H’Hen Nie - ត្រចៀកកាំនាំនិទាឃរដូវមកជាមួយអ្នកភូមិស្រុកតំបន់ខ្ពង់រាប

(VOVWORLD) -  បវរកញ្ញាចក្រវាលវៀតណាមឆ្នាំ២០១៧, Top ៥ កំពូលបវរកញ្ញាចក្រវាលពិភពលោកឆ្នាំ២០១៨ H’Hen Nie នារីជនជាតិ E De មកពីភូមិ Sut M’dung ឃុំ Cu Sue ស្រុក Cu M’gar ខេត្ត Dak Lak បានក្លាយទៅជាមោទនៈរបស់ប្រជាជនវៀតណាមនិយាយរួមនិងជនជាតិ E De និយាយដោយឡែក។ វិលត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីបានឆ្លងកាត់ការប្រឡងបវរកញ្ញាមក H’Hen Nie បានចំណាយប្រាក់រង្វាន់ភាគច្រើនសម្រាប់ធ្វើសកម្មភាពមនុស្សធម៌ ដោយនាងបានចាត់ទុកថា នេះជាការងារពោរពេញទៅដោយអត្ថន័យសម្រាប់សហគមន៍ និងភូមិស្រុករបស់ខ្លួន។

 

H’Hen Nie - ត្រចៀកកាំនាំនិទាឃរដូវមកជាមួយអ្នកភូមិស្រុកតំបន់ខ្ពង់រាប - ảnh 1H'Hen Nie ក្នុងថ្ងៃត្រឡប់មកស្រុកកំណើត  

តាំងពីបានក្រងមកុដបវរកញ្ញាចក្រវាលវៀតណាមនាឆ្នាំ២០១៧មក ហើយចូលរួមការប្រឡងបវរកញ្ញាចក្រវាលពិភពលោក H’Hen Nie មិនដែលលាក់បាំងរឿងថា នាងបានមកពីភូមិ E De ក្រីក្រមួយ ដែលនៅទីនោះនៅមានទស្សនៈហួសសម័យអំពីស្ត្រី ដូចជារៀបការពេលមិនទាន់ពេញវ័យ មានកូនកាលនៅកុមារ និងបញ្ចប់ការសិក្សាមុនជាដើម។ ហេតុដូច្នេះ នាង H’Hen Nie ចង់ផ្លាស់ប្តូរនូវទស្សនៈហួសសម័យនេះ។ ក្នុងពេលឆ្លើយសំណួរនៅការប្រឡងបវរកញ្ញាចក្រកាលវៀតណាម ឆ្នាំ ២០១៧ H’Hen Nie បានឲ្យដឹងថា នាងនឹងចំណាយប្រាក់រង្វាន់ចំនួន៧០% សម្រាប់ធ្វើសកម្មភាពមនុស្សធម៌។ ធ្វើមាតុភូមិនិវត្ត ក្រោយបានជាប់ Top 5 នារីកំពូលនៃ Miss Universe 2018 មក H’Hen Nie ទទួលបានប្រាក់រង្វាន់ឡើងដល់រាប់ពាន់លានដុង។ H’Hen Nie បានប្រកាសថា នាងនឹងប្រើប្រាក់ទាំងអស់នេះ សម្រាប់គម្រោងសហគមន៍តែម្តង។ ហេតុដូច្នេះ អាហារូបករណ៍ សង់ផ្ទះសហគមន៍ ថែរក្សាអក្សររបស់ជនជាតិ E De ស្វែងរកប្រភពទឹកស្អាត និងផ្តតភ្ជាប់អគ្គិសនីសម្រាប់ភូមិស្រុក ជាប្រការទាំងអស់ដែលកញ្ញា H’Hen Nie បាននិងកំពុងធ្វើសម្រាប់ភូមិ Sut M’Dung របស់ខ្លួន។

