To Thi Trang – កីឡាការិនីដែលឈ្នះមេដាយមាសដំបូងគេជូនវៀតណាមនៅស៊ីហ្គេមលើកទី៣១

(VOVWORLD) - នារសៀលថ្ងៃទី ១០ ឧសភា មុនពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ (ស៊ីហ្គេម ៣១) ការយកចិត្តទុកដាក់ទាំងអស់បានផ្តោតទៅលើមណ្ឌលប្រកួតកីឡា Hoai Duc ទីក្រុងហាណូយ ជាទីកន្លែងដែលម្ចាស់ជើងឯកស៊ីហ្គេមក្នុងវិញ្ញាសារ Kurash ដូចជា Tran Thuong និង Bui Minh Quan ប្រកួតដោយមានជំនឿជាក់ថា គេនឹងឈ្នះមេដាយមាសដំបូងគេជូនកីឡាវៀត ណាម។ យ៉ាងណាក៏ដោយ អ្នកដែលមាននិស្ស័យដណ្ដើមបានមេដាយមាសដំបូងបង្អស់ ជូនកីឡា វៀតណាមនោះ គឺកីឡាការិនីដែលមានរូបរាងតូចល្អិតម្នាក់ដែលប្រកួតនៅកម្រិតទម្ងន់ក្រោម ៤៨គីឡូក្រាម ឈ្មោះ To Thi Trang។

To Thi Trang – កីឡាការិនីដែលឈ្នះមេដាយមាសដំបូងគេជូនវៀតណាមនៅស៊ីហ្គេមលើកទី៣១ - ảnh 1កីឡាការិនី To Thi Trang។

ដោយបានចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេមលើកដំបូងក្នុងអាជីព To Thi Trang បានបង្កើតឡើងស្នាដៃដែលមិនអាចបំភ្លេចបាន ជាមួយនឹងជើងឯកនៅហ្នឹងទីលានផ្ទះ។ ប្រកួតជាមួយគូប្រជែងចំនួន ៤ នាក់ផ្សេងទៀតតាមទម្រង់វិលជុំ To Thi Trang ដណ្ដើមបានជ័យជម្នះដ៏គួរឲ្យជឿជាក់ចំនួន ៣ ទល់នឹងគូប្រជែង Su Khin Khin (មីយ៉ាន់ម៉ា) Helen Aclopen (ហ្វីលីពីន) និងមិត្តរួមក្រុមរបស់នាង Vo Thi Thuy Duong។

ខ្ញុំពិតជារីករាយ និងមានមោទនភាពខ្លាំងណាស់ដែលបានយកមេដាយមាសជូនប្រទេសជាតិវិញ។ ខ្ញុំសូមថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ មិត្តភក្តិ ក្រុមគ្រួសារ និងអ្នកទាំងអស់គ្នាដែលបានជួយខ្ញុំឈានដល់ស្នាដៃនៅសព្វថ្ងៃនេះ។ ខ្ញុំមានអារម្មណ៍ថា ខ្លួនមានសំណាងល្អណាស់ដោយបានទៅហ្វឹកហ្វឺន និងប្រកួតនៅ Uzbekistan និង Tajikistan ព្រោះថា ពេលខ្ញុំទៅបែបនេះ ខ្ញុំរៀនបានច្រើន ទទួលបានបទពិសោធន៍ច្រើន ហើយពេលខ្ញុំត្រឡប់ទៅស៊ីហ្គេមវិញ អ្វីៗកាន់តែងាយស្រួលជាង”។

To Thi Trang ប្រសូត្រនៅឆ្នាំ១៩៩៩ នៅស្រុក Dong Anh រដ្ឋធានីហាណូយ។ តាំងពីកុមារភាពមក នាងបានស្រឡាញ់ ហើយជក់ចិត្តនឹងកីឡា ជាពិសេសក្បាច់គុនយូដូ។ នាងបានចាប់ផ្តើមដើរតាមផ្លូវទាំងនេះដើម្បីក្លាយជាកីឡាការិនីអាជីពកាលពីប៉ុន្មានឆ្នាំសិក្សានៅសាលាអនុវិទ្យាល័យ។ នៅថ្នាក់ទី ៦ To Thi Trang ចាប់ផ្តើមរៀនយូដូ។ នេះជាក្បាច់គុនពិសេសនៃការប្រយុទ្ធ១ទល់១។ ក្រោយពីរយៈពេលដ៏វែងមួយសាកល្បងខ្លួនឯងជាមួយយូដូ To Thi Trang ចាប់ផ្តើមប្តូរទៅក្បាច់គុន Kurash ដែលជាក្បាច់គុនចំបាប់ប្រពៃណីរបស់ប្រទេសអាស៊ីកណ្តាល។ អមដំណើរក្នុងការប្រកួតរបស់កូនសិស្ស លោក Nguyen Tuan Hoc ប្រមុខគ្រូបង្វឹកក្រុម Kurash វៀតណាមបានឲ្យដឹងថា៖

