ដូនជី Nguyen Thi Kim Chi - មាតារបស់កុមារកំព្រានៅផ្ទះមេត្តាធម៌ Thien An
(VOVWORLD) - ផ្ទះមេត្តាធម៌ Thien An នៅឃុំ Chu A ទីក្រុង Pleiku ត្រូវបានដូនជី Nguyen Thi Kim Chi បង្កើតឡើងកាលពីឆ្នាំ២០១០មកម្លេះ។ នេះជាផ្ទះរួមរបស់កុមារ មានជីវភាពរស់នៅលំបាក និងកុមារកំព្រាផង ដែរ។ នៅទីនោះ ដូនជី Nguyen Thi Kim Chi ពិតជាដូចម្ដាយដែលមានសន្ដានចិត្តមេត្តាករុណាម្នាក់ ដែលបានចិញ្ចឹមបីបាច់កុមារគ្មាន ទីពឹងជាង១០០នាក់។
ដូនជី Nguyen Thi Kim Chi ដូចម្ដាយដែលមានសន្ដានចិត្តមេត្តាករុណាម្នាក់ ដែលបានចិញ្ចឹមបីបាច់កុមារគ្មាន ទីពឹងជាង១០០នាក់។ (រូបថត៖ dantri.com.vn) |
ដូនជី Nguyen Thi Kim Chi ត្រូវបានប្រសូត្រឡើងនៅក្នុងគ្រួសារក្រីក្រមួយ នៅឃុំ Hoa Phu ទីក្រុង Buon Ma Thuot ខេត្ត Dak Lak។ នៅពេលមានអាយុ១៣ ឆ្នាំតែប៉ុណ្ណោះ លោកស្រីត្រូវមករស់នៅក្នុងមណ្ឌលកុមារកំព្រាឃុំ Hoa Phu។ នៅ ទីនេះ លោកស្រីត្រូវបានមណ្ឌលកុមារកំព្រាចិញ្ចឹមបីបាច់ ទៅ រៀន ហើយខិតខំប្រឹងប្រែងប្រឡងជាប់ មហាវិទ្យាល័យ Tay Nguyen ជំនាញដាំដុះ។
ក្រោយពីបញ្ចប់ការសិក្សា ដូនជី Nguyen Thi Kim Chi បានវិលមកវិហារគ្រឹស្ត Palo Thien An ចូលរួមថ្នាក់បង្ហាត់បង្រៀនការដាំដុះ ការចិញ្ចឹមសត្វដោយឥតគិតថ្លៃ សម្រាប់បងប្អូនជាជនជាតិ ភាគតិច ក្នុងបំណងចង់ជួយស្រោចស្រង់ពួកគេកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ច។ នៅទីនេះ ដូនជី Nguyen Thi Kim Chi បានជួបកុមារ មានជីវភាពរស់នៅលំបាកជាច្រើននាក់ ដែលមិនធ្លាប់បានទៅសាលារៀននោះឡើយ។ ដោយសារតែការព្រួយបារម្ភចំពោះអនាគតរបស់កុមារគ្មានទីពឹងទាំងនេះ ដូនជី Kim Chi បានសម្រេចចិត្តបង្កើតផ្ទះមេត្តាធម៌មួយខ្នងដើម្បីចិញ្ចឹមបីបាច់ក្មួយៗកុមារ។ ដោយទទួលបានការជួយគាំទ្រពីអាជ្ញាធរមូលដ្ឋាននិងបណ្ដាសប្បុរសជន ដូនជី រូបនេះបានកសាងឡើងផ្ទះមេត្តាធម៌មួយខ្នងសម្រាប់ចិញ្ចឹមបីបាច់កុមារកំព្រា ហើយដាក់ឈ្មោះថា “ផ្ទះមេត្តាធម៌ Thien An”។ ដូនជី Nguyen Thi Kim Chi បានរៀបរាប់ថា៖ “នៅផ្ទះមេត្តាធម៌ Thien An មានកុមារជាច្រើនដែលត្រូវឪពុកម្ដាយបោះ បង់ចោល។ ពួកគេរស់នៅជាមួយតាយាយប៉ុន្តែតាយាយមិនមានលក្ខណៈចិញ្ចឹម បីបាច់ឲ្យបានគ្រប់គ្រាន់នោះឡើយ ហេតុដូច្នេះ ក្មួយៗត្រូវដើរក្ដាមខ្យងដើម្បី ចិញ្ចឹមជីវិតដោយមិនបានទៅរៀនឡើយ។ ខ្ញុំបាននាំក្មួយៗមកផ្ទះ Thien An ដើម្បី ចិញ្ចឹមបីបាច់ ហើយជួយក្មួយៗបានរួមបញ្ចូលជាមួយសង្គម”។
