Dao Dang Cong Trung – “នាយកដែលជក់ចិត្តនឹងការប្រមូលសំរាម”

(VOVWORLD) -  នៅទីក្រុង Da Nang មានបុរសម្នាក់ ដែលក្នុងរយៈពេល ៨ ឆ្នាំកន្លងមក តែងតែរវល់នឹងការប្រមូលសំរាមនៅឯឧបទ្វីប Son Tra។ ដោយមានគំនិតថា ការងាររបស់ខ្លួនរួមចំណែកបន្តិចបន្តួចដល់សម្រស់ដ៏ថ្លៃថ្លានៃ “ដើមសួតបៃតង” របស់ទីក្រុង។ នោះគឺលោក Dao Dang Cong Trung នៅសង្កាត់ Nai Hien Dong ខ័ណ្ឌ Son Tra ទីក្រុង Da Nang។

Dao Dang Cong Trung – “នាយកដែលជក់ចិត្តនឹងការប្រមូលសំរាម” - ảnh 1 លោក Dao Dang Cong Trung ជាមួយនឹងសំរាមដែលលោកប្រមូល (រូបថតៈmoitruong24h.vn)

“នាយកជក់ចិត្តនឹងការប្រមូលសំរាម” គឺជាកិត្តមានដែលប្រជាជនតែងតែប្រើដើម្បីប្រាប់អំពីលោក Dao Dang Cong Trung  ដែលកំពុងស្នាក់នៅសង្កាត់ Nai Hien Dong ខ័ណ្ឌ Son Tra នៃទីក្រុង Da Nang។  ក្នុងនាមជានាយកក្រុមហ៊ុនទេសចរណ៍មួយរូប ប៉ុន្តែលោក Trung តែងតែទៅប្រមូលថង់ប្លាស្ទិច ដបប្លាស្ទិច និងកំប៉ុងប្លាស្ទិច នៅ Son Tra  ដោយមិនរអែងចិត្តសោះ ដើម្បីគោលបំណង រីកសាយភាយនូវស្មារតីថែរក្សាបរិស្ថានដល់មនុស្សគ្រប់គ្នា។ ថ្វីត្បិតតែ នៅព្រឹកព្រលឹមឬនៅចុងបញ្ចប់ថ្ងៃក៏ដោយ  ក៏ប៉ុន្តែ មនុស្សម្នានៅឧបទ្វីប Son Tra តែងតែបានប្រទះឃើញលោក Trung ជិះម៉ូតូ ដឹកកាបូបធំមួយ បំពាក់ដោយឧបករណ៍ប្រមូលសំរាមតាមដងផ្លូវ។ លោក Trung មានដើមកំណើតមកពីទីក្រុង Hoi An ប៉ុន្តែគាត់ “លង់ស្នេហ៍” Son Tra តាំងពីពេលដែលឧបទ្វីប Son Tra  ដ៏ស្រស់ស្អាតនេះ មិនសូវមានអ្នកស្គាល់ដល់ឡើយ ។ ដោយមានប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏សំបូរបែបនិងមានលក្ខណៈអំណោយផល ហេតុដូច្នេះ អ្នកទេសចរគ្រប់ទិសទីបានចូលមកទស្សនានៅឧបទ្វីបនេះកាន់តែច្រើនឡើង ៗ។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនៃចំនួនភ្ញៀវទេសចរក៏ជាការបង្ហាញពីភាពកើនឡើងនៃសំរាមផងដែរ។ ដោយទឹកចិត្តស្រលាញ់ធម្មជាតិដ៏ស្រស់បំព្រងនៅ Son Tra  ក៏ដូចជាបានឃើញឧបទ្វីបនេះពេញទៅដោយសំរាមដោយផ្ទាល់ភ្នែក លោកបានសម្រេចចិត្តទៅប្រមូលសំរាមតែម្តង។

ក្នុងប៉ុន្មានថ្ងៃដំបូងនៃការងារនេះ មនុស្សជាច្រើនបានយល់ច្រលំថា លោក Trung  ជាបុគ្គលិកសំអាតបរិស្ថាន ហើយមិត្តភក្តិរបស់លោកក៏មានអ្នកខ្លះបានរិះគន់លោកដែរ។ ថ្វីត្បិតតែដូច្នេះក៏ដោយ លោក Dao Dang Cong Trung មិនបាននឿយណាយចិត្តដោយសារការនិយាយដើមនោះទេ។ យោងតាមលោក Trung បំណងរបស់លោក គឺចង់ផ្សព្វផ្សាយពីការថែរក្សាបរិស្ថានដល់មនុស្សគ្រប់គ្នា។ លោកTrung បានសំណេះសំណាលថា៖ “គោលដៅរបស់ខ្ញុំគឺផ្សព្វផ្សាយពីផ្ទះមួយទៅមនុស្សគ្រប់រូបក្នុងសង្គម។ ហើយសំខាន់បំផុត ការងារដែលខ្ញុំធ្វើ បានជួយសហគមន៍យល់ដឹងថា កាកសំណល់គឺជាបញ្ហាមួយនៃការបំពុលដល់បរិស្ថានដោយផ្ទាល់។ ពោលគឺ វាប៉ះពាល់ផ្ទាល់ដល់ជីវភាពប្រចាំថ្ងៃ និងសុខភាពរបស់យើង។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ប៉ះពាល់ដល់ប្រ ភេទរុក្ខជាតិនិងសត្វដទៃទៀតផងដែរ”។

