ឱកាសដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

(VOVWORLD) - កាលពីចុងសប្តាហ៍មុន អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Raphel Grossi បានធ្វើដំណើរទស្សនកិច្ចគួរឲ្យកត់សម្គាល់រយៈពេលពីរថ្ងៃទៅកាន់ប្រទេសអ៊ីរ៉ង់។ លទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចនេះគឺការដែល IAEA និងទីក្រុងតេអេរ៉ង់សម្រេចបានឯកភាពដ៏សំខាន់ទាក់ទងនឹងការងារអធិការកិច្ចអន្តរជាតិលើមូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយបើកឱកាសសម្រាប់វឌ្ឍនភាពដ៏សំខាន់បន្ថែមទៀតរវាងភាគីនានាទាក់ទងនឹងការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់ និងប្រទេសមហាអំណាច ៦ (ក្រុម P5+1) ដែលបានហៅថា ផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA)។

ឱកាសដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ - ảnh 1រោងចក្រនុយក្លេអ៊ែរ Natanz របស់អ៊ីរ៉ង់។ (រូបថត៖ AFP/VNA)

ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់របស់អគ្គនាយក IAEA លោក Rafael Grossi ធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងរវាងទីក្រុងតេអេរ៉ង់ជាមួយ IAEA ក៏ដូចជាលោកខាងលិច កំពុងមានភាពតានតឹង បន្ទាប់ពីមានព័ត៌មានថា អ៊ីរ៉ង់កំពុងគ្រប់គ្រងវត្ថុធាតុអ៊ុយរ៉ាញ៉ូមដែលបានចម្រើនដល់ទៅ ៨៣,៧% ដែលជាកម្រិតជិតនឹងសមត្ថភាពផលិតអាវុធនៅរោងចក្រចម្រើននុយក្លេអ៊ែរ Fordow របស់អ៊ីរ៉ង់។ ដូច្នេះហើយ កិច្ចព្រមព្រៀងរបស់ IAEA និង Tehran ស្តីពីការងារអធិការកិច្ចនៅមូលដ្ឋាននុយក្លេអ៊ែរនៅអ៊ីរ៉ង់ ត្រូវបានចាត់ទុកថាជាការបោះជំហានដ៏សំខាន់ ដោយបើកយថាទស្សន៍សម្រាប់វឌ្ឍនភាពថ្មីៗទាក់ទងនឹងការស្ដារកិច្ចព្រមព្រៀង នុយក្លេអ៊ែរ JCPOA ឡើងវិញ។

ការបោះជំហានដ៏សំខាន់

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ៥ ខែមីនា មួយថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកអគ្គនាយក Rafael Grossi ទៅកាន់ប្រទេសអ៊ីរ៉ង់ IAEA បានឲ្យដឹងថា អ៊ីរ៉ង់បានសន្យា នឹងគាំទ្រចំពោះសកម្មភាពអធិការកិច្ចរបស់ទីភ្នាក់ងារនេះ ដែលបានផ្អាកជាយូរមកហើយ លើការរកឃើញសារធាតុអ៊ុយរ៉ាញ៉ូមនៅទីតាំងដែលមិនបានប្រកាស និងការដំឡើងឡើងវិញនូវឧបករណ៍ត្រួតពិនិត្យដែលត្រូវបានដកចេញកាលពីមុន។ តាមនោះ IAEA និងអ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍រួម ដែលបញ្ជាក់ថា៖ អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចផ្តល់ព័ត៌មាននិងលទ្ធភាពបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាសុវត្ថិភាពនៅសេសសល់។

លើសពីនេះទៅទៀត អ៊ីរ៉ង់ក៏នឹងអនុញ្ញាតឱ្យមានការដំឡើងឡើងវិញនូវឧបករណ៍ត្រួតពិនិត្យបំពេញបន្ថែម ដែលត្រូវបានអនុវត្តន៍ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ប៉ុន្តែត្រូវដកចេញនៅឆ្នាំ ២០២២។ យោងតាមមេដឹកនាំ IAEA ផងដែរ កិច្ចពិភាក្សានៅទីក្រុងតេអេរ៉ង់ប្រព្រឹត្តទៅក្នុងបរិយាកាសដ៏វិជ្ជាជីវៈ ស្មោះត្រង់ និងប្រកបដោយកិច្ចសហប្រតិបត្តិការ។ កិច្ចពិភាក្សាបន្ទាប់នៅអ៊ីរ៉ង់ រវាងទីភ្នាក់ងារនេះនិងមន្ត្រីប្រទេសម្ចាស់ផ្ទះ ដើម្បីកំណត់ខ្លឹមសារសហប្រតិបត្តិការជាក់លាក់ នឹងប្រព្រឹត្តទៅ "ក្នុងពេលឆាប់ៗនេះ"។