បុគ្គលិកទាំង៤០នាក់នៃផ្ទះមេត្តាធម៌ Thien An សុទ្ធតែជាមនុស្សមានជីវ ភាពរស់នៅលំបាក ជនពិការ ព្រមទាំងមនុស្សដែលបានធំដឹងក្ដីពីផ្ទះនេះទៀត ផង។ ជារៀងរាល់ថ្ងៃ ពួកគេជួយដូនជី Nguyen Thi Kim Chi ធ្វើការងារផ្ទះ និងថែទាំក្មួយៗ។
ប្អូនៗកុមារគ្មានទីពឹងធំឡើងនៅក្នុងសេចក្ដីស្រឡាញ់ ការចិញ្ចឹមបីបាច់ និងការ ថែទាំដោយអស់ពីចិត្តពីថ្លើមរបស់បណ្ដាដូនជីនិងបុគ្គលិកនៅផ្ទះមេត្តាធម៌ Thien An។ |
ផ្ទះមេត្តាធម៌ Thien An នាសព្វថ្ងៃជាផ្ទះរួមរបស់កុមារចំនួន១៨០នាក់ ដែលមានស្ថានភាពខុសៗគ្នា។ ជាពិសេស ចំនួនកុមារជាជនជាតិភាគតិចមាន ច្រើនបង្គួរ។ ប្អូនៗធំឡើងនៅក្នុងសេចក្ដីស្រឡាញ់ ការចិញ្ចឹមបីបាច់ និងការ ថែទាំដោយអស់ពីចិត្តពីថ្លើមរបស់បណ្ដាដូនជីនិងបុគ្គលិកនៅទីនេះ។ ប្អូន Dinh Van Duong បានសំណេះសំណាលថា៖ “ខ្ញុំត្រូវបានដូនជីចិញ្ចឹមបីបាច់តាំងពីនៅតូចមកម្លេះ។ ដូនជីថែទាំខ្ញុំយ៉ាងយកចិត្ត ទុកដាក់ណាស់ តាំងពីការហូបចូករហូតដល់ការស្លៀកពាក់ទៀតផង។ ខ្ញុំដឹងគុណច្រើនណាស់”។
ដូនជី Nguyen Thi Kim Chi មិនត្រឹមតែមានគុណចិញ្ចឹមបីបាច់ប៉ុណ្ណោះទេ ថែមទាំងបានបង្ហាត់បង្រៀនក្មួយៗដើម្បីក្លាយទៅជាមនុស្សមានប្រយោជន៍ចំពោះសង្គមទៀតផង។ ដូនជីនិងបណ្ដាសប្បុរជនបានបើកថ្នាក់បង្រៀនវិជ្ជាជីវៈ ជាច្រើនដូចជា របរអគ្គីសនី ជួសជុលម៉ូតូ ធ្វើនំបុ័ង ដើម្បីជួយក្មួយៗអាចមាន ការងារធ្វើនៅពេលធំដឹងក្ដី។ ដូនជី Nguyen Thi Kim Chi បានចែករំលែកថា៖ “ផ្ទះមេត្តាធម៌ Thien An កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយរួម ចំណែកដល់ការអប់រំកុមារនៅខេត្ត Gia Lai។ ខ្ញុំមានការយោគយល់គ្នាជាមួយ ក្មួយៗ ហើយមានអារម្មណ៍ថា ខ្លួនត្រូវខិតខំថែទាំក្មួយៗឲ្យបានល្អប្រសើរថែមទៀត”។
ពីផ្ទះមេត្តាធម៌ Thien An កុមារជាច្រើនបានធំដឹងក្ដី ក្លាយទៅជាមនុស្ស មានប្រយោជន៍ចំពោះសង្គម។ នេះក៏ជាសុភមង្គលនិងជាកម្លាំងចលករដើម្បី ដូនជី Nguyen Thi Kim Chi បន្តជួយឧបត្ថម្ភនិងចែករំលែកការលំបាកជាមួយ ប្អូនៗកុមារអភ័ព្វ៕