កវី Giang Nam - អ្នកដែលបំផុសមនោសញ្ចេតនាក្នុងកំណាព្យ

(VOVWORLD) - កវី Giang Nam ដែលជាអ្នកនិពន្ធនៃកម្រងកំណាព្យ និងបទកំណាព្យល្បីៗជាច្រើន បានទទួលមរណភាពនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុង Nha Trang ខេត្ត Khanh Hoa ក្នុងជន្មាយុ៩៦ឆ្នាំ។ ក្នុងឆាកជីវិតរបស់លោក កវី Giang Nam មិនជ្រើសរើសចាប់ផ្ដើមអាជីពជាមួយនឹងអក្សរសិល្ប៍នោះទេ ប៉ុន្តែលោកមាននិស្ស័យជាច្រើនជាមួយវិស័យនេះ។ ដោយមានរចនាប័ទ្មប្រកបដោយមនោសញ្ចេតនា និងសាមញ្ញ ស្នាដៃកំណាព្យរបស់លោកគឺជាប្រភពមនោសញ្ចេតនាដែលហូរជារៀងរហូត បន្សល់ទុកមកជំនាន់ក្រោយៗ។

កវី Giang Nam - អ្នកដែលបំផុសមនោសញ្ចេតនាក្នុងកំណាព្យ - ảnh 1កវី Giang Nam។

កវី Giang Nam មានឈ្មោះពិតថា Nguyen Sung កើតនៅឆ្នាំ ១៩២៩ នៅតំបន់ជនបទក្រីក្រនៅឃុំ Ninh Binh ទីរួមខេត្ត Ninh Hoa ខេត្ត Khanh Hoa។ មុនបដិវត្តខែសីហា ឆ្នាំ១៩៤៥ បន្ទាប់ពីបញ្ចប់ថ្នាក់បឋមសិក្សានៅស្រុកកំណើត លោកបានចូលរៀននៅសាលាជាតិ Quy Nhon។ កាលពីមានអាយុ ១៦ ឆ្នាំ ស្របពេលដែលបដិវត្តន៍ខែសីហាឆ្នាំ១៩៤៥ ប្រព្រឹត្តទៅ Giang Nam បានចូលរួមការតស៊ូ។ ក្នុងអំឡុងពេលនេះ អាស្រ័យដោយមានទេពកោសល្យនិពន្ធកំណាព្យដែលបានចុះផ្សាយលើកាសែត បានជាលោក Giang Nam ត្រូវបានចាត់បញ្ជូនមកធ្វើការនៅនាយកដ្ឋានវប្បធម៌ព័ត៌មាន ចូលរួមដឹកនាំកាសែត Bao Thang ដែលជាកាសែត Khanh Hoa នាសព្វថ្ងៃ។ រហស្សនាម Giang Nam ក៏មានតាំងពីពេលនេះផងដែរ។

រាល់ពេលដែលបានឃើញឧក្រិដ្ឋកម្មរបស់ខ្មាំងសត្រូវ ការស្អប់ស្ពើមកាន់តែកើនឡើងៗ នៅក្នុងចិត្តរបស់យុទ្ធជនវ័យក្មេងរូបនេះ ចាប់តាំងពីពេលនោះមក កវី Giang Nam បាននិពន្ធបទកំណាព្យដំបូងៗ ដែលបានចុះផ្សាយនៅលើកាសែត Bao Thang។ ក្នុងនោះ បទកំណាព្យ “មកតំបន់ដែលរងការទន្ទ្រានកាន់កាប់បណ្ដោះអាសន្ន” ដែលលោកបាននិពន្ធ បន្ទាប់ពីសមមិត្ត១៦នាក់ ត្រូវបានខ្មាំងសត្រូវសម្លាប់រង្គាលនៅស្រុកកំណើត ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នករិះគន់ និងអ្នកអាន។ ចូរយើងស្តាប់កវី Giang Nam សូត្រឃ្លាកំណាព្យចុងក្រោយទាំង៤ នៃបទ "មកតំបន់ដែលរងការទន្ទ្រានកាន់កាប់បណ្តោះអាសន្ន" ហើយចែករំលែកពីការឈឺចាប់ចំពោះការបាត់បង់នេះ៖

“អើយទឹកដីមួយពាន់ឆ្នាំនៅតែបង្ហូរឈាម

         ពេលណាអូនអើយ អស់កន្សែងកាន់ទុក្ខ?