ក្រោយរយៈពេលមួយឆ្នាំក្រងមកុដមក នាងជានិច្ចកាលតែងតែខិតខំប្រឹងប្រែងដើម្បីបម្រើសហគមន៍។ H’Hen Nie បានសំណេះសំណាលថា៖ “ជួយសហគមន៍ឲ្យបានច្រើន នោះគឺជាគោលដៅរបស់នាងខ្ញុំ។ នាពេលខាងមុខ នាងខ្ញុំមានបំណងសហការជាមួយនរណាម្នាក់ ដើម្បីធ្វើឲ្យផែនការសហគមន៍របស់ខ្លួនកាន់តែច្បាស់លាស់ជាង។ ជាពិសេស ធ្វើឲ្យអ្នកភូមិគេយល់ច្បាស់អំពី H’Hen Nie ដែលមានរបៀបរស់នៅសកម្ម និងដេញតាមជាប់នូវគោលដៅធំៗ ដើម្បីសហគមន៍របស់ខ្លួន”។

H’Hen Nie - ត្រចៀកកាំនាំនិទាឃរដូវមកជាមួយអ្នកភូមិស្រុកតំបន់ខ្ពង់រាប - ảnh 2បវរកញ្ញា H'Hen Nie គូសសញ្ញានូវប្រវត្តិសាស្ត្រដែលជាប់ក្នុង Top ៥ កំពូលបវរកញ្ញាចក្រវាលពិភពលោកឆ្នាំ២០១៨ 

ជាសិស្សមួយក្នុងចំណោមសិស្សទាំង៦០នាក់នៅឃុំ Cu Sue និងរស់នៅក្នុងភូមិ ជាមួយ H’Hen Nie  ហើយត្រូវកញ្ញា H’Hen Nie ប្រគល់អាហារូបករណ៍សម្រាប់ការសិក្សានោះ  H’Ngan Nie សិស្សថ្នាក់ទី៦ នៃអនុវិទ្យាល័យ Le Hong Phong ឃុំ Cu Sue មានការកោតសរសើរយ៉ាងខ្លាំងចំពោះឆន្ទៈមុះមុតរបស់បវរកញ្ញា H’Hen Nie។ តាំងពី H’Hen Nie បានជាប់ជាបវរកញ្ញាចក្រវាល ២០១៧មក ប្អូន H’Ngan Nie បានយករូបនាងធ្វើជាគំរូ ជំរុញស្មារតី។ ក្រោយរយៈពេល១ឆ្នាំខិតខំប្រឹងប្រែងមក នាងក្លាយទៅជាសិស្សពូកែម្នាក់ផងដែរ។

