ឱកាសថ្មីបន្ថែមទៀតដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ

(VOVWORLD) - នៅថ្ងៃទី ៨ ខែកុម្ភៈ វង់ចរចាលើកទី៩ អំពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ (ដែលបានហៅថា ផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ JCPOA) ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់ និងប្រទេសមហាអំណាចចំនួន ៦ (ក្រុម P៥+១) ត្រូវបានបន្តឡើងវិញនៅទីក្រុងវីយែន (អូទ្រីស)។ គួរកត់សំគាល់ថា មុនពេលវង់ចរចារថ្មីចាប់ផ្តើម សហរដ្ឋអាមេរិកមានការបោះជំហានមួយ ដែលត្រូវបានចាត់ទុកថា “មានអត្ថប្រយោជន៍” សម្រាប់ដំណើរការចរចា។ ទោះជាយ៉ាងណាក៏ដោយ បើតាមអ្នកវិភាគថា ដើម្បីឈានដល់កិច្ចព្រមព្រៀង ចុងក្រោយ ភាគីពាក់ព័ន្ធទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យបានច្រើនថែមទៀត។

ឱកាសថ្មីបន្ថែមទៀតដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ - ảnh 1តិដ្ឋភាពនៅវង់ចរចាអំពីការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស។ (រូបថត៖ IRNA/TTXVN)

វង់ចរចាថ្មីបំផុត គឺជាវង់ទីពីរដែលត្រូវបានធ្វើឡើងក្នុងឆ្នាំ២០២២រវាងអ៊ីរ៉ង់ និង P៥+១ បន្ទាប់ ពីវង់ចរចាដំបូងកាលពីខែមករា ប៉ុន្តែមិនអាចនាំមកនូវលទ្ធផលដូចការរំពឹងទុកឡើយ។ ស្រដៀងគ្នានឹងវង់ចរចាទាំង៧ ដែលត្រូវបានធ្វើឡើងក្នុងឆ្នាំ២០២១ដែរ ឧបសគ្គដ៏ធំបំផុតដែលរារាំងវង់ចរចាលើកទី៨កន្លងមក  មិនអាចឈានដល់កិច្ចព្រមព្រៀងចុងក្រោយនោះ នៅតែជាការខ្វែងគំនិតគ្នាជាមូលដ្ឋានរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅជុំវិញការដកទណ្ឌកម្ម។ ទោះជាយ៉ាងណាក៏ដោយ ប៉ុន្មានថ្ងៃមុនការប្រារព្ធវង់ចរចាលើកទី៩ នៅថ្ងៃទី៤ ខែកុម្ភៈ រដ្ឋាភិបាលអាមេរិក ស្រាប់តែសម្រេចចិត្តបញ្ឈប់ការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់វិញ។ នេះត្រូវបានគេចាត់ទុកថា ជាការបោះជំហានវិជ្ជមាន ហើយមានប្រយោជន៍សម្រាប់ការចរចាដែលកំពុងឈានចូល ដំណាក់កាលដ៏សំខាន់បំផុត។

សញ្ញាវិជ្ជមាន

ក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី៤ កុម្ភៈ រដ្ឋអំណាចអាមេរិកបានសម្រេចដកទណ្ឌកម្មសំខាន់ៗមួយចំនួនប្រឆាំងនឹងអ៊ីរ៉ង់។ តាមនោះ អាមេរិកអនុញ្ញាតឲ្យក្រុមហ៊ុនបរទេសចូលរួមក្នុងគម្រោងស៊ីវិលមួយចំនួននៅរោងចក្រថាមពលនុយក្លេអ៊ែរនិងរ៉េអាក់ទ័រនៅអ៊ីរ៉ង់។ មានន័យថា ឥឡូវនេះក្រុមហ៊ុនរុស្ស៊ី ចិន និងអឺរ៉ុបអាចអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរស៊ីវិលជាមួយអ៊ីរ៉ង់ ជាមួយនឹងលក្ខខ័ណ្ឌថា មូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់មិនត្រូវបានប្រើប្រាស់សម្រាប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរនោះឡើយ។ ក្រសួងការបរទេសអាមេរិកបានពន្យល់ថា ការស្ដារឡើងវិញនូវការ សម្រេចចិត្តដកទណ្ឌកម្មនឹងជួយជំរុញការចរចានៅទីក្រុងវីយ៉ែន (អូទ្រីស) គឺសំដៅសង្គ្រោះកិច្ចព្រមព្រៀង JCPOA ។

ភ្លាមៗនោះ រដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បានឡើងសម្លេងស្វាគមន៍ចំពោះកាយវិការបស់អាមេរិក។ ទីភ្នាក់ងារសារព័ត៌មាន ISNA របស់អ៊ីរ៉ង់បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសលោក Hossein Amir-Abdollahian កាលពីថ្ងៃទី ៥ ខែកុម្ភៈ ដោយសង្កត់ធ្ងន់ថា ការដកទណ្ឌកម្មមួយចំនួនបានបង្ហាញពីសុច្ឆន្ទៈរបស់អាមេរិក។

