្រឹត្តទៅនាពេលថ្មីៗនេះ។ តាមនោះ តំបន់ភាគកណ្តាលប៉ែកខាងជើង និងឆ្នេរកណ្តាលត្រូវតែខ្លាំងមាំមួនអំពីសេដ្ឋកិច្ចសមុទ្រ និងសម្បូរធូធារពីសមុទ្រ។
សេចក្តីសម្រេចចិត្តលេខ ២៦ នៃការិយាល័យនយោបាយកំណត់ថា: ដល់ឆ្នាំ ២០៣០ តំបន់ភាគកណ្តាលប៉ែកខាងជើងនិងឆ្នេរភាគកណ្តាលនឹងក្លាយជាតំបន់នៃការអភិវឌ្ឍន៍យ៉ាងស្វាហាប់ ឆាប់រហ័ស និងនិរន្តរភាព ខ្លាំងក្លាអំពីសេដ្ឋកិច្ចសមុទ្រ (រូបថត៖ VGP/Nhat Bac) |
តំបន់ភាគកណ្តាលប៉ែកខាងជើង និងឆ្នេរភាគកណ្តាល រួមមានខេត្ត និងទីក្រុងចំណុះមជ្ឈឹម ជាប់ឆ្នេរសមុទ្រចំនួន ១៤ ពីខេត្ត Thanh Hoa ដល់ខេត្ត Binh Thuan។ ផ្ទៃដីធម្មជាតិនៃតំបន់ទាំងមូល ស្រូបយកជិត ២៩% នៃផ្ទៃដីរបស់ប្រទេសជាតិទាំងមូល ដោយមានឆ្នេរសមុទ្រជិត ១,៨០០ គីឡូម៉ែត្រ ស្មើនឹង ៥៥% នៃឆ្នេរសមុទ្រវៀតណាម (៣,២៦០ គីឡូម៉ែត្រ) និងកំពង់ផែទឹកជ្រៅជាច្រើន ក៏ដូចជាកោះ និងប្រជុំកោះ សំខាន់ៗ ដូចជា Hoang Sa, Truong Sa, Ly Son, Cu Lao Cham...។ល។
ខ្លឹមសារនៃសេដ្ឋកិច្ចសមុទ្រត្រូវបានផ្តោតសំខាន់ពិសេស
ខេត្ត ក្រុងទាំង ១៤ នៃតំបន់ភាគកណ្តាលប៉ែកខាងជើង និងឆ្នេរភាគកណ្តាល គឺជាតំបន់ជាប់សមុទ្រ និងមានផ្នែកខាងមុខនៅជាប់សមុទ្រខាងកើត ដូច្នេះសេដ្ឋកិច្ចសមុទ្រដើរតួនាទីយ៉ាងសំខាន់បំផុតសម្រាប់ការអភិវឌ្ឍក្នុងតំបន់ ទាំងសេដ្ឋកិច្ច និងសង្គម ក៏ដូចជាធានាការពារជាតិ និងសន្តិសុខ។
សេចក្តីសម្រេចចិត្តលេខ ២៦ បានកំណត់យ៉ាងច្បាស់នូវគោលដៅថា ដល់ឆ្នាំ ២០៣០ តំបន់ភាគកណ្តាលប៉ែកខាងជើងនិងតំបន់ឆ្នេរភាគកណ្តាល ត្រូវតែជាតំបន់នៃការអភិវឌ្ឍន៍ប្រកបដោយថាមវន្ត ឆាប់រហ័ស និងនិរន្តរភាពអំពីសេដ្ឋកិច្ចសមុទ្រ; ត្រូវមានហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមសមកាលកម្ម និងទំនើប មានកិច្ចសហប្រតិបត្តិការអន្តរជាតិសំខាន់ៗ ជាមួយនឹងតំបន់សេដ្ឋកិច្ចតាមឆ្នេរសមុទ្រ និងប្រព័ន្ធទីក្រុងតាមឆ្នេរសមុទ្រតាមស្តង់ដារជាតិ និងតំបន់ ហើយជាច្រកចេញចូលសមុទ្រនៃតំបន់ Tay Nguyen និងជាមួយប្រទេសឡាវ។