ចំណែកឯលោក Y Cil Nie ពូរបស់ H’Hen បានឲ្យដឹងថា៖ H’Hen បានទូរស័ព្ទមកហើយនិយាយថា៖ មុននេះ កូនធ្លាប់ប្រាប់ពូឲ្យកូនញាំដំឡូងមីទៅ ពេលធំដឹង គឺកូននឹងសង់ផ្ទះជូនពូ។ ឥឡូវនេះ កូននឹងបំពេញការសន្យារបស់ខ្លួន។ ពូសង់ផ្ទះទៅ កូននឹងជួយឧបត្ថម្ភប្រាក់ជូនពូ។ ស្តាប់បានដូច្នេះ លោកយំ  ព្រោះលោកមិនស្មានថា ក្មេងស្រី Hen នៅតែចងចាំនូវពាក្យសន្យារបស់ខ្លួន កាលនាងនៅតូច។ ហើយក៏ដោយសារមានក្មេងស្រី Hen បានជាផ្ទះដ៍កំសត់របស់លោក បានក្លាយទៅជាផ្ទះធំមួយដ៏ស្រស់ស្អាត។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងឱកាសបវរកញ្ញា H’Hen Nie បានវិលត្រ ឡប់មកស្រុកកំណើតវិញ លោកស្រី H’Yim Kdoh អនុប្រធានគណៈកម្មាធិការប្រជា ជនខេត្ត Dak Lak បានលើកឡើងថា H’Hen Nie ជាគំរូសម្រាប់ជំនាន់វ័យក្មេងនៅ Dak Lak ត្រាប់តាម។ ក៏ក្នុងជំនួបសំណេះសំណាលនេះ ថ្នាក់ដឹកនាំខេត្ត Dak Lak បានប្រគល់ឲ្យ H’Hen Nie នូវកិត្តនាមជាឯកអគ្គរដ្ឋទូតផ្សព្វផ្សាយ នៅក្នុងពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី៧ ឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៦ខែមិនាខាងមុខ។ បវរកញ្ញា H’Hen Nie បានឲ្យដឹងថា នាងមានកិត្តយសនិងមោទនៈយ៉ាងក្រៃលេង ដែលបានក្លាយទៅជាឯកអគ្គរដ្ឋទូតផ្សព្វផ្សាយសម្រាប់ពិធីបុណ្យកាហ្វេ ហើយនាងនឹងខិតខំប្រឹងប្រែងដើម្បីបំពេញនូវតួនាទីរបស់ខ្លួន រួមចំណែកផ្សព្វផ្សាយរូបភាពរបស់ខេត្ត Dak Lak ទៅទូទាំងប្រទេសនិងទៅកាន់អន្តរជាតិ ។

បវរកញ្ញា H’He Nie សំណេះសំណាលថែមទៀតថា៖ “ក្លាយទៅជាឯកអគ្គរដ្ឋទូតផ្សព្វ ផ្សាយនៅស្រុកកំណើតរបស់ខ្លួន ជាប្រការគួរឲ្យមោទនៈណាស់។ នាងខ្ញុំសង្ឃឹមថា នាពេលខាងមុខ នាងខ្ញុំនឹងបំពេញល្អនូវតួនាទីរបស់ខ្លួន ដើម្បីបង្ហាញថា ប្រជាជន Dak Lak រាក់ទាក់រួសរាយនិងស្រឡាញ់រាប់អានសម្រាប់ភ្ញៀវគ្រប់រូបមកទស្សនាខេត្ត Dak Lak។ នេះក៏ជាឱកាសដើម្បី ខេត្ត Dak Lak មិនត្រឹមតែផ្សព្វផ្សាយកាហ្វេររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបង្ហាញអំពីវិស័យទេសចណ៍ដែលកំពុងមានការអភិវឌ្ឍទៀតផង។ សូមជម្រាបថា ខណៈដែលវិស័យទេសចរណ៍មានការអភិវឌ្ឍ ក៏ជាឱកាសសម្រាប់ប្រជាកសិករក្នុងតំបន់កែលំអរជីវភាពរស់នៅរបស់ខ្លួនផងដែរ”។

លោកស្រី H’úc E ban ប្រធានភូមិ Sut M’dung ឃុំ Cu Sue កន្លែងជាបវរកញ្ញា H’Hen Nie រស់នៅបានឲ្យដឹងថា៖ ដោយសារផ្នត់រស់នៅនិងរបៀបធ្វើការរបស់ខ្លួន H’Hen Nie បានធ្វើឲ្យប្រជាជនក្នុងភូមិ ផ្លាស់ប្តូររបៀបរស់នៅហួសសម័យដែលនៅយូរណាស់មកហើយ នៅភូមិ Sut M’dung។ ពោលគឺ ឪពុកម្តាយមិនបង្ខំឲ្យកូនយកប្តីពេលមិនទាន់ពេញក្រមុំឡើយ ហើយមិនបង្ខំឲ្យកូនធ្វើអ្វីដែលគេមិនចង់ធ្វើដែរ។ នោះជារបៀបរស់នៅរបស់មនុស្សដែលខិតខំប្រឹងប្រែងដើម្បីសហគមន៍តែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