អឺរ៉ុបនិងបញ្ហាស្ដារសេដ្ឋកិច្ចក្នុងឆ្នាំ២០២២
(VOVWORLD) - ដំណើរការស្ដារសេដ្ឋកិច្ចអឺរ៉ុបត្រូវបានព្យាករណ៍ថា នឹងជួបប្រទះនឹងការលំបាក ជាច្រើនក្នុងឆ្នាំ២០២២។ សម្ពាធលើសេដ្ឋកិច្ចអឺរ៉ុបកើនឡើងខ្ពស់ ដោយសារតែជម្ងឺ រាតត្បាតកូវីដ-១៩មិនទាន់ត្រូវបានគ្រប់គ្រងយ៉ាងពេញលេញ ខណៈដែលអតិផរណា កើនឡើងខ្ពស់នៅតាមប្រទេសជាច្រើន។
ប្រជាជនទៅទិញទំនិញនៅក្នុងផ្សារទំនើបនៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី។
(រូបថត៖AFP/VNA) |
ការព្រួយបារម្ភអំពីអតិផរណា
យោងតាម លោកស្រី Laurence Boone ប្រធានសេដ្ឋវិទូនៃអង្គការសហប្រតិ បត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានចាត់ទុកថា អតិផរណាតែងតែជាការខ្វល់ខ្វាយចំពោះមនុស្សទាំងអស់។ ដូចទៅនឹងតំបន់ផ្សេងជាច្រើនលើពិភពលោក តម្លៃ ទំនិញនៅអឺរ៉ុបហក់ឡើងខ្ពង់ ញាំងឲ្យជីវភាពរបស់ប្រជាជនរងការប៉ះពាល់ជាច្រើន។ សន្ទុះកំណើនតម្លៃនេះ ត្រូវបានព្យាករណ៍ថា នឹងបន្តនាពេលខាងមុខ។
ក្នុងពេលជាមួយគ្នានោះ កាលពីដើមខែមករាឆ្នាំ២០២២ ស្ថាប័នធ្វើស្ថិតិអឺរ៉ុប (Eurostat) បានប្រកាសតួរលេខបឋម ដែលបង្ហាញឲ្យឃើញថា អត្រាអតិផរណារបស់ Eurozone បានកើនឡើងរហូតដល់៥%ក្នុងខែធ្នូឆ្នាំ២០២១។ នេះជាកម្រិតខ្ពស់បំផុត ក្នុងរយៈពេល២៥ឆ្នាំចាប់តាំងពីឆ្នាំ១៩៩៧មក។ តួរលេខខាងលើ ខ្ពស់ច្រើនជាង គោលដៅអតិផរណា ២% ដែល ECB បានដាក់ចេញចំពោះតំបន់ចាយប្រាក់រួមអឺរ៉ុប។ ក្នុងចំណោមប្រទេសសមាជិក Eurozone ក្រុមប្រទេសបាល់ទិកមានអតិផរណាខ្ពស់ បំផុត។ អេស្តូនីបានកត់ត្រាអតិផរណាខ្ពស់បំផុត ដោយកម្រិត១២% បន្ទាប់នោះគឺ លីទុយអានី ១០,៧%។ ចំពោះក្រុមប្រទេសធំៗក្នុង Eurozone វិញ អេស្ប៉ាញ់ជា ប្រទេសដែលមានអតិផរណាខ្ពស់បំផុត ដោយបានកត់ត្រាកម្រិត ៦,៧% បន្ទាប់នោះ គឺអាល្លឺម៉ង់ ដែលជាខឿនសេដ្ឋកិច្ចធំបំផុតអឺរ៉ុប។