ចំណែកឯខ្លួនវិញ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani កាលពីថ្ងៃទី៦ ខែមីនា បានវាយតម្លៃថា ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតេអេរ៉ង់របស់លោកអគ្គនាយក Rafael Grossi បានបើកទំព័រថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ លោក Kanaani បានឲ្យដឹងថា ភាគីទាំងពីរសម្រេចបាន "កិច្ចព្រមព្រៀងល្អជាច្រើន" ក្នុងដំណើរទស្សនកិច្ចនេះ ហើយចាត់ទុកដំណើរទស្សនៈកិច្ចនេះ ជាផ្នែកមួយក្នុងគោលនយោបាយ "ការទូតសកម្ម" រវាងអ៊ីរ៉ង់ និង IAEA។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ក៏បានសម្តែងក្តីសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងសម្រួលដល់ការដោះស្រាយការខ្វែងគំនិតគ្នាផ្នែកបច្ចេកទេសរវាងភាគីទាំងពីរ។

ឱកាសដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ - ảnh 2អគ្គនាយក IAEA លោក Grossi (កណ្តាល) និងនាយក AEOI លោក Mohammad Eslami (ទី ២ ពីឆ្វេង) នៅទីក្រុងតេអេរ៉ង់ នាថ្ងៃទី ៤ ខែមីនា។ (រូបថត៖ AP)

ត្រូវបន្តជំរុញកិច្ចខិតខំប្រឹងប្រែង

យោងតាមអ្នកជំនាញនិងអ្នកស្រាវជ្រាវអន្តរជាតិជាច្រើន កិច្ចព្រមព្រៀងទើបតែសម្រេចបានរវាង IAEA និងទីក្រុងតេអេរ៉ង់ ស្តីពីការងារអធិការកិច្ចនៅមូលដ្ឋាននុយក្លេអ៊ែរនៅអ៊ីរ៉ង់ បង្កប់នូវអត្ថន័យដ៏សំខាន់ពិសេស។ ដំបូងឡើយវាបង្ហាញពីការកែលម្អយ៉ាងច្បាស់លាស់ក្នុងទំនាក់ទំនងរវាងភាគីទាំងពីរ ដោយធ្វើឲ្យលោកខាងលិចគ្មានហេតុផលដើម្បីជំរុញសេចក្ដីសម្រេចចិត្តអន្តរជាតិថ្មីមួយ ដែលទាមទារឲ្យមានកិច្ចសហប្រតិបត្តិការពីភាគីអ៊ីរ៉ង់ ដែលតែងតែជួបប្រទះនឹងការរិះគន់យ៉ាងខ្លាំងពីទីក្រុងតេអេរ៉ង់ ហើយធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងឡើងៗ។ ទីពីរ វាបង្ហាញថា បញ្ហាកសាងទំនុកចិត្តរវាងភាគីនានាត្រូវបានបង្កើតឡើងជាស្ថាពរ ដែលដាក់មូលដ្ឋានគ្រឹះសម្រាប់ការពង្រីកកិច្ចសន្ទនាដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធជាច្រើនទៀត។ ក្នុងនោះ អ្នកវិភាគជាច្រើនជឿជាក់ថា ការចរចាលើការស្ដារ JCPOA ឥឡូវនេះមានមូលដ្ឋានដើម្បីបន្តឡើងវិញ។

ទោះជាយ៉ាងណាក៏ដោយ មជ្ឈដ្ឋានអ្នកវិភាគក៏ព្រមានថា ការស្ដារ JCPOA ឡើងវិញ នៅតែជាដំណើរវែងឆ្ងាយមួយ ដោយមានឧបសគ្គ និងបញ្ហាប្រឈមជាច្រើនដែលត្រូវជំនះ។ ការពិតបានបង្ហាញថា ដំណើរការចរចាដើម្បីស្ដារ JCPOA ឡើងវិញ ដែលអូសបន្លាយចាប់ពីខែមេសា ឆ្នាំ ២០២១ ដល់ខែសីហា ឆ្នាំ ២០២២ នៅទីក្រុងវីយែន (អូទ្រីស) រវាងអ៊ីរ៉ង់ និងក្រុម P5+1 នៅមិនអាចនាំមកនូវកិច្ចព្រមព្រៀងចុងក្រោយបានទេ ទោះបីជាមានពេលខ្លះ ភាគីពាក់ព័ន្ធទាំងអស់បានជឿថា "កិច្ចព្រមព្រៀងបានស្ថិតនៅក្នុងកណ្ដាប់ដៃ"។ ហេតុដូច្នេះ ភាគីពាក់ព័ន្ធទាំងអស់គួរតែបង្ហាញយ៉ាងច្បាស់លាស់ពីសុច្ឆន្ទៈនិងសកម្មភាពប្រកបដោយលក្ខណៈស្ថាបនាក្នុងកិច្ចខិតខំប្រឹងប្រែងរួម ឆ្ពោះទៅរកការស្ដារកិច្ចព្រមព្រៀងJCPOA ឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