អឺរ៉ុប និងផ្លូវដ៏លំបាកនាពេលខាងមុខ
(VOVWORLD) - ជម្លោះរុស្ស៊ី-អ៊ុយក្រែនឡើងជណ្ដើរបានជះឥទ្ធិពលអវិជ្ជមានជាបន្តបន្ទាប់ ហើយកំពុងបង្កើតបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរចំពោះតំបន់ និងខឿនសេដ្ឋកិច្ចភាគច្រើននៅលើពិភពលោក។ ក្នុងនោះ អឺរ៉ុបត្រូវបានវាយតម្លៃថាគឺជាតំបន់ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាមួយការផ្លាស់ប្ដូរដ៏ធំធេងជាបន្តបន្ទាប់ទាំងក្នុងឆាកនយោបាយ និងសង្គមរបស់ប្រទេសជាសមាជិកជាច្រើនផងដែរ។
កាលពីថ្ងៃទី ២៤ ខែតុលា គណបក្សអភិរក្សនិយមកាន់អំណាចនៅចក្រភពអង់គ្លេសបានកំណត់ថាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Rishi Sunak (អាយុ ៤២ ឆ្នាំ) នឹងក្លាយទៅជាមេដឹកនាំថ្មីនៃគណបក្សអភិរក្សនិយម ព្រមទាំងក្លាយទៅជា នាយករដ្ឋមន្ត្រីជំនួសលោកស្រី Liz Truss (ដែលទើបតែលាលែងពីតំណែងកាលពីថ្ងៃទី ២០ តុលា)។ ដូច្នេះហើយ ក្នុងរយៈពេលតែ ២ ខែប៉ុណ្ណោះ ចក្រភពអង់គ្លេសមាននាយករដ្ឋមន្ត្រីរហូតដល់ ៣ រូប (លោក Boris Johnson លោកស្រី Liz Truss និងលោក Rishi Sunak) ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លាលើឆាកនយោបាយរបស់ប្រទេសជាអតីតសមាជិកសហភាពអឺរ៉ុប។ (EU) ហើយជាខឿនសេដ្ឋកិច្ចធំទីពីរនៅលើទ្វីបអឺរ៉ុប (បន្ទាប់ពីប្រទេសអាល្លឺម៉ង់)។ មូលហេតុចម្បងមួយក្នុងចំណោមហេតុផលសំខាន់ៗដែលនាំអោយមានស្ថានភាពនេះគឺស្ថានភាពលំបាក យ៉ាងធ្ងន់ធ្ងរ នៃផ្នែកសេដ្ឋកិច្ចសង្គម (តម្លៃប្រេងឥន្ធនៈ និងស្បៀងអាហារហក់ឡើងអត្រាអតិផរណាកើនឡើងកម្រិតបំបែកកំណត់ត្រា) ដោយសារផលប៉ះពាល់ពីវិបត្តិរុស្ស៊ី-អ៊ុយក្រែន។
បញ្ហាប្រឈម និងការលំបាកជាច្រើនសម្រាប់ប្រទេសអឺរ៉ុបជាច្រើន
អ្នកជំនាញក្នុងតំបន់ និងអន្តរជាតិជាច្រើនបានវាយតម្លៃដូចគ្នាថា មេដឹកនាំរដ្ឋាភិបាលអង់គ្លេសក្នុងបរិបទបច្ចុប្បន្ន គឺលោក Rishi Sunak នឹងប្រឈមមុខនឹងបញ្ហាជាបន្តបន្ទាប់ ជាពិសេសការស្ដារខឿនសេដ្ឋកិច្ចឡើងវិញ។ មុនពេលលោកស្រី Liz Truss ប្រកាសលាលែងពីតំណែងកាលពីថ្ងៃទី ២០ តុលា អតិផរណារបស់អង់គ្លេសបានឡើងដល់ ១០,១% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤០ ឆ្នាំកន្លងទៅ។ គណបក្សប្រឆាំងដ៏សំខាន់នៅចក្រភពអង់គ្លេស គឺគណបក្សពលករបានបន្ទោសគណបក្សអភិរក្សនិយមស្ដីពីស្ថានភាពវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន ព្រមទាំងអំពាវនាវឲ្យ
រៀបចំការបោះឆ្នោតសកលមុនកាលកំណត់។