Dao Dang Cong Trung – “នាយកដែលជក់ចិត្តនឹងការប្រមូលសំរាម” - ảnh 2ការប្រមូលសំរាមនៅក្នុងទឹកគឺពិបាកជាងការប្រមូលលើគោក ដោយទាមទារអោយអ្នកត្រូវចេះហែលទឹក (រូបថតៈ moitruong24h.vn

ជារៀងរាល់ថ្ងៃ លោក Trung តែងតែប្រមូលសំរាមបានប្រហែល ២០ ទៅ ៣០ គីឡូ ក្រាម មានថ្ងៃខ្លះ រហូតដល់ ៥០ គីឡូក្រាម។ សំរាមភាគច្រើនគឺសំបកប្លាស្ទិក ប្រអប់ស្នោ ជាដើម។ លោកបានប្រមូលប្រាក់ពីការលក់ដបប្លាស្ទិក ដើម្បីបរិច្ចាគដល់សមា គមក្រុមសប្បុរសធម៌ ឬទិញសម្លៀកបំពាក់និងសៀវភៅចាស់ៗ សម្រាប់កុមារដែលមានស្ថានភាពលំបាក។

មិនត្រឹមតែរើសសំរាមនៅក្នុងព្រៃ Son Tra ប៉ុណ្ណោះទេ លោក Dao Dang Ngoc Trung ថែមទាំងបានរើសសំរាមនៅបាតសមុទ្រទៀតផង។ ដើមឡើយ លោកជាគ្រូបង្វឹកកីឡាហែលទឹក ហើយគាត់តែងតែចំណាយពេលមួយម៉ោងរាល់សប្តាហ៍ដើម្បីមុជទឹកនៅក្រោមសមុទ្រដើម្បីប្រមូលសំរាម។ លោក Trung បាននិយាយថា មានដបប្លាស្ទិចជាច្រើនដែលជាប់នឹងថ្មប៉ប្រះទឹកផ្កាថ្ម បណ្តាលឱ្យផ្កាថ្មងាប់នៅពេលដែលត្រូវបានជះដោយសំរាម។ គាត់ក៏បានរើសដបប្លាស្ទិចផលិតកាលពី ២០ ឆ្នាំមុន ដែលជាប់នៅក្នុងសមុទ្រដែរ។

លោក Trung បានចែករំលែកថា ការប្រមូលសំរាមក្នុងទឹកពិបាកជាងទ្វេដងបើប្រៀបនឹងការប្រមូលសំរាមនៅតាមច្រាំង ដែលទាមទារជំនាញហែលទឹកនិងមុជទឹក។ មិនត្រឹមតែប៉ុណ្ណោះ បាតសមុទ្រក៏មានសត្វពុលជាច្រើន ដូចជាត្រីមុខបិសាចជាដើម។ ប្រសិនបើអ្នកប៉ះត្រូវត្រីពុលនេះ អ្នកនឹងត្រូវពុលហើយនឹងសន្លប់ជាក់ជាពុំខាន។ យ៉ាងណាមិញ ដោយមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការមុជទឹកប្រមូលសំរាមរបស់ខ្លួន  លោក Trung មិនត្រូវសត្វណាមួយវាយប្រហារនៅឡើយ ប៉ុន្តែរាងកាយរបស់គាត់ត្រូវរងរបួសច្រើន ដោយសារតែត្រូវបានប៉ះនិងមុតដោយរលកនិងថ្មប៉ប្រះទឹក។ លោក Trung បាននិយាយថា ការប្រមូលសំរាមគឺជាកីឡាដែលគាត់ចូលចិត្ត ដូច្នេះលោកនឹងបន្តធ្វើដរាបណាសុខភាពនៅតែល្អ។ លោកបានពោលថា៖ “យូៗទៅ ការប្រមូលសំរាមបានក្លាយជាកីឡាមួយដើម្បីរូបខ្ញុំកាត់បន្ថយភាពតានតឹងទៅហើយ។ ការងារនេះមានភាពសប្បាយរីករាយប៉ុន្តែសោកសៅក៏មានដែរ។ ការសោក សៅត្រង់ថា កន្លែងដែលខ្ញុំរើសមិនដល់មួយសប្តាហ៍ ក៏ត្រូវរើសវាម្តងទៀត។ ពេលខ្លះ ក៏កិតថា មានអារម្មណ៍តានតឹង។ ប៉ុន្តែ គិតចេញកិតចូល  ការងារនេះ នៅតែមានភាពសប្បាយរីករាយ។ ម្យ៉ាងវិញទៀត អ្វីដែលយើងធ្វើត្រូវបានរីកសាយ ភាយ ពោលគឺ បរិស្ថាននឹងស្អាត។ បើយើងមិនធ្វើវាឥឡូវទេតើដល់ពេលណាទើបធ្វើបាន? ខ្ញុំគ្រាន់តែជាស្លឹកឈើមួយ ហើយការងាររបស់ស្លឹកគឺគ្របដណ្តប់ដោយពណ៌បៃតងតែប៉ុណ្ណោះ”។

