អាមេរិកបញ្ចប់យុទ្ធនាការជម្លៀសមនុស្សនិងដកកងកម្លាំងប្រយុទ្ធចាកចេញពីអាហ្គានីស្ថាន

(VOVWORLD) - នៅថ្ងៃទី៣០ ខែសីហា ទាហានអាមេរិកចុងក្រោយបំផុតបានចាកចេញពីអាហ្គានីស្ថានពីព្រលានយន្តហោះអន្តរជាតិ Hamid Karzai នៅរដ្ឋធានីកាប៊ូល បញ្ចប់ជាផ្លូវការយុទ្ធនាការជម្លៀសមនុស្សនិងដកកងកម្លាំងប្រយុទ្ធអាមេរិកទាំងស្រុងចាកចេញពីអាហ្គានីស្ថានតាមការសន្យា។
អាមេរិកបញ្ចប់យុទ្ធនាការជម្លៀសមនុស្សនិងដកកងកម្លាំងប្រយុទ្ធចាកចេញពីអាហ្គានីស្ថាន - ảnh 1ទាហានអាមេរិកឡើងយន្តហោះចាកចេញពីអាហ្គានីស្ថាននៅថ្ងៃទី៣០ សីហា ឆ្នាំ២០២១។ (រូបថត៖ Aamir Qureshi/AFP/Getty)

ក្នុងសេចក្ដីប្រកាសជាផ្លូវការមួយ លោកឧត្តមសេនីយ៍ Kenneth McKenzie មេបញ្ជាការនៃបញ្ជាការដ្ឋានកណ្ដាលអាមេរិកបានឲ្យដឹងថា យន្តហោះដឹកជញ្ជូនយោធា C-១៧ ដែលដឹកក្រុមទាហានអាមេរិកចុងក្រោយបានហោះឡើងពីព្រលានយន្តហោះ Hamid Karzai នៅរាត្រីថ្ងៃទី៣០ សីហា។

បញ្ចប់យុទ្ធនាការជម្លៀសមនុស្សនិងដកកងទ័ពទ្រង់ទ្រាយធំបំផុតក្នុងអំឡុងពេលច្រើនទសវត្សរិ៍

យោងតាមសេចក្ដីប្រកាសខាងលើ ប្រហែល១៣ម៉ោងមុនជើងហោះហើរចុងក្រោយនេះ យុទ្ធនាការជម្លៀសពលរដ្ឋអាមេរិក ជនបរទេសនិងជនអាហ្គានីស្ថាន ក៏បានបញ្ចប់ទៅហើយ។ មានពលរដ្ឋអាមេរិក ពលរដ្ឋអាហ្គានីស្ថាននិងពលរដ្ឋនៃប្រទេសទី៣សរុបប្រមាណ១២៣ពាន់នាក់ត្រូវបានដឹកជញ្ជូនចាកចេញពីអាហ្គានីស្ថានពីព្រលានយន្តហោះអន្តរជាតិទីក្រុងកាប៊ូល ហើយក្លាយទៅជាយុទ្ធនាការជម្លៀសមនុស្សតាមផ្លូវអាកាសក្នុងទ្រង់ទ្រាយធំបំផុតរបស់អាមេរិកក្នុងអំឡុងពេលច្រើនទសវត្សរិ៍កន្លងមក។ យុទ្ធនាការនេះចាប់ផ្ដើមតាំងពីថ្ងៃទី១៥ សីហា បន្ទាប់ពីកម្លាំងតាលីបង់សម្រុកចូលរដ្ឋធានីកាប៊ូល ហើយប្រកាសដណ្ដើមកាន់កាប់ប្រទេសអាហ្គានីស្ថានទាំងស្រុង។

មុនពេលចាកចេញពីអាហ្គានីស្ថាន កងទ័ពអាមេរិកត្រូវបង្ខំចិត្តបំផ្លាញ បិទប្រតិបត្តិការ ឬបោះបង់ ចោលឧបករណ៍សម្ភារៈយោធានិងអាវុធជាច្រើន។ ទន្ទឹមនឹងនោះ អាមេរិកក៏បានសម្រេចចិត្តផ្អាកវត្តមានការទូតនៅទីក្រុងកាប៊ូល ហើយបំលាស់ប្រតិបត្តិការរបស់ស្ថាប័នការទូតផ្ទាល់ខ្លួនទៅកាន់កាតាផងដែរ។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអាហ្គានីស្ថានលោក Ross Wilson គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សចុងក្រោយចាកចេញពីក្រុងកាប៊ូលតាមជើងហោះហើរកាលពីរាត្រីថ្ងៃទី៣០ សីហា។

ដូច្នេះ ប្រធានាធិបតីអាមេរិកលោក Joe Biden បានអនុវត្តន៍ការសន្យារបស់ខ្លួនក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ២០២០នោះ គឺដកទាហានអាមេរិកទាំងស្រុងចាកចេញពីអាហ្គានីស្ថានក្នុងឆ្នាំ ២០២១ តាមនោះបញ្ចប់ជាផ្លូវការសង្គ្រាមក្នុងអំឡុងពេលជិត២០ឆ្នាំកន្លងមក ដែលបានចំណាយថវិការាប់ទ្រីលានដុល្លារអាមេរិកនៅប្រទេសនេះ។ ក្នុងសង្គ្រាមនោះ ទាហានអាមេរិកសរុបជិត ២៥០០ នាក់បានស្លាប់ រួមទាំងទាហានចំនួន ១៣ នាក់ក្នុងករណីវាយប្រហារគ្រាប់បែកអត្តឃាតនាពេលថ្មីៗនេះនៅព្រលានយន្តហោះ Hamid Karzai កាលពីថ្ងៃទី២៦ សីហាទៀតផង។

