អះអាងនិងអនុវត្តន៍គោលនយោបាយការបរទេសដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម

(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joseph Robinette Biden Jr.(Joe Biden) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី១៧ ខែឧសភា។ ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងមេដឹកនាំនៃបណ្តាប្រទេសអាស៊ាននឹងចូលរួមកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរខួប ៤៥ ឆ្នាំ នៃភាពជាដៃគូអាស៊ាន-អាមេរិក ក្នុងអំឡុងថ្ងៃទី ១២ និង១៣ ខែឧសភា នៅទីក្រុង Washington DC នៃសហរដ្ឋអាមេរិក។

អះអាងនិងអនុវត្តន៍គោលនយោបាយការបរទេសដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh (រូបថត៖ VGP)

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បន្តអះអាងពីគោលជំហរយ៉ាងខ្ជាប់ខ្ជួនរបស់វៀតណាម ក្នុងការអនុវត្តគោលនយោបាយការបរទេសឯករាជ្យ និងម្ចាស់ការ ដើម្បីសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ជាមិត្តនិងជាដៃគូដែលអាចជឿទុកចិត្ត និងជាសមាជិកសកម្ម មានទំនួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។

លើកកម្ពស់ប្រសិទ្ធភាពនៃទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក

ក្រោយរយៈពេល ២៧ ឆ្នាំនៃការធ្វើប្រក្រតីភាពមក ទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិកបានបោះជំហានទៅមុខគួរឲ្យចាប់អារម្មណ៍ ដោយឈរលើមូលដ្ឋាននៃផលប្រយោជន៍រួម គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងរបបនយោបាយរបស់គ្នាទៅវិញទៅមក។ បច្ចុប្បន្ននេះ ប្រទេសទាំងពីរគឺជាដៃគូដ៏សំខាន់បំផុតរបស់គ្នាទៅវិញទៅមក។ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងយ៉ាងឆាប់រហ័សនិងប្រកបដោយស្ថិរភាព ដោយសម្រេចបានជាង ១១១ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២១ កើនឡើងជិត ២១ពាន់លានដុល្លារអាមេរិកបើប្រៀបធៀបនឹងឆ្នាំ ២០២០។សហរដ្ឋអាមេរិកបានបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដែលវៀតណាមយកចិត្តទុកដាក់ ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ខ្សែសង្វាក់ផ្គត់ផ្គង់ ថាមពល និងសេដ្ឋកិច្ចឌីជីថល។

នាពេលកន្លងមក ប្រទេសទាំងពីរបានសហប្រតិបត្តិការយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងការស្តារខឿនសេដ្ឋកិច្ចឡើងវិញ។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខ ដោះស្រាយផលវិបាកនៃសង្គ្រាម គឺបន្តបានថែរក្សា និងលើកកំពស់ជានិច្ច។ ភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការអប់រំនិងបណ្តុះបណ្តាល ព្រមទាំងការផ្លាស់ប្តូរអំពីបញ្ហាដែលតំបន់និងអន្តរជាតិយកចិត្តទុកដាក់ដូចគ្នា។ ក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper បានអះអាងថា សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចដើម្បីជំរុញកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការជាមួយវៀតណាម រួមគ្នាឆ្ពោះទៅអនាគ៖ “ដំណើរទស្សនកិច្ចទាំងអស់នេះគឺជាឱកាសដ៏ល្អសម្រាប់ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ចំណងមិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមក។ ខ្ញុំសង្ឃឹមថា នាពេលអនាគត នឹងស្វាគមន៍ប្រធានាធិបតីរបស់អាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាម។ ខ្ញុំគិតថា កិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននាពេលខាងមុខ គឺជាឱកាសដ៏ល្អសម្រាប់សហរដ្ឋអាមេរិកក្នុងការស្វាគមន៍មេដឹកនាំក្នុងតំបន់ រួមទាំងនាយករដ្ឋមន្ត្រី លោក Pham Minh Chinh ផងដែរ។ ខ្ញុំមិនអាចនិយាយថា យើងនឹងធ្វើអ្វីបានទេ ប៉ុន្តែ វៀតណាមនិងសហរដ្ឋអាមេរិកនឹងធ្វើបានសម្រេចអ្វីៗទាំងអស់ជាមួយគ្នាដែរ”។

