ទិវាបុណ្យឯករាជ្យដ៏ពិសិដ្ឋរបស់ប្រជាជនវៀតណាម

(VOVWORLD) - កាលពី៧៦ឆ្នាំមុន នៅថ្ងៃទី២ កញ្ញា ឆ្នាំ១៩៤៥ នៅទីលាន Ba Dinh ជាប្រវត្តិសាស្ត្រ លោកប្រធានហូជីមិញបានប្រកាសយ៉ាងឱឡារិកទៅកាន់ប្រជាជនទាំងមូលក្នុងប្រទេសនិងលើពិភពលោកអំពីប្រទេសវៀតណាមឯករាជ្យនិង សេរីភាព។ ៧៦ឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែរាល់ចំណាប់អារម្មណ៍អំពីទិវាបុណ្យឯករាជ្យជាតិក្រោមពន្លឺព្រះអាទិត្យចែងចាំងរស្មីពាសពេញទីលាន Ba Dinh ក្នុង សរទៈរដូវឆ្នាំនោះ នៅតែត្រូវបានរក្សាដដែលពីជំនាន់មួយទៅជំនាន់មួយ។ មោទនភាពចំពោះទិវាបុណ្យឯករាជ្យជាតិនោះគឺជាទ្រព្យសម្បត្តិស្មារតីមិនអាចកាត់ថ្លៃបាន ដែលបានបង្កើតឡើងការប្ដេជ្ញាចិត្ត និងឆន្ទៈមោះមុតដើម្បីជំនះ ពុះពារលើគ្រប់ការលំបាកឧបសគ្គនាសព្វថ្ងៃ។

ទិវាបុណ្យឯករាជ្យដ៏ពិសិដ្ឋរបស់ប្រជាជនវៀតណាម - ảnh 1លោកប្រធានហូជីមិញអញ្ជើញអានសេចក្ដីប្រកាសឯករាជ្យនៅថ្ងៃទី២ កញ្ញា ឆ្នាំ១៩៤៥ នៅទីលាន Ba Dinh ជាប្រវត្តិសាស្ត្រ។ (រូបថតឯកសារ)

ប្រសាសន៍របស់លោកប្រធានហូជីមិញលាន់លឺរន្ទឺលើទីលាន Ba Dinh ជាប្រវត្តិសាស្ត្រនៅរដូវស្លឹកឈើជ្រុះកាលពី៧៦ឆ្នាំមុន បានជ្រាបចូលជ្រៅក្នុងក្រអៅបេះដូងរបស់ប្រជាជនវៀតណាមម្នាក់ៗ ពីព្រោះចាប់តាំងពីគ្រានោះតទៅ ប្រជាជនវៀតណាមបានយល់ឃើញគ្រប់តម្លៃធ្វើជាមនុស្សទាំងអស់របស់ខ្លួន ចាប់ពីជនត្រូវគេជិះជាន់សង្កត់សង្កិន បានក្លាយទៅជាពលរដ្ឋនៃប្រទេសឯករាជ្យនិងសេរីភាពមួយ។

តម្លៃនៃឯករាជ្យនិងសេរីភាព

រាល់សាក្សីដែលមានកិត្តិយស បានមើលឃើញដោយផ្ទាលភ្នែកទិវាបុណ្យឯករាជ្យដំបូងបង្អស់របស់ប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ គឺឥឡូវនេះសុទ្ធតែមានអាយុចាស់ជរាហើយ។ ទោះជាយ៉ាងនេះក្ដី ប៉ុន្តែនៅពេលរំលឹកដល់វេលាដ៏ពិសិដ្ឋនោះ អ្នកណាក៏ពុះកញ្ជ្រោលក្ដីសុភមង្គលជាមួយនឹងការចងចាំនៅតែមានដដែល។ វរសេនីយ៍ឯក Nguyen Trong Ham អតីតប្រធានសេនាធិការរងយោធភូមិភាគរដ្ឋធានី នាគ្រានោះគឺកងស្វ័យការពារក្រុងហាណូយ ឲ្យដឹងថា មានតែអ្នកធ្លាប់បានឆ្លងកាត់ដំណាក់កាលទាសភាពដូចរូបលោកផ្ទាល់ និងមនុស្សជំនាន់ដូចគ្នា ទើបយល់បានយ៉ាងច្បាស់លាស់នូវក្ដីសប្បាយរីករាយនៅពេលក្លាយទៅជាពលរដ្ឋនៃប្រទេសឯករាជ្យមួយប៉ុណ្ណោះ។ លោកបានចែករំលែកថា៖

“អ្វីៗគួរឲ្យចាប់អារម្មណ៍គឺ បន្ទាប់ពីរស់នៅក្រោមរបបចំនួន៣ ឥឡូវនេះឯករាជ្យ បានកដល់ហើយ ដោយនាំមកនូវសមិទ្ធិផលជាច្រើន ដែលមើលឃើញថា វាអស្ចារ្យណាស់។ បុណ្យតេតឯករាជ្យឆ្នាំនោះ មនុស្សគ្រប់រូបពេលចុះផ្លូវ ឃើញគ្នាគឺលើកដៃជម្រាបសួរគ្នា ក្នុងបរិយាកាសប្រកបដោយសុខដុមរមនានិងសាមគ្គីភាព”។