ទោះយ៉ាងណាក៏ដោយ ធនាគារកណ្ដាលអឺរ៉ុបនៅតែចាត់ទុកថា កម្រិត អតិផរណានេះត្រឹមតែជាបណ្ដោះអាសន្នប៉ុណ្ណោះ ហើយនឹងថយចុះក្នុងឆ្នាំ២០២៣ បន្ទាប់ពីឡើងដល់កំពូលក្នុងឆ្នាំ២០២២។ គណៈកម្មាធិការអឺរ៉ុប (EC) ក៏បានវាយតម្លៃ ថា ការហក់ឡើងនៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ ត្រឹមតែមានលក្ខណៈបណ្ដោះ អាសន្នប៉ុណ្ណោះ។
ផ្លាស់ប្ដូរដើម្បីសម្របខ្លួន
យោងតាមលោក Paolo Gentiloni សមាជិកទទួលបន្ទុកបញ្ហាសេដ្ឋកិច្ចរបស់ EU ថា សន្ទុះស្ដារសេដ្ឋកិច្ចរបស់អឺរ៉ុប ពឹងផ្អែកយ៉ាងខ្លាំងលើការវិវឌ្ឍន៍នៃជម្ងឺរាតត្បាតនៅ ទាំងក្នុងនិងក្រៅ EU។ ក្នុងបរិបទដែលចំនួនករណីឆ្លងកូវីដ-១៩លើទូទាំងអឺរ៉ុបនៅតែ កើនឡើងជារៀងរាល់ថ្ងៃ ប្រទេសអឺរ៉ុបមួយចំនួនបានផ្លាស់ប្ដូរវិធីឆ្លើយតបនឹងជម្ងឺកូវីដ-១៩ ទៅជាវិធីស្រដៀងនឹងការព្យាបាលជម្ងឺផ្ដាសាយអញ្ចឹង។ នៅអេស្ប៉ាញ់ លោក នាយករដ្ឋមន្រ្តី Pedro Sanchez បានប្រកាសកាលពីសប្ដាហ៍មុនថា ប្រជាជននឹង “ត្រូវតែរៀនរស់នៅជាមួយជម្ងឺរាតត្បាត ដូចនឹងអ្វីៗដែលបានធ្វើជាមួយប្រភេទវីរុស ផ្សេងៗ” ដែរ។ ចំណែកឯ រដ្ឋមន្រ្តីសុខាភិបាលបារាំង លោក Olivier Veran បានឲ្យ ដឹងថា ចំនួនករណីឆ្លងខ្ពស់និងអត្រានៃការចាក់វ៉ាក់សាំងខ្ពស់ នៃប្រទេសនេះក៏មាន ន័យថា ការផ្ទុះជម្ងឺនាបច្ចុប្បន្ន អាចជាការផ្ទុះជម្ងឺចុងក្រោយ។
ប្រឈមនឹងការលំបាកជាច្រើន ប៉ុន្តែអឺរ៉ុប នៅតែមានចំណុចភ្លឺអំពីអត្រាគ្មាន ការងារធ្វើ។ អត្រាគ្មានការងារធ្វើរបស់ Eurozone បានថយចុះពីកម្រិត ៧,៣% កាល ពីខែតុលាឆ្នាំ២០២១ មកត្រឹម ៧,២% ក្នុងខែវិច្ឆិកាឆ្នាំ២០២១។ ប្រការនេះបានបង្ហាញ ថា វិធានការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតរបស់បណ្ដាប្រទេសនេះ បានពង្រីកប្រសិទ្ធ ភាព ធានាប្រតិបត្តិការនៃខឿនសេដ្ឋកិច្ច។
ទោះជាយ៉ាងនេះក្ដី ប៉ុន្តែការរក្សាគម្លាតសង្គមដោយស្ម័គ្រចិត្ត ការធ្លាក់ចុះនៃ ជំនឿជឿជាក់របស់អ្នកប្រើប្រាស់ និងការអាក់ខាននៃទីផ្សារពលករដោយបទបញ្ញត្តិ ធ្វើចត្តាឡីស័ក នឹងនៅតែបណ្ដាលឲ្យប្រតិបត្តិការសេដ្ឋកិច្ចរបស់អឺរ៉ុបមានការថមថយល្បឿនក្នុងរយៈពេលខ្លី៕