ដោយឈរលើមូលដ្ឋាននោះ ក្នុងដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងដៃគូអាមេរិកនឹងមានការផ្លាស់ប្តូរជាក់ស្តែងប្រកបដោយប្រសិទ្ធភាព ដើម្បីកំណត់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការ ហើយជំរុញការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំ ក៏ដូចជាកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិ។

ជំរុញយ៉ាងសកម្មទំនាក់ទំនងអាស៊ាន-អាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ

ក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកលើកនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងមេដឹកនាំនៃបណ្តាប្រទេសអាស៊ានបានចូលរួមកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរខួប ៤៥ ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-អាមេរិកនាថ្ងៃទី ១២ និង ១៣ ខែឧសភា នៅទីក្រុង Washington, D.C។

សកម្មភាពនេះគឺជាការបន្តផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងអាស៊ាន និងអាមេរិក ដោយបញ្ជាក់ពីការប្តេជ្ញារបស់ភាគីទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការ កសាងទំនុកចិត្ត ជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងលើកកម្ពស់ការជួបប្រស្រ័យគ្នារវាងប្រជាជននៃប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Nguyen Quoc Dung បានឲ្យដឹងថា៖  “កិច្ចប្រជុំលើកនេះនឹងក្លាយជាឱកាសមួយសម្រាប់បណ្តាមេដឹកនាំ ដើម្បីបង្ហាញនិងឧទ្ទេសនាម ក៏ដូចជាពិគ្រោះយោបល់គ្នាទៅវិញទៅមក អំពីទិសដៅអភិវឌ្ឍន៍នាពេលខាងមុខ ហើយក៏ជាឱកាសសម្រាប់មេដឹកនាំអាស៊ាន បញ្ចេញមតិយោបល់ ក៏ដូចជាការលើកសំណើរតាមទស្សនៈរបស់អាស៊ាន អំពីរបៀបដែលអាមេរិកគួរខិតទៅជិតតំបន់នេះយ៉ាងដូចម្តេច ដើម្បីនាំមកនូវផលប្រយោជន៍រួមសម្រាប់តំបន់ទាំងមូល ទាំងអាស៊ាននិងអាមេរិកផងដែរ។ លទ្ធផលនេះ ប្រាកដថា នឹងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងភាគីទាំងពីរនាពេលខាងមុខ ក៏ដូចជាគោលនយោបាយរបស់ភាគីនីមួយៗចំពោះតំបន់ និងចំពោះគ្នាទៅវិញទៅមកផងដែរ”។

នៅក្នុងកិច្ចប្រជុំលើកនេះ វៀតណាមនឹងរួមចំណែកយ៉ាងសកម្មក្នុងការពិភាក្សា និងផ្លាស់ប្តូរយោបល់ ក្នុងស្មារតីស្មោះត្រង់ ជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការ រួមចំណែកជំរុញទំនាក់ទំនងភាពដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន-អាមេរិក ឲ្យឡើងកម្ពស់ថ្មី ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់និងពិភពលោក។ នេះក៏ជាឱកាសសម្រាប់មេដឹកនាំវៀតណាមជួបសន្ទនាដោយផ្ទាល់ជាមួយមេដឹកនាំអាស៊ាន ដើម្បីជំរុញខ្លឹមសារនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh មានអត្ថន័យសំខាន់ណាស់ សំដៅអនុវត្តន៍គោលនយោបាយការបរទេសយ៉ាងខ្ជាប់ខ្ជួនរបស់វៀតណាម បញ្ជាក់ពីឋានៈ និងការទទួលខុសត្រូវរបស់វៀតណាមក្នុងអាស៊ាន ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងសហរដ្ឋអាមេរិក ដែលជាដៃគូសំខាន់មួយរបស់អាស៊ាន។ ដំណើរទស្សនកិច្ចនេះនឹងបង្កើតកម្លាំងចលករដើម្បីជំរុញការអភិវឌ្ឍប្រកប ដោយប្រសិទ្ធភាព ស៊ីជម្រៅ និងស្ថិរភាពយូរអង្វែងនៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិកលើគ្រប់វិស័យ។ ទន្ទឹមនឹងនោះ ដំណើរទស្សនកិច្ចនេះក៏បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាម រួមចំណែកយ៉ាងសកម្មក្នុងសន្តិភាព និងស្ថិរភាពពិភពលោក រួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាពរវាងវៀតណាម និងអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