(VOVWORLD) - ថ្ងៃទី ២៦ កុម្ភៈកន្លងទៅ បានគូសសញ្ញាគម្រប់ខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអូស្ត្រាលី (២៦ កុម្ភៈ ឆ្នាំ ១៩៧៣ - ២៦ កុម្ភៈ ឆ្នាំ ២០២៣)។ ក្នុងរយៈពេល ៥ ទស្សវត្ស៍កន្លងទៅ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឆ្លងកាត់ដំណាក់កាលអភិវឌ្ឍន៍យ៉ាងច្រើន ហើយទទួលបានសមិទ្ធិផលគួរឲ្យចាប់អារម្មណ៍។
(រូបថត៖ VNA) |
ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងស្ថិរភាព និងជឿទុកចិត្តក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅ ប្រទេសទាំងពីរបន្តរួមគ្នាសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ សមស្របនឹងតម្រូវការរបស់ប្រទេសនីមួយៗ ក៏ដូចជាបរិបទនៃតំបន់ និងពិភពលោកផងដែរ។
សមិទ្ធិផលកិច្ចសហប្រតិបត្តិការគួរឱ្យចាប់អារម្មណ៍ក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅ
ក្នុងឆ្នាំ ២០០៩ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ហើយនៅឆ្នាំ ២០១៨ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាផ្លូវការ បើកដំណាក់កាលថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី។ ឆ្លងកាត់រយៈពេល ៥ ទសវត្សរិ៍នៃការអភិវឌ្ឍ ជាមួយនឹងឱកាស និងកាលានុវត្តភាព ក៏ដូចជាការលំបាកសាកល្បង ក្នុងការវិវឌ្ឍដោយឥតឈប់ឈរនៃស្ថានភាពតំបន់ និងអន្តរជាតិ វៀតណាម និងអូស្ត្រាលីបានក្លាយទៅជាដៃគូគួរឲ្យជឿទុកចិត្តរបស់គ្នាទៅវិញទៅមកទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ប្រការលេចធ្លោក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរគឺការបង្កើនផលប្រយោជន៍ដូចគ្នា និងទំនុកចិត្តគ្នាទៅវិញទៅមក។ វាយតម្លៃអំពីទំនាក់ទំនងបច្ចុប្បន្នរវាងប្រទេសទាំងពីរ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski បានអះអាងថា៖
“មិនដែលធ្លាប់មានពេលវេលាណាមួយក្នុងប្រវត្តិសាស្ត្រ ដែលទំនាក់ទំនងរវាងប្រទេសយើងទាំងពីរមានភាពរឹងមាំ និងរីកចម្រើនយ៉ាងល្អប្រសើរដូចបច្ចុប្បន្ននេះឡើយ។ ទំនាក់ទំនងទ្វេភាគីត្រូវបានកសាងឡើងដោយទំនុកចិត្តយ៉ាងខ្លាំងក្លា ក៏ដូចជាកិច្ចសហប្រតិបត្តិការជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ។ នោះគឺជាកិច្ចសហប្រតិបត្តិការការពារជាតិ អប់រំ ពាណិជ្ជកម្ម ឬការផ្លាស់ប្ដូររវាងប្រជាជន ជាមួយប្រជាជនដែលជាទំនាក់ទំនងដ៏សំខាន់រវាងប្រជាជននៃប្រទេសទាំងពីរផងដែរ”។
ភាគីទាំងពីរបាននិងកំពុងអនុវត្តន៍យ៉ាងសកម្មនូវសសរស្តម្ភកិច្ចសហប្រតិបត្តិការ
ទាំងអស់ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។ វៀតណាម និងអូស្ត្រាលីក៏ជាដៃគូពាណិជ្ជកម្មក្នុងចំណោមដៃគូជួរមុខទាំង ១០ របស់គ្នាទៅវិញទៅមក ជាមួយទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២២ សម្រចបាន ១៥,៧ ពាន់លានដុល្លារអាមេរិក កើនឡើងទ្វេដង បើប្រៀបធៀបនឹងមុនពេលវេលា ដែលប្រទេសទាំងពីរបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រផងដែរ។
កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងប្រទេសទាំងពីរកាន់តែមានប្រសិទ្ធភាពជាក់ស្ដែង នៅតាមវេទិកា អង្គការតំបន់ និងអន្តរជាតិដូចជា៖ អង្គការសហប្រជាជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។ អូស្ត្រាលីមិនត្រឹមតែជាដៃគូស្នូលរបស់វៀតណាមនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូងប៉ុណ្ណោះទេ ថែមទាំងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់អាស៊ានទៀតផង។
