អភិវឌ្ឍន៍ប្រកបដោយចីរភាពនូវសេដ្ឋកិច្ចសមុទ្រដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥
(VOVWORLD) - សេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៣៦ ចុះថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៨ នៃសន្និបាទមជ្ឈឹមលើកទី ៨ នីតិកាលទី ១២ ស្តីពី “យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពសេដ្ឋកិច្ចសមុទ្រវៀតណាម ដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥” (សេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៣៦ ដោយបញ្ជាក់ពីតួនាទី និងសារៈសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ហើយទន្ទឹមនឹងនោះ កំណត់ភារកិច្ច នាំវៀតណាមក្លាយជាប្រទេសខ្លាំងមាំមួនពីសមុទ្រ និងសម្បូរធូធារពីសមុទ្រ។ ទោះបីជាសម្រេចបានសមិទ្ធិផលជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រក៏ដោយ ប៉ុន្តែនាពេលខាងមុខ វៀតណាមនឹងអនុវត្តន៍ប្រកបដោយសមកាលកម្មនូវដំណោះស្រាយមានលក្ខណៈច្នៃប្រឌិត ដើម្បីបន្តអនុវត្តន៍ជាក់ស្តែងគោលដៅនៃសេចក្តីសម្រេចចិត្តនេះ។
វៀតណាមមានសក្ដានុពល និងគុណសម្បត្តិជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ជាពិសេសឆ្នេរសមុទ្រមានប្រវែងប្រហែល ៣.២៦០ គីឡូម៉ែត្រ មានកោះនិងប្រជុំកោះទាំងធំទាំងតូច ជាង ៣.០០០ ដែលក្នុងនោះប្រជុំកោះ ពីរ Hoang Sa និង Truong Sa មានទីតាំងយុទ្ធសាស្ត្រសំខាន់; តំបន់សមុទ្រដែលស្ថិតក្រោមអធិបតេយ្យភាពជាតិ សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការ មានទំហំជាង ១លានគីឡូម៉ែត្រការ៉េ លាតសន្ធឹងតាម ខេត្ត និងទីក្រុងឆ្នេរសមុទ្រចំនួន ២៨ កន្លែង។
គំរូសាកល្បងការចិញ្ចឹមអាហារសមុទ្រដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នៅឈូងសមុទ្រ Van Phong ខេត្ត Khanh Hoa។ រូបថត៖ VOV |
សេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៣៦ ចុះថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៨ នៃសន្និបាទមជ្ឈិមលើកទី ៨ នីតិកាលទី ១២ ស្តីពី “យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពសេដ្ឋកិច្ចសមុទ្រវៀតណាមដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥” កំណត់នូវគោលដៅរួមទូទៅ និងគោលដៅជាក់ស្តែង ដើម្បីប្រែក្លាយវៀតណាមទៅជាប្រទេសខ្លាំងមាំមួនពីសមុទ្រ; ក្នុងនោះ កំណត់ដល់ឆ្នាំ ២០៣០ វិស័យសេដ្ឋកិច្ចសមុទ្រនឹងរួមចំណែកដល់ GDP ជាតិ ប្រមាណ ១០%។ សេដ្ឋកិច្ចនៃខេត្ត-ក្រុងជាប់មាត់សមុទ្រចំនួន ២៨ ត្រូវបានប៉ាន់ប្រមាណសម្រេចបាន GDP ពី ៦៥ - ៧០%; វិស័យសេដ្ឋកិច្ចសមុទ្រអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពស្របតាមស្តង់ដារអន្តរជាតិ; បង្កើនការគ្រប់គ្រងលើការធ្វើអាជីវកម្មធនធានសមុទ្រ ដោយភ្ជាប់ជាមួយការធានានូវលទ្ធភាពស្តារឡើងវិញរបស់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ។
លទ្ធផលដ៏ធំធេងដែលសម្រេចបាននៅពេលអនុវត្តសេចក្តីសម្រេចចិត្ត
