កវី Nguyen Huy Thiep - បាតុភូតអក្សរសាស្ត្រសហសម័យរបស់វៀតណាម
(VOVWORLD) - កវី Nguyen Huy Thiep ទើបនឹងបានលាចាកលោកកាលពីថ្ងៃទី២០ មីនា នៅ ផ្ទះរបស់លោកនៅរដ្ឋធានីហាណូយ ក្នុងជន្មាយុ ៧២ ឆ្នាំ។ លោកជាឥស្សរជនមួយរូប ក្នុងចំណោមឥស្សរជនគួរឲ្យកត់សម្គាល់បំផុតហើយក៏ ជាអ្នកនិពន្ធរឿងខ្លីដ៏ឆ្នើមនៃខឿនអក្សរ សាស្ត្រវៀតណាមក្រោយឆ្នាំ១៩៧៥។
កវី Nguyen Huy Thiep។ (រូបថត៖ vov.vn) |
កវី Nguyen Huy Thiep កើតនៅឆ្នាំ១៩៥០នៅខេត្ត Thai Nguyen តែគ្រួសារ លោកមានស្រុកកំណើតនៅហាណូយ។ លោកបានបញ្ចប់ការសិក្សានៅដេប៉ាតឺម៉ង់ ប្រវត្តិ សាស្ត្រ ចំណុះសាកលវិទ្យាល័យគរុកោសល្យហាណូយ។ លោកលេចមុខរាងយឺតបន្តិចនៅលើវេទិកាអក្សរសាស្ត្រវៀតណាម ដោយមានរឿងខ្លីខ្លះៗត្រូវបានចុះផ្សាយលើកាសែត អក្សរសាស្ត្រសិល្បៈ នៅឆ្នាំ១៩៨៦។ ឧត្តមភាពរបស់កវី Nguyen Huy Thiep គឺរឿងខ្លី ក្រោមប្រធានបទដ៏សម្បូរបែបដូចជា ប្រវត្តិសាស្ត្រនិងអក្សរសាស្ត្រ រឿងព្រេងនិង រឿងនិទាន សង្គមវៀតណាមសហសម័យ ជីវភាពនៅជនបទនិងកសិករស្រែចម្ការ។
ក្នុងអាជីពជាង៥០ឆ្នាំរបស់ខ្លួន កវី Nguyen Huy Thiep បាននិពន្ធរឿងខ្លីជាង៥០ នាដកថាចំនួន១០ ប្រលោមលោកចំនួន៤ និងអត្ថបទរិះគន់អក្សរសាស្ត្រ អត្ថបទជាច្រើន។ កេរ្តិ៍ឈ្មោះរបស់លោកបានផ្សាភ្ជាប់នឹងរឿងខ្លីដ៏វិសេសវិសាលរាប់សិបរឿងដូចជា៖ លោកឧត្តមសេនីយ៍ចូលនិវត្តន៍ ខ្យល់ Hua Tat រឿងនិទានគ្មានស្ដេច ដាវមុត និងមាសភ្លើង ជាដើម។ ក្នុងនោះ រឿងខ្លី “លោកឧត្តមសេនីយ៍ចូលនិវត្តន៍” ត្រូវបានកែសម្រួលទៅ ជាខ្សែភាពយន្តដោយមានឈ្មោះបោះសម្លេងនៅឆ្នាំ១៩៨៨។ ខ្សែភាពយន្តនេះទទួលបាន ប្រជាប្រិយភាពដ៏ធំធេង រហូតដល់ពេលនេះ នៅតែជាខ្សែភាពយន្តដ៏ល្បីឈ្មោះ របស់វៀតណាម ដែលបន្សល់ទុកនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទស្សនិក ជន។ អ្នកស្រី Nguyen Hue Chi មិត្តអ្នកអានម្នាក់នៅទីក្រុងហាណូយ បានចែករំលែកថា៖ “កវី Nguyen Huy Thiep ជាកវីមួយរូបក្នុងចំណោមកវីដ៏ល្បីឈ្មោះរបស់វៀត ណាមក្នុងទសវត្សរិ៍ឆ្នាំ១៩៨០។ ខ្ញុំបានអានស្នាដៃមួយចំនួនរបស់លោកដូចជា ខ្យល់ Hua Tat ឬលោកឧត្តមសេនីយ៍ចូលនិវត្តន៍។ នោះគឺជាស្នាដៃឆ្នើមបំផុតរបស់ លោក។ លោកមិនត្រឹមតែនិពន្ធរឿងអក្សរសាស្ត្រពិរោះប៉ុណ្ណោះទេ ថែមទាំងចេះនិពន្ធ រឿងល្ខោនទៀតផង”។
