ឥណ្ឌាបញ្ចប់ការបោះឆ្នោតជាប្រវត្តិសាស្ត្រប្រកបដោយជោគជ័យ

(VOVWORLD) - កាលពីថ្ងៃទី៤ ខែមិថុនា ឥណ្ឌាបានធ្វើការរាប់សន្លឹកឆ្នោតក្នុងការបោះឆ្នោតសកល ដែលអូសបន្លាយរយៈពេលជាង ៦ សប្តាហ៍។ ការបោះឆ្នោតដ៏ ស្មុគ្រស្មាញ ហើយមានទ្រង់ទ្រាយដ៏ធំបំផុតរបស់ពិភពលោកបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ បង្កើតបុព្វបទជួយឥណ្ឌាដោះស្រាយបញ្ហាប្រឈមធំៗអំពីសេដ្ឋកិច្ច និងសង្គមក្រោយការបោះឆ្នោត។
ឥណ្ឌាបញ្ចប់ការបោះឆ្នោតជាប្រវត្តិសាស្ត្រប្រកបដោយជោគជ័យ - ảnh 1ម្ចាស់ឆ្នោតទៅបោះឆ្នោតក្នុងដំណាក់កាលទី៧នៃការបោះឆ្នោតសកលនៅការិយាល័យបោះឆ្នោតក្នុងក្រុង Jalandhar ប្រទេសឥណ្ឌា ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។ រូបថត៖ AFP/TTXVN

កាលពីថ្ងៃទី៤ ខែមិថុនា ឥណ្ឌាបានធ្វើការរាប់សន្លឹកឆ្នោតក្នុងការបោះឆ្នោតសកល ដែលអូសបន្លាយរយៈពេលជាង ៦ សប្តាហ៍។ ការបោះឆ្នោតដ៏ ស្មុគ្រស្មាញ ហើយមានទ្រង់ទ្រាយដ៏ធំបំផុតរបស់ពិភពលោកបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ បង្កើតបុព្វបទជួយឥណ្ឌាដោះស្រាយបញ្ហាប្រឈមធំៗអំពីសេដ្ឋកិច្ច និងសង្គមក្រោយការបោះឆ្នោត។

ចាប់ផ្តើមពីថ្ងៃទី ១៩ ខែមេសា ការបោះឆ្នោតសកលនៅឥណ្ឌាត្រូវបានប្រារព្ធឡើងជា ៧ ដំណាក់កាល ដោយបញ្ចប់នៅនាថ្ងៃទី ១  ខែមិថុនា។ អ្នកបោះឆ្នោតឥណ្ឌាជាង ៦៤២ លាននាក់បានទៅបោះឆ្នោតជ្រើសតាំងសមាជិកសភាចំនួន ៥៤៣ រូប ហើយតាមនោះជ្រើសតាំងគណបក្សដឹកនាំឥណ្ឌាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

ការបោះឆ្នោតជាប្រវត្តិសាស្ត្រ

ការបោះឆ្នោតសកលនៅប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតនៅលើពិភពលោកត្រូវបានចាត់ទុកថាជាជោគជ័យ។ ក្នុងអំឡុងពេល ៦ សប្តាហ៍នៃការបោះឆ្នោតសកល មិនមានឧប្បត្តិហេតុធំដុំណាមួយកើតឡើងឡើយ បើទោះបីជាមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសន្តិសុខ ជាពិសេសគឺនៅតាមរដ្ឋនៅភូមិភាគខាងត្បូង និងនៅតាមរដ្ឋមួយចំនួនដែលមានអ្នកបោះឆ្នោតកាន់សាសនាឥស្លាមច្រើន។

ស្ថានភាពអាកាសធាតុដ៏អាក្រក់ដែលបង្កឡើងដោយរលកកំដៅខ្លាំងបណ្តាលឱ្យ
មនុស្សរាប់ម៉ឺននាក់ឡើងកម្ដៅនៅក្នុងខ្លួនខ្លាំង ហើយយ៉ាងហោចណាស់មនុស្សជាង ៥០ នាក់បានស្លាប់បាត់បង់ជីវិតដោយសារអាកាសធាតុក្រៅខ្លាំអ ក៏មិនបណ្តាលឱ្យចំនួនម្ចាស់បោះឆ្នោតឥណ្ឌាទៅបោះឆ្នោតថយចុះច្រើនពេកឡើយ។ យោងតាមការធ្វើស្ថិតិបានសរឲ្យឃើញថា ម្ចាស់ឆ្នោតជាង ៦៦%  នៃអ្នកបោះឆ្នោតឥណ្ឌាជិត ៩៧០ លាននាក់ ហើយតួរលេខនេះទាបជាងត្រឹមតែប្រមាណ ១% ប៉ុណ្ណោះបើធៀបនឹងការបោះឆ្នោតសកលនាឆ្នាំ ២០១៩។ ប្រមុខគណៈកម្មាធិការរៀបចំការបោះឆ្នោតនៃប្រទេសឥណ្ឌា (ECI) លោក Rajiv Kumar បានប្រកាសថា៖