ដល់ឆ្នាំ ២០៤៥ តំបន់ភាគកណ្តាលប៉ែកខាងជើងនឹងតំបន់ឆ្នេរភាគកណ្តាល ក្លាយជាតំបន់នៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ខ្លាំងមាំមួនអំពីសេដ្ឋកិច្ចសមុទ្រ; មានមជ្ឈមណ្ឌលឧស្សាហកម្ម សេវាកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិធំៗមួយចំនួន ស្មើជាមួយតំបន់អាស៊ី ជាមួយនឹងតំបន់សេដ្ឋកិច្ចឆ្នេរសមុទ្រទំនើប និងប្រព័ន្ធទីក្រុងឆ្នេរសមុទ្រឆ្លាតនិងនិរន្តរភាព ពោរពេញដោយអត្តសញ្ញាណរបស់ខ្លួន។ លោក Tran Tuan Anh ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិមបានឲ្យដឹងថា៖ “ខ្លឹមសារនៃសេដ្ឋកិច្ចសមុទ្រត្រូវបានផ្តោតយ៉ាងខ្លាំង។ តំបន់ដែលបានកំណត់ ត្រូវតែជាតំបន់អភិវឌ្ឍន៍ដោយឈរលើផលប្រយោជន៍នៃសេដ្ឋកិច្ចសមុទ្រ ខ្លាំងមាំមួនមកពីសមុទ្រ សម្បូរធូធារមកពីសមុទ្រ ជាពិសេសការទាញយក និងពង្រីកសក្តានុពលនៃសេដ្ឋកិច្ចសមុទ្រ ដែលត្រូវតែផ្សារភ្ជាប់ជាមួយការកសាងនិងសម្រេចរួចរាល់ប្រព័ន្ធច្រករបៀងសេដ្ឋកិច្ច ដើម្បីឲ្យមណ្ឌលសេដ្ឋកិច្ចតាមឆ្នេររបស់ វៀតណាមកាន់តែអភិវឌ្ឍន៍យ៉ាងពិតប្រាកដ”។
មុននោះ ក្នុងខែកក្កដា ឆ្នាំ ២០២២ រដ្ឋាភិបាលក៏បានអនុម័តលើគម្រោងអភិវឌ្ឍន៍ចង្កោមផ្សាភ្ជាប់វិស័យសេដ្ឋកិច្ចសមុទ្រ ដែលទាក់ទងនឹងការកសាងមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រដ៏ខ្លាំងក្លា ដល់ឆ្នាំ ២០៣០។ គម្រោងការនេះបានកំណត់ការអភិវឌ្ឍន៍ចង្កោមវិស័យសេដ្ឋកិច្ចសមុទ្រនៅតំបន់ភាគកណ្តាលប៉ែកខាងជើង ជាមួយតំបន់អភិវឌ្ឍន៍សំខាន់គឺឆ្នេរសមុទ្រ Nghe An - Ha Tinh ផ្សារភ្ជាប់ជាមួយនឹងការកសាងមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រលំដាប់អន្តរជាតិ។ អភិវឌ្ឍចង្កោមតភ្ជាប់វិស័យសេដ្ឋកិច្ចសមុទ្រនៅនៅតំបន់ភាគកណ្តាលប៉ែកខាងត្បូង ជាមួយតំបន់អភិវឌ្ឍន៍សំខាន់ៗ នៅ Khanh Hoa - Phu Yen ខាងត្បូង រួមជាមួយនឹងការកសាងមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រខ្លាំងមំាមូន លំដាប់អន្តរជាតិខ្ពស់នៅអាស៊ីអាគ្នេយ៍។ នៅក្នុងចង្កោមទាំងនេះ គម្រោងមានកំណត់វិស័យអាទិភាព ដើម្បីលើកកម្ពស់គុណសម្បត្តិនៃភូមិសាស្ត្រនិងធនធានដែលមានស្រាប់។
ការផ្លាស់ប្តូររបស់តំបន់
ដោយយល់ដឹងយ៉ាងច្បាស់អំពីគុណសម្បត្តិភូមិសាស្ត្រអំណោយផល និងសក្តានុពលដ៏សម្បូរបែបសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ នាពេលកន្លងមក មូលដ្ឋានជាច្រើនបានចាត់វិធានការជាក់ស្តែង។ នៅទីក្រុង Quang Binh ក្រៅពីតំបន់សេដ្ឋកិច្ច Hon La ខេត្តបានរៀបចំផែនការ បណ្តាក់ទុនវិនិយោគ និងអំពាវនាវឱ្យមានការវិនិយោគលើមណ្ឌលឧស្សាហកម្មថ្មី តំបន់ទីក្រុងឆ្នេរសមុទ្រ តំបន់ទីក្រុងអេកូឡូស៊ី ក្នុងទិសដៅឆ្ពោះទៅរកគំរូមណ្ឌលឧស្សាហកម្មអេកូឡូស៊ី។