“ប្រការគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះខ្ញុំ គឺកម្រិតទម្ងន់៤៨គីឡូក្រាមរបស់កីឡាការិនី To Thi Trang។ ក្នុងការប្រកួតទាំង២ដំបូង Trang ប្រកួតយ៉ាងល្អណាស់ ប៉ុន្តែក្នុងការប្រកួតទី៣ Trang បានបាត់បង់ការផ្ដោតអារម្មណ៍បន្តិច ទើបនាងចាញ់ការប្រកួតនោះ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងការប្រកួតចុងក្រោយ Trang យកស្មារតីនិងការប្ដេជ្ញាចិត្តឡើងវិញ ដូច្នេះនាងបានឈ្នះមេដាយមាស។ នាងបានបញ្ជាក់ខ្លួនឯងជាបណ្តើរៗក្នុងដំណើរការហ្វឹកហាត់ ការប្រកួតក៏ដូចជាឫទ្ធានុភាពលើឆាកអន្តរជាតិផងដែរ”។

To Thi Trang – កីឡាការិនីដែលឈ្នះមេដាយមាសដំបូងគេជូនវៀតណាមនៅស៊ីហ្គេមលើកទី៣១ - ảnh 2To Thi Trang ក្នុងការប្រកួតមួយនៅស៊ីហ្គេម ៣១។ 

មានវត្តមាននៅមជ្ឈមណ្ឌលប្រកួតដើម្បីគាំទ្រប្រពន្ធរបស់ខ្លួន លោក Dao Dai Hai ប្ដីរបស់កីឡាការិនី To Thi Trang បានចែករំលែកអំពីការលំបាកឧបសគ្គនៅពេលដើរតាមអាជីពជាអត្តពលិករបស់ប្រពន្ធ៖

“ខ្ញុំនិងប្រពន្ធមិនទាន់មានផែនការសម្រាលកូននៅឡើយ ដើម្បីផ្ដោតសំខាន់លើការប្រកួតលើកនេះ។ យើងខ្ញុំបានលះបង់ច្រើន រៀបការហើយ ប៉ុន្តែរយៈពេលរស់នៅជាមួយគ្នាមានតិចណាស់ ព្រោះថា ត្រូវប្រមូលជាមួយក្រុមជម្រើសជាតិ ក៏ដូចជាទៅហ្វឹកហ្វឺននិងប្រកួត។ ពិបាកហើយនឹកផ្ទះខ្លាំងណាស់”។

នៅលើដំណើរឆ្ពោះទៅរកភាពរុងរឿងនោះ អ្នកស្រីមកពីស្រុក Dong Anh (ហាណូយ) ក៏ធ្លាប់បានរងរបួសរាប់មិនអស់ រួមទាំងការដាច់សរសៃចងដែលហាក់ដូចជាបណ្ដាលឲ្យអាជីពរបស់នាងត្រូវបញ្ឈប់។ លោក Dao Dai Hai ប្ដីរបស់កីឡាការិនី To Thi Trang បានចែករំលែកថា៖

“ខ្ញុំត្រូវថែទាំ Trang ពេញមួយខែនៅក្នុងមន្ទីរពេទ្យ។ មនុស្សគ្រប់គ្នាអាណិត Trang ណាស់ ហើយបាននិយាយថា គួរតែបញ្ចប់អាជីពទៅ ប៉ុន្តែនៅទីបំផុត Trang នៅតែបន្ត។ Trang ក៏តាំងចិត្តខ្លាំងដែរ នៅតែស្រឡាញ់កីឡាហើយចង់បន្តអាជីពកីឡា។ ប្រពន្ធខ្ញុំរងរបួសនៅឆ្នាំ ២០១៩ ហើយបានត្រឡប់ទៅហ្វឹកហាត់ឡើងវិញចាប់ពីខែសីហា ឆ្នាំ២០២០។ បន្ទាប់នោះ Trang ចូលរួមការប្រកួតដំបូង ហើយឈ្នះមេដាយប្រាក់ក្នុងការប្រកួតជើងឯកជាតិ ដូច្នេះត្រូវបានជ្រើសរើសឲ្យចូលក្រុមជម្រើសជាតិ ហើយប្រពន្ធខ្ញុំប្ដេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងដណ្ដើមយកកៅអីទៅប្រកួតស៊ីហ្គេមលើកនេះ”។

ដើម្បីឈានដល់ភាពជោគជ័យ កីឡាករត្រូវតែធ្វើជំនួញជាច្រើន ហើយគុណវិបត្តិទាំងនោះគឺមិនត្រឹមតែសម្រាប់ខ្លួនគេប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់មនុស្សជាទីស្រឡាញ់របស់គេផងដែរ។ ទោះជាយ៉ាងណាក៏ដោយ បើមានការជក់ចិត្ត គឺមិនដែលបោះបង់ចោលបានឡើយ។ ហើយការខិតខំប្រឹងប្រែងរបស់ To Thi Trang សម្រេចបានលទ្ធផលជាសក្តិសម។ មុនពេលដណ្ដើមបានមេដាយមាសស៊ីហ្គេមនេះ នាងបានឈ្នះមេដាយសំរឹទ្ធក្នុងការប្រកួតជើងឯក Kurash អាស៊ីឆ្នាំ ២០២២។ ក្រៅពីនោះ To Thi Trang ក៏បានចូលរួមការប្រកួតយូដូ ដែលជាវិញ្ញាសារស្រដៀងនឹង Kurash ហើយឈ្នះមេដាយសំរឹទ្ធនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាឆ្នេរអាស៊ីកាលពីឆ្នាំ២០១៦ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