ការងាររបស់លោក Trung បានរីករាលដាលដល់មនុស្សជាច្រើននៅទីក្រុង Da Nang  ក្នុងនោះមានអាជីវ្រ អង្គការមហាជននិងក្រុមយុវជន។  មានក្រុមយុវជននិងក្រុមអ្នកមុជទឹកជំនាញជាច្រើនក្រុម បានចូលរួមក្នុងការមុជទឹកប្រមូលសំរាម ប្រមូល ដបកំប៉ុងប្រអប់ស្នោនៅក្រោមបាតសមុទ្រ ជុំវិញ ឧបទ្វីប Son Tra។ លោក Le Anh Tien នៅ មជ្ឈមណ្ឌលហែលទឹក ៣០/៤ បានអោយដឹងថា៖ “អត្តពលិកនិងគ្រូបង្វឹកនៃមជ្ឈមណ្ឌលហែលទឹក  ៣០/៤ និងមជ្ឈមណ្ឌលហែលទឹក ខ័ណ្ឌ Thanh Xuan តែងតែរួមដំណើរជាមួយលោក Trung ជានិច្ច ដើម្បីបំពេញការងារនេះជាស្ថាពរ”។

ចំណែកឯលោកស្រី Duong Thi Xuan Lieu នាយិការមន្ទីរគ្រប់គ្រងនិងធ្វើអាជីវកម្មទេសចរណ៍ នៃគណៈកម្មការគ្រប់គ្រងកោះ Son Tra និងឆ្នេរខ្សាច់ទេសចរណ៍ Da Nang បានមានប្រសាសន៍ថា៖ “លោក Trung ជាគំរូឆ្នើមមួយរូបក្នុងការរីក សាយភាយនូវរូបភាពស្អាតៗរបស់សហគមន៍ ដើម្បីចូលរួមជាមួយទីភ្នាក់ងារគ្រប់គ្រងរដ្ឋសម្រាប់ការពារបរិស្ថានអេកូឡូស៊ី”។

នាពេលបច្ចុប្បន្ននេះ លោក Trung បានផ្សព្វផ្សាយទម្លាប់នេះ ទៅជាសកម្មភាពមួយនៃដំណើរទេសចរណ៍របស់ក្រុមហ៊ុនទេសចរណ៍ Da Nang Ocean Tour របស់លោក។ ក្នុងដំណើរកម្សាន្តនីមួយៗ លោក Trung តែងតែមានបំពាក់ឧបករណ៍មុជទឹកនិងប្រដាប់ប្រមូលសំរាមនៅឯគោលដៅទេសចរណ៍។ លើសពីនេះទៅទៀត ក្រុមហ៊ុនរបស់លោកក៏ធ្វើការផ្លាស់ប្តូរថង់ផ្លាស្ទិចដែលភ្ញៀវទេសចរនាំយកមកទៅជា ថង់ការពារបរិស្ថានវិញ ដើម្បីការពារកុំអោយថង់ប្លាស្ទិចត្រូវបានគេបោះចោលទៅកោះសមុទ្រ ដោយចៃដន្យ បង្កអោយមានការបំពុលបរិស្ថាន។ សកម្មភាពប្រមូលសំរាមរបស់លោក Trung មិនត្រឹមតែជួយអោយ Son Tra គ្របដណ្តបដោយព៌ណបៃតងប៉ុណ្ណោះទេ ថែមទាំងជួយផ្សព្វផ្សាយពីសេចក្តីស្រលាញ់ធម្មជាតិដល់មនុស្សជុំវិញខ្លួនទៀតផង ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