ប៉ុន្តែ ទោះជាមានការជួយគាំទ្រពីសម្ព័ន្ធមិត្តជាច្រើន ហើយទទួលរងការបាត់បង់អាយុជីវិតមនុស្សយ៉ាងធ្ងន់ធ្ងរក៏ដោយ កងទ័ពអាមេរិកនៅតែមិនអាចសម្រេចផែនការជម្លៀសមនុស្សដូចបំណងទេ។ លោកឧត្តមសេនីយ៍ Kenneth McKenzie បានទទួលស្គាល់ថា ពលរដ្ឋអាមេរិករាប់រយនាក់នៅតែស្នាក់នៅអាហ្គានីស្ថាន ហើយសង្កត់ធ្ងន់ថា សូម្បីតែពន្យាពេលយុទ្ធនាការជម្លៀសមនុស្ស ១០ ថ្ងៃបន្ថែមទៀត ក៏មិនអាចសម្រេចការជម្លៀសពលរដ្ឋអាមេរិកទាំងអស់ដែលចង់ចាកចេញពីអាហ្គានីស្ថានបានឡើយ។

ការចាប់ផ្ដើមថ្មីពោរពេញទៅដោយបញ្ហាប្រឈមចំពោះអាហ្គានីស្ថាន

ប៉ុន្មានម៉ោងបន្ទាប់ពីជើងហោះហើរចុងក្រោយដឹកទាហានអាមេរិកចាកចេញពីអាហ្គានីស្ថាន រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានចេញសេចក្ដីប្រកាសបញ្ជាក់ថា “ជំពូកថ្មីមួយក្នុងទំនាក់ទំនងរវាងអាមរិកជាមួយអាហ្គានីស្ថានបានចាប់ផ្ដើមហើយ ក្នុងនោះការទូតនឹងឈានមុខគេ។ ភារកិច្ចយោធាបានបញ្ចប់ហើយ ដើម្បីចាប់ផ្ដើមភារកិច្ចការទូតថ្មី”។ ទន្ទឹមនឹងនោះ លោករដ្ឋមន្រ្តីការបរទេសអាមេរិក បានតម្រូវឲ្យតាលីបង់គោរពការសន្យាអំពីការរក្សាសិទ្ធិធ្វើដំណើរដោយសេរី ធានាសិទ្ធិសម្រាប់នារីនិងជនជាតិភាគតិច ក៏ដូចជាកុំទុកឲ្យអាហ្គានីស្ថានក្លាយទៅជាមូលដ្ឋានភេរវកម្មផងដែរ។

រីឯខ្លួនវិញ អាហ្គានីស្ថានប្រកាសថា ពួកគេបាន “បង្កើតឡើងប្រវត្តិសាស្ត្រ” ដោយចាត់ទុកការដកកងទ័ពអាមេរិកទាំងស្រុងចាកចេញពីអាហ្គានីស្ថានគឺជា “ជ័យជំនះជាប្រវត្តិសាស្ត្រមួយ”។ នៅរាត្រីថ្ងៃទី៣០ សីហា តាលីបង់បានប្រារព្ធសកម្មភាពអបអរសាទរ “ជ័យជំនះ” នៅទីក្រុងកាប៊ូលនិងទីក្រុងជាច្រើនផ្សេងទៀត។

ក្នុងបរិបទនោះ សហគមន៍អន្តរជាតិបន្តសម្ដែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ព្រមទាំងអំពាវនាវឲ្យមានសកម្មភាពបន្ទាន់ដើម្បីទប់ស្កាត់ ឆ្លើយតបនឹងហានិភ័យនិងបញ្ហាប្រឈមជាច្រើន ដែលប្រជាជននិងប្រទេសអាហ្គានីស្ថានកំពុងជួបប្រទះផងដែរ។ នោះគឺហានិភ័យអំពីអស្ថិរភាពសន្តិសុខ ដោយសារការលេចចេញនៃលទ្ធិភេរវកម្មនិងជ្រុលនិយម; លទ្ធភាពផ្ទុះឡើងការប្រយុទ្ធគ្នាក្នុងទ្រង់ទ្រាយធំរវាងតាលីបង់និងកងកម្លាំងប្រឆាំងនៅជ្រលង់ភ្នំ Panjshir ក៏ដូចជារបបប្រតិបត្តិបរទេសដ៏តឹងរឹងតាមច្បាប់ឥស្លាម Shaira របស់តាលីបង់ ជាដើម។ ប៉ុន្តែគួរឲ្យព្រួយបារម្ភជាងគេ គឺហានិភ័យកើតឡើងគ្រោះមហន្តរាយមនុស្សធម៌ដ៏អាក្រក់បំផុត នៅពេលដែលប្រជាជនអាហ្គានីស្ថានជិតពាក់កណ្ដាល កំពុងត្រូវការជំនួយស្បៀងអាហារជបន្ទាន់ ខណៈដែលសកម្មភាពជួយសង្គ្រោះកំពុងជួបប្រទះនឹងការលំបាកឧបសគ្គជាច្រើន ដោយសារស្ថានភាពសន្តិសុខច្របូកច្របល់ ក៏ដូចជាការញាំញីនៃជម្ងឺកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