ការវិវឌ្ឍន៍ជាវិជ្ជមាននេះក៏បានធ្វើឲ្យអ្នកវិភាគ និងមន្ត្រីជាច្រើននៃភាគីនានា មាន សុទិដ្ឋិនិយមថា វង់ចរចានាបច្ចុប្បន្ននឹងមានលទ្ធភាពសម្រេចបានលទ្ធផលដ៏ល្អ។ ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី៧ ខែកុម្ភៈ បាននិយាយថា ការចរចានាបច្ចុប្បន្នជាមួយអ៊ីរ៉ង់អាចឈានទៅដល់កិច្ចព្រមព្រៀងមួយ។ សូម្បីតែ មន្ត្រីអាមេរិកម្នាក់ដែលមិនកំណត់អត្តសញ្ញាណបានជឿថា ភាគីនានានៅជិតបង្ហើយ “កិច្ចព្រមព្រៀងមួយ” ហើយ។

ជាពិសេស ប្រភពព័ត៌មានមួយចំនួនពីទីក្រុងវីយ៉ែន ក៏បានបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងលម្អិតប្រហែល ២០ ទំព័រស្តីពីការស្ដារ JCPOA ឡើងវិញ ត្រូវបានបណ្ដាភាគីពង្រាងរួចរាល់ហើយ។ ខ្លឹមសារជាមូលដ្ឋាន គឺរក្សាដដែលការសន្យាដើមដូចកិច្ចព្រមព្រៀងឆ្នាំ២០១៥ ជាមួយនឹងការបំពេញបន្ថែមមួយចំនួនឲ្យសមស្របនឹងបរិបទថ្មី។ ទោះយ៉ាងណាក៏ដោយ មិនទាន់មានប្រភពព័ត៌មានផ្លូវការណាមួយដែលបញ្ជាក់ពី ព័ត៌មាននេះនៅឡើយទេ។

នៅមានឧបសគ្គជាច្រើន ហើយត្រូវការកិច្ចខិតខំច្រើនទៀត

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី ៧ ខែកុម្ភៈ បានលើកច្បាស់ថា "កិច្ចព្រមព្រៀងមួយដែលដោះស្រាយបាននូវកង្វល់ស្នូលរបស់ភាគីទាំងអស់បានស្ថិតនៅក្នុងក្រសែភ្នែកហើយ ប៉ុន្តែប្រសិនបើមិនសម្រេចរួចរាល់ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខទេ វឌ្ឍនភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់នាបច្ចុប្បន្ននឹងញ៉ាំងឲ្យយើងខ្ញុំមិនអាចវិលត្រឡប់ទៅ JCPOA វិញបាន”។ ស្រដៀងគ្នានេះដែរ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខរបស់ EU លោក Josep Borrell ក៏បានក្រើនរំលឹកផងដែរថា នៅតែមានការខ្វែងគំនិតគ្នាដ៏ធំៗ មួយចំនួនរវាងភាគីនានា ជាពិសេសរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់។

ឱកាសថ្មីបន្ថែមទៀតដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ - ảnh 2លោក Hossein Amir-Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់។ (រូបថត៖ IRNA/TTXVN)

ចំណែកលោក Hossein Amir-Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ក្នុងសេចក្តីថ្លែងការណ៍ស្វាគមន៍ការដកទណ្ឌកម្មរបស់អាមេរិកក៏បានសង្កត់ធ្ងន់ថា អ្វីដែលមាននៅលើក្រដាសគឺមិនគ្រប់គ្រាន់ទេ។ មន្ត្រីរូបនេះបានស្នើឲ្យក្រុងវ៉ាស៊ីនតោនបង្ហាញសុច្ឆន្ទៈឲ្យបានច្បាស់លាស់ថែមទៀតក្នុងសកម្មភាពជាក់ស្តែងផ្សេងៗ។

យោងតាមអ្នកវិភាគថា ការឈានដល់កិច្ចព្រមព្រៀងមួយអំពីការស្ដារ JCPOA ឡើងវិញ កំពុងមានលក្ខខណ្ឌអំណោយផលដែលមិនធ្លាប់មានពីមុនមក ជាពិសេសសុច្ឆន្ទៈរបស់ភាគីស្នូលទាំងពីរគឺអាមេរិកនិងអ៊ីរ៉ង់។ អាចនិយាយបានថា លទ្ធភាពនៃការសម្រេចបានកិច្ចព្រមព្រៀងមួយគឺស្ថិតនៅក្នុងក្រសែភ្នែកហើយ ប៉ុន្តែដើម្បីសម្រេចឲ្យបានវានៅក្នុងកណ្ដាប់ដៃ គឺជារឿងខុសគ្នាទាំងស្រុង។ នៅតែមានឧបសគ្គធំៗ ក្នុងនោះ បញ្ហាកសាងទំនុកចិត្តរវាងបណ្ដាភាគី នៅតែជាបញ្ហាប្រឈមដ៏ពិបាកបំផុត ដែលទាមទារឲ្យភាគីទាំងអស់ត្រូវខិតខំប្រឹងប្រែងជាច្រើនថែមទៀតដើម្បីជំនះពុះពារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