"យើងបានបង្កើតកំណត់ត្រាពិភពលោកជាមួយនឹងម្ចាស់ឆ្នោតឥណ្ឌាចំនួន ៦៤២ លាននាក់ទៅបោះឆ្នោត។ ចំនួននេះច្រើនជាង ១,៥ ដងបើធៀបនឹងចំនួនម្ចាស់ឆ្នោត នៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍- G7 ទាំងអស់ ហើយច្រើនជាង ២,៥ ដងនៃចំនួនម្ចាស់បោះឆ្នោតទាំងអស់នៃប្រទេសសហភាពអឺរ៉ុប(EU)។ នេះពិតជាកម្លាំងពលំដែលមិនគួរឲ្យជឿរបស់ម្ចាស់ឆ្នោតឥណ្ដាផងដែរ"។

ឥណ្ឌាបញ្ចប់ការបោះឆ្នោតជាប្រវត្តិសាស្ត្រប្រកបដោយជោគជ័យ - ảnh 2ម្ចស់ឆ្នោតរង់ចាំតម្រង់ជួរដើម្បីបោះឆ្នោតក្នុងដំណាក់កាលទី ៧ នៃការបោះឆ្នោតសកលនៅការិយាល័យបោះឆ្នោតទីក្រុង Varanasi ប្រទេសឥណ្ឌា ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៤។ រូបថត៖ AFP/TTXVN

ជាក់ស្ដែង ចូលរួមឈរឈ្មោះបោះឆ្នោតឆ្នាំនេះ មានគណបក្សនយោបាយជាង ៧៥០។ ទោះបីជាតួរលេខគណបក្សនយោបាយច្រើនក៏ដោយ  ប៉ុន្តែការបោះឆ្នោត ថ្នាក់ជាតិនៅឥណ្ឌាភាគច្រើនជាការប្រកួតប្រជែងរវាងសម្ព័ន្ធ ប្រជាធិបតេយ្យជាតិ (NDA) ដឹកនាំដោយគណបក្សប្រជាជនឥណ្ឌា (BJP) របស់នាយករដ្ឋមន្ត្រីលោក Narendra Modi និងសម្ព័ន្ធអភិវឌ្ឍន៍ជាតិឥណ្ឌាទូលំទូលាយ (INDIA) ដឹកនាំដោយគណបក្សសមាជជាតិ។  សមិទ្ធិផលសេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍របស់ឥណ្ឌាក្រោមការសម្របសម្រួលរបស់នាយករដ្ឋមន្ត្រីលោក Narendra Modi និងគណបក្ស BJP គឺជាកត្តាសំខាន់ដែលជួយ BJP ទទួលបានការគាំទ្រពីម្ចាស់ឆ្នោតជាច្រើន។ នារយៈពេលកន្លងទៅ ឥណ្ឌាតែងតែជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចធំ ដែលមានល្បឿនកំណើនខ្ពស់បំផុតនៅលើពិភពលោក ឡើងដល់ ៨,២% ក្នុងឆ្នាំសារពើពន្ធ ដែលបានបញ្ចប់កាលពីខែមីនាឆ្នាំមុន។ លើសពីនេះ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីលោក Modi ឥណ្ឌាក៏ដើរតួនាទីកាន់តែសំខាន់នៅលើពិភពលោក ហើយក្លាយទៅជាសសរស្តម្ភនៃពិភពលោកភាគខាងត្បូង ព្រមទាំងជាសមាជិកដ៏សំខាន់នៃប្លុកសេដ្ឋកិច្ចកំពុងទើបលេចចេញថ្មី BRICS (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង) ហើយជាដៃគូយុទ្ធសាស្ត្រអាទិភាពនៃប្រទេសមហាអំណាចជាច្រើន។ ក្នុងប្រទេស ជាមួយការជំរុញខ្លាំងជាតិនិយមហិណ្ឌូ គណបក្ស BJP របស់នាយករដ្ឋមន្ត្រីលោក Narendra Modi ក៏បានកសាងមូលដ្ឋានគ្រឹះអំពីម្ចាស់បោះឆ្នោតដ៏រឹងមាំក្នុងចំណោមប្រជាជនភាគច្រើនផងដែរ។