ចំពោះខឿនសេដ្ឋកិច្ចអឺរ៉ុបដ៏សំខាន់មួយផ្សេងទៀតគឺប្រទេសអ៊ីតាលី (សមាជិកសហភាពអឺរ៉ុប) ការលំបាក និងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរជាច្រើនកំពុងរង់ចាំការដោះស្រាយពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីថ្មី Giorgia Meloni (ចូលកាន់តំណែងនៅថ្ងៃទី ២២ ខែតុលា)។ តាមនោះ លោកស្រីនាយករដ្ឋមន្ត្រី Meloni និងគណៈរដ្ឋមន្ត្រីថ្មីត្រូវតែទទួលបេសកកម្មដ៏ធ្ងន់ធ្ងរគឺទប់ស្កាត់វិបត្តិភឱនភាពចំពោះខឿនសេដ្ឋកិច្ចរបស់ប្រទេសជាតិព្រមទាំងគ្រប់គ្រងតម្លៃថាមពល និងស្ថានភាពអតិផរណានៅកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងទៅ និងដោះស្រាយវិបត្តិអ៊ុយក្រែន។
នៅប្រទេសបារាំងវិញ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Emmanuel Macron ត្រូវទប់ទល់នឹងរលកបាតុកម្មប្រឆាំងស្ថានភាពតម្លៃប្រេងឥន្ធនៈ និងអត្រាអ្នកគ្មានការងារធ្វើកើនឡើងខ្ពស់នៅទូទាំងប្រទេស។
ដំណោះស្រាយ និងយថាទស្សន៍
អ្នកវិភាគឯករាជ្យអន្តរជាតិជាច្រើនបានវាយតម្លៃដូចគ្នាថា ទោះបីជាមានភាពខុសប្លែកគ្នាអំពីការវិវឌ្ឍ ប៉ុន្តែរាល់ការលំបាក និងបញ្ហាសាកល្បងដែលរដ្ឋាភិបាល និងប្រទេសមួយចំនួននៅអឺរ៉ុបកំពុងប្រឈមមុខគឺសុទ្ធតែមានមូលហេតុសំខាន់មួយគឺផលប៉ះពាល់នៃវិបត្តិរុស្ស៊ី-អ៊ុយក្រែន។ ដូច្នេះហើយ ចាំបាច់ត្រូវ ផ្តោតសំខាន់លើការដោះស្រាយវិបត្តិ។
នេះក៏ជាទស្សនៈមួយដែលត្រូវបានមេដឹកនាំអឺរ៉ុបជាច្រើនរូបគាំទ្រ។ ក្នុងសេចក្ដីប្រកាសនាពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានព្រមានថា វិបត្តិថាមពលបច្ចុប្បន្ននៅអឺរ៉ុបនឹងអូសបន្លាយដល់ឆ្នាំ ២០២៣ និង ២០២៤ ឬអាចយូរជាងនេះទៅទៀត។ ប្រមុខក្រសួងការបរទេសហុងគ្រីបាននិយាយថា វិបត្តិនេះត្រូវបានជំរុញដោយ "ហេតុផលភូមិសាស្ត្រនយោបាយជាមូលដ្ឋាន ភ្ជាប់ទៅនឹងសន្តិសុខ" ហើយទាមទារ "ដំណោះស្រាយរយៈពេលយូរអង្វែង"។ ជាពិសេស រដ្ឋមន្ត្រីការបរទេសហុងគ្រី បានរំលឹកឡើងវិញនូវគោលជំហររបស់មេដឹកនាំប្រទេសនេះ ដែលបានចាត់ទុកថា ស្ថានភាពវិបត្តិថាមពលនៅអឺរ៉ុប គឺជាផលវិបាក ដែលទ្វីបនេះបានដាក់ទណ្ឌកម្មលើរុស្ស៊ី ដោយសារប្រតិបត្តិការយោធានៅអ៊ុយក្រែន។ ដូច្នេះ អឺរ៉ុបចាំបាច់ត្រូវផ្តោតលើការស្វែងរកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះ ជាជាង បង្កើនការដាក់ទណ្ឌកម្ម។
ស្របតាមទស្សនៈនេះ នារយៈពេលកន្លងមក ប្រធានាធិបតីទួរគី លោក Tayyip Erdogan ក៏បានជំរុញដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះរុស្ស៊ី-អ៊ុយក្រែន។ មេដឹកនាំទួរគីបានលើកឡើងយ៉ាងច្បាស់លាស់ថា ទ្វារសម្រាប់សន្តិភាពត្រូវតែបើកចំហជានិច្ច ព្រោះថាជម្លោះត្រូវបានដោះស្រាយ នឹងជួយដោះស្រាយបញ្ហាជាបន្តបន្ទាប់ដែលអឺរ៉ុបកំពុងប្រឈមមុខ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខ-ការពារជាតិ និងនយោបាយ-ការទូតផងដែរ៕