អាស៊ាន ២០២១៖ រក្សាសាមគ្គីភាពដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម
(VOVWORLD) - ឆ្នាំ ២០២១ បន្តជាឆ្នាំដ៏លំបាកសម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ បង្កផលប៉ះពាល់អវិជ្ជមានលើគ្រប់ទិដ្ឋភាពនៃជីវភាពសេដ្ឋកិច្ចសង្គម ខណៈដែលការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចកាន់តែខ្លាំងឡើង។ នៅក្នុងបរិបទនោះ អាស៊ាននៅតែបន្តសាមគ្គីគ្នា លើកកម្ពស់ចក្ខុវិស័យសហគមន៍ រក្សានិងពង្រឹងតួនាទីស្នូលរបស់ខ្លួនក្នុងរចនាសម្ព័ន្ធតំបន់។
មិនត្រឹមតែតភ្ជាប់ក្នុងប្លុកប៉ុណ្ណោះទេ អាស៊ានក៏បានពង្រីកទំនាក់ទំនងយ៉ាងសកម្មជាមួយដៃគូខាងក្រៅ ក្លាយជាដៃគូដ៏សំខាន់របស់ប្រទេសធំៗក្នុង និងក្រៅតំបន់ (រូបថត៖ TTXVN) |
ចំណុចលេចធ្លោរបស់អាស៊ានក្នុងឆ្នាំ ២០២១ គឺការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការគ្រប់គ្រងជំងឺរាតត្បាតនៅកម្រិតតំបន់និងពង្រឹងទំនាក់ទំនងជាមួយប្រទេសជាដៃគូ ក្រៅតំបន់។ ប្រទេសជាសមាជិកបានប្រមូលផ្តុំប្រភពកម្លាំងពលំរបស់ខ្លួន ដើម្បីគ្រប់គ្រងជំងឺរាតត្បាត ព្រមទាំងខិតខំប្រឹងប្រែងជំនះពុះពារស្តារសេដ្ឋកិច្ចឡើងវិញ។ យ៉ាងណាមិញ ឆ្នាំ ២០២១ ពិតជាជាឆ្នាំគួរឲ្យកត់សម្គាល់ សម្រាប់ការខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការជំនះរាល់ការលំបាក។
រក្សាទំនាក់ទំនងសហប្រតិបត្តិការ រក្សាអត្តសញ្ញាណសហគមន៍
នៅឆ្នាំ ២០២១ អាស៊ានប្រឈមមុខនឹងការលំបាកដែលមិនធ្លាប់មានពីមុនមក។ ជំងឺរាតត្បាតកូវីដ-១៩ មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញជាងឆ្នាំ ២០២០។ ការប្រកួតប្រជែងរវាងបណ្តាប្រទេសមហាអំណាចប្រព្រឹត្តទៅយ៉ាងតឹងតែង ហើយអស្ថិរភាពផ្ទៃក្នុងនៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាបញ្ហាប្រឈមដែលធ្វើឲ្យអាស៊ានចំកោងខ្លួនក្នុងការទប់ទល់ផងដែរ។ ក្រៅពីនោះ រួមជាមួយនឹងសហគមន៍អន្តរជាតិ អាស៊ានក៏ត្រូវដោះស្រាយបញ្ហាដែលនៅសេសសល់ពីមុន ដូចជាបញ្ហាប្រឈមផ្នែកសន្តិសុខក្រៅប្រពៃណី ការធ្លាក់ចុះនៃសេដ្ឋកិច្ច ការពង្រីកគម្លាតរវាងអ្នកមាននិងអ្នកក្រ ការប្រែប្រួលអាកាសធាតុ និងការបំពុលបរិស្ថាន…ជាដើម។
លើផ្ទាំងគំនូរអន្តរជាតិនិងតំបន់ដែលមិនប្រក្រតីនិងពោរពេញដោយការប្រែប្រួលនេះ ប្រការគួរឲ្យកត់សម្គាល់គឺអាស៊ាននៅរក្សាបានអត្តសញ្ញាណ សហគមន៍មានការអភិវឌ្ឍ ប្រទេសនានាមានសាមគ្គីភាព និងដៃគូមានការគោរព។ ដំបូងបង្អស់គឺ អាស៊ានបន្តលើកកម្ពស់តួនាទីស្នូលរបស់ខ្លួន ដឹកនាំការឆ្លើយតបនិងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្នុងតំបន់។ មូលនិធិអាស៊ានដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩ បានត្រៀមថវិកាចំនួន ១០,៥ លានដុល្លារ ក្នុងចំណោមថវិកាសរុប ២៥,៨ លានដុល្លារអាមេរិក ដើម្បីទិញវ៉ាក់សាំងសម្រាប់ប្រទេសសមាជិក។ ហើយឃ្លាំងទុកបម្រុងសម្ភារៈបរិក្ខារពេទ្យបន្ទាន់អាស៊ាន (RRMS) ក៏ត្រូវបានបង្កើតឡើង។ លើសពីនេះ ក្របខណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF) ក៏ត្រូវបានអនុវត្តន៍នៅក្នុងស្ថានភាពជាក់ស្តែងផងដែរ។
