អភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ

(VOVWORLD) - នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ លេខាធិការដ្ឋានមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាមបានចេញសារាចរលេខ ៣២ អំពីការបង្កើនការដឹកនាំរបស់បក្សក្នុងការបង្ការទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (Illigal Unreported and Unregulated Fishing, IUU) និងការអភិវឌ្ឍប្រកបដោយចីរភាពវិស័យជលផល។ ការផ្សព្វផ្សាយសារាចរណែនាំនេះបង្ហាញថា ប្រព័ន្ធនយោបាយវៀតណាមទាំងមូល បានរួមកម្លាំងគ្នា ដើម្បីដកកាតលឿង IUU ហើយទន្ទឹមនឹងនោះការពារកេរ្តិ៍ឈ្មោះជាតិ នៅលើឆាកអន្តរជាតិ។

អភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ - ảnh 1

មកទល់នឹងពេលនេះ មានរយៈពេលជិត ៧ ឆ្នាំហើយ ដែលវៀតណាមរងការព្រមាន "កាតលឿង"  អំពីការនេសាទ IUU។

ការប្តេជ្ញាចិត្តនិងការសន្យានយោបាយធំធេងណាស់

សារាចរលេខ ៣២ បង្ហាញពីការប្តេជ្ញាចិត្ត និងការសន្យានយោបាយដ៏ធំធេងរបស់វៀតណាម ក្នុងការបង្ការទប់ស្កាត់នឹងការនេសាទ IUU ក៏ដូចជាការអភិវឌ្ឍជលផលប្រកបដោយនិរន្តរភាព។ សារាចរណែនាំនេះ ត្រូវបានចេញផ្សាយនៅពេលដែលប្រព័ន្ធនយោបាយទាំងមូលកំពុងផ្តោតកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើសមកាលកម្ម និងអនុវត្តប្រកបដោយប្រសិទ្ធ ភាពនូវអនុសាសន៍របស់គណៈកម្មការអឺរ៉ុប ជាពិសេសអនុសាសន៍នៃអធិការកិច្ចលើកទីបួនក្នុងខែតុលា ឆ្នាំ ២០២៣ ដើម្បីកំណត់ការដកការព្រមាន "កាតលឿង" ឱ្យបានឆាប់តាមដែលអាចធ្វើបាន ព្រមទាំងជំរុញការអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាព នាពេលខាងមុខ។

នៅក្នុងសារាចរណែនាំលេខ ៣២ លេខាធិការដ្ឋានបានកំណត់ថា ការងារបង្ការទប់ស្កាត់ការនេសាទ IUU គឺជាកិច្ចការសំខាន់ និងបន្ទាន់ដែលមានសារៈសំខាន់រយៈពេលវែងសម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាពវិស័យជលផល; ជាទំនួលខុសត្រូវនៃប្រព័ន្ធនយោបាយទាំងមូល និងសង្គមទាំងមូល ដែលដំបូងបង្អស់គឺគណៈកម្មាធិការបក្ស និងអង្គការគ្រប់លំដាប់ថ្នាក់។ ប្រមុខស្ថាប័ន និងមូលដ្ឋានមានទំនួលខុសត្រូវផ្ទាល់ចំពោះភាពជាអ្នកដឹកនាំ ទិសដៅ បង្កើតសមកាលកម្ម   និងការប្តេជ្ញាចិត្តខ្ពស់ដើម្បីសម្រេចបាននូវគោលដៅ ដកការព្រមានកាតលឿងក្នុងឆ្នាំនេះ។

ពីទីនោះ ជំរុញការឃោសនា និងផ្សព្វផ្សាយច្បាប់ លើកកំពស់ការយល់ដឹងរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អង្គការបក្ស អាជ្ញាធរ បក្ខជន ធុរកិច្ច និងអ្នកនេសាទនៅតាមឆ្នេរសមុទ្រ និងកោះ អំពីការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យជលផល បង្ការទប់ស្កាត់ការនេសាទ IUU។ ជាមួយគ្នានោះ ផ្តោតលើការទប់ស្កាត់នាវានេសាទ និងអ្នកនេសាទមានចេតនាបំពានសិទ្ធិពីច្រាំង ជាពិសេសការនេសាទខុសច្បាប់ក្នុងដែនទឹកបរទេស។

សារាចរណែនាំរបស់លេខាធិការដ្ឋានក៏តម្រូវឱ្យនាយកដ្ឋាន និងសាខា ផ្តោតលើគោលនយោបាយស្តីពីវារីវប្បកម្ម ការនេសាទ ការការពារ និងការអភិវឌ្ឍធនធានជលផល ការអភិរក្ស និងការកែច្នៃសម្រាប់ការនាំចេញ។ ជាងនេះទៅទៀត ត្រូវមានគោលនយោបាយគាំទ្រដល់ទំនើបកម្មជលផល លើកកំពស់ជីវភាព ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតលក្ខខណ្ឌអោយប្រជានេសាទចញទៅលំហសមុទ្រ ច្បាមជាប់សមុទ្រ និងលើកកំពស់ជីវភាពរស់នៅប្រចាំថ្ងៃ។