នៅខេត្ត Khanh Hoa វិស័យសេដ្ឋកិច្ចសមុទ្របច្ចុប្បន្នបានរួមចំណែកប្រមាណជាង ៨០% នៃ GRDP របស់ខេត្ត ហើយប្រាក់ចំណូលពីសេវាកម្ម-ទេសចរណ៍ស្រូបយកសមាមាត្រខ្ពស់ក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ច។ បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចសំខាន់ចំនួនបីនៃខេត្ត Khanh Hoa ត្រូវបានផ្សារភ្ជាប់ជាមួយនឹងឆ្នេរសមុទ្រល្បីៗចំនួនបី គឺ Van Phong, Cam Ranh និង Nha Trang។ លោក Nguyen Tan Tuan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានឲ្យដឹងថា៖ “Khanh Hoa នឹងមានការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ជាមួយនឹងការបង្កើតមណ្ឌលឧស្សាហកម្មទំនើប អភិវឌ្ឍន៍កសិកម្មគុណភាពខ្ពស់ និងផលិតផលទេសចរណ៍ថ្មី។ មណ្ឌលសេដ្ឋកិច្ច Van Phong នៅតែមានទីធ្លាធំទូលាយ ដោយមានទំហំ ១៥០.០០០ហិកតា ជាមួយនឹងការរៀបចំផែនការច្បាស់លាស់ និងទំនើប ពិតណាស់ថា Van Phong នឹងក្លាយជាគោលដៅដ៏ទាក់ទាញបំផុត នេះគឺជាតំបន់សេដ្ឋកិច្ចបើកចំហ ដែលមានកំពង់ផែទឹកជ្រៅ។ យើងក៏មានស្រុកកោះ Truong Sa ដែលមានកន្លែងនេសាទធំដែរ ពេលអភិវឌ្ឍន៍ យើងគួរតែផ្តោតលើការពិចារណាលើផ្ទៃដីនេសាទ Truong Sa ជាគោលដៅសម្រាប់ការនេសាទ។
ថ្នាក់ដឹកនាំខេត្ត Phu Yen បានលើកឡើងថា តំបន់សេដ្ឋកិច្ច Phu Yen ភាគខាងត្បូង ដែលជាតំបន់សេដ្ឋកិច្ចមួយក្នុងចំណោមតំបន់សេដ្ឋកិច្ចឆ្នេរសមុទ្រសំខាន់ៗចំនួនប្រាំបីរបស់ប្រទេស ត្រូវបានវិនិយោគព្រមៗគ្នា លើហេដ្ឋារចនាសម្ព័ន្ធ។ ក្រៅពីកំពង់ផែសមុទ្រ Vung Ro ដែលកំពុងត្រូវបានវិនិយោគ និងធ្វើឱ្យប្រសើរឡើងនោះ Phu Yen ក៏មានគម្រោងរៀបចំផែនការកំពង់ផែទឹកជ្រៅ Bai Goc ដែលមានសមត្ថភាពអាចទទួលកប៉ាល់ដែលមានទម្ងន់រហូតដល់ ៥០.០០០ តោនដែរ។
ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃសក្ដានុពលសមុទ្រក្នុងសតវត្សរ៍ទី ២១ វៀតណាមនឹងទាញយកអត្ថប្រយោជន៍ដែលមានស្រាប់ រួមជាមួយនឹងការផ្តួចផ្តើមគំនិតរបស់ រដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ រួមចំណែកក្នុងការអភិវឌ្ឍន៍ ដើម្បីខ្លាំងមាំមួនមកពីសេដ្ឋកិច្ចសមុទ្រ និងសម្បូរធូធារបានមកពីសមុទ្រ៕