ការកសាងសហគមន៍នៅតែត្រូវបានអាស៊ានលើកកម្ពស់។ លេចធ្លោបំផុត គឺផែនការមេជាង ៩០% ត្រូវបាននិងកំពុងត្រូវបានអនុវត្តន៍នៅទូទាំងសសរស្តម្ភសហគមន៍ ដោយនាំមកនូវអត្ថប្រយោជន៍យ៉ាងសំខាន់ដល់ប្រជាជននៃប្រទេសជាសមាជិក។ ឈរលើមូលដ្ឋាននេះ ឋានៈជាមជ្ឈមណ្ឌលរបស់អាស៊ានក្នុងជីវភាពក្នុងតំបន់ត្រូវបានបញ្ជាក់យ៉ាងច្បាស់និងលើកឡើងកំពស់ថ្មី។ នៅឆ្នាំ ២០២១ អាស៊ាននៅតែរក្សាតួនាទីរបស់ខ្លួនក្នុងពាណិជ្ជកម្មពិភពលោកដោយបង្ហាញពីភាពបត់បែននៃសេដ្ឋកិច្ច ទោះបីជាមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងររបស់វាទៅលើតំបន់ពេញមួយឆ្នាំក៏ដោយ។
តួនាទីស្នូល បើកចំហ ប្រកបដោយបរិយាប័ន្នរបស់អាស៊ាន
មិនបញ្ឈប់នៅត្រឹមនេះទេ ឋានៈអន្តរជាតិរបស់អាស៊ាននៅឆ្នាំ ២០២១ ក៏នឹងត្រូវបានពង្រឹងតាមរយៈការតភ្ជាប់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយដៃគូ។ ប្រការនេះបានឱ្យឃើញតាមរយៈការប្រាស្រ័យទាក់ទងជាន់ខ្ពស់ ក៏ដូចជាការដែលអាស៊ានបានលើកកម្ពស់និងបើកទូលាយទំនាក់ទំនងជាមួយដៃគូមួយចំនួន ក្នុងនោះមានទាំងប្រទេសមហាអំណាចទៀតផង។ ប្រការគួរឲ្យកត់សម្គាល់ថា អង់គ្លេសបានក្លាយទៅជាប្រទេសសន្ទនាទី១១ របស់អាស៊ានជាផ្លូវការម្តងទៀតបញ្ជាក់ពីភាពទាក់ទាញរបស់អាស៊ានក្នុងនាមជាអង្គការក្នុងតំបន់ ដែលបង្ហាញពីគោលដៅពង្រឹងទំនាក់ទំនងរវាងអាស៊ាននិងប្រទេសមួយចំនួន ដែលទទួលស្គាល់តួនាទីស្នូល បើកចំហរ ប្រកបដោយបរិយាប័ន្នរបស់អាស៊ាន ក៏ដូចជាចក្ខុវិស័យរបស់អាស៊ានអំពីតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។
ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត អាស៊ានបន្តបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាពនិងស្ថិរភាពក្នុងតំបន់សមុទ្រយុទ្ធសាស្ត្រនេះ។ អាស៊ានបានសម្តែងការប្តេជ្ញាចិត្តក្នុងការកសាងសមុទ្រខាងកើតទៅជាសមុទ្រសន្តិភាពនិងសហប្រតិបត្តិការ តាមរយៈការអត់ធ្មត់ដោយខ្លួនឯង យកច្បាប់ជាចម្បង កសាងទំនុកចិត្តនិងការពារបរិស្ថាន ហើយរួមជាមួយនឹងភាគីចិនអនុវត្តន៍យ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍រួមសម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងបង្កើតប្រកបដោយជោគជ័យនូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកប ដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS 1982 ផងដែរ។
ជាមួយនឹងព្រឹត្តិការណ៍នៅប្រទេសមីយ៉ាន់ម៉ា អាស៊ានបានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស មានភាពបត់បែន ដែលត្រូវបានសហគមន៍អន្តរជាតិគាំទ្រនិងវាយតម្លៃខ្ពស់។
ទិវាគ្រួសារអាស៊ានឆ្នាំ ២០២១៖ "អាស៊ានសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩" (រូបថត៖ dangcongsan.vn) |
អាចបញ្ជាក់បានថា នៅឆ្នាំ ២០២១កន្លងមកនេះ អាស៊ានបានបោះជំហានអភិវឌ្ឍន៍ថ្មី ហើយឋានៈនិងតួនាទីក៏ត្រូវបានពង្រឹងគួរឲ្យកត់សម្គាល់។ នេះគឺជាការមរតកដ៏សក្តិសមចំពោះរាល់ជោគជ័យមុនៗរបស់សមាគម។ នៅឆ្នាំ២០២២ ក្នុងបរិបទដែលតំបន់និងអន្តរជាតិនៅតែប្រឈមមុខនឹងបញ្ហាជាច្រើន ដែលមិនអាចទាយទុកជាមុនបាននោះ ប៉ុន្តែនៅតែបន្តពង្រីកស្មារតីសាមគ្គីភាព អនុវត្តន៍ភារកិច្ចសំខាន់ៗ ជាពិសេស ឈានដល់ដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយយុត្តិធម៌ រឹងមាំនិងគ្រប់ជ្រុងជ្រោយ ស្របតាមស្មារតីសំខាន់របស់អាស៊ានគឺ “ចក្ខុវិស័យមួយ អង្គភាពមួយ និងសហគមន៍មួយ”៕