បញ្ហាប្រឈមក្រោយការបោះឆ្នោត

ក្រោយការបោះឆ្នោត ប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតនៅលើពិភពលោកនេះ ត្រូវដោះស្រាយបញ្ហាប្រឈមជាច្រើន។ អំពីសេដ្ឋកិច្ច  ថ្វីត្បិតតែឥណ្ឌាបានឈានឡើងក្លាយទៅជាខឿនសេដ្ឋកិច្ចធំទី ៥ នៅលើពិភពលោកក្នុងរយៈពេលកាន់អំណាច ១០ ឆ្នាំរបស់ នាយករដ្ឋមន្ត្រីលោក Narendra Modi ហើយត្រូវបានព្យាករណ៍ថានឹងឡើងដល់លេខ ៣ ក្នុងរយៈពេល ២ ឆ្នាំខាងមុខក៏ដោយ ប៉ុន្តែឥណ្ឌានៅតែជាប្រទេសដែលមានប្រាក់ចំណូលមធ្យមលើមនុស្សម្នាក់ៗទាបបំផុតក្នុងចំណោមខឿនសេដ្ឋកិច្ចនៃក្រុមប្រទេសទើបលេចចេញថ្មីជួរមុខនៅលើពិភពលោក - G20 ។ ជាពិសេស អត្រាអ្នកអត់ការងារធ្វើ គឺជាបញ្ហាធំ។ លើសពីនេះ មជ្ឈដ្ឋានអ្នកសង្កេតការណ៍ក៏បានសង្កត់ធ្ងន់ទៅលើការកើនឡើងវិសមភាពនៅក្នុងសង្គមឥណ្ឌា ជាពិសេសគឺរវាងតំបន់ទីក្រុង និងជនបទ។ យោងតាមសេដ្ឋកិច្ចវិទូ Ashoka Mody មកពីសាកលវិទ្យាល័យ Princeton (សហរដ្ឋអាមេរិក) បានឲ្យដឹងថា ការដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីលោក Narendra Modi បង្កើនប្រាក់ឧបត្ថម្ភសម្រាប់ជីវភាពរស់នៅ (ហ្គាស អាហារ) ជូនប្រជាជនគឺមានផលប្រយោជន៍ក្នុងរយៈពេលខ្លី ប៉ុន្តែមិនទាន់គ្រប់គ្រាន់ដើម្បីបង្កើតការផ្លាស់ប្តូរអំពីគុណភាព ដែលជួយគ្រួសាររាប់លានគ្រួរួចផុតពីស្ថានភាពក្រីក្រឡើយ។ ចែករំលែកទស្សនៈនេះ អ្នកសង្គមវិទ្យាឥណ្ឌា Pushpendra Kumar Singh បានវាយតម្លៃថា៖

"ផលិតផលក្នុងស្រុកសរុប (GDP) មានកំណើនខ្ពស់ ហើយប្រការនេះជួយបំពេញបន្ថែមលើការលំបាករបស់ក្រីក្រនៅឥណ្ឌា។ អ្នកមាននឹងកាន់តែមាន ហើយអ្នកក្រីក្រនឹងកាន់តែក្រីក្រ ហើយដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃកម្រិតជីវភាពរស់នៅ ពួកគេនឹងត្រូវធ្វើការបន្ថែមទៀតផងដែរ"។

ក្រៅពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច រដ្ឋាភិបាលឥណ្ឌាក៏ត្រូវដោះស្រាយបញ្ហាដ៏ស្មុគស្មាញជាច្រើនផ្សេងៗទៀត អំពីសាសនា និងសង្គម។ លើសពីនេះ ការមិនពេញចិត្តរបស់កសិកររាប់លាននាក់ ដោយសារតែប្រាក់ចំណូលទាប ដែលបង្ហាញតាមរយៈបាតុកម្មទ្រង់ទ្រាយធំកាលពីឆ្នាំទៅមិញ ក៏ជាបញ្ហាមួយ ដែលរដ្ឋាភិបាលឥណ្ឌាចាំបាច់ត្រូវយកចិត្តទុកដាក់ សំដៅជៀសរាងភាពតានតឹងនៅក្នុងសង្គមផ្ទុះឡើងនៅប្រទេសមួយដែលមានចំនួនប្រជាជនច្រើន និងមានភាពចម្រុះអំពីវប្បធម៌ និងសាសនាដូចឥណ្ឌាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