ចំណែកឯលោក Nguyen Thanh Quang ប្រធានសមាគមន៍អតីតយុទ្ធជនខេត្ត Dak Lak រំលឹកឡើងវិញថា ក្នុងអំឡុងពេលតស៊ូប្រឆាំងអាមេរិកសង្គ្រោះជាតិពោរពេញទៅដោយទុក្ខលំបាកវេទនានោះ សេចក្ដីប្រកាសឯករាជ្យរបស់លោកប្រធានហូជីមិញជានិច្ចកាលជាការលើកទឹកចិត្តស្មារតីដ៏ធំធេងដើម្បីលោកនិងយុទ្ធមិត្តខិតខំសម្រេចភារកិច្ច។

“មានពេលមួយដែលយើងខ្ញុំអំណរបុណ្យតេតឯករាជ្យ យើងបានស្ដាប់បទកំណាព្យរបស់កវី To Huu លើរលកវិទ្យុ ក្នុងនោះមានឃ្លាថា “ព្រៃភ្នំមានភ្លើងជំនួសឲ្យផ្កាយ ជនបទមានម៉ាស៊ីនជំនួសឲ្យក្របីជួយមនុស្ស” ពេលនោះខ្ញុំត្រឹមតែមានបំណងថា ធ្វើយ៉ាងម៉េចដើម្បីក្រោយមកប្រទេសយើងធ្វើបានអញ្ចឹង។ បំណងប្រាថ្នាតែមួយគត់គឺធ្វើយ៉ាងម៉េចដើម្បីប្រទេសយើងត្រូវបានរំដោះ បង្រួងបង្រួមក្នុងពេលឆាប់ៗ។ រហូតមកដល់បុណ្យតេតឯករាជ្យឆ្នាំនេះ ក្រឡេកមើលឡើងវិញគឺឃើញថា ប្រទេសយើងបានដើរពីជ័យជំនះមួយទៅជ័យជំនះមួយ ជីវភាពរស់នៅនាសព្វថ្ងៃបើធៀបនឹងមុននេះ គឺល្អប្រសើរជាងច្រើនដងទៅហើយ”។

ចំពោះមនុស្សវ័យក្មេងដែលត្រូវបានប្រសូត្រក្នុងសន្តិភាព ពួកគេត្រឹមតែស្គាល់ដល់សរទៈរដូវឯករាជ្យនោះ តាមរយៈរឿងនិទានរបស់ជីដូនជីតា ឪពុកម្ដាយប៉ុណ្ណោះ។ ប៉ុន្តែ ទិវាបុណ្យឯករាជ្យជាតិនៅតែជាព្រឹត្តិការណ៍ដ៏រស់រវើកជានិច្ច ដោយទូន្មានជំនាន់ក្រោយៗអំពីប្រពៃណីផឹកទឹកនឹកប្រភពដើម ក៏ដូចជាមានការទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រជាតិផងដែរ។ ដូច្នេះ តាមរយៈរបៀបផ្សេងៗគ្នាជាច្រើន ជំនាន់វ័យក្មេងបាននិងកំពុងបង្ហាញសេចក្ដីស្នេហាជាតិរបស់ខ្លួន ចាប់តាំងពីការងារដ៏សាមញ្ញនិងជាក់ស្ដែងបំផុត។ លោក Le Van Luong លេខារងសម្ព័ន្ធយុវជនខេត្ត Nghe An បានឲ្យដឹងថា៖

“ក្នុងឱកាសបុណ្យតេតឯករាជ្យជាតិថ្ងៃនេះ ជំនាន់វ័យក្មេងរបស់យើងមានការរំភើបចិត្តនិងមោទនភាពយ៉ាងខ្លាំង ដោយត្រូវបានរស់នៅក្នុងសន្តិភាព។ យើងខ្ញុំជានិច្ចកាលនឹករលឹកដល់ពាក្យទូន្មានរបស់លោកប្រធានហូជីមិញជាទីគោរព។ ហេតុដូច្នេះ យើងខ្ញុំនឹងបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហាត់ពត់លត់ដំ ស្ម័គ្រចិត្តឈានមុខគេ ច្នៃប្រឌិតលើគ្រប់វិស័យ ដើម្បីចូលរួមចំណែកកសាងស្រុកកំណើត មាតុភូមិឲ្យកាន់តែសម្បូររុងរឿង”។

ក្នុងថ្ងៃប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ ដោយខួបគម្រប់ ៧៦ ឆ្នាំដែលទឹកដីវៀតណាមត្រូវបានបង្កើតឡើង ប្រជាជនម្នាក់ៗ សុទ្ធតែមានមោទនភាពចំពោះរាល់សមិទ្ធិផលដែលយើងសម្រេចបាន។ ក្នុងបុណ្យតេតឯករាជ្យឆ្នាំនេះ ប្រជាជាតិវៀតណាមទាំងមូលកំពុងឈានចូលការប្រយុទ្ធថ្មី ប្រឆាំងនឹងជម្ងឺរាតត្បាត

កូវីដ ១៩។ ដោយមានស្មារតីសាមគ្គីភាព ស្រុះចិត្តគំនិត ប្រជាជនវៀតណាមមិនថានៅក្នុងឬក្រៅប្រទេសឡើយ គឺសុទ្ធតែទុកក្ដីសប្បាយរីករាយដោយឡែក ដើម្បីរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។ ស្មារតីទំនុកបម្រុងគ្នាទៅវិញទៅមក កម្លាំងមហាសាមគ្គីជាតិ និងឆន្ទៈមោះមុត កំពុងត្រូវបានសាកល្បងជាថ្មីម្ដងទៀត។ ហើយប្រាកដថា ប្រជាជាតិវៀតណាមនឹងបន្តដណ្ដើមបានជ័យជំនះក្នុងការប្រយុទ្ធលើកនេះជាក់ជាពុំខានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