លោក Andrew Goledzinowski ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម។ រូបថត៖ Việt Nguyễn |
អនាគតគឺបើកចំហជាមួយនឹងសក្តានុពលសហប្រតិបត្តិការជាច្រើន
ក្នុងរយៈពេល ៥ ទសវត្សរិ៍កនៃកិច្ចសហប្រតិបត្តិការន្លងទៅបានសរឲ្យឃើញថា ទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាម និងអូស្ត្រាលីបាននាំមកនូវផលប្រយោជន៍យ៉ាងច្បាស់លាស់ និងជាក់ស្តែង ដល់ប្រទេសទាំងពីរ។ ពេលវេលាបច្ចុប្បន្នកំពុងបង្កើតឱកាសដែលប្រទេសទាំងពីរចាំបាច់ត្រូវចាប់យក ដើម្បីនាំទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យអភិវឌ្ឍន៍ឡើងដំណាក់កាលថ្មីមួយ។
ប្រទេសទាំងពីរចែករំលែកផលប្រយោជន៍ជាយុទ្ធសាស្ត្រអំពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។ ខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរមានលក្ខណៈបំពេញគ្នាទៅវិញទៅមកខ្ពស់ ជាពិសេសគឺធនធានធម្មជាតិ ប្រភពធនធានមនុស្ស សមត្ថភាពបច្ចេកវិទ្យា និងហិរញ្ញវត្ថុ។ ក្រៅពីសរស្តម្ភទាំង ៣ ក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដែលមានស្រាប់ (សេដ្ឋកិច្ច សន្តិសុខ និងការពារជាតិ ចំណេះដឹង និងនវានុវត្តន៍) ប្រទេសទាំងពីរកំពុងពិចារណាលើសសរស្តម្ភថ្មីមួយចំនួន ដើម្បីភ្ជាប់ទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធថែមទៀត។ វិស័យដែលកំពុងលេចធ្លោ ដូចជាការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ចបៃតង ថាមពលស្អាត សេដ្ឋកិច្ចចំណេះដឹង និងការផ្លាស់ប្តូរឌីជីថល នឹងក្លាយទៅជាវិស័យសហប្រតិបត្តិការថ្មីរវាងប្រទេសទាំងពីរក្នុងរយៈពេលខាងមុខ។ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski បានចាត់ទុកថា៖ ប្រទេសទាំងពីរអាចបង្កើនការសន្ទនាជាយុទ្ធសាស្ត្រ បង្កើតយន្តការថ្មីមួយចំនួន ព្រមទាំងអាចនឹងពិចារណាតម្លើងថ្នាក់ទំនាក់ទំនង៖
“ខ្ញុំមានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះលទ្ធភាពនេះ។ រហូតមកដល់ពេលនេះ មានប្រទេសត្រឹមតែ ៤ បានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាមប៉ុណ្ណោះ ពោលគឺ ចិន រុស្ស៊ី ឥណ្ឌា និងកូរ៉េខាងត្បូង។ ដូច្នេះ ប្រសិនបើអូស្ត្រាលីអាចជាប្រទេស ទី ៥ ដែលបង្កើតទំនាក់ទំនងដូច្នេះជាមួយវៀតណាមគឺពិតជាល្អប្រសើរណាស់។ នៅពេលដែលប្រទេសទាំងពីរតម្លើងថ្នាក់ទំនាក់ទំនងឡើងកម្ពស់ថ្មីនោះ វានឹងក្លាយទៅជាកម្លាំងចលករដ៏សំខាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើនដូចជា ការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពល ឬបច្ចេកវិទ្យាខ្ពស់ផងដែរ”។
វៀតណាម និងអូស្ត្រាលីកំពុងឈរនៅទ្វារនៃកិច្ចសហប្រតិបត្តិការថ្មី ហើយរាល់សមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ៥ ទស្សវត្សរិ៍កន្លងទៅបានសរឲ្យឃើញថា៖ ប្រទេសទាំងពីរមិនត្រឹមតែមានទំនាក់ទំនងស្និទ្ធស្នាលប៉ុណ្ណោះទេ ថែមទាំងមានផលប្រយោជន៍ដូចគ្នាទៀតផង។ ឆ្នាំ ២០២៣ មិនត្រឹមតែជាឱកាសសម្រាប់វៀតណាម និងអូស្ត្រាលីក្រឡេកមើលសមិទ្ធិផលដែលសម្រេចបានប៉ុណ្ណោះទេ ថែមទាំងឆ្ពោះទៅរកអនាគតនៃទំនាក់ទំនងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅទៀតផង៕