បន្ទាប់ពីរយៈពេលជិត ៥ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៣៦ ក្រសួង ស្ថាប័ន និងមូលដ្ឋាននានាបានខិតខំប្រឹងប្រែងអនុវត្តភារកិច្ចដែលបានប្រគល់ជូន ហើយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់មួយចំនួន។ ក្នុងនោះ ប្រព័ន្ធវារីវប្បកម្ម និងនេសាទ ថាមពលកកើតឡើងវិញ និងវិស័យសេដ្ឋកិច្ចសមុទ្រមានការអភិវឌ្ឍជាជំហានដំបូង; តំបន់សេដ្ឋកិច្ច មណ្ឌលឧស្សាហកម្ម តំបន់ទីក្រុងអេកូឡូស៊ី ឆ្នេរសមុទ្រត្រូវបានបង្កើតឡើងជាបណ្តើរៗ។ សកម្មភាពការពារបរិស្ថាន ការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាពនៃជីវចម្រុះសមុទ្រត្រូវបានយកចិត្តទុកដាក់; ភារកិច្ចឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ការកើនឡើងកម្ពស់ទឹកសមុទ្រ និងកិច្ចការពារ គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ការពារជាតិ-សន្តិសុខ កិច្ចការបរទេស រួមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិលើសមុទ្រ និងមហាសមុទ្រ ... ត្រូវបានធានា។ ចំណុចលេចធ្លោគឺខេត្តក្រុងជាច្រើនបានកសាងគំរូនៃការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រក្នុងមូលដ្ឋាន។ លោក Tran Hoa Nam អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានឲ្យដឹងថា៖ “Khanh Hoa តែងតែផ្តោតយ៉ាងខ្លាំងក្លា លើការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ក្នុងទិសដៅ៖ សេវាកម្មទេសចរណ៍សមុទ្រប្រកបដោយគុណភាព។ តំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចផ្សាភ្ជាប់ជាមួយការអភិវឌ្ឍតំបន់ទីក្រុងឆ្នេរសមុទ្រ; ថាមពលកកើតឡើងវិញ និងវិស័យសេដ្ឋកិច្ចសមុទ្រថ្មី; វារីវប្បកម្ម ការធ្វើអាជីវកម្ម និងកែច្នៃអាហារសមុទ្រ ជាពិសេសកសិកម្មសមុទ្រប្រកបដោយបច្ចេកវិជ្ជាខ្ពស់ ស្និទ្ធស្នាលជាមួយបរិស្ថាន; សេវាភស្តុភារសម្រាប់ជលផល កំពង់ផែសមុទ្រ ការដឹកជញ្ជូនតាមផ្លូវសមុទ្រ-ផ្លូវអាកាស; សេដ្ឋកិច្ចសមុទ្រ - កោះ; បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវជាតិសម្រាប់បច្ចេកវិទ្យាមហាសមុទ្រ”។
ចាប់តាំងពីមានសេចក្តីសម្រេចចិត្តមក ក៏ដូចជាអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រផ្អែកលើលក្ខណៈវិនិច្ឆ័យនៃការគ្រប់គ្រងសមុទ្រ និងមហាសមុទ្រ ការគ្រប់គ្រងឆ្នេរសមុទ្រតាមស្តង់ដារអន្តរជាតិត្រូវបានវៀតណាមគោរពយ៉ាងខ្ពស់។ វៀតណាមក៏បង្កើនការអនុវត្តសមិទ្ធិផលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ។ ក្រៅពីនេះ កិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលើសមុទ្រ និងកោះ ត្រូវបានជំរុញខ្លាំងជាមួយប្រទេសជាច្រើនដូចជា អាល្លឺម៉ង់ កូរ៉េខាងត្បូង ស៊ុយអែត កាណាដា ... និងអង្គការអន្តរជាតិជាច្រើនដូចជា៖ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) មូលនីធិបរិស្ថានសកល (GEF) មូលនិធិ Yeosu (កូរ៉េខាងត្បូង) ជាដើម។ វៀតណាមក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយអង្គការអន្តរជាតិ មានកិត្យានុ ភាពក្នុងតំបន់អាស៊ីភាគឦសាន ស្តីពីការអនុវត្តរាល់គម្រោងបង្កើនការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពសមុទ្រអាស៊ីបូព៌ា; សម្របសម្រួលក្នុងការអភិវឌ្ឍគម្រោង “ផែនការសកម្មភាពដើម្បីបញ្ច្រាសនិន្នាការនៃការខូចខាតបរិស្ថាននៅសមុទ្រខាងកើត និងឈូងសមុទ្រថៃ” រួមទាំងគម្រោងសហប្រតិបត្តិការអន្តរជាតិក្នុងការស្រាវជ្រាវ និងស៊ើបអង្កេតជាមូលដ្ឋាននៃធនធានធម្មជាតិ បរិស្ថានសមុទ្រ។