កវី Nguyen Huy Thiep ស្ថិតនៅក្នុងចំណោមកវីវៀតណាមដ៏តិចតួចដែលទទួល បានពានរង្វាន់អន្តរជាតិ។ លោកធ្លាប់បានទទួលមេដាយអក្សរសាស្ត្រសិល្បៈបារាំង (ឆ្នាំ២០០៧) ពានរង្វាន់ Premio Nonino របស់អ៊ីតាលី (ឆ្នាំ២០០៨)។ ទេពកោសល្យ របស់លោកត្រូវបានមិត្តភក្តិនិងសហការីកោតសរសើរយ៉ាងខ្លាំង។ កវី Nguyen Van Tho ផ្ដល់មតិថា៖ “លោកជាតារាមួយរូបនៃខឿនអក្សរសាស្ត្រសហសម័យវៀតណាម ជាគំរូមួយដែល ធ្វើការដោយមិនចេះនឿយណាយ មិនគិតពីប្រយោជន៍ខ្លួនឡើយ។ លោកជាមិត្តម្នាក់ក្នុងចំណោម មិត្តដែលខ្ញុំគោរពរាប់អានបំផុត”។
លោក Nguyen Huy Thiep ជាអ្នកនិពន្ធដែលហ៊ានលះបង់ ចេះចែករំលែកទុក្ខ លំបាកវេទនាជាមួយប្រជាជន។ លោកក៏ជាកវីឆ្នើមមួយរូបក្នុងការសរសេរអំពីជនវៀត ណាមក្នុងប៉ុន្មានឆ្នាំចុងសតវត្សទី ២០ផងដែរ។ អ្នកស្រី Nguyen Thi Hong Hanh មិត្ត អ្នកអានម្នាក់នៅទីក្រុងហាណូយ ឲ្យដឹងថា៖ “ស្នាដៃរបស់កវី Nguyen Huy Thiep មានសញ្ញាសម្គាល់ដ៏លេចធ្លោស្ដីពីប្រធាន បទ ជនបទនិងកសិករស្រែចម្ការ។ លោកបានខិតខំព្យាយាមទៅកាន់តំបន់ជាច្រើន ដើម្បីឆ្លុះ បញ្ចាំងអំពីជីវភាពរស់នៅរបស់ប្រជាកសិករ ជាពិសេសគឺតំបន់ព្រៃភ្នំភាគពាយ័ព្យ។ ខ្ញុំតែងមកដល់ហាងលក់សៀវភៅនៅហាណូដើម្បីរកទិញសៀវភៅ ឬរឿងខ្លីរបស់កវី Nguyen Huy Thiep សម្រាប់ខ្លួនឯងផងនិងកូនៗ។ តាមរយៈស្នាដៃរបស់លោក កូនៗខ្ញុំអាច ស្រមើស្រមៃពីជីវភាពរស់នៅរបស់ប្រជាជនវៀតណាម នាដើមសម័យកាលផ្លាស់ប្ដូរថ្មី។ អាស្រ័យហេតុនោះ កូនៗអាចសិក្សារៀនសូត្រ និងលើកកំពស់ចំណេះដឹង អំពីអក្សរសាស្ត្រ”។
ដោយមានទេពកោសល្យនិងការច្នៃប្រឌិត កវី Nguyen Huy Thiep បានបង្កើត ឡើងបដិវត្តន៍មួយក្នុងការត្រិះរិះផ្នែកសិល្បៈបើប្រៀបធៀបនឹងវិធីប្រពៃណី។ រាល់ ស្នាដៃរបស់លោកនាំមកជូនមិត្តអ្នកអាននូវអារម្មណ៍មួយដ៏ជិតស្និទ្ធផង ប្លែកផង ហើយប្រពៃណីផង ទំនើបផង។ ប្រការនេះធ្វើឲ្យស្នាដៃរបស់លោកមានកម្លាំងទាក់ ទាញដ៏ពិសេស ដែលពិបាកពណ៌នាបានឡើយ។ លោកជាកវីសហសម័យ វៀត ណាមដ៏ឆ្នើមមួយរូប ទាំងខាងផ្នែកល្ខោន រឿងខ្លីនិងប្រលោមលោក ដែលត្រូវបានចាត់ ទុកថា ជាបាតុភូតកម្រនៃខឿនអក្សរសាស្ត្រសហសម័យវៀតណាម៕