         ទីនេះតំបន់ត្រូវគេកាន់កាប់ ទីនេះតស៊ូប្រយុទ្ធ

         ក្រោកឈរឡើងសម្លាប់សត្រូវការពារភូមិ។

ដូច្នេះហើយ មុននឹងមានបទកំណាព្យ ស្រុកកំណើត និងបទផ្សេងៗ កាលពីដំបូង ខ្ញុំត្រូវនិពន្ធបទកំណាព្យមួយ ដោយសាច់ឈាមបងប្អូន ដោយការឈឺចាប់របស់បងប្អូនខ្លួន”។

ឆាកជីវិតរបស់កវី Giang Nam ផ្សារភ្ជាប់ជាមួយនឹងបុព្វហេតុបដិវត្តន៍ និងស្រុកកំណើត Khanh Hoa។ ក្រោយឆ្នាំ ១៩៥៤ លោករស់នៅ Khanh Hoa រួមជាមួយនឹងបញ្ញាវ័ន្តមួយចំនួន ដើម្បីបោះពុម្ពផ្សាយកាសែត Gio Moi (ខ្យល់ថ្មី)។ នៅឆ្នាំ១៩៦៣ សមាគមអក្សរសិល្ប៍សិល្បៈរំដោះភាគខាងត្បូងត្រូវបានបង្កើតឡើង លោកត្រូវបានតែងតាំងជាអគ្គលេខាធិការរងនៃសមាគម និងជាអគ្គនិពន្ធនាយកកាសែត អក្សសិល្យ៍សិល្បៈរំដោះ។ ក្នុងរយៈពេលនេះ កវី Giang Nam មានបទកំណាព្យគួរឱ្យចាប់អារម្មណ៍នានា ក្នុងនោះមានបទមួយចំនួនដែលបានឈានចូលក្នុងប្រវត្តិសាស្ត្រកំណាព្យដូចជា៖ "បានដឹងអូនចូលសកលវិទ្យាល័យ" "ស្រុកកំណើត"... លោកសាស្ត្រាចារ្យរង - បណ្ឌិត Nguyen Cong Ly សាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រទីក្រុងហូជីមិញ បានចាត់ទុកថា៖

“កំណាព្យ Giang Nam គឺជាកំណាព្យមនោសញ្ចេតនា ជាចរន្តនៃមនោសញ្ចេតនា។ មនោ សញ្ចេតនាក្នុងជីវភាពប្រចាំថ្ងៃ ក្នុងការតស៊ូប្រឆាំងអាណានិគមបារាំងនិងចក្រពត្តិអាមេរិក។ អ្វីៗដ៏លំបាកវេទនាបំផុត កាចសាហាវ និងពិបាកបំផុត ត្រូវបានឆ្លុះបញ្ចាំងឡើងវិញតាមរយៈកំណាព្យ ដោយរូបភាពសាមញ្ញៗ។ មិនខុសពីកវីនិងអ្នកនិពន្ធដទៃទៀត លោកបានពិព័ណនាភាពសាហាវឃោរឃៅនៃសង្រ្គាមមិនសូវខ្លាំងពេកទេ”។

ក្រោយឆ្នាំ ១៩៧៥ កវី Nam Giang ជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រតិបត្តិនៃសមាគមអ្នកនិពន្ធវៀតណាមនីតិកាលទី ២ និងទី ៣ អគ្គនិពន្ធនាយកកាសែតអក្សរសិល្ប៍សិល្បៈ និងជាសមាជិករដ្ឋសភា។ ក្រោយមក លោកបានកាន់តំណែងជាប្រធានសមាគមអក្សរសិល្ប៍សិល្បៈខេត្ត Phu Khanh និងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa។ ក្នុងអាជីពអក្សរសាស្ត្ររបស់ខ្លួន កវី Giang Nam បានបន្សល់ទុកនូវកម្រងកំណាព្យនិងវីរកថាជាង ១០ កម្រងរឿងខ្លីចំនួន ៦ ... អ្នកនិពន្ធ Do Kim Cuong អតីតអនុប្រធានអចិន្ត្រៃយ៍នៃសម្ព័ន្ធសមាគមអក្សរសិល្ប៍សិល្បៈវៀតណាម បានចែករំលែកថា៖

“សម្រាប់កវី Giang Nam ស្រុកកំណើត Khanh Hoa ជាក្ដីស្រឡាញ់ផងនិងអនុស្សាវរីយ៍ផង។ ពីតំបន់ដីនេះ ជាមួយនឹងសេចក្ដីស្នេហាជាតិ និងបដិវត្តន៍របស់ប្រជាជនខេត្ត Khanh Hoa បានបំផុសគំនិតឲ្យលោកដើម្បីនិពន្ធបទកំណាព្យដ៏ពិរោះៗ ដូចដែលយើងដឹងស្រាប់ហើយ នោះគឺបទកំណាព្យ ស្រុកកំណើត។ ហាក់ដូចជាថា ដរាបណាលោកនៅមានជីវិត លោកនៅតែលះបង់សម្រាប់សិល្បៈដែរ។ លោកគឺជាអ្នកដែលបានរកឃើញអ្នកនិពន្ធ និងកវីវ័យក្មេងជាច្រើននៃខេត្ត Khanh Hoa”។

កវី Giang Nam បានទទួលមរណភាពក្នុងជន្មាយុ ៩៦ឆ្នាំ។ លោកបានលះបង់អស់មួយជីវិតសម្រាប់ស្រុកកំណើតនិងមាតុភូមិ។ មាតុភូមិនិងកំណាព្យ គឺជាហេតុផលនៃជីវិតរបស់លោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