ភូមិនេសាទ Vinh Hoa ខេត្ត Phu Yen មានសក្ដានុពលច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ។ (រូបថត៖ FB TX Song Cau – Phu Yen) |
នៅថ្នាក់មូលដ្ឋាន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មូលដ្ឋានជាច្រើនរបស់វៀតណាមក៏បានអនុវត្តន៍យ៉ាងសកម្មនូវការវាយតម្លៃអំពីសក្តានុពល និងតម្លៃនៃធនធានសំខាន់ៗ ទន្ទឹមនឹងនោះទប់ស្កាត់ គ្រប់គ្រង និងកាត់បន្ថយការបំពុលបរិស្ថានក្នុងសមុទ្រ។ លោក Nguyen Thai Hoa អនុប្រធានមន្ទីរធនធានធម្មជាតិ និងបរិស្ថានខេត្ត Phu Yen បានឲ្យដឹងថា៖ “យើងបានកំណត់គោលដៅជាក់ស្តែង ដូចជានៅក្នុងវិស័យកសិកម្ម គោលដៅដល់ឆ្នាំ ២០២៥ កាត់បន្ថយផលិតផលឧបករណ៍នេសាទ ៥០% ដែលបង្កើតទៅក្នុងបរិស្ថាន។ ឬដាក់កំហិតលើការប្រើប្រាស់កាកសំណល់ផ្លាស្ទិកប្រើតែមួយដង ជាពិសេសសម្ភារៈផ្លាស្ទិកដែលមិនចាំបាច់នៅក្នុងតំបន់លំនៅដ្ឋាន និងតំបន់ទេសចរណ៍។ បង្កើតកម្មវិធីត្រួតពិនិត្យបរិស្ថានតាមកាលកំណត់ ដើម្បីវាយតម្លៃ និងផ្ទៀងផ្ទាត់ប្រភពនៃកាកសំណល់ប្លាស្ទិក តាមនោះ ដាក់ចេញវិធានការសម្រាប់ដោះស្រាយ”។
បន្តអនុវត្តន៍ជាក់ស្តែងគោលដៅនៃសេចក្តីសម្រេចចិត្ត
ដើម្បីបញ្ជាក់បន្ថែមទៀតនូវគោលដៅអនុវត្តន៍ជាក់ស្តែងនៃសេចក្តីសម្រេចចិត្តមជ្ឈិមលើកទី ៣៦ វៀតណាមន្តបង្កើនការឃោសនា បង្កើនការយល់ដឹង និងបង្កើតការឯកភាពក្នុងសង្គមទាំងមូលលើការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព។ ក្នុងពេលជាមួយគ្នានេះ អនុវត្តសេចក្តីសម្រេចចិត្តលេខ ៧២៩ របស់នាយករដ្ឋមន្ត្រី ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ស្តីពី “ការអនុម័តលើកម្មវិធីផ្សព្វផ្សាយអំពីសមុទ្រ និងមហាសមុទ្រដល់ឆ្នាំ ២០៣០" ដើម្បីផ្លាស់ប្តូរការត្រិះរិះ អំពីសារៈសំខាន់នៃការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៣៦ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្របៃតង។
វៀតណាមដាក់ចេញគោលដៅ បង្កើនការឃោសនា និងការផ្សព្វផ្សាយព័ត៌មាននៅថ្នាក់ជាតិ ខេត្ត និងតំបន់ អំពីឱកាសសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព; កំណត់យ៉ាងច្បាស់នូវតួនាទីយុទ្ធសាស្ត្រនៃការរៀបចំផែនការលំហសមុទ្រ សម្រាប់ទាក់ទាញគម្រោងវិនិយោគ។ វៀតណាមក៏មានគោលបំណងធានាបាននូវធនធាន ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៣៦ កំណត់ឡើងវិញនូវយុទ្ធសាស្ត្រប្រើប្រាស់ដើមទុនវិនិយោគពីថវិការដ្ឋ ហើយទន្ទឹមនឹងនោះ ទាក់ទាញប្រភពទុនក្នុងស្រុក និងអន្តរជាតិ និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តភារកិច្ចនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រ៕