បន្ទាប់ពីសេចក្តីណែនាំត្រូវបានចេញផ្សាយនោះ នៅថ្ងៃទី ២២ ខែមេសា លេខាធិការដ្ឋានបានរៀបចំសន្និសីទតាមប្រព័ន្ធអ៊ីនធឺណេតដោយតភ្ជាប់បណ្តាញពីមជ្ឈឹមដល់មូលដ្ឋាន   ដើម្បីជ្រួតជ្រាប និងអនុវត្តន៍សេចក្តីណែនាំនេះ។ នាថ្ងៃដដែល ថ្ងៃទី ២២ មេសា រដ្ឋាភិបាលបានចេញសេចក្តីសម្រេចចិត្តលេខ ៥២ ស្តីពីកម្មវិធីសកម្មភាព និងផែនការអនុវត្តន៍។

ទន្ទឹមនឹងនោះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងក្រសួង ស្ថាប័ននានា ដូចជាក្រសួងការបរទេស ក្រសួងការពារប្រទេស ក្រសួងនគរបាល ... ក៏បានចូលរួមយ៉ាងសកម្មដោយមានបំណងបញ្ជាក់ពីភាពវិជ្ជមាន របស់ វៀតណាមបន្ទាប់ពី អនុសាសន៍អំពី IUU មុននេះរបស់គណៈកម្មការអឺរ៉ុប។

រៀបចំរចនាសម្ព័ន្ធវិស័យជលផលឡើងវិញឱ្យមានតម្លាភាព ការទទួលខុសត្រូវ និងនិរន្តរភាព

ជលផលគឺជាវិស័យសេដ្ឋកិច្ចមុខព្រួញរបស់វៀតណាម។ ទិន្នផលសរុបប្រចាំឆ្នាំរបស់វិស័យនេះបានឈានដល់ជាង ៩ លានតោន ដែលរួមចំណែកប្រហែល ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់វិស័យកសិកម្ម។ ផលិតផលជលផលនាំចេញទៅ ប្រទេស និងតំបន់ដែនដីចំនួន ១៧០។

ថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាមបានអះអាងម្តងហើយម្តងទៀតថា ការដកកាតលឿង  IUU គឺជាលក្ខខណ្ឌដែលវៀតណាមត្រូវតែជំនះ ដើម្បីអនាគតផលិតផលជលផលវៀតណាមនឹងមានទីផ្សារប្រសើរជាងមុននៅអឺរ៉ុប។ ជាងនេះទៅទៀត ការអនុវត្តវិធានការដកកាតលឿងគឺគ្រាន់តែជាជំហានដំបូងរបស់វៀតណាមក្នុងការរៀបចំរចនាសម្ព័ន្ធជលផលរបស់ខ្លួនឱ្យមានតម្លាភាព ការទទួលខុសត្រូវ និងនិរន្តរភាព។

ដូច្នេះ យោងតាមស្មារតីនៃសារាចរណែនាំលេខ ៣២ របស់លេខាធិការដ្ឋាន រដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ និងមូលដ្ឋាន បន្តជំរុញការបណ្តុះបណ្តាល   និងលើកកម្ពស់ការយល់ដឹងអំពីការទទួលខុសត្រូវចំពោះការងារបង្ការទប់ស្កាត់ការនេសាទ IUU។ ទន្ទឹមនឹងនោះ ត្រូវបំពេញបទប្បញ្ញត្តិផ្លូវច្បាប់ ដើម្បីដោះស្រាយទាំងស្រុងនូវកប៉ាល់នេសាទ “៣គ្មាន” (គ្មានការចុះឈ្មោះ គ្មានចុះបញ្ជីពិនិត្យ គ្មានអាជ្ញាប័ណ្ណ)។ វៀតណាមក៏នឹងផ្តោតលើការវិនិយោគជាអាទិភាពក្នុងការអភិវឌ្ឍមូលដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធជលផល; លើកកម្ពស់ការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាទំនើប នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថលសម្រាប់ការអភិវឌ្ឍរយៈពេលវែងសម្រាប់វិស័យ។ អនុវត្តយ៉ាងពេញលេញនូវទំនួលខុសត្រូវ និងកាតព្វកិច្ចអន្តរជាតិរបស់ វៀតណាមក្នុងការអនុវត្តការប្តេជ្ញាចិត្ត និងសន្ធិសញ្ញាអន្តរជាតិស្តីពីការការពារមហាសមុទ្រ បរិស្ថាន ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងធនធានជលផល។

ការដកកាតលឿងមិនត្រឹមតែជាបញ្ហារបស់វិស័យជលផលប៉ុណ្ណោះទេ ប៉ុន្តែជាកេរ្តិ៍ឈ្មោះ និងឋានៈរបស់ប្រទេសជាតិលើឆាកអន្តរជាតិ។ ការដែលប្រព័ន្ធនយោបាយទាំងមូលត្រូវបានចូលរួម បង្ហាញពីការប្តេជ្ញាចិត្ត និងការសន្យានយោបាយដ៏ធំធេងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំង នឹងការនេសាទ IUU និងនាំវិស័យជលផលទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព និងមានទំនួលខុសត្រូវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